ឥណ្ឌូណេស៊ីបានបោះជំហានទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះការចាត់វិធានការឆ្ពោះទៅកាន់ភាពអត់ឱនខាងសាសនាកាលពីឆ្នាំទៅដោយអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនចុះឈ្មោះជំនឿពីដើមកំណើតបន្ថែមលើសាសនាចំនួន៦ដែលត្រូវបានទទួលស្គាល់ជាផ្លូវការនៅលើប័ណ្ណសម្គាល់ខ្លួនរបស់ពួកគេ។
នៅដើមទសវត្សរ៍១៩៦០ ពួកអ្នកកាន់សាសនាឥស្លាមអភិរក្សនិយមបានបញ្ចុះបញ្ចូល លោក Sukarno ប្រធានាធិបតីដែលបានបង្កើតប្រទេសឥណ្ឌូណេស៊ីឲ្យប្រឆាំងនិកាយ អរូបិយ ឬអធិធម្មជាតិដែលពួកគេអះអាងថាបានបំផ្លាញសាសនាឥស្លាម។
អ្នកបដិបត្តិជំនឿប្រហែល២៤៥របស់ជនជាតិភាគតិចឥណ្ឌូណេស៊ី បានចាកចេញពីជំនឿទាំងនោះជាបណ្តើរៗ ដោយបន្សល់ទុកពួកអ្នកបដិបត្តិជំនឿពីដើមកំណើតនេះ ប្រហែលជា២សែននាក់ប៉ុណ្ណោះនៅពេលសព្វថ្ងៃនេះ នៅក្នុងប្រទេសដែលមានប្រជាពលរដ្ឋ២៦០លាននាក់។
៥២ឆ្នាំក្រោយមក ជំនឿពីដើមកំណើតបានប្រុងប្រៀបត្រឡប់មកវិញ។ ជំនឿពីដើមកំណើតទាំងនោះរាប់ទាំងនិកាយអរូបិយ Kejawen របស់ពលរដ្ឋលើកោះជ្វា ឬកោះចាវ៉ា (Java) ដែលបញ្ចូលគោលលទ្ធិព្រហ្មញ្ញសាសនា និងពុទ្ធសាសនា សាសនាឥស្លាមនិកាយ Folk ជំនឿខាងអធិធម្មជាតិឬ (mysticism) និងជំនឿវិញ្ញាណនិយម (Animism)។ គោលបំណងនៃការបដិបត្តិជំនឿអធិធម្មជាតិ គឺស្វែងរកអភិធម្មដែលជាអាថ៌កំបាំងខាងក្នុង របស់អត្តបុគ្គល តាមរយៈសមាធិ និងទម្លាប់។ មូលដ្ឋានដ៏រឹងមាំនៃអ្នកបដិបត្តិជំនឿអរូបិយ ឬអធិធម្មជាតិ Kejawen សព្វថ្ងៃនេះគឺស្ថិតនៅក្នុងទីក្រុងបុរាណ Yogyakarta ធ្លាប់គ្រប់គ្រងដោយស្តេចស៊ុសតង់ នៅឆ្នេរសមុទ្រកោះ Java ភាគខាងត្បូងដែលមានពួកអ្នកបដិបត្តិយ៉ាងខ្ជាប់ខ្ជួន ទោះបី មានការបង្ក្រាបអស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ។
លោក Suwardi Endraswara ជាសាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យរដ្ឋ Yogyakarta បាននិយាយថា «អ្វីដែលអស់លោកអ្នក អាចហៅថាការបដិបត្តិជំនឿអរូបិយ ឬ អធិធម្មជាតិ Kejawen ដ៏បរិសុទ្ធនោះ បានធ្លាក់ចុះយ៉ាងខ្លាំង។ ក៏ប៉ុន្តែ ការប្រកាន់ទំនៀមទម្លាប់ជំនឿនេះ នៅមានបន្តនៅឡើយ ជាពិសេសនៅក្នុងទីក្រុង Yogyakarta ពីព្រោះតែអ្នកបដិបត្តិជំនឿអរូបិយ ឬអធិធម្មជាតិ Kejawen មានដើមកំណើតនៅទីនេះ ដោយមានព្រៃឈើ ដើមឈើ ទន្លេ»។
មធ្យោបាយដ៏សំខាន់មួយដែលជំនឿអរូបិយ ឬអធិធម្មជាតិ Kejawen ត្រូវបានថែរក្សាគឺតាមរយៈអង្គការសាសនាដូចជា Sapta Darma និង Subud ដែលត្រូវបានបង្កើតនៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅទសវត្សរ៍១៩២០ ហើយឥឡូវនេះមានសាខានៅក្នុងប្រទេសចំនួន៨៣។
លោក Harry Jaran ជាវិចិត្រករនិងជាអ្នកចាត់ចែងសណ្ឋាគារក្នុងក្រុង Yogyakarat ដែលជាកម្មសិទ្ធរបស់ក្រុមមួយដែលហៅថា ក្រុម Pagubayan Hangudi Bawana Tata Lahir Batin ដែលជាប្រយោគរបស់ពលរដ្ឋកោះ Java មានន័យថា «ការបើកចំហរពិភពលោកសម្រាប់ការសរសើរដល់ព្រះអាទិទេព»។
លោក Jaran បាននិយាយថា៖
«នៅពេលភ្លាមៗក្រោយការសម្រេចរបស់តុលាការបានចេញកាលពីឆ្នាំទៅ ខ្ញុំបានប្តូរអត្តសញ្ញាបណ្ណរបស់ខ្ញុំពីអ្នកកាន់សាសនាឥស្លាមទៅអ្នកបដិបត្តិជំនឿនិកាយអរូបិយ ឬ អធិធម្មជាតិ Kejawen»។
លោកបានប្រើពាក្យជាភាសាឥណ្ឌូនេស៊ី «Kepercayaan» មាន ន័យថា «ជំនឿ»។លោកប្រើពាក្យឥណ្ឌូនេស៊ីចំពោះជំនឿនេះដែលជួនកាល ប្តូរទៅវិញ ទៅមកជាមួយនឹងពាក្យ «Kejawen»។
លោក Jaran បានបង្ហាញ VOA នូវបន្ទប់សូត្រធម៌បួងសួងរបស់លោកដែលលោកបានគូរគំនូរទេពធីតាសមុទ្រ Java នៅលើជញ្ជាំង ហើយនឹងសួនសម្រាប់សមាធិដោយមានរូបពុទ្ធបដិមាករយ៉ាងធំមួយព្រះអង្គនៅឯសណ្ឋាគាររបស់លោកភាគខាងជើងទីក្រុង Yogyakarta។ ពួកគេបង្ហាញឲ្យឃើញពីរូបភាពជាគំរូប្រកបដោយសោភណ្ឌភាពនៃការបដិបត្តិជំនឿអរូបិយ ឬ អធិធម្មជាតិ Kejawen។
ក្រុមមេដឹកនាំសំខាន់ៗរបស់និកាយអរូបិយ ឬ អធិធម្មជាតិ Kejawen ជួបគ្នានៅយប់ថ្ងៃព្រហស្បតិ៍និងឈានដល់ព្រឹកថ្ងៃសុក្រ ដូចដែលលោក Jaran បានពន្យល់ថា «នៅពេលដែលព្រំដែនខណ្ឌចែករវាងព្រលឹងនិងពិភពមនុស្ស ស្តើង។ ពួកគេបានជួបជុំគ្នានៅក្រោមដើមពោធិ៍យ៉ាងធំមួយនៅក្នុងស្រុក Bantul នៃទីក្រុង Yogyakarta បន្ទាប់ពីពាក់កណ្តាលអាធ្រាតកាលពីថ្ងៃសុក្រកាលពីពេលថ្មីៗនេះ។ ពួកគេបានដុតធូប ធ្វើសមាធិ ហើយបានប្តូរវេនគ្នាមុជទឹកចេញពីក្រោមដីនៅក្បែរនោះ។ លោក Wartoyo Sugianto ជាជាងគំនូរចំណាស់ម្នាក់ហើយនិងជាសមាជិកជាន់ខ្ពស់ម្នាក់របស់ក្រុមនោះ ធ្វើការប្រាស្រ័យទាក់ទងរវាងក្រុមមេដឹកនាំនិងព្រលឹងបុព្វបុរសរបស់ពួកគេដោយប្រើភាសាផ្លូវការកម្រិតខ្ពស់ នៅចន្លោះអ្នកខ្សឹបម្នាក់និងអ្នកសើចម្នាក់។
លោកស្រី Lea Indriani ដែលជាសមាជិកម្នាក់ទៀតរបស់ក្រុមមេដឹកនាំដែរ ជាអ្នករចនាម៉ូដគ្រឿងសង្ហារឹមដែលបានមកចូលរួមក្នុងនិកាយអរូបិយ ឬ អធិធម្មជាតិ Kejawen នៅពេលដែលលោកស្រីបានផ្លាស់ទីលំនៅមកប្រទេសឥណ្ឌូណេស៊ីនៅពេលជាក្មេងជំទង់។ លោកស្រីជាកូនកាត់ឥណ្ឌូណេស៊ី ក៏ប៉ុន្តែ បានធំដឹងក្តីនៅទ្វីបអឺរ៉ុប។
លោកស្រីបាននិយាយថា «Kejawen មិនមែនជាសាសនាទេ។ វាជាទំនៀមទម្លាប់ សាកល។ បុព្វបុរសរបស់យើងនឹងសើច ប្រសិនបើ អស់លោកអ្នកសួរថាតើសាសនាមួយណាត្រឹមត្រូវ។ រហូតទាល់មានការសម្រេច លោកស្រីបានចុះឈ្មោះសាសនា របស់លោកស្រីជាយូរមកហើយនោះថាជាអ្នកកាន់សាសនា «ឥស្លាម» នៅលើប័ណ្ណអត្តសញ្ញាណរបស់លោកស្រី តាមដំបូន្មានរបស់ឪពុកលោកស្រី។ លោកស្រីបាននិយាយទៀតថា៖
«ឪពុកលោកស្រីបានគិតដល់ការសម្លាប់ជនសង្ស័យជាពួកកុម្មុយនិស្តនិងពួកឆ្វេងនិយមរហូតដល់១លាននាក់នៅឆ្នាំ១៩៦៥ហើយនិងជម្លោះរវាងអ្នកកាន់គ្រិស្តសាសនានិងអ្នកកាន់សាសនាឥស្លាមនៅក្នុងទីក្រុង Maluku ក្នុងទសវត្សរ៍១៩៩០ហើយបានបញ្ជាក់ថា ប្រសិនបើ មានអ្វីកើតមានឡើង កូនត្រូវតែរកលេសដោះសារ»។
លោកស្រីបានបន្ថែមថា៖
«ដំបូងខ្ញុំបានប្រឆាំងក៏ប៉ុន្តែ ពួកវេជ្ជបណ្ឌិតមិនព្យាបាលខ្ញុំទេ ប្រសិនបើប័ណ្ណសំគាល់ខ្លួនរបស់ខ្ញុំនៅចំហរ កន្លែងបញ្ជាក់ពីសាសនានោះ»។
តែលោកស្រីអះអាងថា៖
«អ្វីៗដូចជាមានការបើកចំហរនៅពេលឥឡូវនេះសម្រាប់យើងដើម្បីបដិបត្តិជំនឿសាសនា»។
លោកសាស្រ្តាចារ្យ Suwardi បាននិយាយថា ពួកអ្នកបដិបត្តិជំនឿអរូបិយនិកាយ Kejawen បានត្រូវគេកំណត់អត្តសញ្ញាណជាផ្លូវការថា ជាអ្នកកាន់សាសនាឥស្លាមនៅលើប័ណ្ណអត្តសញ្ញាបណ្ណរដ្ឋរបស់ខ្លួន ហើយជាការពិត ពួកគេជាច្រើននៅតែបន្តចុះ ឈ្មោះជាអ្នកកាន់សាសនាឥស្លាមដោយមិនទាន់ឃើញជំទាស់នោះទេ។ ក៏ប៉ុន្តែពួកអ្នកបដិបត្តិជំនឿអរូបិយនិកាយ Kejawen បញ្ចូលមកពីនិកាយឥស្លាម Folkn នោះ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំង។ ឧទាហរណ៍ នៅឯកន្លែងបញ្ចុះសពភាគច្រើននៅក្រុង Mataram សម្រាប់ស្តេចនៅមជ្ឈឹមសម័យក្នុងទីក្រុងចាស់របស់តំបន់ Yogyakarta ស្រ្តីមិនអាចចូលទីកន្លែងនោះដោយពាក់ស្បៃរុំក្បាលតាមបែបឥស្លាមទេ ទោះបីទីកន្លែង បញ្ចុះសពស្តេចនោះពោរពេញទៅដោយអ្នកកាន់សាសនាឥស្លាមក៏ដោយ។ តាមការពិត ភាពរុងរឿងនៃទីកន្លែងនោះដែលមានអាយុកាល៥០០ឆ្នាំ រួមមានវិហារឥស្លាមដ៏ធំមួយផង។ នៅល្ងាចថ្ងៃព្រហស្បតិ៍ ពួកអ្នកកាន់សាសនាឥស្លាមនៅកោះ Java បានមកច្រកផ្លូវកន្លែងបញ្ចុះសពនោះដោយផ្ទាល់បន្ទាប់ពីការសូត្រធម៌ចុងក្រោយរបស់ពួកគេនៅវិហារឥស្លាមដើម្បីដុតទៀនហើយនឹងបួងសួង ខុសគ្នាពីការបដិបត្តិសាសនាហិណ្ឌូ។
លោក Nugroho ជាអ្នកថែរក្សាកន្លែងបញ្ចុះសពជាច្រើនជំនាន់បាននិយាយថា៖
«នេះជាសាសនាឥស្លាមនៅកោះ Java។ យើងមិនបានទុកចោលវប្បធម៌ដែលមានជាយូរណាស់មកហើយទេ»។
ជំនឿពីដើមកំណើតលើកោះ Java មានសំណាងណាស់គឺថា ទោះបីវាជាជំនឿជនជាតិភាគតិចក៏ដោយ វាជាជំនឿដ៏ធំបង្អស់មួយរបស់ជនជាតិភាគតិចនៅក្នុងប្រទេសឥណ្ឌូណេស៊ីហើយវាជារបស់កោះ Java ដែលជាកោះសម្បូរសប្បាយមួយ មានប្រជាពលរដ្ឋរស់នៅច្រើនបំផុត ហើយជនជាតិ Java ជាក្រុមជនជាតិភាគតិចដ៏ធំបំផុតនិងមានអំណាចបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
លោក Suwardi បាននិយាយទៀតថា «មានការអស្ចារ្យបែបអរូបិយគ្រប់គ្រាន់អំពីជំនឿអធិធម្មជាតិនិកាយ Kejawen ដែលថាទោះបីនៅក្នុងសម័យប្រធានាធិបតី Suharto ក៏ដោយ ក៏គេបណ្តោយឲ្យបដិបត្តិរលូនដែរ»។
ជំនឿជនជាតិដើមតូចៗជាងនេះបានរងផលប៉ះពាល់កាន់តែខ្លាំងឡើង។ ក្រុមជនជាតិ ដើមភាគតិចដូចជា ពលរដ្ឋ Rimba នៅព្រៃ Sumatra កំពុងប្តូរពីជំនឿវិញ្ញាណនិយមទៅសាសនាឥស្លាមដើម្បីឲ្យទទួលបានសេវាកម្មសង្គម។
លោក Harsono បាននិយាយទៀតថា «ជាបណ្តើរ ខ្ញុំគិតថា យើងប្រហែលឃើញការរស់ឡើងវិញនូវជំនឿជនជាតិដើម។ ក៏ប៉ុន្តែ លោកបានព្រមានថា ការសម្រេចរបស់តុលាការមិនមែនជាអាវុធទិព្វទេ។ លោកនិយាយថា «ឥណ្ឌូណេស៊ីបានធ្វើឲ្យប៉ះពាល់កិត្យានុភាពនៅពេលចុងក្រោយបំផុតនេះដោយការបង្ក្រាបទៅលើជំនឿសាសនាទាំងនោះជាយូរណាស់មកហើយ។ ឥឡូវនេះ ស្លាកស្នាមទុរយ៌សរាប់ទសវត្សរ៍ប្រឆាំងនឹងអ្នកបដិបត្តិតាមជំនឿទាំងនោះត្រូវតែដោះស្រាយបាន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន