ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី តាំង​ចិត្ត​ការពារ​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ព្រំដែន​បាត់បង់​ដីស្រែ​ចម្ការ


រូបឯកសារ៖ លោក​ សម​ រង្ស៊ី​ នៅ​ក្នុង​កម្មវិធី​អាហារ​ស្រាយបួស​ ជាមួយ​ខ្មែរ​ឥស្លាម​ជាង​១០០នាក់​នៅ​គេហដ្ឋាន​របស់​លោក​ នៅ​ភ្នំពេញ​ នា​ថ្ងៃ​ទី៥​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (សើ​ សាយ្យាណា​/VOA​)
រូបឯកសារ៖ លោក​ សម​ រង្ស៊ី​ នៅ​ក្នុង​កម្មវិធី​អាហារ​ស្រាយបួស​ ជាមួយ​ខ្មែរ​ឥស្លាម​ជាង​១០០នាក់​នៅ​គេហដ្ឋាន​របស់​លោក​ នៅ​ភ្នំពេញ​ នា​ថ្ងៃ​ទី៥​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (សើ​ សាយ្យាណា​/VOA​)

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បេ្តជ្ញា​ការពារ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ការ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម​ ដែលប្រជាពលរដ្ឋ​ខ្មែរ​អះអាង​ថា​ មាន​ការបោះ​បង្គោល​ព្រំ​ដែន​ឆ្លង​ចូល​ទឹក​ដី​ប្រទេស​កម្ពុជា។

ការ​ថ្លែង​របស់​លោក​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​ ធ្វើ​ឡើង​នៅ​ចំពេល​ដែលរដ្ឋាភិបាលនៃ​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ផែន​ទី​នៃ​ប្រទេស​កម្ពុជា​ ដែល​នឹង​ផ្តល់​ជូន​ពី​សហគមន៍​អន្តរជាតិ​នានា។

លោក​សម រង្ស៊ី មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ក្នុង​រដ្ឋ​សភា​ បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅឯ​ពិធីជួប​ជុំ​ទទួល​ទាន​អាហារមួយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរិ៍​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​បាន​ប្រឌិត​រឿងបាត់បង់​ទឹក​ដី​របស់​ពួកគេ​ទៅ​ប្រទេស​វៀតណាម​នោះ​ឡើយ​ ហើយ​ថា​ ការ​គាំពារ​ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​ធានា​ឲ្យ​បាន។​

«បង​ប្អូន​វិនិច្ឆ័យ​ខ្លួន​ឯង​ទៅ!​ អាជ្ញាធរ​គេ​ថា​ យួន​អត់​យក​ដី​ខ្មែរ​ទេ​ បងប្អូន​ចង់​ជឿ!​ ជឿ​ទៅ!​ តែយើង​គណបក្ស​សង្គ្រោះ​ជាតិ​ យើង​ជឿ​ប្រជារាស្រ្ត​ ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាមព្រំប្រទល់​ដែន​ ជាពិសេស​កសិករ​ខ្មែរ។​ ពួក​គាត់​បាត់ដី​ស្រែ ​ដី​ចម្ការ ​ព្រៃ​ឈើ។​ ពួក​គាត់​ថា​ គេ​យក​បង្គោល​ថ្មីៗ​ ចុង​ក្រោយ​មក​បោះ​លើ​ដី​គាត់ ​ដីស្រែ​ ដី​ចម្ការ​គាត់​ ​ជាទឹក​ដី​នៃ​ប្រទេសកម្ពុជា​របស់យើង​ទាំង​អស់​គ្នា​ ហើយ​ពួក​គាត់​យំ​ស្រែ​ក​ត្អូញ​ត្អែរ»។​

លោក​បន្ថែម​ថា៖​

«យើង​ យើង​ជឿ​ប្រជារាស្រ្ត។​ ប្រជារាស្រ្ត​លោក​មិន​ទៅ​ប្រឌិត​រឿង​ ដែល​មិន​មែន​ជា​ការណ៍​ពិត​ទេ។​ ​លោក​រងគ្រោះ។​ លោក​ជាសាក្សី។​ លោក​ជា​ភស្តុតាង​រស់។​ ដូច្នេះ​ដរាបណា​ មាន​ប្រជា​ពលរដ្ឋ​ត្អូញ​ត្អែរ​ យំ​ស្រែក​ ថា​ យួន​យក​ដី​គាត់​ យើង​ត្រូវ​តែ​ការពារ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា​ ដែល​រងគ្រោះ​ដោយ​សារ​យួន​ឈ្លាន​ពាន»។​

ទោះ​បី​ជាយ៉ាង​ណាក៏ដោយ​ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រឹង​ប្រែង​ការ​ពារ​ភាព​ស្អាតស្អំ​របស់​រដ្ឋាភិបាល​ ដោយ​ផ្តោត​ទៅ​លើ​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​របស់​ប្រទេស​កម្ពុជាដើម្បី​បញ្ចៀស​ការ​មន្ទិលសង្ស័យថា​ ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​មាន​ភាព​មិន​ច្បាស់​លាស់។

ជាក់​ស្តែង​ កាល​ពី​សប្តាហ៍​មុន​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បើក​បង្ហាញ​ និង​ផ្ទៀង​ផ្ទាត់​ផែនទី​ដែល​បាន​ខ្ចី​ពី​អង្គការ​សហ​ប្រជា​ជាតិ​ ដោយ​មាន​ការ​ចូល​រួម​ពី​ ​ឥស្សរជន​មួយ​ចំនួន​ ដូច​ជា​តំណាង​គណបក្ស​នយោបាយ​ ​តំណាង​រដ្ឋសភា​ តំណាង​ព្រឹទ្ធសភា​ ​តំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ផង​ដែរ។​

បញ្ហា​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ និង​ការ​មន្ទិល​សង្ស័យទាក់ទិន​នឹង​ការ​ប្រើប្រាស់​ផែនទី​នេះ ​បាន​ឡើង​កំដៅ​ជា​បន្ត​បន្ទាប់​ នា​ពេល​កន្លង​មក​នេះ ​ដោយ​សារ​តែ​សកម្មជន​ព្រំដែន ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា​ ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើ​គឺ​ជា​ផែន​ទី​ក្លែងក្លាយ។​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចូល​រួម​កិច្ចការ​ផ្ទៀងផ្ទាត់​ផែន​ទី​នោះ​ នៅ​តែ​បញ្ជាក់​ថា ​ខ្លួន​ត្រូវ​ការ​ឲ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​នេះ​ ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ​ហើយ​ខ្លួន​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ចំពោះ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើ​ប្រាស់។​

លោក​ស្រី​កុយ ពិសី​ អនុប្រធាន​កិច្ច​ការ​ចម្រុះ​ព្រំដែន​កម្ពុជា បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​ជំទាស់​ ដោយ​លោក​ស្រី​បាន​ពន្យល់​ថា៖​

«ពួក​យើង​ខ្ញុំ​ ការងារ​ធ្វើ​បាន​ត្រឹម​ត្រូវ​ អត់​មាន​អី​ ដែល​យើង​ធ្វើ​ខុស​ឆ្គងទេ។​ ​ ដូច​ដែល​យើង​ឃើញ​កន្លង​មក​ គណបក្ស​សម រង្ស៊ី គាត់​លើក​ថា​អញ្ចេះ ​ថា​អញ្ចុះ​អី​ហ្នឹង​ ពួក​យើង​តែ​បាន​បង្ហាញ។​ ប្រសិន​បើគាត់​ថា​ ឧទាហរណ៍​ នៅ​តំបន់​នេះ​អញ្ចេះ អញ្ចេះ​ អញ្ចេះ មាន​បញ្ហា​អី​ យើង​ក៏​បាន​ប្រាប់​គាត់​ថា ​រឿង​ហ្នឹង​វា​មិន​ពិត​ទេ។ វា​យ៉ាង​ម៉េចៗ​គឺ​យើង​មាន​ គេ​ហៅថា​ ភស្តុតាង​ជាក់​ស្តែង​ដែល​បង្ហាញ​ត្រឡប់​ទៅ​វិញ។​ យើង​មិន​មែន​ធ្វើ​នយោបាយ​សម្រាប់​ប្រជាភិថុត​នយោបាយ​ទេ។​ ខាង​រាជរដ្ឋាភិបាល​អត់មាន​ធ្វើ​របៀប​ហ្នឹង​ទេ»។​

លោកស្រី​បាន​បញ្ជាក់​បន្ថែម​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រង់ចាំ​ការ​ផ្តល់​ផែន​ទី​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​បារំាង​ សហ​រដ្ឋ​អាមេរិក​ និង​អង់គ្លេស។​ លោក​ស្រី​បន្ត​ថា​ ផែន​ទី​ប្រទេស​កម្ពុជាដែល​ផ្តល់ពីប្រទេស​បារាំង​សម្រាប់​ការ​ផ្ទៀង​ផ្ទាត់ផែន​ទី​នឹង​អាច​មក​ដល់​កម្ពុជា​នៅ​ចុង​សប្តាហ៍​ខាង​មុខ​នេះ។​

សកម្មជន​ និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែចុ​ង​ក្រោយ​នេះ។​ ​ក្នុង​នោះ​ក៏​មាន​លោកហុង សុខ​ហួរ​ ​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សម រង្ស៊ី​ដែល​មាន​សញ្ជាតិ​បារាំង​ផង​ដែរ។​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​រូប​លោក​ពី​បទ​«ក្លែង​បន្លំ​ឯក​សារ​ ​សា​ធារណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែងនិង​ញុះញង់»​ ​ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នាឆ្នាំ​១៩៧៩​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ​ដែល​ក្នុង​នោះ​លោក​បង្ហាញ​ថា​ វៀតណាម​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ ​ច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម៕

XS
SM
MD
LG