ថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ីបានតែងតាំងក្រុមជនលេចធ្លោមួយក្រុមដើម្បីរៀបចំរបៀបវារៈគោលនយោបាយថ្មីក្នុងរយៈពេល១០០ថ្ងៃ។ ក្រុមនេះនិងរបៀបវារៈគោលនយោបាយថ្មីត្រូវបានគេរំពឹងថានឹងពិនិត្យមើលឡើងវិញនូវគម្រោងវិនិយោគធំៗដែលជាសសរស្តម្ភដ៏សំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិនិងគម្រោងផ្សេងៗទៀត។
រដ្ឋាភិបាលថ្មីក៏បានបង្កើតក្រុមការងារពិសេសមួយដើម្បីពិនិត្យមើលលើការចោទប្រកាន់អំពើពុករលួយទាក់ទងនឹងការកិបកេញប្រាក់មូលនិធិនៅក្នុងមូលនិធិវិនិយោគរបស់រដ្ឋ ដែលបង្កើតឡើងដោយលោក Najib។ រដ្ឋាភិបាលថ្មីនេះក៏បានបញ្ជាឲ្យមានការពិនិត្យឡើងវិញនូវការតំណាងនយោបាយទៅលើក្រុមហ៊ុនវិនិយោគធំៗបំផុតរបស់រដ្ឋាភិបាលម៉ាឡេស៊ីរួមទាំងមូលនិធិសោធននិវត្តន៍និងមូលនិធិវិនិយោគរបស់រដ្ឋសំខាន់ៗផងដែរ។
អ្នកដឹកនាំក្រុមលេចធ្លោមួយនេះគឺលោក Daim Zainuddin អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ។ ក្រុមនេះក៏រួមបញ្ចូលលោកស្រី Zeti Akhtar Aziz អតីតអគ្គទេសាភិបាលធនាគារកណ្តាល អតីតនាយកក្រុមហ៊ុនថាមពលដ៏ធំមួយឈ្មោះ Petronas សេដ្ឋវិទូម្នាក់ និងអ្នកជំនួញល្បីឈ្មោះមួយរូបផងដែរ។
លោក Gareth Leather សេដ្ឋវិទូជាន់ខ្ពស់ម្នាក់ប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុន Capital Economics ដែលជាក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ចនៅក្នុងក្រុងឡុងដ៍ បាននិយាយថា បញ្ហាចម្បងគឺថា តើរដ្ឋាភិបាលម៉ាឡេស៊ីថ្មីនេះនឹងបន្តរួបរួមគ្នាដើម្បីបុព្វហេតុកំណែទម្រង់សេដ្ឋកិច្ចដែរឬយ៉ាងណា។
លោក Leather បានប្រាប់ VOA ថា៖ «នៅពេលសម្ព័ន្ធនេះត្រូវបានបង្កើតឡើង គឺវាត្រូវបានបង្កើតក្នុងគោលបំណងប្រឆាំងជាមួយនឹងលោក Najib ជាជាងដើម្បីគាំទ្រការធ្វើកំណែទម្រង់។ ដូច្នេះការធ្វើតេស្តជាក់ស្តែងដំបូងដែលពួកគេត្រូវធ្វើនោះគឺត្រូវមើលថាតើមានការស្រុះស្រួលគ្នាគ្រប់គ្រាន់នៅក្នុងសម្ព័ន្ធដើម្បីជំរុញឲ្យមានកំណែទម្រង់សេដ្ឋកិច្ចដែរឬយ៉ាងណា»។
ការសន្យាដ៏សំខាន់មួយក្នុងពេលយុទ្ធនាការដែលធ្វើឡើងដោយគណបក្ស Pakatan Harapan ឬ សម្ព័ន្ធនៃក្តីសង្ឃឹម របស់លោកនាយករដ្ឋមន្ត្រី Mahathir Mohamad គឺត្រូវលុបបំបាត់ពន្ធតម្លៃបន្ថែមលើទំនិញនិងសេវាកម្មនានា។
ខណៈដែលពន្ធលើទំនិញនិងសេវាកម្ម ដែលគេស្គាល់ជាភាសាអង់គ្លេសថា GST មិនទទួលបានការគាំទ្រពីសំណាក់អ្នកបោះឆ្នោតនោះ អ្នកវិភាគបាននិយាយថា ប្រាក់ចំណូលពីពន្ធនេះជួយឲ្យរដ្ឋាភិបាលមានមូលដ្ឋានពន្ធចេញពីការពឹងផ្អែកហួសហេតុលើពន្ធលើសាជីវកម្ម និងឧស្សាហកម្មប្រេងកាត។
ភ្លាមៗបន្ទាប់ពីមានការបោះឆ្នោតទីផ្សារហិរញ្ញវត្ថុរងផលប៉ះពាល់ខ្លាំងដោយសារតែផែនការលុបបំបាត់ពន្ធហើយមានការចោទសួរជាច្រើនទាក់ទងនឹងផលប៉ះពាល់នៃវិធានការនេះទៅលើថវិកាជាតិ។ ការរួមចំណែករបស់ពន្ធលើទំនិញនិងសេវាកម្មបានកើនដល់ប្រមាណ១០ពាន់លានដុល្លារ។
ក្រុមមន្ត្រីនៃក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីមិនបានធ្វើអត្ថាធិប្បាយថា តើពន្ធនេះនឹងត្រូវលុបបំបាត់ឬយ៉ាងណានោះទេ។ ក្រុមអ្នកវិភាគបានទស្សន៍ទាយថា នឹងមានឧបសគ្គជាច្រើនសម្រាប់ផែនការនេះ។
លោក Leather បានថ្លែងថា៖ «ការបង្កើនថវិកាឲ្យបានច្រើនស្មើនឹងថវិកាទទួលបានពីពន្ធលើទំនិញនិងសេវាកម្មនៅខណៈពេលដែលពន្ធនេះត្រូវលុបបំបាត់ចោលនោះ គឺជារឿងពិបាកមួយ។ ខ្ញុំគិតថា ពួកគេមិនអាចបោះជំហានទៅមុខហើយបង្កើតគោលនយោបាយផ្ទុយស្រឡះ និងបន្តអនុវត្តវានោះបានទេ។ ដូច្នេះ វាពិតជាពិបាកក្នុងការគ្រប់គ្រងគោលនយោបាយនេះខ្លាំងណាស់»។
អ្នកវិភាគនិយាយថា ទីផ្សារហិរញ្ញវត្ថុក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការជំហានថ្មីៗនៅក្នុងការស៊ើបអង្កេតទៅលើលោក Najib ដែលរងការចោទប្រកាន់ពីការផ្ទេរប្រាក់រាប់ពាន់លានដុល្លារចេញពីមូលនិធិ 1MDB។ លោកបានបដិសេធយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់នេះ។ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ថា ប្រាក់ចំនួន៤,៥ពាន់លានដុល្លារត្រូវបានដកចេញដោយខុសច្បាប់ ពីមូលនិធិ 1MDB ដែលមូលនិធិនេះផ្តើមបង្កើតឡើងដោយលោក Najib។
យ៉ាងហោចណាស់ប្រទេសចំនួន៦ រួមមានសហរដ្ឋអាមេរិក សិង្ហបុរី និងស្វ៊ីស កំពុងធ្វើការស៊ើបអង្កេតលើការចោទប្រកាន់លើបញ្ហាអំពើពុករលួយនេះ។ រដ្ឋាភិបាលថ្មីបានសន្យាថា នឹងធ្វើការស៊ើបអង្កេតថ្មីៗទៀតទៅលើករណីនេះ។ កាលពីពេលថ្មីៗនេះ អាជ្ញាធរអន្តោប្រវេសន៍ម៉ាឡេស៊ីបានបដិសេធមិនឲ្យលោក Najib និងក្រុមគ្រួសាររបស់លោក ចាកចេញពីប្រទេសនោះទេ ដោយសារតែការស៊ើបអង្កេតកំពុងតែបន្តធ្វើឡើង។
លោក Leather បានទស្សន៍ទាយថា ការស៊ើបអង្កេតលើបញ្ហាអំពើពុករលួយនឹងមានផលវិជ្ជមានសម្រាប់សេដ្ឋកិច្ច មិនដូចការលុបបំបាត់ពន្ធនោះទេ។
លោក Leather បាននិយាយថា៖ «សង្ឃឹមថា អ្វីដែលរដ្ឋាភិបាលនឹងធ្វើនោះនឹងអាចជួយដោះស្រាយបញ្ហានានា ដែលបានបង្អាក់កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វានឹងក្លាយជារឿងដ៏តក់ស្លុតប្រសិនបើលោក Najib ត្រូវបានគេរកឃើញថាបានបន្លំការបោះឆ្នោតនោះ»។
ប៉ុន្តែក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការពិនិត្យមើលឡើងវិញនូវគម្រោងធំៗមានទឹកប្រាក់រាប់ពាន់លានដុល្លារ ជាពិសេសគម្រោងដែលធ្វើឡើងដោយចិននោះ អាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ។ ចិនបានវិនិយោគប្រាក់ជាង៣,៣៨ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី ហើយចិនក៏ជាវិនិយោគិនបរទេសដ៏ធំ ដោយនាំមុខសហរដ្ឋអាមេរិក ជប៉ុន និងសិង្ហបុរី។ វិនិយោគទុនរបស់ចិនរួមមានវិស័យឧស្សាហកម្មវិស័យអចលនទ្រព្យ និងប័ណ្ណមូលនិធិវិនិយោគរបស់រដ្ឋ។
ប្រទេសចិនក៏បានគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធរថភ្លើងនៅក្នុងប្រទេសម៉ាឡេស៊ីដែលភ្ជាប់ទៅកាន់គម្រោង «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ដែលជាការផ្តួចផ្តើមរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ គម្រោងនេះមានបំណងបង្កើតឲ្យមាននូវបណ្តាញមួយដែលឆ្លងកាត់ទូទាំងតំបន់អាស៊ី។
ការវិនិយោគទុនគឺជាកត្តាដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។ អ្នកវិភាគនិយាយថា មានហានិភ័យមួយដែលការវិនិយោគអាចនឹងធ្លាក់ចុះយ៉ាងខ្លាំងក្នុងពេលពីរឆ្នាំខាងមុខ។
កំណើនសេដ្ឋកិច្ច ដែលតួលេខថ្មីប្រចាំត្រីមាសនឹងចេញឆាប់ៗនេះ មានកំណើនចន្លោះពី ៥,៥%ដល់៦%កាលពីឆ្នាំមុន ដែលកំណើននេះជំរុញបន្ថែមដោយការនាំចេញ និងការវិនិយោគបរទេស។
ក្នុងយុទ្ធនាការបោះឆ្នោត លោក Mahathir បានប្រឆាំងនឹងការវិនិយោគចិន ហើយបានសន្យាថានឹងពិនិត្យមើលឡើងវិញដោយយកចិត្តទុកដាក់លើគម្រោងដែលមានជាក់ពាក់ព័ន្ធនឹងបរទេស។
អ្នកស្រី Pavida Pananond សាស្ត្រាចារ្យផ្នែកពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យធម្មសាត (Thammasat) ក្នុងក្រុងបាងកកក៏បានទស្សន៍ទាយថា ម៉ាឡេស៊ីប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចចម្បងៗជាពិសេសបន្ទាប់ពីការដឹកនាំជាង៦០ឆ្នាំរបស់រដ្ឋាភិបាលដែលដឹកនាំដោយក្រុមចម្រុះអង្គការរួបរួមជាតិម៉ាឡេស៊ី (United Malay National Organization)។
នៅក្នុងអ៊ីម៉ែលមកកាន់ VOA អ្នកស្រី Pavida បាននិយាយថា៖ «វាមិនទាន់ច្បាស់នៅឡើយទេថា តើនយោបាយជះឥទ្ធិពលខ្លាំងកម្រិតណាដល់ផ្នែកសេដ្ឋកិច្ច» បន្ទាប់ពីមានការដឹកនាំអស់រយៈពេលយ៉ាងយូរនេះ។
អ្នកស្រីបានបន្ថែមថា៖ «ខណៈដែលឆន្ទៈក្នុងការពិនិត្យមើលគម្រោងធំៗ និងស៊ើបអង្កេតលើបញ្ហាអំពើពុយរលួយគួរតែទទួលបានការស្វាគមន៍នោះ ការផ្លាស់ប្តូរចម្បងៗនឹងមិនអាចកើតឡើងដោយស្រួលនោះទេ ដោយសារតែសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងប្រទេសម៉ាឡេស៊ីបានគ្របដណ្តប់ដោយសាជីវកម្មដែលមានទំនាក់ទំនង ឬទទួលបានការគាំទ្រពីរដ្ឋាភិបាល ជាយូរមកហើយ»។
អ្នកស្រីបានបន្ថែមទៀតថា សម្រាប់ផលវិជ្ជមានវិញ«ការទន្ទឹងរងចាំដោយក្តីរំភើបចំពោះការផ្លាស់ប្តូរ សមភាព និងតម្លាភាព គួរត្រូវបានស្វាគមន៍ ដោយសារតែនេះជាសញ្ញាល្អសម្រាប់អ្វីដែលត្រូវការនៅក្នុងយុគសម័យថ្មីនៃសេដ្ឋកិច្ចដែលមានប្រសិទ្ធភាព និងសេដ្ឋកិច្ចពោរពេញទៅដោយការបង្កើតថ្មី ដែលម៉ាឡេស៊ីមានមហិច្ឆតាចង់សម្រេចឲ្យបាន»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ