ហេតុការណ៍ភ្លើងឆេះព្រៃដ៏ធំមួយនៅក្នុងប្រទេសព័រទុយហ្កាល់បានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន៦១នាក់ ដែលភាគច្រើននៃជនរងគ្រោះត្រូវបានឆេះស្លាប់នៅក្នុងរថយន្តរបស់ខ្លួន។
មនុស្សយ៉ាងហោចណាស់ចំនួន៥៩នាក់ត្រូវបានគេរាយការណ៍ថា បានរងរបួសនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃ ដែលបានកើតឡើង ខណៈពេលដែលមានរលកកម្តៅខ្លាំងនិងមានព្យុះផ្គររន្ទះ។
លោកនាយករដ្ឋមន្ត្រី Antonio Costa បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យម្សិលមិញទៅ។
លោកបានមានប្រសាសន៍ថា៖ «ជាសំណាងអាក្រក់ នេះហាក់ដូចជាជាសោកនាដកម្មដ៏ធំបំផុតដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពាក់ព័ន្ធនឹងគ្រោះឆេះព្រៃ។ អាទិភាពនៅពេលនេះគឺត្រូវជួយដល់អ្នកដែលអាចប្រឈមនឹងគ្រោះថ្នាក់បន្តទៀត»។
ក្រុមមន្ត្រីនិយាយថា អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ត្រូវបានបញ្ជូនទៅពន្លត់អគ្គិភ័យនេះ នៅក្នុងតំបន់ជួរភ្នំ Pedrogao Grande ដែលមានចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ ប៉ែកឥសាន្តនៃរដ្ឋធានីលីសបោន។ ប្រទេសអេស៉្បាញនិងបារាំងកំពុងតែបញ្ជូនយន្តហោះដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីពន្លត់អគ្គិភ័យនេះផងដែរ។ នេះបើយោងតាមសម្តីរបស់អាជ្ញាធរ។ សហភាពអឺរ៉ុបក៏កំពុងតែធ្វើយុទ្ធនាការជួយសង្គ្រោះបន្ទាន់មួយដែរ៕