លោក Paul Manafort អតីតប្រធានយុទ្ធនាការរបស់លោកប្រធានាធិបតី Donald Trump បានបដិសេធលើការចោទប្រកាន់លើករណីថ្មីដែលត្រូវបានប្តឹងប្រឆាំងនឹងរូបលោក កាលពីសប្តាហ៍មុន ដោយលោក Robert Mueller រដ្ឋអាជ្ញាពិសេសដែលជាអ្នកដឹកនាំការស៊ើបអង្កេតលើករណីជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធាធិបតីកាលពីឆ្នាំ២០១៦។ កាលបរិច្ឆេទបើកសវនការកាត់ក្តីនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា។
ការចោទប្រកាន់ថ្មីថាលោក Manafort ព្រមទាំងអតីតដៃគូជំនួញ និងការជួយពីជំនួយការយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump គឺលោក Rick Gates បានទទួលប្រាក់ជាង៣០លានដុល្លារ តាមរយៈគណនីមានតែឈ្មោះនិងបានប្រើប្រាស់ទ្រព្យសម្បត្តិរបស់លោកដែលលាក់ទុកនៅក្រៅប្រទេសនោះ បានធ្វើឲ្យលោករស់នៅយ៉ាងសប្បាយនៅក្នុងសហរដ្ឋអារិក ដោយមិនចាំបាច់បង់ពន្ធនៅលើចំណូលរបស់លោក។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ថាបានបន្លំយកប្រាក់ចំណូលដែលពួកគេរកបាននៅក្នុងប្រទេសអ៊ុយក្រែនធ្វើជាប្រាក់កម្ចីដើម្បីគេចពីការបង់ពន្ធ និងបានរៀបចំឯកសារហរិញ្ញវត្ថុរាយការណ៍ពីប្រាក់ចំណូលរបស់ពួកគេថាទទួលបានពីកម្ចីបន្ថែម។ ការចោទប្រកាន់នោះបានចោទថាពួកគេបានយកប្រាក់ទាំងនោះទិញអចលនទ្រព្យ កែលម្អផ្ទះ ហើយនៅក្នុងករណីរបស់លោក Gates វិញ លោកបានយកប្រាក់នោះទៅបង់ថ្លៃសាលាឲ្យកូនៗរបស់លោក។
លោក Gates បានទទួលសារភាពកំហុសកាលពីសប្តាហ៍មុន ពីបទបន្លំប្រាក់ និងនិយាយកុហកក្រុមស៊ើបអង្កេត អំពីការទាក់ទងរបស់លោកជាមួយនឹងកិច្ចប្រឹងប្រែងសម្រាប់អតីតប្រធានាធិបតីអ៊ុយក្រែន ដែលគាំទ្រដោយរដ្ឋាភិបាលមូស្គូ ដែលការងារនេះមានតាំងពីមុន លោកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump៕