ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សំណើ​របស់​ម៉ាឡេស៊ី​នៅ​ក្នុង​ការ​បញ្ឈប់​ការ​ជក់​បារី​បណ្ដាល​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​និង​ក្ដី​បារម្ភ​រឿង​ពុករលួយ


នាង Ni’ Aliah Amira និយាយ​ថា ប្រសិន​បើ​សំណើ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​មែន​នោះ នោះ​ការ​ហាមឃាត់​នេះ​នឹង​នាំ​ឱ្យ​ការ​លក់​បារី​នៅ​ក្នុង​ផ្សារ​ងងឹត​របស់​ម៉ាឡេស៊ី​កាន់​តែ​កើនឡើង។

បន្ទាប់ពី​បរិភោគ​អាហារ​ថ្ងៃត្រង់​រួម​ភ្លាមៗ​នៅឯ​អាហារដ្ឋាន​មួយ​កន្លែង​ក្នុង​ប្រទេស​ម៉ាឡេស៊ី នាង Emily Lee ដែល​ជា​និស្សិត​សាកលវិទ្យាល័យ​អាយុ ២១ ឆ្នាំ បាន​ចេញ​ទៅ​ខាងក្រៅ​និង​ដក​បារី​មក​អុជ​ជក់។

នាង​បាន​និយាយ​ថា៖ «ជា​ទូទៅ ខ្ញុំ​ជក់​បារី​មួយ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ។ ខ្ញុំ​ស្ទើរតែ​ជក់​ភ្លាមៗ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច»។

នាង Lee ថា នាង​ចាប់ផ្ដើម​ជក់​បារី​នៅ​ពេល​នាង​មាន​អាយុ ១៧ ឆ្នាំ។ នៅ​ម៉ាឡេស៊ី អាយុ​ស្រប​ច្បាប់​ដែល​អាច​ជក់​បារី​បាន​គឺ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ។

នាង​និយាយ​ថា៖ «ខ្ញុំ​មាន​មិត្តភក្តិ​ជាច្រើន​ដែល​ជក់​បារី ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្ដើម​ជក់​បារី​និង​បាន​ញៀន​នឹង​សារធាតុ​នីកូទីន​យ៉ាង​ឆាប់​រហ័ស»។

ស្ថិតិ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បង្ហាញ​ថា ពលរដ្ឋ​ម៉ាឡេស៊ី​ម្នាក់​ក្នុង​ចំណោម ៥ នាក់​អាយុ​ចាប់ពី ១៥ ឆ្នាំ​ឡើង​ទៅ​ជក់​បារី ដែល​ក្នុង​នោះ​ប្រហែល ៤០% គឺជា​បុរស។ គេ​ឃើញ​មាន​ការ​ស្លាប់​ទាក់ទិន​នឹង​ការ​ជក់​បារី​ជាង ២៧.០០០ ករណី​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ជា​រៀងរាល់​ឆ្នាំ។

ស្ថិតិ​ពី​រដ្ឋាភិបាល​បង្ហាញ​ថា​ម្នាក់​ក្នុង​ចំណោម ៥​ នាក់ ដែល​មាន​អាយុ​ពី ១៥​ ឆ្នាំ​ឡើង​ទៅ ជក់​បារី ដែល​ក្នុង​នោះ​បុរស​មាន​ចំនួន ៤០%។
ស្ថិតិ​ពី​រដ្ឋាភិបាល​បង្ហាញ​ថា​ម្នាក់​ក្នុង​ចំណោម ៥​ នាក់ ដែល​មាន​អាយុ​ពី ១៥​ ឆ្នាំ​ឡើង​ទៅ ជក់​បារី ដែល​ក្នុង​នោះ​បុរស​មាន​ចំនួន ៤០%។

លោក Azrul Mohd Khalib នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល Galen សម្រាប់​សុខភាព​និង​គោល​នយោបាយ​សង្គម (Galen Center for Health and Social Policy) ដែល​ជា​អង្គការ​ស្រាវជ្រាវ​សុខភាព​និង​គោល​នយោបាយ​មិន​ស្វែងរក​ប្រាក់​កម្រៃ បាន​និយាយ​ថា៖ «នេះ​គឺជា​បញ្ហា​ចម្បង​មួយ​ដោយសារតែ​មនុស្ស​ជាច្រើន​បាន​បាត់បង់​ជីវិត​ដោយសារតែ​ជំងឺ​មហារីក​សួត​ទាក់ទិន​នឹង​ការ​ជក់​បារី»។

ប៉ុន្តែ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​លោក Khairy Jamaluddin បាន​ប្រកាស​អំពី​ផែនការ​នៅក្នុង​ការ​ហាមឃាត់​ជា​អចិន្ត្រៃយ៍​នូវ​ការ​លក់​ថ្នាំ​ជក់​និង​បារី​ទាំងអស់​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បារី​អេឡិចត្រូនិក​ផងដែរ​ចំពោះ​អ្នក​ណា​ដែល​កើត​ក្រោយ​ឆ្នាំ ២០០៥ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ឈប់​ការ​ជក់​បារី​នៃ​ជំនាន់​នេះ​នៅក្នុង​ប្រទេស។

សំណើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ប្រទេស​នូវែលសេឡង់​បាន​ប្រកាស​អំពី​ផែនការ​នៅក្នុង​ការ​ដំឡើង​អាយុ​មួយ​ឆ្នាំ​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​អាយុ​ដែល​អាច​ជក់​បារី​ស្រប​ច្បាប់​បាន ដើម្បី​ហាមឃាត់​ជា​អចិន្ត្រៃយ៍​នូវ​ការ​លក់​ថ្នាំជក់​ទៅ​ឱ្យ​នរណា​ដែល​កើត​ក្រោយ​ឆ្នាំ ២០០៨។

សំណើ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​នេះ​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​តស៊ូ​មតិ​នាំមុខ​នានា​ផ្នែក​សុខាភិបាល​នៅក្នុង​ប្រទេស។

លោក Azrul ដែល​ហៅ​សំណើ​នេះ​ថា​ជា «គំនិត​អស្ចារ្យ» បាន​និយាយ​ថា៖ «សំណើ​នេះ​មាន​ន័យ​ថា​នឹង​មាន​មនុស្ស​តិច​ជាង​មុន​ច្រើន​ដែល​ចាប់ផ្ដើម​ជក់​បារី​នៅក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ»។

ប៉ុន្តែ​គេ​ឃើញ​មាន​មន្ទិល​សង្ស័យ​ជាច្រើន​ចំពោះ​ប្រសិទ្ធភាព​នៃ​សំណើ​នេះ។

នាង Lee និយាយ​ថា៖ «សំណើ​នេះ​មាន​គោល​បំណង​ល្អ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​តើ​វា​ពិតជា​នឹង​អាច​បញ្ឈប់​មនុស្ស​មិន​ឱ្យ​ជក់​បារី​បាន​ឬ​ក៏​អត់។ ហាង​លក់​បារី​ជា​ទូទៅ​មិន​ដែល​ឆែក​អត្តសញ្ញាណបណ្ណ​នោះទេ។ មនុស្ស​ពេញវ័យ​នឹង​ទិញ​បារី​ឱ្យ​អនីតិជន។ ហើយ​អ្នក​ជក់​បារី​ជាច្រើន​អាច​ទិញ​បារី​ដោយ​លួចលាក់ ដោយសារ​វា​មាន​តម្លៃ​ថោក​ខ្លាំង​ជាង [តម្លៃ​លក់​តាម​ហាង]»។

នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី គេ​ដឹង​ជា​ទូទៅ​ថា​មាន​ទីផ្សារ​ងងឹត​ដ៏​រស់​រវើក​ដែល​លក់​ផលិតផល​ថ្នាំ​ជក់។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ ២០២០ ដោយ​សហព័ន្ធ​រោងចក្រ​ថ្នាំជក់​ម៉ាឡេស៊ី (Confederation of Malaysian Tobacco Manufacturers) បាន​សន្និដ្ឋាន​ថា បារី​ជាង ៦០% ដែល​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​គឺ​បាន​មក​ពី​ទីផ្សារ​ងងឹត។

នៅ​តាម​ហាង​លក់​ទំនិញ​នានា ប្រសិនបើ​អតិថិជន​ចង់​បាន បុគ្គលិក​ហាង​មាន​បារី​ដែល​នាំចូល​ខុស​ច្បាប់​សម្រាប់​លក់។ ជា​រឿយៗ ពួកគេ​លក់​បារី​ទាំង​នោះ​ក្នុង​តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល​នៃ​តម្លៃ​បារី​ដែល​នាំចូល​ត្រឹមត្រូវ​តាម​ច្បាប់។

ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា ៦០% នៃ​ការ​លក់​បារី​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ផ្សារ​ងងឹត ដែល​នៅ​ទីនោះ​បារី​មាន​តម្លៃ​ថោក​ជាង​បារី​លក់​នៅ​ទីផ្សារ​ស្របច្បាប់​ជាង​ពាក់កណ្ដាល។
ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា ៦០% នៃ​ការ​លក់​បារី​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ផ្សារ​ងងឹត ដែល​នៅ​ទីនោះ​បារី​មាន​តម្លៃ​ថោក​ជាង​បារី​លក់​នៅ​ទីផ្សារ​ស្របច្បាប់​ជាង​ពាក់កណ្ដាល។

លោក Carmelo Ferlito នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​អប់រំ​ទីផ្សារ (Center for Market Education) ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​មួយ​នៅ​ម៉ាឡេស៊ី បាន​និយាយ​ថា៖ «សំណើ​នេះ​នឹង​មិន​កាត់​បន្ថយ​ការ​ជក់​បារី​នោះទេ វា​មាន​តែ​បង្កើន​ការ​ជក់​បារី​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ ដែល​ករណី​នេះ​មាន​យ៉ាង​ច្រើន​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី»។

លោក Ferlito គិត​ថា ប្រសិនបើ​រដ្ឋសភា​អនុម័ត​សំណើ​ច្បាប់​នេះ វា​នឹង​ឈាន​ទៅ​ដល់​ស្ថានការណ៍​មួយ​ដែល​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​អំឡុងពេល​ហាម​ឃាត់​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ទសវត្សរ៍ ១៩២០ ដែល​នៅ​ពេល​នោះ ការ​ហាមឃាត់​គ្រឿង​ស្រវឹង​បាន​បណ្ដាល​ឱ្យ​កើត​មាន​នូវ​ទីផ្សារ​ងងឹត​ដ៏​ធំ​ដែល​គ្រប់គ្រង​ដោយ​ឧក្រិដ្ឋកម្ម​រៀបចំ​ទុក​ជា​មុន។

លោក Ferlito បាន​ប្រាប់ VOA ថា៖ «ដូច្នេះ ប្រទេស​ម៉ាឡេស៊ី​នឹង​មាន​មេ​ឧក្រិដ្ឋជន​ដូច​ទៅ​នឹង​មេ​ឧក្រិដ្ឋជន​ឈ្មោះ Al Capone នៅ​អាមេរិក​ដែរ សម្រាប់​ការ​រត់​ពន្ធ​ថ្នាំ​ជក់»។

លោក Azrul ទទួល​ស្គាល់​ថា ទីផ្សារ​ងងឹត​នៅ​ម៉ាឡេស៊ី​គឺជា​ការ​ប្រឈម​ចំពោះ​ឱកាស​នៃ​សំណើ​នេះ​នៅ​ក្នុង​ការ​រារាំង​ពលរដ្ឋ​ម៉ាឡេស៊ី​មិន​ឱ្យ​ចាប់ផ្ដើម​ជក់​បារី។

លោក Azrul និយាយ​ដូច្នេះ​ថា៖ «គោល​នយោបាយ​នេះ​នឹង​ទទួល​បាន​ជោគជ័យ ប្រសិនបើ​យើង​អាច​បង្ក្រាប​អំពើ​ពុករលួយ បញ្ហា​កង្វះ​ការ​អនុវត្ត​ច្បាប់ និង​បញ្ហា​កង្វះ​ឆន្ទៈ​នយោបាយ។ ប៉ុន្តែ​គោល​នយោបាយ​នេះ​នឹង​ទទួល​បរាជ័យ ប្រសិនបើ​សង្គម​បរាជ័យ​នៅ​ក្នុង​ការ​គាំទ្រ​គោល​នយោបាយ​នេះ»។

លោក Azrul Mohd Khalib នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល Galen Centre សម្រាប់​គោលនយោបាយ​សុខាភិបាល និង​សង្គម និយាយ​ថា គោលនយោបាយ​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ប្រសិន​បើ​យើង​អាច​ដោះស្រាយ​បញ្ហា​ពុករលួយ​បាន។
លោក Azrul Mohd Khalib នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល Galen Centre សម្រាប់​គោលនយោបាយ​សុខាភិបាល និង​សង្គម និយាយ​ថា គោលនយោបាយ​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ប្រសិន​បើ​យើង​អាច​ដោះស្រាយ​បញ្ហា​ពុករលួយ​បាន។

អាយុ​ហាមឃាត់​សម្រាប់​ការ​ជក់​បារី​ដែល​ស្នើ​ឡើង​នៅ​ក្នុង​សំណើ​នេះ​ក៏​បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​សម្រាប់​កន្លែង​អាជីវកម្ម​ជាច្រើន ស្របពេល​ដែល​ប្រទេស​ម៉ាឡេស៊ី​ព្យាយាម​ស្ដារ​ឡើង​វិញ​នូវ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។

សមាគម​ទូទៅ​នៃ​ម្ចាស់​ហាង​កាហ្វេ​ម៉ាឡេស៊ី​សិង្ហបុរី (Malaysia Singapore Coffee Shop Proprietors General Association) ដែល​សមាជិក​នៃ​សមាគម​នេះ​រួម​មាន​ទាំង​ម្ចាស់​អាហារដ្ឋាន​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​នោះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ហៅ​សំណើ​នេះ​ថា​ជា «ជំហាន​នៅ​ក្នុង​ទិសដៅ​ត្រឹមត្រូវ ប៉ុន្តែ​ម៉ាឡេស៊ី​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​នៅ​ឡើយ​ទេ​សម្រាប់​ជំហាន​នេះ»។

សមាគម​នេះ​បាន​បញ្ជាក់​ថា សំណើ​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ជក់​បារី​កាន់តែ​ច្រើន​ងាក​ទៅ​រក​ទីផ្សារ​ងងឹត ហើយ​វា​នឹង «បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ឈ្មួញ​ម៉ាឡេស៊ី​ទាំង ២០.០០០ នាក់»។ សមាគម​នេះ​បាន​បន្ថែម​ថា ចំណូល​ចំនួន​ប្រហែល ៣០% របស់​សមាជិក​សមាគម​នេះ​បាន​មក​ពី​ការ​លក់​បារី។

លោក Ferlito បាន​និយាយ​ថា មនុស្ស​ជក់​បារី​សម្រាប់​ការ​កម្សាន្ត ហើយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​មិន​អាច​បញ្ឈប់​ករណី​នេះ​បានទេ។ លោក​លើកឡើង​ដូច្នេះ​ថា៖ «យុទ្ធសាស្ត្រ​ដ៏​ជោគជ័យ​ជាង​នេះ​គឺ​ការ​ណែនាំ​មនុស្ស​ឱ្យ​ងាក​ទៅ​ជក់​អ្វី​ដែល​មិន​សូវ​ប៉ះពាល់​សុខភាព​ខ្លាំង​ដូចជា​បារី​អេឡិចត្រូនិក​ជាដើម»។

ប៉ុន្តែ​លោក Azrul នៃ​មជ្ឈមណ្ឌល Galen សម្រាប់​សុខភាព​និង​គោល​នយោបាយ​សង្គម (Galen Center for Health and Social Policy) មិន​ឯកភាព​ចំពោះ​ចំណុច​នេះ។

លោក​បាន​និយាយ​ថា៖ «យើង​បាន​ឃើញ​អ្នក​ជក់​ខ្លះ​ងាក​ទៅ​ជក់​បារី​អេឡិចត្រូនិក​វិញ​ដោយ​គិត​ថា​ពួកគេ​អាច​ឈប់​ជក់​បារី​បាន ប៉ុន្តែ​ពួកគេ​បែរ​ជា​ញៀន​ទៅ​នឹង​ការ​ជក់​បារី​អេឡិចត្រូនិក​នោះ​ទៅវិញ ដែល​ការ​ញៀន​នេះ​តម្រូវ​ឱ្យ​ពួកគេ​ត្រូវការ​ការ​ព្យាបាល។ សព្វថ្ងៃ​នេះ​យើង​កំពុង​ព្យាបាល​ទាំង​អ្នក​ជក់​បារី​ធម្មតា​និង​ទាំង​អ្នក​ជក់​បារី​អេឡិចត្រូនិក​នៅ​តាម​គ្លីនិក​ផ្ដាច់​ការ​ជក់​បារី​របស់​យើង»។

អាយុ​ហាម​ឃាត់​ដែល​បាន​ស្នើ​ឡើង​សម្រាប់​ការ​ជក់​បារី​នេះ​ទទួល​បាន​ប្រតិកម្ម​ផ្សេងៗ​គ្នា​ពី​សាធារណជន។

នាង Ni' Aliah Amira ដែល​ជា​និស្សិត​អាយុ ២១ ឆ្នាំ ដែល​ជា​រឿយៗ​ជក់​បារី​អេឡិចត្រូនិក បាន​និយាយ​ថា៖ «សំណើ​នេះ​នឹង​មិន​ទទួល​បាន​ជោគជ័យ​នោះទេ។ មនុស្ស​នឹង​ស្វែងរក​ចន្លោះ​ប្រហោង​ទាំងអស់​នៃ​សំណើ​នេះ»។

លោក Jordan Lee អាយុ ២៥ ឆ្នាំ ដែល​មិន​មែន​ជា​អ្នក​ជក់​បារី គាំទ្រ​សំណើ​ដែល​កំណត់​អាយុ​ហាម​ឃាត់​សម្រាប់​ការ​ជក់​បារី​នេះ។ លោក​បាន​និយាយ​ថា៖ «ប្រសិនបើ​សង្គម​ទូទៅ​គាំទ្រ​សំណើ​នេះ នោះ​វា​នឹង​ទទួល​ជោគជ័យ។ យើង​គួរតែ​សាកល្បង​សំណើ​នេះ​មើល​សិន»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG