ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ីនិយាយថា រដ្ឋាភិបាលរបស់លោកបានសុំប្រទេសជាច្រើនឲ្យជួយប្រយុទ្ធការឆេះព្រៃដែលបានធ្វើឲ្យមានអ័ព្ទនៅផ្នែកភាគច្រើនក្នុងតំបន់។
ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី Joko Widodo ដែលគេស្គាល់ថា Jokowi បាននិយាយថា ស្ថានភាពនេះតម្រូវឲ្យរដ្ឋាភិបាលទីក្រុងហ្សាការតាស្វែងរកជំនួយ។
លោកនិយាយថា «យើងសង្ឃឹមថា យើងអាចបង្កើនល្បឿនចាត់វិធានការភ្លើងឆេះព្រៃនេះដែលមានលក្ខណៈខុសគ្នាពីវិធីដែលយើងបានប្រយុទ្ធការឆេះព្រៃធម្មតា។ ការប្រយុទ្ធភ្លើងឆេះព្រៃនេះមានលក្ខណៈផ្សេងទាំងស្រុង»។
ឥណ្ឌូណេស៊ីនិយាយថា ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីនឹងបញ្ជូនយន្តហោះពន្លត់អគ្គីភ័យនៅថ្ងៃសុក្រនេះ ខណៈដែលប្រទេសចិន ជប៉ុននិងប្រទេសអូស្រ្តាលីមិនបានបញ្ជាក់ថា នៅពេលណាការជួយរបស់ពួកគេនឹងមកដល់ទេ។ ក្រុមមន្រ្តីក្នុងរដ្ឋធានីហ្សាការតានិយាយថា ប្រទេសរុស្ស៊ីនៅកំពុងចាំតារាងចំណាយពីឥណ្ឌូណេស៊ី។
ក្នុងខណៈនោះដែរ លោក Abet Nego Tarigan ប្រធានវេទិកាបរិស្ថានឥណ្ឌូណេស៊ី បានអំពាវនាវដល់លោកប្រធានាធិបតី Jokowi ធ្វើឲ្យប្រសើរឡើងនូវការទាក់ទងជាមួយប្រទេសផ្សេងៗទៀតដែលបានរងផលប៉ះពាល់ដោយអ័ព្ទនេះ។
លោកនិយាយថា ឥណ្ឌូណេស៊ីត្រូវតែពន្យល់ពីស្ថានភាពពិតប្រាកដ ពីអ្វីដែលបានកើតមានឡើង ហើយនិងត្រូវដោះស្រាយយ៉ាងដូចម្តេច។ យើងគិតថា វាជារឿងនៃទំនាក់ទំនងខាងនយោបាយទៅឆាកអន្តរជាតិច្រើនជាង៕