ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទ​និង​ដាក់​ឃុំ​អ្នកគំរាម​សម្លាប់​បណ្ឌិត​សុខ ទូច


រូបឯកសារ៖ លោក​បណ្ឌិត សុខ ទូច សាកលវិទ្យាធិការ​​នៃ​​សាកល​វិទ្យាល័យ​​ខេមរៈ និង​ជា​អ្នកស្រាវជ្រាវ​រឿង​ផែនទី​នៃ​រាជបណ្ឌិត​សភា​កម្ពុជា នៅ​ពេល​ដែល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​វិទ្យុ Hello VOA ​នៅ​បន្ទប់ផ្សាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក​បណ្ឌិត សុខ ទូច សាកលវិទ្យាធិការ​​នៃ​​សាកល​វិទ្យាល័យ​​ខេមរៈ និង​ជា​អ្នកស្រាវជ្រាវ​រឿង​ផែនទី​នៃ​រាជបណ្ឌិត​សភា​កម្ពុជា នៅ​ពេល​ដែល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​វិទ្យុ Hello VOA ​នៅ​បន្ទប់ផ្សាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

តុលាការ​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ជនសង្ស័យ​ម្នាក់​ដែល​គំរាម​តាមហ្វេសប៊ុកចង់សម្លាប់​លោក​បណ្ឌិត​សុខ ទូច​ពីបទ«គំរាម​ថា​នឹង​សម្លាប់‍»​ដោយ​សារ​តែ​លោក​ធ្វើ​ការ​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​និង​វៀតណាម។ ​

កាលពីថ្ងៃ​ច័ន្ទ​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​បញ្ជូន​ជន​សង្ស័យ​រូបនោះ​មក​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​សាក​សួរ​ ​ខណៈ​ពេល​ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កំពុង​តែ​ធ្វើ​ស្វះស្វែ​ងផ្តល់សេវា​ផ្លូវច្បាប់។​

ជន​សង្ស័យ​ឈ្មោះ​ ផង់ សីហា​ ​ដែល​ជា​ម្ជាស់​ ហេ្វសប៊ុក​ Sey Hu​ ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ ​កន្លង​ទៅ​ ​បន្ទាប់​ពី​ យុវជន​អាយុ​២៧​ ​ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ការ​ ​បង្ហោះ​សារគំរាមសម្លាប់​លោក​សុខទូច​នៅ​ក្នុង​ ​ហេ្វសប៊ុក​ ​គ្រុប​ ​«ធាតុ​ពិត​នៃ​កម្ពុជា‍»​ ​កាល​ពី​ថ្ងៃ​ទី២៩​ខែ​សីហា។​ ​នេះ​បើ​យោង​តាម​ ព័ត៌មាន​ ដែល​បានចុះ​ផ្សាយ​ ក្នុង​គេហ​ទំព័រ​ នគបាល​ជាតិ​កម្ពុជា។​ គេហ​ទំព័រ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ជន​សង្ស័យ​ដែល​មាន​ស្រុកកំណើត​នៅខេត្ត​ព្រៃវែង​ ​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​នា​ព្រំ​ដែន​ច្រក​ប៉ោយ​ប៉ែត​ខណៈ​ពេល​ដែល​វិល​ត្រឡប់​មកប្រទេស​កម្ពុជា​វិញ​។​

តាម​ការ​ឲ្យ​ដឹង​របស់​លោក​ គឹម សន្តិភាព​ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌នៅថ្ងៃ​ច័ន្ទ​នេះ​ថា៖

«ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា​សមត្ថកិច្ច​បាន​ស្វែង​រក​ ​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ ហើយ​អញ្ចឹង​កិច្ចការ​បន្ត​គឺ​ជា​តួនាទី​របស់​តុលាការ​។​ ​ការ​គំរាម​សម្លាប់​ ​យោង​តាម​ក្រម​ព្រហ្មទណ្ទ​គឺ​ជាប់​ពន្ធ​នាគារ​ពី៦​ខែ​ទៅ​២ឆ្នាំហើយ​ពិន័យ​ជា​ប្រាក់​ពី​១លាន​ទៅ​៤លាន​រៀល»​។

បន្ទាប់​ពី​ការ​សាក​សួរ​ ជន​សង្ស័យ​នា​ថ្ងៃ​ច័ន្ទ​នេះ​ ​ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជា​ធានី​ភ្នំពេញ​ ​លោក​ សៀង​ សុខ​ ​បាន​ឲ្យដឹង​ថា​លោក​ បានធ្វើការ​ចោទ​ជាបឋម​ទៅលើ​រូប​ លោក​ ផង់ សីហា ​អំពី​បទ «​គម្រាម​ថានឹងសម្លាប់​» ​តាម​ក្រម​ព្រហ្មទណ្ឌនៃ​ប្រទេស​កម្ពុជា។

លោក​បាន​បន្ថែម​ថា៖​

​«ខ្ញុំបាន​បើក​ការស៊ើបសួរ​និង​បញ្ជូន​ទៅ​ចៅ​ក្រម​ហើយ​ទាក់ទិន​នឹង​ការ​គំរាម​ថា​នឹង​សម្លាប់​តាម​មាត្រា​២៣៣​នៃ​ក្រមព្រហ្មទណ្ទ​នៃ​ព្រះរាជាណាច​ក្រកម្ពុជា​»​។​

​ការ​គំរាមសម្លាប់​និង​ប្រមាថ​លើ​រូប​លោក​សុខ ទូច​បាន​កើត​ឡើង​ ​បន្ទាប់ពី ​បណ្ឌិត​ផ្នែក​ប្រវត្តិ​សាស្ត្រ​រូប​នេះ​បាន​ចាប់​ផ្តើម​ដឹក​នាំ​ការ​ងារ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ផែនទី​និង​ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ ​ក្រោយ​ពេលដែល​បញ្ហា​បោះ​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀត​ណាម​ឡើង​កំ​ដៅ​។ យោ​ងតាម​សារ​ដែល​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​ ​ ផង់សីហា​បាន​បង្ហោះ​រូបភាព​លោក​សុខ ទូច​ ​កាំភ្លើងខ្លី​ ជា​មួយ​គ្រាប់​កាំ​ភ្លើ​ង​ និង​សរសេរ​អក្សរ​ថា​ ​ទុក​បាញ់​ក្បាល​ «​បណ្ឌិត​ដែល​កែ​ប្រែ​ប្រវត្តិ​សាស្ត្រ​ ​អាបណ្ឌិត​លក់ខ្លួនឲ្យ​យួន»។

លោក​សុខ ទូច​បាន​ប្រាប់​ឲ្យ​ដឹង​ថា​រូប​លោក​មិន​បាន​ ​គ្រោង​ប្តឹង​អ្នក​ដែល​គំរាម​លោក​នោះ​ទេ​ទោះ​បី​ជា​ការគំរាម​នោះ​មាន​ច្រើន​គ្រប់​រូបភាព​ក៏​ដោយ​។​ លោក​បាន​បន្ថែម​ទៀត​ថា​ជន​ទាំង​នោះ​គួរតែ​ទុក​ពេល​វេលាឲ្យ​លោក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លើ​បញ្ហា​បង្គោល​ព្រំដែន​នេះ​សិន​ មុន​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​លើ​ការងារ​របស់​ក្រុម​លោក​នោះ​។

«មិន​គួរ​ណា ​យើង​មិន​ទាន់​មាន​ចម្លើយ​ហើយ​យើង​មក​មាក់ងាយ​ជីវិត​គេ​អញ្ចឹង​គឺវា​អត់​ត្រូវ​ទេ​។​នៅ​ពេល​ដែល​ខ្ញុំ​សរសេរ​និក្ខេបបទ​ចប់​ ខ្ញុំ​នឹង​ដាក់លើតុ​ គ្រប់​មជ្ឈដ្ឋាន​មាន​សិទ្ធិ​សួរខ្ញុំ​ ហើយ​បើ​មាន​ចំណុច​ណា​យើង​មិន​សុខ​ចិត្ត​យើង​ដឹក​ដៃ​គ្នា​មក​មើល​ ពីព្រោះ​អ្វីដែលខ្ញុំនិយាយ​គឺ​ទាំង​ខាង​រដ្ឋា​ភិបាល​ ទាំង​គណបក្ស​ប្រឆាំង​ ទាំង​អ្នកវិទ្យសាស្ត្រ​ ប្រជាជន​ ​មាន​សិទ្ធិ​សួរ​ទាំងអស់។​ គេ​មិន​ទាន់​ស្រាវ​ជ្រាវ​ចប់ផង​ហេតុអីបាន​ ​ មាក់ងាយ​ជីវិត​ ហេតុអី​ក៏​វាយ​តម្លៃ​ការស្រាវជ្រាវ​គេ​ទាប​ម្ល៉េះ​?»​។​

លោក​នី ចរិយា​ ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត ​នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក​បាន​ឲ្យ​ដឹង​ថា​ក្រុម​គ្រួសារ​របស់ ​ផង់​ សីហា​ បាន​មក​សុំ​ជំនួយ​ពី​សមាគម​សិទ្ធិមនុស្ស​អាដហុក​នៅខេត្ត​ព្រៃវែង​ ហើយ​ក្រុម​ ​ការងារ​របស់​លោក​កំពុង​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើប​អង្កេត​និង​ស្វះស្វែង​រក​វិធី​ផ្តល់​ជំនួយ​ផ្នែកច្បាប់​ដល់​ជន​ជាប់​ចោទ។​

«​ឥឡូវនេះ​យើង​កំពុងតែ​ស៊ើប​អង្កេត​រឿង​ហ្នឹង​ ​ថា​តើ​អ្នក​ដែល​ត្រូវបាន​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់ហ្នឹង​គាត់​អាចមាន​លទ្ធភាព​ក្នុង​ការ​ ទី១​ធើ្វជា​ហ្វេស​ប៊ុក​និង​message​ ​តាម​ទូរស័ព្ទ​ផងបាន​ទេ?​ ​ព្រោះ​តាម​អ្វីដែល​លោក​ សុខទូច​ មាន​ប្រសាសន៍​គឺ​ថា​មាន​ទាំង message​ និង​មានទាំងហ្វេសប៊ុក​» ​។​

ស្រដៀង​គ្នា​នេះដែរ​លោក ​កឹម សុខា​អនុ​ប្រធាន​គណបក្ស​ជំទាស់​ក៏​ធ្លាប់​បាន​រងការ​គំរាម​សម្លាប់​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​ កាល​ពី​ឆ្នាំ​២០១៣​ ​ក៏​ប៉ុន្តែ​ជន​ល្មើស​មិន​ត្រូវ​បាន​នាំ​ខ្លួន​មកកាន់​តុលាការនោះ​ទេ​។​ ​នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​សង្កេតការណ៍​និង​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​មួយ​ចំនួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG