ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ភូមិ​និង​ក្រុមប្រឹក្សា​ឃុំ​នៅ​ខេត្ត​កំពង់ធំ​ត្អូញត្អែរ​រឿង​មិន​មាន​សាលា​ឃុំ​ធ្វើ​ការ


លោក ព្រែង គឹមសឿន ជំទប់​ទី​២​មកពី​គណបក្ស​សង្រ្គោះជាតិ អង្គុយ​នៅ​តុ​កន្លែង​លោក​ធ្វើ​ការ​ នៅ​ក្នុង​ផ្ទះដែល​ជួល​ធ្វើ​សាលាឃុំ កាល​ពីថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ឃុំ​មួយ​នៅ​​ខេត្ត​កំពង់ធំ ​​មិន​មាន​អគារ​សាលាឃុំ​ត្រឹមត្រូវ​​សម្រាប់​ក្រុមប្រឹក្សា​ឃុំ​ធ្វើ​ការ​​​អស់​​​ជាង​១៥​ឆ្នាំ​មក​ហើយ។ ក្នុង​រយៈ​​ពេល​ជា​ច្រើន​ឆ្នាំ​​នេះ ក្រុមប្រឹក្សា​ឃុំ​បាន​ជួល​ទីតាំង​តូច​មួយ​នៅ​ខាង​ក្នុង​បរិវេណ​ផ្ទះ​របស់​អ្នក​ភូមិ​ម្នាក់​ ដោយ​មិន​មាន​សូម្បី​តែ​បន្ទប់​សម្រាប់​អង្គុយ​ មក​ធ្វើ​ជា​កន្លែង​ផ្តល់​សេវា​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ។ ពួកគេ​រិះគន់​ថា​ ការ​មិន​មាន​សាលា​ឃុំ​ធ្វើការ​ឲ្យ​បាន​ត្រឹមត្រូវ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រសិទ្ធភាព​នៃ​ការងារ។

អស់​រយៈ​ពេល​ជាង​១៥​ឆ្នាំ​មក​ហើយ ដែល​ឃុំ​ស្វាយភ្លើង​ក្នុង​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ មាន​តែ​ឈ្មោះ តែ​មិន​មាន​សាលា​ឃុំ​នោះ​ទេ។ ប្រជាពលរដ្ឋ​និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ បាន​ត្អូញត្អែរ​ថា ការ​មិន​មាន​សាលា​ឃុំ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ។

មេឃុំ​ស្វាយភ្លើង លោក ចាន់ ប៊ុនសារ អាយុ​៦៦ឆ្នាំ បាន​ថ្លែង​ប្រាប់​ VOA ​ថា ក្រុមប្រឹក្សា​ឃុំ​បាន​ជួល​ទីតាំង​តូច​មួយ​ខាង​ក្នុង​បរិវេណ​ផ្ទះ​របស់​អ្នក​ភូមិ​ម្នាក់ មក​ធ្វើ​ជា​កន្លែង​ផ្តល់​សេវា ជាង​១៥ឆ្នាំ​មក​ហើយ ដោយ​ក្នុង​មួយ​ខែ​ត្រូវ​ចំណាយ​ថវិកា​៨ម៉ឺន​រៀល​សម្រាប់​ការ​ជួល​ទីតាំង។ លោក​បន្ត​ថា លោក និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ផ្សេង​ទៀត ធ្លាប់​បាន​ស្នើ​សុំ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ថា ​មាន​ថវិកា​សម្រាប់​សាងសង់​សាលា​ឃុំ​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖

«អត់​មាន​លុយ​ធ្វើ​សាលា​ឃុំ​ មិន​អត់! ស្នើ​ទៅ​លើ​រាល់​តែ​ខែ ប្រចាំ​ខែ ប្រជុំ​ស្នើ​ទៅ​ហើយ»។

មេឃុំ​ស្វាយភ្លើង លោក ចាន់ ប៊ុនសារ អាយុ​៦៦ឆ្នាំ អង្គុយ​នៅ​តុ​កន្លែង​លោក​ធ្វើ​ការ​ នៅ​ក្នុង​ផ្ទះ​ដែល​ជួល​ធ្វើ​សាលាឃុំ នៅស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ កាល​ពីថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
មេឃុំ​ស្វាយភ្លើង លោក ចាន់ ប៊ុនសារ អាយុ​៦៦ឆ្នាំ អង្គុយ​នៅ​តុ​កន្លែង​លោក​ធ្វើ​ការ​ នៅ​ក្នុង​ផ្ទះ​ដែល​ជួល​ធ្វើ​សាលាឃុំ នៅស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ កាល​ពីថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

មេឃុំ​រូប​នោះ​បាន​អះអាង​ទៀត​ថា ​សាលា​ឃុំ​មួយ​ត្រូវ​ការ​ថវិកា​ប្រមាណ​ពី​៤​ទៅ​៥ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ការ​សាងសង់។ លោក​បាន​ទទួល​ស្គាល់​ថា ការ​មិន​មាន​សាលា​ឃុំ​ធ្វើ​ការ​ពិត​ជា​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​នៅ​តាម​មូលដ្ឋាន តែ​លោក​ថា​ មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពី​នេះ។

លោក​មេឃុំ​រូប​នោះ​បាន​បញ្ជាក់​ថា៖

«មិន​មាន​សាលា​ឃុំ ចេះ​តែ​ប៉ះពាល់​តិចតួច​ហើយ»។ សំណូម​ពរ​ធ្វើ​ម៉េច​ឲ្យ​តែ​ថ្នាក់​លើ​ជួយ​មក​ ស្រណុក​ខ្ញុំ​ងាយ​ស្រួល​ធ្វើ​ការ​នៅ​សាលាឃុំ​ មិន​ចង់​នៅ​ផ្ទះ​គេ​ណា»។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ លុយ​មូលនិធិ​ឃុំ​ដែល​ត្រូវ​បាន​ផ្តល់​មក​ក្នុង​មួយ​ឆ្នាំ មាន​តែ​ជាង​១ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ដូច្នេះ​លោក​ថា​ មិន​អាច​ដក​សន្សំទុក​សម្រាប់​សាងសង់​សាលា​ឃុំ​បាន​នោះ​ទេ ដោយសារ​តែ​មាន​គម្រោង​ធ្វើ​ផ្លូវ​ជា​អាទិភាព។

បើ​តាម​លោក​មេ​ឃុំ បច្ចុប្បន្ន​នេះ ​សាលា​ឃុំ​មាន​ដី​ តែ​សំខាន់​គឺ​មិន​មាន​ថវិកា​សម្រាប់​សាងសង់។

ដី​របស់​សាលា​ឃុំ​ស្ថិត​នៅ​ជាមួយ​ដី​ទី​ស្នាក់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រចាំ​តំបន់​នោះ។ មណ្ឌល​សុខភាព ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្វាយភ្លើង​ និង​ផ្ទះ​របស់​ពលរដ្ឋ​ជួល​ធ្វើ​ជា​ទីតាំង​សាលា​ឃុំ ក៏​ស្ថិត​នៅ​ជាប់ៗ​គ្នា​ផង​ដែរ។

លោក ព្រែង គឹមសឿន ជំទប់​ទី​២ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយ​ភ្លើង មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ បាន​លើក​ឡើង​ថា កាល​ពី​ឆ្នាំ​២០១២ លោក​បាន​ស្នើ​សុំ​ធ្វើ​សាលា​ឃុំ​តូច​មួយ​បណ្តោះ​អាសន្ន ធ្វើ​ពី​ឈើ​ដែល​លោក​អាច​រក​បាន​ដោយ​ផ្ទាល់​ខ្លួន និង​ប្រក់​ត្រឹម​ស័ង្កសី ប៉ុន្តែ​លោក​ថា ​សំណើ​នោះ​ត្រូវ​បាន​បដិសេធ។ លោក​បន្ថែម​ថា សម្រាប់​រូប​លោក​ផ្ទាល់ ក៏​ពិបាក​ធ្វើការ​នៅ​ម៉ោង​សម្រាក​ផង​ដែរ​ ដោយ​សារ​ទីតាំងស្ថិត​នៅ​ក្នុង​បរិវេណផ្ទះ​របស់​អ្នក​ភូមិ។

ស្លាកសញ្ញា​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ។ (ស៊ុន ណារិន/VOA)
ស្លាកសញ្ញា​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ។ (ស៊ុន ណារិន/VOA)

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ការ​មិន​មាន​សាលា​ឃុំ​នេះ បាន​ប៉ះពាល់​ដល់​ការងារ​នៅ​ក្នុង​ឃុំ​នា​ពេល​កន្លង​មក គឺ​ពលរដ្ឋ​ពិបាក​មក​រក​សេវា និង​ពិបាក​ក្នុង​ការ​ពិភាក្សា​បញ្ហា​ជម្លោះ​ក្នុង​គ្រួសារ​ជា​ដើម។

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖

«និយាយ​ចំ​ទៅ​ ការ​យល់​ដឹង​របស់​ខ្ញុំ វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ។​ ប៉ះពាល់​ដោយ​សារ​រឿង​វិវាទ​ក្នុង​គ្រួសារ រឿង​ក្តី​មួយៗ យើង​ត្រូវការ​សម្រុះ​សម្រួល។ សម្រុះ​សម្រួល​ វា​ប៉ះពាល់​ម៉េច វា​ប៉ះពាល់​ការ​អៀនខ្មាស​របស់​ប្រជាពលរដ្ឋ​យើង។ បុគ្គល​ម្នាក់ៗ​ដែល​ចូល​មក​ដោះស្រាយ​រឿង​ក្តី​ហ្នឹង មិន​សូវ​ជា​ហ៊ាន​ទេ ព្រោះ​គាត់​ខ្លាច ព្រោះ​អី​ផ្ទះ​គេ»។

លោក គឹមសឿន បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ សូម្បី​តែ​ឈ្មោះ​សាលា​ឃុំ​នៅ​ខាង​មុខ​ផ្ទះ ក៏​មិន​មាន​ដែរ។

ទីតាំង​ជួល​ក្នុង​បរិវេណ​ផ្ទះ​របស់​អ្នក​ភូមិ​នោះ គឺ​ស្ថិត​នៅ​កន្លែង​តូច​មួយ ជិត​ទ្វារ​ផ្ទះ​ ហើយ​មានតុ​ជ្រុង​មួយ ប្រវែង​ប្រហែល​មួយ​ម៉ែត្រ​កន្លះ តុ​មូល​មួយ និង​កៅអី​ជ័រ​ជាង​២០​ប៉ុណ្ណោះ។ មេឃុំ និង​ក្រុមប្រឹក្សា​មិន​មាន​ សូម្បី​តែ​បន្ទប់​មួយ​ សម្រាប់​ពិភាក្សា​ការងារ​ផ្សេងៗ។

ឃុំ​ស្វាយភ្លើង​មាន​ប្រជាជន​ជាង​១.០០០​គ្រួសារ​កំពុង​រស់​នៅ។ ឃុំ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១,៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​ប្រជុំជន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦។ ឃុំ​មួយ​នេះ មាន​អគ្គិសនី​រដ្ឋ​ប្រើប្រាស់ តែ​មិន​ទាន់​មាន​ទឹកស្អាត​នៅ​ឡើយ​ទេ គឺ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​អណ្តូង​ប្រចាំ​ថ្ងៃ។

កាល​ពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ខែ​មិថុនា ឆ្នាំ២០១៧ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​តំណែង​មេឃុំ​ចៅ​សង្កាត់​ចំនួន​១.១៥៦ ដែល​បាន​បាត់បង់​ជាង​៤០០​ឃុំ​សង្កាត់​ទៅ​គណបក្ស​ប្រឆាំង។ ចំណែក​គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​បាន​៤៨៩​ឃុំ​សង្កាត់​ ដែល​កើន​ជាង​៤០០​ឃុំ​សង្កាត់​ បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុន ដែល​មាន​តែ​៤០​ឃុំ​តែ​ប៉ុណ្ណោះ។

សម្រាប់ឃុំ​ស្វាយភ្លើង គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចាញ់​សំឡេង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២៥០​សំឡេង។ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៣​អាសនៈ ចំណែក​គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​បាន​២​អាសនៈ។

គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់​បច្ចុប្បន្ន​នេះ នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ គឺ​ត្រឹមតែ​៣​ទៅ​៥ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ។ គណបក្ស​បាន​សន្យា​ថា នឹង​ផ្តល់​ថវិកា​ដល់​ឃុំ​សង្កាត់​នីមួយៗ​យ៉ាងតិច​៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប្រសិន​បើ​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។

ប្រជាពលរដ្ឋម្នាក់​រស់​នៅ​ក្នុង​ភូមិ​ប្រតោង អ្នកស្រី ធ្លក ពៅ អាយុ​៤៥ឆ្នាំ ដើរ​នៅ​ខាងមុខ​ផ្ទះ​របស់​អ្នកស្រី ក្នុង​ឃុំ​ស្វាយភ្លើង កាល​ពីថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
ប្រជាពលរដ្ឋម្នាក់​រស់​នៅ​ក្នុង​ភូមិ​ប្រតោង អ្នកស្រី ធ្លក ពៅ អាយុ​៤៥ឆ្នាំ ដើរ​នៅ​ខាងមុខ​ផ្ទះ​របស់​អ្នកស្រី ក្នុង​ឃុំ​ស្វាយភ្លើង កាល​ពីថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

អភិបាល​រង​ស្រុក​បារាយណ៍ លោកស្រី លឹម ផល្លា បាន​ថ្លែង​ប្រាប់ ​VOA ​ថា រហូត​មក​ដល់​ពេល​នេះ ឃុំ​ចំនួន​១០​ក្នុង​ចំណោម​១៨​ឃុំ ក្នុង​ស្រុក​បារាយណ៍ មិន​ទាន់​មាន​សាលា​ឃុំ​នៅ​ឡើយ​ទេ ដោយសារ​កង្វះ​ខាត​ថវិកាជាតិ​ក្នុង​ការ​សាងសង់​សាលា​ឃុំ។ ទោះ​ជា​យ៉ាងណា លោកស្រី​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​ឲ្យ​សាងសង់​សាលា​ឃុំ​ចំនួន​ពីរ​ទៀត។

លោកស្រី​បាន​បញ្ជាក់​ថា៖​

«អញ្ចឹងយើង​ធ្វើ​សំណើ​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ការ​សម្រេច​របស់​ថ្នាក់​ជាតិ​ហ្នឹង គឺ​មិន​បាន​សម្រេច​ដាក់​ឲ្យ​គ្រប់ ព្រោះ​ឃុំ​នៅ​ក្នុង​ស្រុក​បារាយណ៍​នៅ​១០​ឃុំ​ទៀត​ អត់​ទាន់​មាន​សាលា​ឃុំ»។ លោកស្រី​បន្ត​ថា ប្រសិន​បើ​មាន​ការ​ផ្តល់​ថវិកា​បន្ថែម​ទៀត​ដល់​ឃុំ នោះ​វា​រឹត​តែ​ប្រសើរ​ឡើង។

ប្រជាពលរដ្ឋ​ម្នាក់ រស់​នៅ​ក្នុង​ភូមិ​ប្រតោង ក្នុង​ឃុំ​ស្វាយ​ភ្លើង អ្នកស្រី ធ្លក ពៅ អាយុ​៤៥​ឆ្នាំ​បាន​លើក​ឡើង​ថា ​អ្នកស្រី​ធ្លាប់​មាន​បទ​ពិសោធន៍​ទៅ​រក​សេវា​នៅ​សាលា​ឃុំ ដើម្បី​ឲ្យ​ជួយ​បញ្ជាក់​ឯកសារ តែ​អ្នកស្រី​ថា ត្រូវ​រង់ចាំ​ពេល​វេលា​យូរ ដោយសារ​ផ្ទះ​ជួល​ទីតាំង​សាលាឃុំ​នោះ ត្រូវ​ចាក់​សោ ហើយ​ម្ចាស់​ផ្ទះ​មិន​នៅ។

អ្នកស្រី​បាន​បញ្ជាក់​ថា៖

«ហើយ​គេ​ឲ្យ​យើង​ធ្វើ​ការ​ហ្នឹង មិនមែន​ក្រោម​ផ្ទះ​គេ​ណា ដូច​យ៉ាង​ខាង​មុខ​ គេ​នៅ​អង្គុយ​ស៊ីញ៉េ​ក្រៅ មិន​ចំ​ក្រោម​ផ្ទះ​គេ​ណា ក្រោម​ផ្ទះ​គេ​ចាក់​សោ​មួយ​ជាន់​ គេ​ឲ្យ​នៅ​ខាង​ក្រៅ»។

ពលរដ្ឋរស់នៅ​ក្នុង​ឃុំ​ស្វាយភ្លើង អ្នកស្រី ហ៊ុំ វួចលី អាយុ​៤៦ឆ្នាំ កំពុង​សប់ទឹក​អណ្តូង​សម្រាប់​ប្រើប្រាស់ កាល​ពីថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
ពលរដ្ឋរស់នៅ​ក្នុង​ឃុំ​ស្វាយភ្លើង អ្នកស្រី ហ៊ុំ វួចលី អាយុ​៤៦ឆ្នាំ កំពុង​សប់ទឹក​អណ្តូង​សម្រាប់​ប្រើប្រាស់ កាល​ពីថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ស្វាយភ្លើង​ម្នាក់​ទៀត អ្នកស្រី ហ៊ុំ វួចលី អាយុ​៤៦ឆ្នាំ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​សាងសង់​សាលា​ឃុំ​មួយ​ឲ្យ​បាន​ឆាប់ៗ​នៅ​ពេល​ខាង​មុខ​នេះ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖

«សំណូមពរ​ឲ្យ​ខាង​អង្គការ​ហ្នឹង​ ឲ្យ​ជួយ​សាលា​ឃុំ​មួយ​មក»។

លោក ង៉ាន់ ចំរើន អនុ​ប្រធាន​គណៈកម្មាធិការ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ប្រាប់ ​VOAថា រដ្ឋាភិបាល​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ដើម្បី​សាងសង់​សាលា​ឃុំ​ឲ្យ​បាន​ទាំង​អស់ នាពេល​នេះ។

លោក​មាន​ប្រសាសន៍​ថា៖

«យើង​ដោះ​បណ្តើរៗ យើង​អត់​មាន​លទ្ធភាព ដោះ​ម្តង​ទាំង​អស់​ទៅ​អញ្ចឹង​ទេ»។

លោក​បន្ថែម​ថា រដ្ឋាភិបាល​មាន​គម្រោង​សាងសង់​សាលា​ឃុំ​តាម​ស្តង់ដារ​តែ​មួយ ដូចៗ​គ្នា នៅ​ទូទាំង​ប្រទេស។ សាលាឃុំ​សង្កាត់​ទាំងអស់​មាន​ចំនួន​១.៦៤៦ នៅ​ទូទាំង​ប្រទេស។

បើ​តាម​លោក ង៉ាន់ ចំរើន ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB) បាន​ជួយ​ផ្តល់​ជា​ថវិកា​ក្នុង​ការ​សាងសង់​សាលា​ឃុំ​ដូចៗ​គ្នា​បាន​ប្រហែលជា​៦០០​ទៅ​៧០០​ឃុំ នា​ពេល​កន្លង​មក។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ដឹង​អំពី​តួនាទី​សំខាន់​របស់​ថ្នាក់​ក្រោម​ជាតិ ដែល​តម្រូវ​ឲ្យ​មាន​កន្លែង​ធ្វើការ​ត្រឹមត្រូវ។

ទី​ស្នាក់ការ​គណបក្ស​ប្រជាជនកម្ពុជានៅ​ក្នុង​ឃុំ​ស្វាយ​ភ្លើង ដែលជា​ដី​សម្រាប់​ធ្វើ​សាលាឃុំ​ផង​ដែរ។ (ស៊ុន ណារិន/VOA)
ទី​ស្នាក់ការ​គណបក្ស​ប្រជាជនកម្ពុជានៅ​ក្នុង​ឃុំ​ស្វាយ​ភ្លើង ដែលជា​ដី​សម្រាប់​ធ្វើ​សាលាឃុំ​ផង​ដែរ។ (ស៊ុន ណារិន/VOA)

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ក្នុង​ការ​សាងសង់​សាលា​ឃុំ នៅ​តំបន់​ដាច់​ស្រយាល​មុន​គេ។

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​ចំពោះ​ការ​សាងសង់​សាលាឃុំ​ឲ្យ​បាន​ទាំងអស់ ដោយ​លោក​ថា ​កង្វះ​សាលា​ឃុំ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ជា​ឧបសគ្គ​ក្នុង​ការ​ផ្តល់​សេវា​ល្អ​នៅ​ក្នុង​ឃុំ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​មាន​លទ្ធភាព​ក្នុង​ការ​បែងចែក​ថវិកា​បម្រុង​មួយ​ចំនួន​នៃ​ថវិកា​ជាតិ ដើម្បី​សាងសង់​សាលាឃុំ​ឲ្យ​បាន​ទាំង​អស់។

លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​ថា ​បើ​ករណី​ចាំបាច់​រឿង​សាលា​ឃុំ គ្រាន់​តែ​រដ្ឋាភិបាល​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច ដើម្បី​ដក​អា​លុយ​បម្រុង ឬ​ក៏​លុយ​មិន​ទាន់​បែង​ចែក​ ១៧​ភាគរយ។ យក​មួយ​ផ្នែក​ណា​មួយ យក​ទៅ​ប្រើ​ កសាង​សាលា​ឃុំ​មិន​អស់​ផង»៕

XS
SM
MD
LG