មន្ត្រីសុីរីបាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ព បានរកឃើញរណ្តៅកប់សពដ៏ធំមួយ នៅជាយក្រុង Palmyra ប៉ែកឦសានប្រទេសស៊ីរី បន្ទាប់ពីកងទ័ពសុីរី បានវាយដណ្ដើមបានទីក្រុងបុរាណនេះ ពីក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមមកវិញ។
អាជ្ញាធរនិយាយថា មានសាកសពយ៉ាងតិច ៤០នៅក្នុងរណ្តៅនោះ រួមទាំងសាកសពស្ត្រីនិងកុមារបីនាក់ផង។ សាកសពខ្លះ ត្រូវបានកាត់ក្បាល និងសាកសពខ្លះទៀត ត្រូវគ្រាប់កាំភ្លើង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅសុីរី ឈ្មោះSyrian Observatory for Human Rights ដែលមានមូលដ្ឋាននៅទីក្រុងឡុង ប្រទេសអង់គ្លេស បានបញ្ជាក់ពីការរកឃើញរណ្តៅកប់សពដ៏ធំនេះ។
អង្គការសិទ្ធិមនុស្សនេះ ក៏បាននិយាយដែរថា ក្រុមរដ្ឋឥស្លាម បានសម្លាប់មនុស្សយ៉ាងតិច៣០០នាក់ ក្នុងអំឡុងពេលដែលពួកគេ បានក្ដោបក្ដាប់ទីក្រុង Palmyra អស់រយៈពេល១០ខែ ហើយក្រុមរដ្ឋឥស្លាម ក៏បានកប់សាកសពមនុស្សទាំងនេះ នៅតាមជាយក្រុងនេះ។
កងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលមានការជួយជ្រោមជ្រែងពីកងទ័ពអាកាសរុស្សីនោះ បានបណ្តេញក្រុមរដ្ឋឥស្លាម ចេញពីទីក្រុង Palmyra កាលពីចុងខែមុន។
កាលពីថ្ងៃសុក្រ អ្នកជំនាញការក្នុងកងទ័ពសុីរី បានដោះគ្រាប់មីនរាប់រយគ្រាប់ ដែលក្រុមរដ្ឋឥស្លាម បានដាក់ មុនពេលដែលពួកគេ បានចាកចេញពីទីក្រុងនោះ។
ក្រុមមន្ត្រី និយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម បានរៀបចំផែនការ បំផ្ទុះគ្រាប់មីនទាំងនេះ ឲ្យចំពេលដែលកងទ័ពសុីរី បានចូលមកដល់។
ទីក្រុង Palmyra គឺជាទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូ។ ទីក្រុងនេះ មានឈ្មោះបោះសំឡេងក្នុងនាមជា«កូនក្រមុំនៃវាលខ្សាច់» ដោយសារតែវត្ថុបុរាណនិងរចនាសម្ព័ន្ធទីក្រុង ដែលមានអាយុកាលតាំងពីរាប់ពាន់ឆ្នាំមុនម្ល៉េះ៕