ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ជម្លៀស​ទ្រង់ទ្រាយ​ធំ​ខណៈ​ដែល​ប្រទេស​អូស្ត្រាលី​តៀម​ខ្លួន​បន្ត​ទប់ទល់​នឹង​ភ្លើង​ឆេះ​ព្រៃ​ដ៏​គ្រោះថ្នាក់


បុរសពីរនាក់កំពុងឈរមើលភ្លើងឆេះព្រៃនៅក្រុង Bargo ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ពលរដ្ឋ​ដែលធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​រដូវ​កាល​ឈប់​សម្រាក​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​ព្រមាន មិន​ឲ្យ​ស្នាក់​នៅក្នុង​តំបន់​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​ភ្លើង​ឆេះព្រៃ នៅ​ភាគ​ខាងកើត​ប្រទេស​អូស្រ្តាលី មុន​ពេល​ស្ថានភាព​នៃ​ភ្លើងឆេះព្រៃកាន់តែ​មាន​ភាព​គ្រោះ​ថ្នាក់​នៅចុងសប្ដាហ៍នេះ។ តំបន់​ដែល​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចាក​ចេញ ត្រូវ​បាន​ពង្រីក​កាន់​តែ​ធំ​ទៅៗ នៅ​តំបន់​ឆ្នេរ​ក្នុង​រដ្ឋ New South Wales។

ការ​ជម្លៀស​ប្រជាជន​ដ៏​ធំ​មួយ​ពី​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ New South Wales កំពុង​ត្រូវ​បាន​ដំណើរការ។ ក្រុមអាជ្ញាធរកំពុងជំរុញ​ឲ្យ​ភ្ញៀវទេសចរណ៍ និង​អ្នករស់នៅតំបន់នោះចាកចេញ ខណៈពេល​ដែល​ពួកគេ​នៅ​អាច​ធ្វើ​បាន។

គេបានព្យាករណ៍ថា ស្ថានភាព​ភ្លើង​ឆេះ​នឹងកាន់តែគ្រោះថ្នាក់នៅ​តំបន់​ភាគ​អាគ្នេយ៍ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ក្រុមអាជ្ញាធរ​កំពុង​តែ​ពង្រីក​តំបន់ដែល​ត្រូវ​ជម្លៀស​មនុស្ស​ចេញពី​រដ្ឋ New South Wales ជា​រដ្ឋដែល​មាន​ប្រជា​ជន​ច្រើនជាងគេបំផុត​ក្នុង​ប្រទេស​អូស្ត្រាលី ដែលនឹងរួមបញ្ចូល​តំបន់ព្រៃ និងឧទ្យានជាតិ។ ការ​ប្រកាស​អាសន្ន​រយៈ​ពេល​មួយ​សប្ដាហ៍​នឹងត្រូវ​បាន​គេ​ប្រកាស ដែល​ការ​នេះ​នឹង​ផ្ដល់អំណាច កាន់តែច្រើនជាងមុន​ដល់​មន្ត្រីពន្លត់អគ្គីភ័យ។

ខណៈដែលអគ្គីភ័យ​ជា​ច្រើន​កំពុង​ឆាប​ឆេះ ក្នុង​រដ្ឋជាច្រើន នាយករដ្ឋ​មន្ត្រីប្រទេសអូស្ដា្រលី លោក Scott Morrison ដែល​ជាអ្នកគាំទ្រ​ឧស្សាហកម្មធ្យូងថ្ម​ដ៏​ខ្លាំង​ក្លាមួយ​រូប កំពុង​ថ្លែង​ការពារ​ដំណោះស្រាយ​របស់​លោក​ក្នុងគ្រា​មាន​អាសន្ន​នេះ​។

លោកទទួល​ស្គាល់​ថា បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ គឺជាកត្តាមួយ ក្នុងចំណោមកត្តា​ផ្សេងទៀត ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃទាំងនេះ ប៉ុន្តែ​លោក​ទទូច​ថា គោល​នយោបាយ​របស់​លោក​ក្នុងការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ គឺគ្រប់គ្រាន់ និង​មាន​ទំនួល​ខុសត្រូវ។

លោកនាយករដ្ឋមន្ត្រី Scott Morrison បាន​ថ្លែង​ថា៖ «គោលនយោបាយ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័នរបស់យើង នឹង​ការពារ​បរិស្ថាន ក៏ដូចជា​កាត់​បន្ថយហានិភ័យ និងគ្រោះមហន្តរាយ ដែល​យើង​កំពុង​ប្រឈម​មុខ​សព្វថ្ងៃ ហើយការណ៍​នេះ នឹង​អាច​ធានាបាន​នូវ​ជោគជ័យ​ការងារ និងជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ផង​ដែរ‍»។​

គ្រោះអគ្គីភ័យ​នេះបាន​បំផ្លិចបំផ្លាញ ទាំងធនធាន និងជីវិត​មនុស្ស។ ម្សិលមិញមាន​ពិធីបុណ្យ​សពលោក Geoffrey Keaton។ លោក​គឺ​ជា​អ្នកពន្លត់អគ្គីភ័យ​ស្ម័គ្រចិត្ត​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​បាន​បាត់បង់ជីវិត នៅ​ពេលដើម​ឈើរលំ​ចំ​ឡាន​ពន្លត់អគ្គីភ័យ​របស់​ពួកគេ​នៅ​ជិត​ទីក្រុង​ស៊ីដនី​កាល​ពីខែមុន។ លោក​ត្រូវ​បាន​គេ​ផ្ដល់​ងារ​ជា​ពលរដ្ឋ​ដ៏​ក្លាហាន។​

ផ្ទះជិត ១ពាន់៣រយ​ខ្នង​ត្រូវ​បានបំផ្លាញនៅ​ក្នុងរដ្ឋ​ New South Wales ចាប់​តាំង​ពីវិបត្តិភ្លើងឆេះព្រៃកើត​ឡើង​កាល​ពី​ខែ​កញ្ញា។ យ៉ាង​ហោច​ណាស់​មនុស្ស ១៨ នាក់​បាន​បាត់បង់ជីវិត។

នេះ​ជា​ពេល​វេលា​ដ៏​សោក​សៅនៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ ភ្លើង​ឆេះព្រៃ​ធ្វើ​ឲ្យប្រជាពលរដ្ឋ​ជា​ច្រើន​រស់​នៅ​ក្នុងភាព​ភ័យ​ខ្លាច និងតក់​ស្លុត៕

ប្រែសម្រួលដោយ សឿន វឌ្ឍនា

XS
SM
MD
LG