ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កើន​ឡើង​ទាហាន​ជើង​ទឹក​ចិន​បន្ថែម​ហានិភ័យ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


នាវា​ចម្បាំង​សិង្ហបុរី​មួយ​បាន​ទៅ​ដល់​ផែ​យោធា​នៅ​ក្នុង Zhanjiang​ ខេត្ត Guangdong ប្រទេស​ចិន កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។
នាវា​ចម្បាំង​សិង្ហបុរី​មួយ​បាន​ទៅ​ដល់​ផែ​យោធា​នៅ​ក្នុង Zhanjiang​ ខេត្ត Guangdong ប្រទេស​ចិន កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។

កាល​ពី​ពេល​ថ្មីៗ​នេះ នាវា​ចម្បាំង​មួយ​គ្រឿង​របស់​ប្រទេស​ចិន​បាន​វិល​ត្រឡប់​មក​ពី​ដំណើរ​ទស្សនកិច្ច​លក្ខណៈ​មិត្តភាព​រយៈពេល ៥ ថ្ងៃ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

ករណី​នេះ​គឺ​កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​កង​នាវា​ទាហាន​ជើង​ទឹក​ចិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា និង​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ក្រោយ​មក បន្ទាប់ពី​ក្រុមហ៊ុន​រដ្ឋ​មួយ​របស់​ចិន​បាន​ចាប់ផ្ដើម​ប្រឹងប្រែង​ផលិត​នាវា​ដឹក​យន្តហោះ​ចម្បាំង​ដែល​ប្រើ​ដោយ​ថាមពល​នុយក្លេអ៊ែរ ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ឥទ្ធិពល​កើន​ឡើង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តាម​ផ្លូវ​សមុទ្រ។

នៅ​ពេល​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​សេចក្ដី​រាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន ដែល​បាន​រាយការណ៍​ថា ចំនួន​ទាហាន​ជើង​គោក​នៃ​កងទ័ព​សេរីភាព​ប្រជាជន​ចិន​បាន​ថយ​ចុះ​មក​នៅ​តិច​ជាង​ពាក់​កណ្ដាល​នៃ​ទាហាន​ចិន​សរុប​ចំនួន ២ លាន ២ សែន ៦ ម៉ឺន​នាក់ ស្រប​ពេល​ដែល​ចំនួន​ទាហាន​ជើង​ទឹក​កើន​ឡើង។

អ្នក​ជំនាញ​នានា​បញ្ជាក់​ថា ភស្តុតាង​កើន​ឡើង​នៃ​ការ​ពង្រីក​ឥទ្ធិពល​របស់​ទាហាន​ជើង​ទឹក​ចិន​នេះ នឹង​បង្ហាញ​ឲ្យ​ឃើញ​ដំបូង​គេ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ករណី​នេះ​នឹង​ធ្វើ​ឲ្យ​ខក​ចិត្ត​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន ៥ ទៀត ដែល​តតាំង​ជាមួយ​នឹង​ការ​ទាមទារ​អធិបតេយ្យភាព​ដែន​សមុទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

អ្នក​ជំនាញ​បាន​បន្ថែម​ថា ការ​ពង្រីក​ឥទ្ធិពល​របស់​ទាហាន​ជើង​ទឹក​ចិន​នេះ​នឹង​ប្រជែង​នឹង​ទាហាន​សហរដ្ឋ​អាមេរិក ដើម្បី​ជះ​ឥទ្ធិពល​លើ​បណ្ដា​ប្រទេស​ដែល​ខ្សោយ​ជាង​ខ្លួន។

លោក Euan Graham ប្រធាន​ផ្នែក​សន្តិសុខ​អន្តរជាតិ​នៃ​វិទ្យាស្ថាន Lowry សម្រាប់​គោល​នយោបាយ​អន្តរជាតិ និយាយ​ថា៖ «ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​សមរភូមិ​ប្រយុទ្ធ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​សង្ឃឹម​ថា​នឹង​ឈ្នះ​ប្រទេស​ចិន​នោះ​ទេ លើកលែង​តែ​សហរដ្ឋ​អាមេរិក ហើយ​សូម្បីតែ​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏​នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដែរ។ ដូច្នេះ​បញ្ហា​គឺ​នៅ​ត្រង់​ថា​ធ្វើ​យ៉ាង​ម៉េច​ព្យាយាម​ធ្វើ​ឲ្យ​ច្បាស់​ថា ប្រទេស​ចិន​មិន​អាច​រង​ការ​គំរាមកំហែង​ណា​មួយ​ចំពោះ​ការ​អះអាង​កាន់កាប់​ដែន​សមុទ្រ​នៅ​ពេល​បច្ចុប្បន្ន​របស់​ខ្លួន​នោះ​ទេ‍»។

កង​កម្លាំង​ខ្លាំង​ជាង​គេ​បំផុត​នៅ​អាស៊ី

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ទាហាន​ជើង​ទឹក​នៅ​បស្ចិម​ប្រទេស​បាន​ព្យាករណ៍​កាល​ពី ១០ ឆ្នាំ​មុន​ថា ទាហាន​ជើង​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​ក្លាយជា​គន្លឹះ​សំខាន់​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​យោធា​របស់​ចិន។

គិត​ត្រឹម​ឆ្នាំ ២០១២ ប្រទេស​ចិន​មាន​នាវា​ទាហាន​ជើង​ទឹក ៥១២ គ្រឿង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ (International Institute of Strategic Studies) របស់​អង់គ្លេស។ ឥឡូវ​នេះ ប្រទេស​ចិន​មាន​នាវា​ទាហាន​ជើង​ទឹក ៧១៤ គ្រឿង។ នេះ​បើ​យោង​តាម​គេហទំព័រ​ផ្ទុក​ទិន្នន័យ Globalfirepower.com។

ប្រទេស​ចិន​ក៏​ធ្វើ​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង​យោធា​ជើង​ទឹក​ជាង ៧១០ គ្រឿង​ផង​ដែរ​កាល​ពី​ឆ្នាំ ២០១២។ នេះ​បើ​យោង​តាម​ការ​អង្គការ Flighglobal Insight ដែល​ជា​អង្គការ​ស្រាវជ្រាវ និង​ព័ត៌មាន​របស់​អង់គ្លេស។ គេហទំព័រ The ArmedForces.eu បាន​បញ្ជាក់​ថា ប្រទេស​ចិន​ឥឡូវ​នេះ​មាន​យន្តហោះ​ចម្បាំង ៧៨០ គ្រឿង។

កាល​ពី ២ ឆ្នាំ​មុន ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ផ្ដល់​សញ្ញា​ថា លោក​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​យោធា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​អំណាច​កណ្ដាល ដើម្បី​បង្កើន​កិច្ច​សម្របសម្រួល​របស់​រដ្ឋ​អំណាច​កណ្ដាល​ជាមួយ​នឹង​ទាហាន​ជើង​ទឹក។

លោក Graham បាន​បញ្ជាក់​ថា សមរភូមិ​ជួរ​មុខ​ណា​មួយ​នឹង​ទំនងជា​កើត​ឡើង​នៅ​តាម​ផ្លូវ​សមុទ្រ​ជាង​នៅ​តាម​ផ្លូវ​គោក ហើយ​ជា​ធម្មតា គេ​ឃើញ​មាន​គ្រឿង​សព្វាវុធ​ទាហាន​ជើង​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង មុន​ពេល​ឃើញ​នៅ​កន្លែង​ផ្សេង។

លោក Graham និយាយ​ដូច្នេះ​ថា៖ «ឧបករណ៍​យោធា​ថ្មី​មើល​ទៅ​ទំនងជា​ឃើញ​មាន​ដំបូង​នៅ​កង​នាវា​ទាហាន​ជើង​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ដូច្នេះ យើង​អាច​រំពឹង​ថា វា​គ្រាន់តែ​ជា​ការ​បន្ត​នៃ​ទំនោរ​ដូច​គ្នា​នេះ ដែល​លទ្ធផល​នៃ​ការ​ធ្វើ​ទំនើបកម្ម​ទាហាន​ជើង​ទឹក​ត្រូវ​បាន​ផ្ដោត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង‍»។

សម្ពាធ​លើ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍

ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​កោះ​តៃវ៉ាន់​បាន​ប្រជែង​ទាំង​ស្រុង ឬ​ក៏​មួយ​ផ្នែក​ជាមួយ​នឹង​ការ​ទាមទារ​កាន់កាប់​របស់​ចិន​ចំនួន ៩០ ភាគរយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។ សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ​នេះ សំបូរ​ធនធាន​មច្ឆា និង​ប្រេង។

ប៉ុន្តែ បណ្ដា​ប្រទេស​ទាំង​នោះ​មាន​កម្លាំង​យោធា​ខ្សោយ​ជាង​ប្រទេស​ចិន ហើយ​ដោយសារ​នាវា​ទាហាន​ជើង​ទឹក​ចិន​មាន​ភាព​ខ្លាំងក្លា​ជាង​ដូច​នេះ បណ្ដា​ប្រទេស​ទាំង​នោះ​ប្រហែល​ជា​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ចូល​ទៅ​កាន់​ប៉ុស្តិ៍​យោធា​ជួរ​មុខ​នៃ​កោះ​តូចៗ ឬ​ក៏​កន្លែង​នេសាទ​ត្រី​សំខាន់ៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ដែន​សមុទ្រ។

ប្រទេស​ចិន​បាន​អនុញ្ញាត​រួច​មក​ហើយ​ឲ្យ​នាវា​នេសាទ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ ដើម្បី​បង្អាក់​បណ្ដា​ប្រទេស​ផ្សេងៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Graham។

លោក Oh Ei Sun អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​របស់​ប្រទេស​សិង្ហបុរី (Singapore institute of International Affairs) និយាយ​ដូច្នេះ​ថា៖ «បណ្ដា​ប្រទេស​ទាំង​នោះ​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​នោះ​ទេ​អំពី​រឿង​នេះ។ យើង​ប្រហែល​ព្រួយ​បារម្ភ​ជា​លក្ខណៈ​ឯកជន​តែ​ប៉ុណ្ណោះ​អំពី​រឿង​នេះ»។

ប្រទេស​ចិន​បាន​ព្រមាន​ប្រទេស​ទាមទារ​អធិបតេយ្យភាព​សមុទ្រ​ចិន​ខាង​ត្បូង​ផ្សេង​ទៀត​តាំង​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ ដោយ​ការ​ចាក់​ដី​បំពេញ​កោះ​តូចៗ​ជា​ច្រើន ដែល​កោះ​មួយ​ចំនួន​សម្រាប់​ការ​ប្រើប្រាស់​យោធា។

នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ចិន និង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​កំពុង​ចរចា​អំពី​ក្រម​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​រារាំង​មិន​ឲ្យ​មាន​ជម្លោះ​កើត​ឡើង ប៉ុន្តែ​ក្រម​ប្រតិបត្តិ​ដែល​គ្រោង​នឹង​ព្រមព្រៀង​នៅ​ឆ្នាំ ២០២១ ខាង​មុខ​នេះ ត្រូវ​គេ​រំពឹង​ថា​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ភាសា​ដែល​ប្រឆាំង​នឹង​ចិន​នៅ​ក្នុង​នោះ។

សហរដ្ឋ​អាមេរិក និង​មហា​អំណាច​ខាង​ក្រៅ

ប្រទេស​ចិន​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​អំពី​សកម្មភាព​ទាហាន​ជើង​ទឹក​របស់​មហា​អំណាច​ខាង​ក្រៅ ជា​ពិសេស​គឺ​សហរដ្ឋ​អាមេរិក ជប៉ុន និង​អូស្ត្រាលី។ ប្រទេស​ទាំង​នេះ​មិន​បាន​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ប៉ុន្តែ​មិន​ចង់​ឲ្យ​ប្រទេស​ចិន​គ្រប់គ្រង​សមុទ្រ​នោះ។

ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ជា​ទៀងទាត់​បាន​បញ្ជូន​នាវា​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​បញ្ជាក់​ប្រាប់​ប្រទេស​ចិន​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុក​សមុទ្រ​នេះ​ថា​ជា​ផ្លូវ​ទឹក​សម្រាប់​ការ​ប្រើប្រាស់​អន្តរជាតិ។ ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មក​នេះ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បាន​បង្វឹក​យោធា​នៃ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​នានា ក៏​ដូចជា​ផ្ដល់​ឲ្យ​ប្រទេស​ទាំង​នោះ​នូវ​ព័ត៌មាន​សម្ងាត់​អំពី​សកម្មភាព​របស់​ប្រទេស​ចិន​ផង​ដែរ។

កាល​ពី​ថ្ងៃ​ទី ៧ ខែ​មករា កន្លង​ទៅ​នេះ ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​នាវា​ពិឃាដ​បញ្ជា​គ្រាប់​មីស៊ីល​ទៅ​កាន់​ប្រជុំ​កោះ Paracel ដែល​គ្រប់គ្រង​ដោយ​ចិន នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រជុំ​កោះ Paracel នេះ​ក៏​មាន​ការ​ប្រជែង​ផង​ដែរ​ពី​កោះ​តៃវ៉ាន់ និង​ប្រទេស​វៀតណាម។

លោក Sun Yun អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​កម្មវិធី​អាស៊ី​ខាង​កើត​នៃ​មជ្ឈមណ្ឌល Stimson នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និយាយ​ដូច្នេះ​ថា៖ «សម្រាប់​ខ្ញុំ គោលដៅ​ពិត​ប្រាកដ​នៃ​ការ​គំរាម​នេះ គឺ​សហរដ្ឋ​អាមេរិក និង​ប្រទេស​មហា​អំណាច​ល្មមៗ​មួយ​ចំនួន​ដូចជា​ប្រទេស​ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា​ជា​ដើម។ បើ​យើង​ក្រឡេក​មើល​តាម​ខ្សែ​សមុទ្រ​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច យើង​ឃើញ​ថា សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជា​សមុទ្រ​តែ​មួយ​គត់ ដែល​សហរដ្ឋ​អាមេរិក និង​ចិន​ប្រឈម​មុខ​ដាក់​គ្នា‍»។

ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ប្រទេស​មួយ ឬ​ប្រទេស​ច្រើន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ត្រូវ​បាន​ចាត់ទុក​ថា​ជា​អាទិភាព​កំពូល​របស់​សហរដ្ឋ​អាមេរិក ដោយសារតែ​ចំនួន​ការ​នេសាទ​ធ្វើ​អាជីវកម្ម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ការពារ​ប្រទេស​ហ្វីលីពីន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ Council on Foreign Relations។

លោក Oh Ei Sun បញ្ជាក់​ថា អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ទំនាក់ទំនង​ដែន​សមុទ្រ​រវាង​ចិន និង​ប្រទេស​ដទៃ គឺ​វា​អាស្រ័យ​លើ​ចំនួន​នាវា និង​ទាហាន​ថ្មី ដែល​ដាក់​ឲ្យ​ឈរ​ជើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​និយាយ​ដូច្នេះ​ថា៖ «ការ​កើន​ឡើង​នូវ​ចំនួន​ទាហាន​ជើង​ទឹក​គឺ​កើត​ឡើង​ស្រប​គ្នា​នឹង​ការ​កើន​ឡើង​នូវ​ឧបករណ៍ និង​ស្ថានភាព​យោធា​ផ្សេងៗ។ ប្រសិនបើ​ប្រទេស​ចិន​ផលិត​នាវា​ចម្បាំង ១០ គ្រឿង ប្រហែល​ជា​អ្នក​ដទៃ​មាន​ការ​ភ្ញាក់ផ្អើល​ជា​មិន​ខាន‍»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG