នាយករដ្ឋមន្ត្រីទើបទទួលតំណែងថ្មីនៃប្រទេសម៉ាឡេស៊ី បាននិយាយថាលោកធ្វើតាមការសន្យានៅពេលឃោសនាបោះឆ្នោតដែលថា នឹងលើកលែងទោសឱ្យលោក Anwar Ibrahim មេដឹកនាំក្រុមប្រឆាំង។
លោក Mahathir Mohamad បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា៖ «យើងនឹងចាប់ផ្តើមដំណើរការសមស្របដើម្បីឱ្យមានការលើកលែងទោស Datuk Sri Anwar» ដោយលោកបានប្រើងារកិត្តិយសមួយនៃប្រទេសម៉ាឡេស៊ី។
លោក Mahathir បានមានប្រសាសន៍ថា ព្រះរាជា«បានបញ្ជាក់ថាព្រះអង្គចង់លើកលែងទោស»លោក Anwar។
លោកនាយករដ្ឋមន្ត្រីបាននិយាយថាលោក Anwar «គួរត្រូវដោះលែងជាបន្ទាន់នៅពេលលោកបានទទួលការលើកលែងទោស»។
មេដឹកនាំក្រុមប្រឆាំងរូបនេះបានជាប់ពន្ធនាគារពីការចោទប្រកាន់ថាលោកបានប្រព្រឹត្តអំពើពុករលួយនិងបានសេពកាមជាមួយមនុស្សប្រុសដូចគ្នា។ ការចោទប្រកាន់ទាំងនេះត្រូវបានគេបរិហាររិះគន់ជាទូទៅថា មានទាក់ទិននឹងនយោបាយ។
លោក Anwar បានបម្រើការជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្នុងរដ្ឋាភិបាលលោក Mahathir ហើយគេយល់ឃើញថា លោកជាអ្នកបន្តតំណែងពីលោក Mahathir រហូតដល់ពេលលោកបានត្រូវដកចេញពីតំណែងកាលពីឆ្នាំ១៩៩៩។
លោក Mahathir ដែលជាអតីតមេដឹកនាំនៃប្រទេសម៉ាឡេស៊ី បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី៧នៃប្រទេសនេះនៅក្រោយជ័យជម្នះក្នុងការបោះឆ្នោតរបស់លោកកាលពីថ្ងៃពុធ ដែលបានធ្វើឱ្យលោកក្លាយទៅជាមេដឹកនាំជាប់ឆ្នោតចាស់ជាងគេបំផុតនៅក្នុងពិភពលោក៕