លោកប្រធានាធិបតីម៉ាល់ឌីវ Abdulla Yameen កាលពីថ្ងៃចន្ទបានប្រកាសដាក់ប្រទេសនេះក្នុងភាពអាសន្នចំនួន១៥ថ្ងៃ ដោយសារតែវិបត្តិនយោបាយ ខណៈដែលលោកប្រធានាធិបតី Yameen បដិសេធមិនធ្វើតាមសាលក្រមរបស់តុលាការកំពូលឲ្យដោះលែងពួកមេដឹកនាំអ្នកទោសនយោបាយ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានផ្សព្វផ្សាយដោយមន្ត្រីរបស់លោកបានឲ្យដឹងថា «នៅក្នុងអំឡុងពេលនេះ ទោះបីជាសិទ្ធិមួយចំនួនត្រូវបានរឹតបន្តឹងក៏ដោយ ក៏ការរស់នៅប្រចាំថ្ងៃ សេវាកម្មផ្សេងៗ និងការប្រកបអាជីវកម្មនានានឹងមិនប៉ះពាល់នោះទេ»។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា «រដ្ឋាភិបាលម៉ាល់ឌីវនឹងធានារក្សាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋម៉ាល់ឌីវ សហគមន៍អន្តរជាតិ និងជនបរទេសទាំងអស់ដែលកំពុងតែរស់នៅក្នុងប្រទេសម៉ាល់ឌីវ»។
រដ្ឋបាលរបស់លោក Yameen បានបដិសេធមិនធ្វើតាមការបញ្ជារបស់តុលាការកាលពីសប្តាហ៍មុន ឲ្យលោកដោះលែងអ្នកទោសនយោបាយ ហើយកាលពីថ្ងៃចន្ទម្សិលមិញ លោកប្រធានាធិបតីបានស្នើទៅតុលាការឲ្យលុបចោលបញ្ជានេះវិញ។
អង្គការសិទ្ធិមនុស្ស Amnesty International បានរិះគន់ទៅលើការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃចន្ទ ដោយបានព្រមានថា ការណ៍នេះនឹងបង្កឲ្យមានការបង្ក្រាបផ្នែកសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។
លោក Dinushika Dissanayake អនុប្រធានអង្គការសិទ្ធិមនុស្ស Amnesty International ទទួលបន្ទុកកិច្ចការអាស៊ីខាងត្បូងបានថ្លែងថា «ការប្រកាសដាក់រដ្ឋក្នុងភាពអាសន្នក្នុងប្រទេសម៉ាល់ឌីវ បង្កឲ្យមានការបារម្ភកាន់តែខ្លាំងនៅស្របពេលមានវិបត្តិនយោបាយកើតឡើងនៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែការគោរពសិទ្ធិមនុស្សនឹងមិនត្រូវក្លាយជាបញ្ហាបន្ថែមទៀតនោះ»។
ក្រុមប្រឹក្សាសន្តិសុខជាតិនៅក្នុងសេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនឹងគាំទ្រពលរដ្ឋម៉ាល់ឌីវ៕