ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ពី​ប្រទេស​បារាំង​ លោក​ហោ ណាំហុង​​រិះគន់​គណបក្ស​សង្គ្រោះជាតិ


ផែន​ទី​ដែល​ទទួល​បាន​ពី​ពី​​ស្ថានទូត​បារាំង​ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិធី​ប្រគល់​ ទទួល​ និង​ផ្ទៀង​ផ្ទាត់​​ នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី០៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)
ផែន​ទី​ដែល​ទទួល​បាន​ពី​ពី​​ស្ថានទូត​បារាំង​ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិធី​ប្រគល់​ ទទួល​ និង​ផ្ទៀង​ផ្ទាត់​​ នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី០៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)

លោក​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​​ការ​បរទេស​កម្ពុជា​ បាន​ប្រតិកម្ម​​ខ្លាំងៗ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ទាក់ទង​នឹង​រឿង​ផែន​ទី​ និង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

លោក​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​កម្ពុជា​ បាន​ប្រតិកម្មខ្លាំងៗ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ទាក់ទង​នឹង​រឿង​ផែន​ទី​ និង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​ ប្រតិកម្ម​របស់​លោក​ធ្វើឡើង​ក្រោយ​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​ ដែល​ផ្តល់​ជូន​ជាផ្លូវ​ការ​ពី​ប្រទេស​បារាំង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​ជាលើក​ទី​ពីរ​នៅ​ថ្ងៃ​នេះ​ក៏ត្រូវ​បាន​លោក​រដ្ឋមន្រ្តី​ការបរទេស​សន្មត់​ថា​ ជា​ការ​ផ្ទៀង​ផ្ទាត់​លើក​ចុង​ក្រោយ​ ដើម្បី​បិទ​បញ្ចប់​បញ្ហា​ដ៏​រសើប​មួយ​នេះ ​បន្ទាប់ពីលោក ​Alain Fortin ​ភារៈធារី​បារាំង​ប្រចាំ​នៅ​កម្ពុជា​ បានប្រគល់​ជូន​ជា​ផ្លូវការ​នូវ​ផែន​ទី​ប្រទេស​កម្ពុជា​ចំនួន​២៦​ផ្ទាំង។

ថ្លែង​នៅ​ក្រោយ​ការ​ពន្យល់​របស់​មន្រ្តី​ជាន់​ខ្ពស់ទទួល​បន្ទុកកិច្ចការ​ចម្រុះ​ព្រំដែន​កម្ពុជា​អំពី​ភាព​ដូច​គ្នា​រវាង​ផែន​ទីដែល​ប្រទេស​បារាំង​បាន​ប្រគល់​ជូន​ និង​ផែន​ទីដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​កន្លងមក​នោះ​ លោកហោ ណាំហុង​បាន​ថ្លែង​ថា​ គណបក្ស​ប្រឆាំង​បាន​ធ្វើ​ការ​វាយ​ប្រហារ​មក​លើ​រូបលោកយ៉ាង​ធ្ងន់​ធ្ងរទាក់​ទិននឹងកិច្ចការ​ផែន​ទីនេះ។

«សកម្មជន​គណបក្សប្រឆាំង​វាយ​ខ្ញុំ​យ៉ាង​ឃោរ​ឃៅ​បំផុត​ តែ​ខ្ញុំ​មិន​ចង់​លើក​ទេ»។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហោ ណាំហុង ​ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី​កាន់​តំណែង​ដ៏យូរ​នេះ ​បន្ត​ថា​ គណបក្ស​នយោបាយ​ត្រូវ​ឈប់កកូរ​កកាយ​កិច្ច​ការ​ព្រំដែន​ និង​ផែន​ទី​នេះ​តទៅ​ទៀត​ ដោយ​លោកបាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ផ្តោត​ទៅ​លើ​ការ​ឃោសនា​ខ្លឹម​សារ​កម្ម​វិធី​នយោបាយ​របស់​ខ្លួន។​

«ខ្ញុំ​យល់​ថា​ បញ្ហា​ព្រំដែន​ បញ្ហា​ផែន​ទី​ គួរ​តែ​បញ្ចប់​ត្រឹម​ប៉ុណ្ណេះ។​ សូម​បញ្ចប់​ត្រឹម​ប៉ុណ្ណេះ​ កុំ​ឲ្យ​គណបក្ស​នយោបាយ​យក​បញ្ហា​នេះ​ទៅ​ធ្វើ​យុទ្ធនាការញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​រដ្ឋាភិបាល»។​

លោក​បាន​ចំអក​ដល់​សមាជិក​មួយ​ចំនួន​នៃ​គណបក្ស​ប្រឆាំង​ ដោយ​និយាយ​ថា​ ផែន​ទី​ដែល​ទិញ​បាន​ទី​ផ្សារ​ ឬ​នៅ​តាម​ចិញ្ចើម​ថ្នល់​ ហើយ​និង​រក​បាន​តាម​បណ្ណាល័យ​នានា​នោះ​ មិន​អាច​យក​ជាការ​បាន​ទេ។​

ផែន​ទី​ចម្លង​២៦​ផ្ទាំង​ ដែលប្រទេស​បារាំង​បាន​ប្រគល់​ជូន​កម្ពុជា​ ដោយ​មាន​ការ​អនុញ្ញាតពី​លោក​ហ្វ្រង់ស៊័រ ​ហូឡង់​ ​ប្រធានា​ធិបតី​បារាំង​នោះ​ គឺ​ជា​ផែន​ទីខ្នាត​១/១០០.០០០​ ​បោះ​ពុម្ព​ដោយ​«ក្រុម​ភូមិ​សាស្រ្ត​ឥណ្ឌូចិន»​ ហើយ​ផែនទី​នេះ​ទទួល​បាន​ពី​«វិទ្យាស្ថានជាតិ​ភូមិសាស្រ្ត»​នៃ​ប្រទេស​បារាំង។​

នៅ​ក្នុង​ចំណោម​ផែនទី​ទាំង​២៦ផ្ទាំង​នោះ​មាន​មួយ​ផ្ទាំង​ជា​ផែន​ទី​ UTM ​ខ្នាត​១/១០០.០០០​ រីឯ​ផែន​ទី​២៥​ផ្ទាំង​ទៀត​ជា​ផែន​ទី ​Bonne​ ខ្នាត​១/១០០.០០០។​ ផែន​ទី​ Bonne ​ខ្នាត​១/១០០.០០០​មួយផ្ទាំង​ ដែល​ត្រូវ​ជំនួស​ដោយ​ផែន​ទី​ UTM​ នោះ​ មិន​ត្រូវ​បាន​គេ​រក​ឃើញ​ទេ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកវ៉ា គឹមហុង​ ប្រធាន​គណៈកម្មការ​កិច្ចការ​ចម្រុះ​ព្រំដែន​កម្ពុជា។

បន្ទាប់​ពី​ការ​ធ្វើ​បទបង្ហាញ​និង​ផ្ទៀង​ផ្ទាត់​ផែន​ទី​របស់រដ្ឋាភិបាលសម្រាប់​ការ​កំណត់​ខណ្ឌ​សីមា​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម ទៅ​នឹង​ផែន​ទី​ដែល​ផ្តល់​ជូន​ដោយ​ប្រទេស​បារាំង​នោះ​ លោក​វ៉ា គឹម​ហុង​បាន​ថ្លែង​នៅ​ចំពោះ​តំណាង​គណបក្ស​នយោបាយ​ តំណាង​រដ្ឋសភា​ និង​តំណាង​ស្ថាប័ន​ឯទៀតៗ​ថា រដ្ឋាភិបាល​បាន​ប្រើ​ផែន​ទី​តែមួយ​សម្រាប់​ការ​កំណត់​ខណ្ឌ​សីមា​ជាមួយ​ប្រទេស​វៀតណាម។​

ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ផែន​ទី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​គឺ​ធ្វើ​ឡើង​ដោយ​មិន​ខុស​គ្នា​ទៅ​នឹង​ការ​ពិនិត្យ​ផែន​ទីកាល​ពី​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០១៥​ទេ ​ដែល​ក្នុង​ពេលនោះ​ ​រដ្ឋាភិបាល​បាន​ពិនិត្យ​ផ្ទៀត​ផ្ទាត់​ផែន​ទី​ UTM ​ខ្នាត​១​/១០០.០០០​ចំនួន​១៨​ផ្ទាំង។​ ផែន​ទី​ទាំង​នោះត្រូវ​បាន​ឲ្យ​ខ្ចី​ដោយ​អង្គការ​សហប្រជា​ជាតិ។​

ពេល​កំពុង​ដើរ​ចាក​ចេញ​ពី​សាលប្រជុំ​នៃ​វិមាន​សន្តិភាពបន្ទាប់​ពី​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​នៅ​ថែ្ង​ព្រហស្បតិ៍​នេះ​ លោក​អ៊ូ ច័ន្ទឫទ្ធិ អ្នក​តំណាង​រាស្រ្ត​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​អមដំណើរ​ដោយ​សហការី​របស់​លោកផងនោះ​ បាន​សម្តែង​ការ​សោក​ស្តាយ​ដែល​លោក​ហោ ណាំហុង​យក​វេទិកា​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ផែន​ទី​មក​វាយ​ប្រហារ​លើ​គណបក្ស​សង្គ្រោះជាតិ។​

«ខ្ញុំ​មាន​ការ​សោក​ស្តាយ​មែន​ទែន ព្រោះ​យើង​មក​នេះ​ដើម្បី​ធ្វើការ​ផ្ទៀង​ផ្ទាត់​ឲ្យ​មាន​ឯក​ភាព​ជាតិ​ ហើយ​ទី​បញ្ចប់​ខ្ញុំ​ឃើញថា ​មាន​ការ​វាយ​ប្រហារ​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ​យើង​ញុះ​ញង់​ប្រជាពលរដ្ឋ​គ្រប់​សព្វ​បែបយ៉ាង។ ​នេះ​ខ្ញុំ​អត់​អាច​ទទួល​យក​បាន​ទេ។​ បញ្ហា​ជាតិ​ជា​បញ្ហា​របស់​ខ្មែរ​ទាំង​អស់​គ្នា។​ បញ្ហា​ទឹក​ដី​មិនមែន​ជា​បញ្ហា​របស់​បុគ្គល​ណាទេ​ ជាបញ្ហា​របស់ខ្មែរ។ ​ដូច្នេះ​យើង​មាន​ការ​សោក​ស្តាយ​ណាស់»។​

លោក​អ៊ូ ច័ន្ទឫទ្ធិ​ ដែល​ជាអ្នក​នាំពាក្យ​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែរ​នោះ​ ​បាន​ឲ្យ​ដឹងទៀត​ថា​ គណបក្ស​របស់​លោក​នឹង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ផែន​ទី​ដែល​ភាគី​កម្ពុជា​ និង​វៀតណាម​បាន​ប្រើ​សម្រាប់​ការ​កំណត់​ខណ្ឌ​សីមា​នៃ​ប្រទេស​ទាំង​ពីរ​ ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ទាំង​លើ​ក្រដាស​ផង​ និង​លើ​ទឹកដី​ជាក់​ស្តែង​ផង​ ហើយ​ថា ​គណបក្ស​សង្គ្រោះជាតិនឹង​បន្ត​ការ​សិក្សា​ស្រាវ​ជ្រាវថែម​ទៀត​ជាមុខ​សិន​ ទើបគណបក្ស​អាច​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ចំពោះ​កិច្ចការ​ផែន​ទី​នេះ។​

«យើង​មិន​ទាន់​បញ្ចប់​ទេ។​ យើង​មិន​ទាន់​បាន​ប្រកាស​ជំហរ​យើង​ទេ។​ ដូច​ខ្ញុំ​ជំរាប​ហើយ។​ ​ យើង​នៅ​ក្នុង​ដំណាក់​កាល​ប្រមូល​ឯកសារ​ និង​ព័ត៌មាន​ផ្សេងៗ»។

ទាក់ទិន​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​នេះ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​ឃុំខ្លួន​លោក​ហុង សុខហួរ​ ​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្សសម​ រង្ស៊ី​ពីបទ​«ក្លែង​បន្លំ​ឯក​សារ​សាធារណៈ​ ​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ​និង​ញុះញង់»។​ ការ​សម្រេច​ឃុំ​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​កាន់​សញ្ជាតិ​បារំាងខ្មែរនេះ​ គឺ​ធ្វើ​ឡើងក្រោយ​ពី​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នា​ឆ្នាំ​១៩៧៩​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដែល​ក្នុងនោះ​លោក​បង្ហាញ​ថា​ ​វៀតណាម​ចូល​ក្នុង​ទឹកដី​កម្ពុជា​ ច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម។​ លោកត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ ​ប្រើ​ឯកសារ​ក្លែងក្លាយ។​

កាល​ពី​ថ្ងៃពុធកន្លងទៅ​នេះ ​តុលាការ​សាលា​ឧទ្ធរណ៍​បាន​តម្កល់​ទុក​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​ឃុំ​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ។​ ​ សកម្ម​ជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ ការ​សម្រេច​របស់​តុលាការ​សាលា​ឧទ្ធរណ៍​នេះ​គឺ​ស្ថិត​នៅ​ក្រោម​កំសួល​នយោបាយ​ ដែល​កំពុង​កើន​ឡើង​សារ​ជា​ថ្មី​ទាក់​ទិន​នឹង​បញ្ហា​បូរណភាព​ទឹកដី។​

ដោយ​ឡែក​ វីអូអេ​បាន​ទទួល​ផែនទី​ Bonne​ ខ្នាត​១/១០០.០០០​ពីបណ្ណាល័យ​សភា​របស់​សហ​រដ្ឋ​អាមេរិក។​ វីអូអេ​នឹង​ធ្វើ​ដាក់​ផែនទី​នេះ​នៅ​លើ​គេហ​ទំព័រ​របស់​វីអូអេ​ ទំព័រហ្វេប៊ុកវីអូអេ​ផងនៅថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG