ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្លឹងថ្លែង​លើ​ហានិភ័យ​និង​ផល​ប្រយោជន៍​នៃ​ការ​ពន្យារពេល​ផ្ទេរ​តំណែង


នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ បញ្ចេញទឹក​មុខពេល​ផ្តល់សម្ភាសន៍​ជាមួយសារព័ត៌មាន ​Reuters ក្នុង​ខេត្ត Putrajaya ថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ​២០១៩។

រដ្ឋាភិបាល​ម៉ាឡេស៊ី​ទំនង​ជា​ខកខាន​មិន​អាច​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ចំពោះ​ការ​ផ្ទេរ​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២០​នេះ ពី​លោក Mahathir Mohamad ទៅ​ឲ្យ​លោក Anwar Ibrahim ដែល​ជា​ដៃគូ​សម្ព័ន្ធ​ភាព​របស់​លោក Mahathir។ ចំណុច​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​អាច​មាន​ជម្លោះ​ទាក់ទង​នឹង​បញ្ហា​នៃ​អ្នក​ដែល​ត្រូវ​បន្ត​តំណែង​នេះ ដែល​អាច​ធ្វើ​ឲ្យ​សម្ព័ន្ធ​ភាព​ដែល​មាន​ការ​ប្រេះ​ស្រាំ​រួច​ជា​ស្រេច​ហើយ​នេះ មាន​ការ​បែកបាក់ និង​អាច​ជះ​ផល​វិបាក​ដល់​សម្ព័ន្ធ​ភាព​នេះ​នៅ​ក្នុង​ការ​បោះ​ឆ្នោតនៅ​ពេល​ខាង​មុខ។

លោក​ទាំង​ពីរ​ដែល​ធ្លាប់​ជា​អ្នក​ផ្ដល់​ប្រឹក្សា និង​ជា​អ្នក​ទទួល​ឱវាទ​ណែនាំ​នេះ បាន​បែកបាក់​គ្នា​កាល​ពី​ចុង​ទសវត្សឆ្នាំ​១៩៩០ ប៉ុន្តែ​បាន​ងាក​មក​រួម​កម្លាំង​គ្នា​ជា​ថ្មី​យក​ឈ្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​លើ​គណបក្ស​សម្ព័ន្ធ​ភាព Barisan Nasional ដែល​ជា​ក្រុម​ដឹកនាំ​យូរ​ឆ្នាំ និង​ពុករលួយ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៨​ ដោយសារ​តែ​បាន​សន្យា​ថា​នឹង​បង្កើត​រដ្ឋាភិបាល​ដ៏​ស្អាតស្អំ​មួយ ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ការ​ចំណាយ​ទាប​ជាង​មុន និង​លើក​តម្កើង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។

មុន​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ ចូល​មក​ដល់ លោក Mahathirក៏​ធ្លាប់​បាន​សន្យា​ផង​ដែរ​ថា​នឹង​លាលែង​ពី​តំណែង​ប្រគល់​ជូន​លោក Anwar បន្ទាប់​ពី​កាន់​អំណាច​បាន «យ៉ាង​យូរ​បំផុត» ២ឆ្នាំ។ នៅ​ពេល​បច្ចុប្បន្ន​នេះ លោក Mahathir វ័យ​ ៩៤ឆ្នាំ រូប​នេះ គឺ​ជា​នាយក​រដ្ឋមន្ត្រី​កាន់​អំណាច​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

ប៉ុន្តែ លោក Mahathir ដែល​កំពុង​ពេញចិត្ត​នឹង​ការ​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ជា​លើក​ទី២ នេះ បន្ទាប់​ពី​ធ្លាប់​បាន​កាន់​អំណាច​បាន ២២ឆ្នាំ​គិត​ត្រឹម​ឆ្នាំ២០០៣មក កំពុង​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​នេះ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៩ លោក Mahathir បាន​បញ្ជាក់​សា​ជា​ថ្មី​ចំពោះ​ការ​សន្យា​របស់​លោក​នៅ​ក្នុង​ការ​តែងតាំង​លោក Anwar ជា​អ្នក​បន្ត​តំណែង​ពី​លោក។

ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក នៅ​ក្នុង​វេទិកា​ក្រុង​ដូហា នៃ​ប្រទេស​កាតា ដែល​ជា​កិច្ច​ប្រជុំ​គោល​នយោបាយ​កម្រិត​ខ្ពស់​ប្រចាំ​ឆ្នាំ លោក Mahathir បែរ​ជា​ពុំ​មាន​ឆន្ទៈ​ច្បាស់​លើ​ការ​តែងតាំង​លោក Anwar ជា​អ្នក​បន្ត​តំណែង​ពី​លោក ហើយ​បែរ​ជា​និយាយ​ថា លោក​នឹង​ពិចារណា​អំពី​ការ​លាលែង​ពី​តំណែង នៅ​ក្រោយ​ពេល​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​របស់​ប្រទេស​ជា​សមាជិក​អង្គការ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា APEC នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុន​នេះ​វិញ។

កន្លង​មក លោក Anwar បាន​តាំង​ចិត្ត​អត់ធ្មត់​ចំពោះ​ការ​លើក​ឡើង​មិន​ច្បាស់លាស់​របស់​លោក Mahathir ដោយ​លោក​បាន​អះអាង​ថា លោក​ Mahathirនឹង​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​នៅ​ក្នុង​ពេលវេលា​សមស្រប​ណា​មួយ។

ប៉ុន្តែ ភាព​ស្រពិចស្រពិល​ដែល​អូស​បន្លាយ​ជា​យូរ​អំពី​ថា​តើ​ការ​ផ្ទេរ​តំណែង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា​នោះ អាច​ធ្វើ​ឲ្យ​គណបក្ស​សម្ព័ន្ធ​ភាព Pakatan Harapan ដែល​មាន​ន័យ​ថា សម្ព័ន្ធ​ភាព​នៃ​ក្ដី​សង្ឃឹម​នេះ បែកបាក់​ជា​ពីរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ben Bland ប្រធាន​គម្រោង​កិច្ចការ​អាស៊ី​អាគ្នេយ៍​នៃ​វិទ្យាស្ថាន Lowy ក្នុង​ប្រទេស​អូស្ត្រាលី។

លោក Bland បាន​ប្រាប់ VOA ថា៖ «គេ​ឃើញ​មាន​ហានិភ័យ​យ៉ាង​ច្បាស់​ដែល​អាច​ធ្វើ​ឲ្យ​សម្ព័ន្ធ​ភាព​ដែល​ប្រេះ​ស្រាំ​រួច​ទៅ​ហើយ​នេះ បែកបាក់​គ្នា ដោយសារ​តែ​ពុំ​មាន​ភាព​ច្បាស់លាស់​អំពី​ការ​ផ្ទេរ​អំណាច និង​ដោយសារតែ​មាន​ភាព​ខ្លាំងក្លា​របស់​បុគ្គលិក​លក្ខណៈ​ផ្ទុយ​គ្នា​របស់​លោក​ទាំង​ពីរ​ដែល​ប្រជែង​គ្នា​ដើម្បី​ធ្វើ​ជា​អ្នក​ដឹកនាំ ដែល​នៅ​ទី​បំផុត ពួកគេ​នឹង​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក និង​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ជឿ​ជាក់​រវាង​គ្នា ក៏ដូចជា​អាច​បំផ្លាញ​ដល់​ក្ដី​រំពឹង​របស់​ពួកគេ​សម្រាប់​ការ​បោះ​ឆ្នោត​បន្ទាប់ ឬ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​របស់​ពួក​គេ​នៅ​ក្នុង​ការ​ចង​សម្ព័ន្ធ​ភាព​សម្រាប់​ការ​បោះ​ឆ្នោត​បន្ទាប់»។

ការ​ព្រមព្រៀង​ចុង​ក្រោយ​រវាង​អ្នក​នយោបាយ​ម៉ាឡេស៊ី​ជាន់​ខ្ពស់​ទាំង​ពីរ​នេះ គឺ​ការ​បង្កើត​បាន​សម្ព័ន្ធ​ភាព​ដ៏​ត្រដាបត្រដួស​មួយ។ កន្លង​មក លោក Anwar ធ្លាប់​ត្រូវ​គេ​គិត​ថា​អាច​បន្ត​តំណែង​ពី​លោក Mahathir នៅ​ពេល​លោក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ទសវត្សរ៍ឆ្នាំ​១៩៩០។ ប៉ុន្តែ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ការ​ខ្វែង​គំនិត​គ្នា​របស់​លោក​ទាំង​ពីរ​ទាក់ទិន​នឹង​វិធី​ធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ងើប​ចេញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី បាន​ធ្វើ​ឲ្យ​លោក​ទាំង​ពីរ​តស៊ូ​ប្រជែង​អំណាច​គ្នា​ដ៏​ជូរចត់។ លោក Anwar ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​នៅ​ក្នុង​ឆ្នាំ១៩៩៨ និង​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រួមភេទ​ជាមួយ​បុរស ដែល​ជា​បទ​ចោទ​ប្រកាន់​មិន​ច្បាស់លាស់ ដោយ​ធ្វើ​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ ៦ឆ្នាំ ដែល​ពេល​ខ្លះ​ជាប់​ក្នុង​លក្ខណៈ​បង្ខាំង​ទុក​ឲ្យ​នៅ​ដាច់​ពី​គេ​ឯង។

លោក Bland បាន​និយាយ​ថា ក្រោយ​មក លោក​ទាំង​ពីរ​បាន​ទុក​ការ​ខ្វែង​គំនិត​របស់​ពួកគេ​មួយ​ឡែក​ដើម្បី​ផ្ដួល​សត្រូវ​រួម​គ្នា​របស់​ពួកគេ​នៃ​គណបក្ស Barisan Nasional កាលពី​ឆ្នាំ២០១៨ ប៉ុន្តែ «ឥឡូវ​នេះ វា​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួកគេ​នៅតែ​មិន​ទាន់​ទុក​ចិត្ត​គ្នា​នៅ​ឡើយ»។

លោក Bland បាន​បន្ថែម​ថា សមាជិក​ជា​ច្រើន​នៃ​គណបក្ស​សម្ព័ន្ធ​ភាព​របស់​លោក​ទាំង​ពីរ នៅតែ​ជឿ​ថា លោក Anwar មាន​សមត្ថភាព​អាច​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ភាព Pakatan Harapan ដើម្បី​ទទួល​ជោគជ័យ​ជា​លើក​ទី២ បាន។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា លោក Mahathir ក៏​ព្រួយ​បារម្ភ​ផង​ដែរ​ថា ខ្លួន​អាច​ក្លាយ​ជា​បុគ្គល​គ្មាន​ប្រយោជន៍ នៅ​ពេល​ដែល​កាល​បរិច្ឆេទ​លាលែង​ពី​តំណែង​របស់​លោក​ត្រូវ​បាន​កំណត់​ដោយ​មិន​អាច​ផ្លាស់ប្ដូរ​បាន។

លោក Bland បាន​និយាយ​ថា៖ «នៅ​ពេល​ណា​ដែល​លោក Mahathirនិយាយ​ថា លោក​យល់ព្រម​ផ្ទេរ​តំណែង​ឲ្យ​លោក Anwar នៅ​ពេល​នោះ អំណាច​របស់​លោក​នឹង​ថមថយ​ចុះ​ជា​បណ្តើរៗ​ចាប់​ពី​នោះ​មក​តែ​ម្ដង។ ប៉ុន្តែ​ដរាបណា​ចម្ងល់​អំពី​ការ​ផ្ទេរតំណែង​នេះ​នៅ​មិន​ទាន់​ដោះស្រាយ នោះ​លោក Mahathirនៅតែ​ជា​បុគ្គល​សំខាន់​ដែល​គេ​ផ្ដោត​លើ ហើយ​លោក​នៅតែ​ពេញចិត្ត​នឹង​ការ​ចេញ​មុខ​ចេញ​មាត់ និង​ការ​កាន់​តំណែង​ដែល​មាន​អំណាច​ខ្លាំងក្លា​នេះ​ដដែល»។

ដោយ​មើល​ឃើញ​ជាក់ស្ដែង​ថា លោក Mahathir ហាក់​ដូចជា​ពុំ​ព្រម​ផ្ទេរ​តំណែង​បែប​នេះ អ្នក​ខ្លះ​មាន​ចម្ងល់​ថា​តើ​កិច្ចប្រជុំ APEC អាច​ជា​លេស​មួយ​របស់​លោក​នៅ​ក្នុង​ពន្យារ​ពេល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី និង​ថា​តើ​លោក​នឹង​មាន​ហេតុផល​ផ្សេង​ពី​នេះ​ទៀត​ឬ​ក៏​យ៉ាងណា​នោះ។

អ្នក​ខ្លះ​ទៀត​យល់​ឃើញ​ថា កិច្ចប្រជុំ​កំពូល APEC នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅ​ពេល​ខាង​មុខ​នេះ គឺ​ជា​ការ​បង្ហាញ​ភាព​ដឹកនាំ​ជា​សាធារណៈ​លើក​ចុង​ក្រោយ​សម្រាប់​លោក Mahathir ដែល​ជា​អ្នក​ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​អំពី​កិត្តិយស​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។

លោក Adib Zalkapli នាយក​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Bower Group Asia បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា លោក Mahathir ចង់​ពង្រឹង​កេរ្តិ៍​ដំណែល​របស់​លោក មុន​ពេល​លោក​លា​លែង​ពី​តំណែង»។

លោក Zalkapli បាន​បន្ត​ថា៖ «ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​គិត​ថា កិច្ច​ប្រជុំ APEC នៅ​ពេល​ខាង​មុខ​នេះ​គឺ​សំខាន់​ណាស់​សម្រាប់​លោក Mahathir។ ខ្ញុំ​ចង់​មាន​ន័យ​ថា វា​គឺ​ជា​វិធី​មួយ​សម្រាប់​លោក​នៅ​ក្នុង​ការ​ពង្រឹង​កេរ្តិ៍​ដំណែល​គោល​នយោបាយ​ការបរទេស​របស់​លោក។ លោក​នឹង​ក្លាយ​ជា​មេដឹកនាំ​តែ​ម្នាក់​គត់ ដែល​ធ្វើជា​ប្រធាន​កិច្ច​ប្រជុំ APEC បាន​ពីរ​ដង ដូច្នេះ​ខ្ញុំ​គិត​ថា វា​ជា​ជ័យជម្នះ​ជា​និមិត្តរូប​ដ៏​ធំ​បំផុត​មួយ​សម្រាប់​លោក»។

លោក Zalkapli បញ្ជាក់​ថា ទោះបីជា​លោក Mahathir និង​សម្ព័ន្ធ​មិត្ត​របស់​លោក​នៅតែ​មិន​ទុកចិត្ត​លើ​លោក Anwar ក៏​ដោយ ក៏​ពួកគេ​បាន​ទទួល​ស្គាល់​ថា ការ​ផ្ទេរ​តំណែង​ត្រូវតែ​ធ្វើ​ឡើង ហើយ​អ្នក​បន្ត​តំណែង​នឹង​ត្រូវការ​ពេល​វេលា​យ៉ាង​ហោច​ណាស់ ២ ឆ្នាំ ដើម្បី​កាន់​តំណែង​ឲ្យ​បាន​រឹងមាំ​ជា​នាយក​រដ្ឋមន្ត្រី មុន​ពេល​ការ​បោះ​ឆ្នោត​បន្ទាប់​ចូល​មក​ដល់​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៣ ខាង​មុខ។

លោក Wong Chin Huat ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ Sunway University ក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​និយាយ​ថា លោក Mahathir ដឹង​ថា ការ​កាន់​តំណែង​ពេញ​អាណត្តិ​អាច​ធ្វើ​ឲ្យ​គណបក្ស​សម្ព័ន្ធ​ភាព Pakatan Harapan បែកបាក់ និង​អាច​ធ្វើ​ឲ្យ​ចាញ់​គូ​ប្រជែង​ចម្បង​របស់​ខ្លួន​គឺ​គណបក្ស United Malays National Organization (UMNO) ដែល​ជា​គណបក្ស​ដ៏​ខ្លាំង​បំផុត​មួយ​នៃ​សម្ព័ន្ធ​ភាព​គណបក្ស Barisan Nasionalដែល​ខ្លួន​បាន​ផ្ដួល​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ កន្លង​មក។

គណបក្ស​សម្ព័ន្ធ​ភាព Pakatan Harapan បាន​ធ្លាក់​ប្រជា​ប្រិយភាព​យ៉ាង​គំហុក​នៅ​ក្នុង​ការ​ស្ទង់​មតិ តាំង​ពី​គណបក្ស​នេះ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ មក និង​បាន​ចាញ់​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​ទៅ​គណបក្ស UMNO ដែល​លេច​ឡើង​ជា​ថ្មី និង​គណបក្ស Malaysian Islamic Party ដែល​ជា​សម្ព័ន្ធ​មិត្ត​ថ្មី​របស់​គណបក្ស UMNO។

លោក Wong Chin Huat បាន​បញ្ជាក់​ថា ភាព​ខ្វែង​គំនិត​គ្នា​ដែល​អូស​បន្លាយ​ជា​យូរ​ទាក់ទង​នឹង​ការ​ផ្ទេរ​ដំណែង​ក្នុង​ជួរ​គណបក្ស​សម្ព័ន្ធ​ភាព Pakatan Harapan នេះ «នឹង​អាច​ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​ធ្ងន់ធ្ងរ​បំផុត​ដល់​គូ​បដិបក្ខ​ទាំង​សង​ខាង‍»។

លោក​លើក​ឡើង​ដូច្នេះ​ថា៖ «វា​ក៏​ផ្ដល់​ផល​អាក្រក់​ដល់​លោក Mahathir ផង​ដែរ ដោយសារតែ​លោក​ចង់​បង្ហាញ​ថា លោក​បាន​រៀបចំ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​ថ្មី។ ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​របស់​លោក Mahathirត្រូវ​បញ្ចប់​ភ្លាមៗ ទោះ​ដោយ​ស្ម័គ្រចិត្ត ឬ​មិន​ស្ម័គ្រចិត្ត​ក្ដី ហើយ​ត្រូវ​បង្ខំ​ឲ្យ​មាន​ការ​បោះឆ្នោត​ថ្មី ដែល​ក្រុម​មនុស្ស​ដែល​លោក Mahathir ធ្លាប់​បាន​សន្យា​ថា​នឹង​កម្ចាត់​ចេញ បាន​ឡើង​កាន់កាប់​រដ្ឋាភិបាល​វិញ​នោះ នោះ​វា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​បរាជ័យ​របស់​លោក Mahathir។ ដូច្នេះ ខ្ញុំ​គិត​ថា ទាំង​លោក Mahathir និង​លោក Anwar និង​សូម្បីតែ​លោក Azmin ផង​ដែរ សុទ្ធតែ​មាន​ចិត្ត​ខ្លះ​ចង់​ធ្វើ​ការ​រួមគ្នា»។

លោក Azmin គឺជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច។ ឈ្មោះ​ពេញ​របស់​លោក​គឺ Mohamad Azmin Ali។ លោក​គឺ​ជា​អនុ​ប្រធាន​គណបក្ស PKR ដែល​មាន​លោក Anwar ជា​ប្រធាន។ គណបក្ស​នេះ​គឺ​ជា​គណបក្ស​ធំ​ជាង​គេ​បង្អស់​នៃ​គណបក្ស​សម្ព័ន្ធ​ភាព Pakatan Harapan។ គេ​ឃើញ​មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក Azmin អាច​ជា​អ្នក​ប្រជែង​ដើម្បី​បន្ត​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​លោក Mahathir។

ដោយសារ​ទំនាក់ទំនង​រវាង​លោក Anwar និង​លោក Mahathir ធ្លាប់​មាន​ការ​ប្រេះស្រាំ​កាល​ពី​អតីតកាល ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​លោក Anwar និង​លោក Azmin ត្រូវ​បាន​សាកល្បង​កាល​ពី​ឆ្នាំ​មុន​ដោយ​ការ​បញ្ចេញ​វីដេអូ​បែក​ធ្លាយ​មួយ​ក្នុង​ចេតនា​បង្ហាញ​ថា លោក Azmin រួមភេទ​ជាមួយ​បុរស​មួយ​ផ្សេង​ទៀត ដែល​ការ​រួម​ភេទ​បែប​នេះ​គឺ​ជា​អំពើ​ឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

លោក Azmin បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​លោក Anwarបាន​បដិសេធ​ការ​អះអាង​របស់​លោក Azmin ដែល​ថា​សមាជិក​ក្នុង​ជួរ​គណបក្ស​គឺ​ជា​អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​រឿង​អាស្រូវ​នេះ។ កាល​ពី​ពេល​ថ្មីៗ​នេះ ប៉ូលិស​បាន​និយាយ​ថា នឹង​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​ណា​មួយ​ទាក់ទិន​នឹង​ករណី​នេះ​ទេ ដោយសារតែ​គេ​មិន​អាច​កំណត់​អត្តសញ្ញាណ​របស់​មនុស្ស​នៅ​ក្នុង​វីដេអូ​នោះ​បាន។

លោក Wong Chin Huat បាន​បញ្ជាក់​ថា លោក Mahathir ឆ្លាត​នៅ​ពេល​ដែល​លោក​និយាយ​ថា​លោក​ចង់​ឃើញ​លោក Anwar ជំនួស​តំណែង​លោក។ ប៉ុន្តែ ប្រសិនបើ​លោក Anwar កាន់តែ​ប្រឹងប្រែង​បង្ហាញ​ឲ្យ​ឃើញ​ពី​ឥទ្ធិពល​របស់​លោក​នៅ​ក្នុង​ការ​គ្រប់គ្រង​គណបក្ស​របស់​លោក និង​នៅ​ក្នុង​ការ​បញ្ចុះបញ្ចូល​មនុស្ស​ដែល​នៅ​មាន​ចម្ងល់​នៅ​ជុំវិញ​លោក Mahathir ឲ្យ​ឃើញ​ថា លោក​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស​នោះ នោះ​លោក​កាន់តែ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​សម្រេច​បាន​នូវ​រឿង​នេះ។

លោក Wong Chin Huat និយាយ​ដូច្នេះ​ថា៖ «ប្រសិន​បើ​លោក Anwar មិន​ខ្លាំង​នោះ​ទេ នោះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​លោក Mahathir អាច​បន្ត​កាន់​តំណែង​បាន​យូរ​ជាង​នេះ​បន្ត​ទៀត»៕

ប្រែ​សម្រួល​ដោយ កោះ សុគន្ធី

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG