ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​សម្ភាសន៍​ផ្តាច់​មុខ VOA: ​លោក​ Mahathir ​ថាម៉ាឡេស៊ីរង​គ្រោះ​ពី​ការ​បំផ្លិចបំផ្លាញ​ខាង​ហិរញ្ញវត្ថុ


នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ដែល​ទើប​តែ​ជាប់ឆ្នោត​ថ្មី​លោក​ Mahathir Mohamad ចូលរូម​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ខេត្ត​ Pataling Jaya ប្រទេស​ម៉ាឡេស៊ីកាលពី​ថ្ងៃទី​​១២ ឧសភា ឆ្នាំ ២០១៨។
នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ដែល​ទើប​តែ​ជាប់ឆ្នោត​ថ្មី​លោក​ Mahathir Mohamad ចូលរូម​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ខេត្ត​ Pataling Jaya ប្រទេស​ម៉ាឡេស៊ីកាលពី​ថ្ងៃទី​​១២ ឧសភា ឆ្នាំ ២០១៨។

នាយករដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​និយាយថា ការដឹក​នាំប្រទេស​លើក​ទី​២​នេះ​មាន​ភាព​ស្មុគស្មាញ​ជាងលើក​ដំបូង​នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជា​មួយ VOA។ លោក Mahathir ​បាន​និយាយ​ថា ​ប្រទេស​ម៉ាឡេស៊ី​បាន​ទទួល​រងគ្រោះ​ពីការ​បំផ្លិច​បំផ្លាញ​ខាង​ហិរញ្ញ​វត្ថុ។

​នាយករដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​លោក Mahathir Mohamad ដែល​បាន​ត្រឡប់​មក​កាន់​អំណាច​វិញ​បន្ទាប់​ពីអវត្តមាន​អស់​រយៈ​ពេល១៥ឆ្នាំនោះ​និយាយថា ​ការកាន់​អំ​ណាច២០ឆ្នាំ​ដំបូង​របស់​លោក​ជា«ការ​ងាយស្រួល​គួរសម»​បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្វី​ដែល​លោក​កំពុង​ប្រឈម​នៅពេល​ឥឡូវ​នេះ ​ដែល​ប្រទេស​មាន​បំណុល​យ៉ាង​ច្រើន​ដោយ​មាន​កេរ្តិ៍​ឈ្មោះ​នៅ​ឆាក​អន្តរជាតិពីការ​ពុករលួយ។

លោក Mahathir ​បាន​វិលត្រឡប់​មក​កាន់​អំណាច​វិញ​នៅ​ថ្ងៃ​ទី៩ ​ខែ​ឧសភា​នៅ​ក្នុង​ការ​បោះឆ្នោត​ដ៏អស្ចារ្យមួយដែល​បាន​ឃើញ​លោក​រួប​រួម​ជាមួយ​អតីត​គូ​ប្រ​កួត​ប្រជែង​របស់​លោក​ដើម្បី​ផ្តួលនាយករដ្ឋ​មន្រ្តី​គឺ ​លោក Najib Razak ​ដែល​ត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពី​ការ​ជួយ​លួច​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដែល​ជា​ការ​លួច​បន្លំ​ក្នុង​ប្រវត្តិសាស្រ្ត​មួយមក​ពីមូល​និធិ​ដ៏​ធំបង្អស់​មួយ។ លោក Najib ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់។

​លោក Mahathir ​ដែល​មាន​អាយុ​៩២ឆ្នាំ​បាន​ប្រាប់ VOA ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់មុខ​មួយ​ថា៖«រយៈ​ពេល​២០​ឆ្នាំ​លើក​ដំបូង​របស់​ខ្ញុំ​ជា​នាយករដ្ឋ​មន្រ្តី​ជាការ​ងាយ​ស្រួល​គួរសម។ ខ្ញុំ​បាន​ទទួល​កេរ្តិ៍​ដំណែល​ពី​ប្រព័ន្ធ​មួយ​ដែល​មាន​នៅ​ទី​នោះ​រួច​ហើយ។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើគឺ​ដាក់​ចេញ​គំនិត​ថ្មី​ដែល​យើង​អាចធ្វើ​ឲ្យម៉ាឡេស៊ី​រីក​ចម្រើន​និង​អភិវឌ្ឍន៍។

​លោក​និយាយ​បន្ត​ទៀត​ថា៖ «​ក៏ប៉ុន្តែ ​ខ្ញុំ​កំពុង​ដោះ​ស្រាយបញ្ហា​ក្នុង​ប្រទេសដែល​ត្រូវ​បាន​គេ​បំផ្លាញ។ ​ហិរញ្ញវត្ថុ​របស់​ប្រទេសនេះ​បាន​ត្រូវ​គេ​បំផ្លាញ។ ប្រព័ន្ធ​របស់​រដ្ឋាភិបាល​បាន​ត្រូវ​គេ​មិន​អើ​ពើ​ហើយមិន​ប្រើ​ប្រាស់ហើយ​ប្រ​ព័ន្ធ​ថ្មី​មួយ​ឬ​ប្រព័ន្ធ​ផ្តាច់​ការ​បាន​ត្រូវគេ​បង្កើត​ឡើង»។

លោក Najibដែល​កាល​ពី​ពេល​មុន​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក Mahathir ​បាន​ធ្វើ​ជានាយករដ្ឋ​មន្រ្តី​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៨ ​ហើយ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ការ​ចោទ​ប្រកាន់​ពី​រឿងពុក​រលួយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​នៅពេល​ដែល​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​បាន​ត្រូវ​គេ​រាយការណ៍​ថា ​បាន​បាត់​មក​ពី​មូល​និធិ​វិនិយោគទុន​របស់​រដ្ឋនៅ​ក្រោម​ការ​ត្រួតត្រា​របស់លោក។​ នៅ​សប្តាហ៍​នេះ ​ប៉ូលិស​បានដឹក​វ៉ាលី​ជា​ច្រើន​ដែល​ពួកគេ​បាន​និយាយ​ថា ​វ៉ាលី​ទាំងនោះ​ផ្ទុកទៅដោយ​គ្រឿង​អលង្ការ ​លុយ ​និង​ក្របូបដៃ​ប្រណិត​ៗ​រាប់​រយ​ចេញ​ពីគេហដ្ឋាន​របស់​លោក Najib។

ដោយ​លែងមានកិច្ច​ការពារ​ពីការិយា​ល័យ​របស់​លោក​ទៀត​នោះ ​លោក Najib ​បាន​ចំណាយ​ពេល​រាប់​សិប​ម៉ោង​នៅ​សប្តាហ៍​នេះ​ដើម្បី​ផ្តល់​កសិណសាក្សី​នៅមុខ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ។

​លោក Najib បាន​និ​យាយ​នៅពេលលោក​ចេញ​ពីការ​សួរ​ចម្លើយ​ដែល​មាន​រយៈ​ពេល​៦ម៉ោង​ថា «ខ្ញុំបាន​ឆ្លើយ​សំណួរ​របស់​ពួកគេ​ទាំងអស់​ទៅ​តាម​លទ្ធ​ភាព​របស់​ខ្ញុំ‍»។

ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ា​ង​ខ្លាំ​ងដល់​ប្រទេសពី​ព្រោះប្រាក់​ដែល​បាត់​ភាគ​ច្រើនជា​ប្រាក់​ខ្ចី។ ​ក៏ប៉ុន្តែ ​លោក Mahathir ​បាន​និយាយ​ថា ​លោក​កំពុង​ធ្វើ​ការ​ជាមួយ​គណបក្ស​របស់​លោក​ដើម្បី​សម្រេច​ថាតើ​បន្ធូ​បន្ថយ​ការ​ខូចខាត​នោះ​យ៉ាង​ដូច​ម្តេច​ហើយ​ថា ​លោក​ជឿ​ជាក់​ថា ​លោក​បាន​រក​ឃើញ​មធ្យោបាយដើម្បី​លប់​បំបាត់​ប្រាក់បំណុល​ប្រហែល​៥០​ពាន់​លាន​ដុល្លារ​ចេញ​ពី​បំណុល​ជាង​២៥០​ពាន់​លាន​ដុល្លារ។

លោក Mahathir បាន​និយាយ​ទៀត​ថា៖ «រដ្ឋាភិបាល​មុន​បានបង្កើន​ការ​ខ្ចី​ប្រាក់​យ៉ាង​ច្រើន​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត ​មកពី​ធនាគារ​បរទេស ​ហើយ​ថែមទាំង​មក​ពីប្រភព​ក្នុង​ស្រុក ដូច្នេះ​បញ្ហា​ដំបូង​ដែល​យើង​ចាំ​បាច់​ត្រូវ​ធ្វើគឺ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​យើង​អាច​បង់ប្រាក់​កម្ចី ​យ៉ាង​ហោច​ណាស់ក៏​ព្យាយាម​កាត់​បន្ថយ​ប្រាក់​ដើម​ដែល​យើង​បាន​ខ្ចី‍ដែរ»។

លោក​ក៏បាន​បដិសេធ​នូវ​ការនិយាយ​ថា ​លោក​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការ​លុប​ចោល​នូវ​ច្បាប់ព័ត៌មាន​ក្លែងក្លាយ​ដែល​មិនមាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ដែល​បាន​ដាក់ឲ្យប្រើ​ដោយ​លោកNajib មុនពេលបោះឆ្នោត។ ក៏ប៉ុន្តែ ​លោក​បាន​និយាយ​ទៀត​ថា ការ​ត្រួតត្រា​ខ្លះ​លើបណ្តាញ​ព័ត៌មានត្រូវតែ​ស្ថិត​នៅ​ជាធរមាន​ដើម្បី​ការពារ​ការញុះ​ញង់​ឲ្យ​មានការ​តាន​តឹង​ខាង​ជាតិ​សាសន៍។

​បន្ទាប់ពី​ជំនួប​ជាមួយ​លោក Bai Tian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ​លោកMahathirនៅ​តែប្រកាន់​ខ្ជាប់តាម​ការ​សន្យា​របស់​លោក​ដើម្បី​ចរចា​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​លោក Najib ​បាន​ចុះ​ហត្ថលេ​ខា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​បានទាក់​ទិនទៅ​នឹង​ការ​ខ្ចី​ប្រាក់​យ៉ាង​ច្រើន​ដោយ​បាន​ផ្តល់​ប្រយោជន៍​តិចតួច​ដល់​មូលដ្ឋាន។

ក៏ប៉ុន្តែ លោកMahathirបាន​និយាយ​ថា លោក​មាន​ទំនុក​ចិត្ត​ថា ​ការណ៍​នេះ​អាចធ្វើឲ្យ​សម្រេច​បាន​ដោយ​មិនប៉ះពាល់​ដល់​ទំនាក់​ទំនង​ដ៏​សំខាន់​របស់​ប្រទេស​ទាំង២៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG