អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak នៅថ្ងៃអង្គារនេះបានប្រឈមនឹងការសួរចម្លើយដោយគណកម្មការប្រឆាំងអំពើពុករលួយ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតថ្មីមួយអំពីរឿងអាស្រូវពាក់ព័ន្ធនឹងប្រាក់រាប់ពាន់លានដុល្លារនៃមូលនិធិអភិវឌ្ឍប្រទេសមានឈ្មោះថា 1MDB។
លោក Mohamad Shukri Abdull ប្រធានគណកម្មការប្រឆាំងអំពើពុករលួយបានមានប្រសាសន៍នៅឯសន្និសីទសារព័ត៌មានថាលោកបានកោះហៅលោក Najib មកសួរចម្លើយនៅថ្ងៃអង្គារនេះ ប៉ុន្តែលោកមិនបានត្រូវចាប់ខ្លួននោះទេ។
ក្រុមស៊ើបអង្កេតចង់ដឹងអំពីការផ្ទេរប្រាក់ប្រហែល១០លានដុល្លារពីមូលនិធិ 1MDB ទៅគណនីធនាគាររបស់លោក Najib។ ប្រតិបត្តិការផ្ទេរប្រាក់នេះគឺជាផ្នែកតូចមួយនៃអ្វីដែលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកចោទថាលោក Najib បានជួយលួចប្រាក់ចំនួន៤,៥ពាន់លានដុល្លារពីមូលនិធិនេះ។
លោក Najib បានច្រានចោលការចោទប្រកាន់ទាំងនេះ។ រឿងអាស្រូវនេះបានធ្វើឲ្យសម្ព័ន្ធភាពគណបក្សរបស់លោកចាញ់នៅក្នុងការបោះឆ្នោតជាតិកាលពីដើមខែនេះ និងបានធ្វើឲ្យលោក Mahathir Mohama អតីតមេដឹកនាំម៉ាឡេស៊ីត្រឡប់ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ។
លោក Mahathir សន្យាថានឹងបើកការស៊ើបអង្កេតថ្មីមួយពាក់ព័ន្ធនឹងរឿងអាស្រូវរបស់មូលនិធិ 1MDB នេះ។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនទន្ទឹងរង់ចាំធ្វើការជាមួយអាជ្ញាធរម៉ាឡេស៊ីនិងបានប្តេជ្ញាធានាឲ្យបានថាប្រព័ន្ធហរិញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនឹងមិនទទួលរងការគំរាមកំហែងដោយអ្នកប្រព្រឹត្តអំពើពុករលួយដែលចង់លួចទ្រព្យសម្បត្តិនោះទេ៕