ប្រជាពលរដ្ឋកូរ៉េខាងត្បូងរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវនានានៅក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយបានទាមទារឲ្យលោកស្រីប្រធានាធិបតី Park Geun-hye ចុះចេញពីតំណែង ដោយសាររឿងអាស្រូវនយោបាយដែលពាក់ព័ន្ធនឹងមិត្តភ័ក្ដិជិតស្និទ្ធរបស់លោកស្រី និងអតីតទីប្រឹក្សាមួយចំនួនរបស់លោកស្រី។
អ្នករាយការណ៍ព័ត៌មានជនជាតិកូរ៉េខាងត្បូង បាននិយាយថា បាតុកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុងសេអ៊ូលលើកនេះ គឺជាការបង្ហាញដ៏ធំបំផុតមួយនៃអារម្មណ៍មិនពេញចិត្តនឹងរដ្ឋាភិបាលដែលមានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នករាយការណ៍ព័ត៌មានទាំងនេះ បានដកស្រង់សម្ដីរបស់ប៉ូលិសថា ប៉ូលិសបានធ្វើការប៉ាន់ប្រមាណ អ្នកចូលរួមបាតុកម្មអាចមានចំនួនរហូតដល់ ៥ ម៉ឺននាក់ ទោះបីជាអ្នករៀបចំបាតុកម្មអះអាងថា បាតុករមានចំនួនច្រើនជាងការលើកឡើងរបស់ប៉ូលិសជាច្រើនដងក៏ដោយ។
អ្នកចូលរួមនៅក្នុងបាតុកម្មទ្រង់ទ្រាយធំនេះ បានកាន់បដា និងសញ្ញាផ្សេងៗ ដែលចោទប្រកាន់លោកស្រីប្រធានាធិបតីថាពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។ ពួកគេបានប្រមូលផ្ដុំគ្នានៅឯទីលានកណ្ដាល Gwangwhamun នឹងបានធ្វើការតវ៉ាអស់រយៈពេលប៉ុន្មានម៉ោង ហើយក្រោយមកបានបំបែកគ្នាធ្វើការតវ៉ាមុនពេលពាក់កណ្ដាលយប់ចូលមកដល់។ ប៉ូលិសជិត ២ ម៉ឺននាក់ បានឈរជើងនៅកន្លែងបាតុកម្ម ត្រៀមខ្លួនក្នុងការរារាំងបាតុករមិនឲ្យធ្វើដំណើរទៅកាន់សេតវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដែលមានចម្ងាយតិចជាងពីរគីឡូម៉ែត្រពីកន្លែងតវ៉ានេះ។
បាតុករទាំងនេះ ធ្វើការតវ៉ាចំពោះបញ្ហាទំនាក់ទំនងរវាងលោកស្រីប្រធានាធិបតីជាមួយនឹងលោកស្រី Choi Soon-sil និងអតីតទីប្រឹក្សាប្រធានាធិបតីពីររូបផ្សេងទៀត។ លោកស្រី Choi Soon-sil និងទីប្រឹក្សាពីររូបទៀតនោះ ត្រូវបានចោទប្រកាន់ថាបានដាក់សម្ពាធលើក្រុមហ៊ុនអាជីវកម្មមួយចំនួនឲ្យឧបត្ថម្ភថវិកាចំនួន ៧០ លានដុល្លារអាមេរិក ដល់មូលនិធិដែលលោកស្រី Choi គ្រប់គ្រងដោយផ្ទាល់។ បាតុករបាននិយាយបន្ថែមថា ពួកគេជឿជាក់ថា លោកស្រី Choi មានឥទ្ធិពលលើគោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាល៕