ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការគិតគូរ​លើ​អនាម័យ​នៅ​ម៉ាឡេស៊ី​រីកចម្រើន​ដល់​កម្រិត​សាកល


សមុទ្រ​នៅតំបន់​ Penang នៃ​ប្រទេស​ម៉ាឡេស៊ី​ ដែលជា​ប្រជាជាតិ​មានភាព​រីកចម្រើន​បំផុត​ខាង​ផ្នែក​អនាម័យ។
សមុទ្រ​នៅតំបន់​ Penang នៃ​ប្រទេស​ម៉ាឡេស៊ី​ ដែលជា​ប្រជាជាតិ​មានភាព​រីកចម្រើន​បំផុត​ខាង​ផ្នែក​អនាម័យ។

តើ​ប្រទេស​ម៉ាឡេស៊ី​ អាច​បង្រៀន​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​អ្វី​បាន​ខ្លះ អំពី​ធនធាន​ទឹក? ការ​សិក្សា​បង្ហាញ​ថា​ ប្រទេស​ម៉ាឡេស៊ី​ បាន​ពង្រីក​ការផ្គត់ផ្គង់​ទឹក​សម្រាប់​ការប្រើប្រាស់​ក្នុង​បន្ទប់ទឹក​ស្ទើរតែ​១០០​ភាគរយ​សម្រាប់​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ។ បន្ទាប់ពី​ធ្វើការ​ការសាក​ល្បង​មួយ​ចំនួន​មក ប្រទេស​ម៉ាឡេស៊ី​បាន​ដក​យក​បទពិសោធន៍​ទាំងនោះ ទុកជា​មេរៀន​ដល់​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ជាពិសេស​ស្របពេល​ដែល​រដ្ឋ California នៃ​សហរដ្ឋ​អាមេរិក​ រហូត​ដល់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ កំពុងតែ​ព្រួយបារម្ភ​រិះរក​យុទ្ធសាស្ត្រ​ដើម្បី​គ្រប់គ្រង​ធនធាន​ទឹក​ដើម្បី​ប្រើប្រាស់​បាន​យូរ​អង្វែង​នោះ។

មាន​ទឹកស្អាត​ប្រើប្រាស់ប្រសើរ​ជាងមុន​

លោក​ Dorai Narayana ជា​អ្នក​និពន្ធ​មួយ​រូប បាន​សរសេរ​នៅក្នុង​ជំពូក​មួយ ក្នុង​សៀវភៅ​ដែល​ទើប​បោះពុម្ព​ថ្មីថា​ ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ ប្រទេស​ម៉ាឡេស៊ី​ ពង្រីក​ការផ្គត់ផ្គង់​ទឹក​ដល់​ប្រជាជន​ប្រើប្រាស់ ដែល​នេះ​ជា​ការសម្រេច​របស់​រដ្ឋាភិបាល​ចាប់ពី​ថ្នាក់លើ ដល់​ថ្នាក់​ក្រោម ការចូលរួម​ចំណែក​ពី​វិស័យ​ឯកជន​ និង​ការ​កំណត់​យ៉ាងច្បាស់លាស់​អំពី​តួនាទី​ និង​ការដឹកនាំ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់។ ក្នុង​នាម​ជា​ប្រទេស​ស្ថិត​នៅ​ក្រោម​អាណានិគម​អង់គ្លេស​រហូត​ដល់​ឆ្នាំ ១៩៥៧ ម៉ាឡេស៊ី​ធ្លាប់​ជា​ប្រទេស មាន​ប្រជាជន​នៅ​ទីក្រុង​ភាគច្រើន​ប្រើ​កន្ថោរ ឬ បន្ទោរបង់​នៅ​ទីវាល​ដែល​ជា​ហេតុនាំ​ឱ្យ​មាន​ជំងឺ​ដែល​បណ្តាល​មកពី​ប្រើប្រាស់​ទឹក​មិន​ស្អាត។ ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ បន្ទាប់ពី​បាន​ឯករាជ្យភាព អាជ្ញាធរ​មូលដ្ឋាន​បាន​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ទៅលើ​អនាម័យ ដោយ​ណែនាំ​ឲ្យ​ប្រើប្រាស់ប្រព័ន្ធ​ស្តុក​ទុកកាកសំណល់​តាម​ផ្ទះ និង​បំពង់​បង្ហូរទឹក។

ការ​ដឹកនាំ​របស់​រដ្ឋាភិបាល

លោក​ Narayana បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ទទួល​ខុសត្រូវ​ផ្នែក​ផ្គត់ផ្គង់​ក្នុង​ឆ្នាំ១៩៩៣។ គ្រាដែល​ ប្រទេស​នេះ ចាប់ផ្តើម​រៀបចំ​ទីក្រុង​ និង​ចាប់ផ្តើម​មាន​ការអភិវឌ្ឍ​យ៉ាងឆាប់​រហ័ស​ រដ្ឋាភិបាល​ បាន​រៀបចំ​គ្រប់គ្រង​វិស័យ​នេះ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចូលរួម​ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ។

លោកNarayana បាន​សរសេរ​ទៀត​ថា៖ «គោលការណ៍​ណែនាំ​ និងស្តង់ដា​មានរួច​ជាស្រេច​ ហើយ​មាន​ប្រព័ន្ធ​ដើម្បី​តាម​ដាន​ និង​សម្រេច ហើយនឹងការដាក់​ប្រព័ន្ធ​លូថ្មី​ទាំងអស់​ដោយក្រុម​ហ៊ុនឯក​ជន។ ភាព​រីកចម្រើន​ដ៏​ធំធេង​នេះ​ កើតចេញ​ពី​ប្រព័ន្ធ​ដ៏ល្អ​បង្កើត​ដោយដៃ​គូឯកជន»។

ក្នុង​នាម​ជា​ទីប្រឹក្សា​ផ្នែក​អនាម័យ​ និង​ទឹកកខ្វក់​ លោក Narayana វិភាគ​លើ​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​សៀវភៅ​ដែល​មានចំណង​ជើង​ថា​ អសន្តិសុខ​ទឹក​និង​អនាម័យ​នៅ​អាស៊ី​ (Water Insecurity and Sanitation in Asia) ដែល​ទើប​តែ​ចេញ​កាលពី​ខែធ្នូ​កន្លង​ទៅ​នេះ ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB និង​សាលា​គោលនយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ National University of Singapore's Lee Kuan Yew School of Public Policy។

ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ

ប្រទេស​ម៉ាឡេស៊ី​ បាន​ប្រែក្លាយ​យ៉ាងឆាប់​រហ័ស​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ ដោយ​ប្រើប្រាស់​ធនធាន​របស់​ខ្លួន​វិនិយោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ ដូចជា​ អនាម័យ​ជាដើម។

លោក​ Narayana សរសេរ​ទៀត​ថា​ នោះ«ជា​ការចាត់​វិធានការ​ដ៏​ខ្លាំងក្លា​» និង«ភាគ​ច្រើន​ជាចំណាត់ការ​បែប​ពី​ថ្នាក់លើ ដល់​ថ្នាក់​ក្រោម» ដោយ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ធ្វើ​ជួស​រដ្ឋាភិបាល​ថ្នាក់​ក្រោម ហើយ​តែ​ចំណាត់ការ​នេះ ​មាន​ប្រសិទ្ធភាព​បំផុត។ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ តំបន់ជា​ច្រើន​នៅ​ប្រទេស​ម៉ាឡេស៊ី​ គ្រប់គ្រង​ដោយ​គណបក្ស​ដដែល​ចាប់តាំង​ពី​ទទួល​បាន​ឯករាជ្យ​ ការណ៍​នេះ ធ្វើឱ្យ​មាន​ភាព​ងាយស្រួល​ដល់​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ប្រមូល​ផ្តុំ​អំណាច។

វិស័យ​ឯកជន​បោះជំហាន​ចូលរួម​

ការបោះ​ជំហាន​ចូលរួម​ពី​វិស័យ​ឯកជន​ បាន​ធ្វើ​ឱ្យ​អំណាច​ថ្នាក់ក​ណ្តាល​ថមថយ​បន្តិច​។

លោក​ Narayana ដែល​រស់នៅ​ក្នុង​រដ្ឋធានី​គូឡាឡាំពួ លោក​បាន​សរសេរ​ទៀត​ថា​៖ «ការផ្ទេរ​អំណាច​ដល់​រដ្ឋាភិបាល​សហព័ន្ធ​ និង​ឯកជន​ភាវូបនីយ​កម្ម ធ្វើ​ឱ្យ​ប្រទេស​នេះ​ មាន​ការរីកចម្រើន​លើ​ការគ្រប់គ្រង​ប្រព័ន្ធ​លូទឹក​កខ្វក់។ ថវិកា​ដ៏ច្រើន​លើសលុប​មិន​ដែល​មាន​ពីមុន​មក​ ត្រូវបាន​យក​ទៅ​វិនិយោគ​សម្រាប់​ការជួសជុល​ ការ​បំពាក់​ឧបករណ៍​ថ្មី​ និង​ធ្វើ​ទំនើប​កម្ម​ រោងចក្រ​ចម្រាញ់​ទឹកកខ្វក់​ដែល​ទ្រុឌ​ទ្រោម»។
ទោះជា​យ៉ាងណា​ក៏ដោយ​ រដ្ឋាភិ​បាល​ ក៏​បង្ហាញ​ភាពច្បាស់​លាស់​របស់​ខ្លួនដោយបាន​រួម​បញ្ចូល​នូវ​ការ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ឯកជន​គោរព​តាម​ក្រឹត្យ​ក្រម​ច្បាប់​ដ៏​តឹងរឹង​របស់​ខ្លួន​ផងដែរ។ តួយ៉ាង​ ពេល​ដែល​រដ្ឋាភិបាល​ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ Indah Water ទទួល​សិទ្ធិ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ រដ្ឋាភិបាល​បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​លាង​សម្អាត​ចោល​អាង​ស្តុក​ទឹក​ជា​ប្រចាំ​ និង​ជួសជុល​កែលម្អ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​អាច​ដំណើរ​ការ​បាន​ធម្មតា។ ជាមួយ​គ្នានេះ​ផងដែរ​ ក្រុមហ៊ុន​ណា​ក៏ដោយ ដែល​សាងសង់​សំណង់​ថ្មីៗ​ ច្បាប់​តម្រូវ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ហេដ្ឋរចនា​សម្ព័ន្ធ​ប្រព័ន្ធលូ​ទឹក​កខ្វក់​ក្នុង​បរិវេណ​របស់​ខ្លួន​ផង​ដែរ។

ការណ៍​ដែល​រដ្ឋាភិបាល​ធ្វើ​បែប​នេះ​ ពីព្រោះ​រដ្ឋាភិបាល​ចង់​លើក​កម្ពស់​ការប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ចីរភាព​ រាប់​ចាប់​ពី​ធនធាន​ទឹក​ រហូត​ដល់​ធនធាន​ថាមពល​ និង​រហូត​ដល់​ការ​ប្រើប្រាស់​ឡើងវិញ​ នេះ​បើយោង​តាម​លោក​ Hairil Yahri Yaacob អគ្គ​លេខាធិការ​រង​នៃ​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ឧស្សាហកម្ម។ លោក​បាន​អះអាង​ថា​ បញ្ហា​នេះ ត្រូវ​បាន​គេ​មើល​រំលង​ គ្រាដែល​ពិភពលោក ផ្តោត​ទៅ​លើ​សេដ្ឋកិច្ច ថ្វីបើ​ ការប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ចិរភាព ក៏​ជា​បញ្ហា​សេដ្ឋកិច្ច​ផង​ដែរ​នោះ។
តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ លោក Yaacob ​ បាន​និយាយ​ថា៖ «អ្វី​ដែល​យើង​ត្រូវ​ដឹង គឺ​ថា​មាន​វិធី​អាច​ធ្វើ​ឱ្យ​មាន​ចីរភាព​បាន»។

បើ​គិត​តាម​សេដ្ឋកិច្ច​សព្វថ្ងៃ​នេះ​ បញ្ហា​អនាម័យ​ក្លាយជា​ក្តី​បារម្ភ​មួយ ពីព្រោះ​វា​ជះ​ឥទ្ធិពល​ដល់​មនុស្ស​គ្រប់គ្នា។ វា​មិន​មែន​ជា​ប្រធានបទ​ដែល​មនុស្ស​ចង់​លើក​យក​មក​និយាយ​នោះ​ទេ ប៉ុន្តែ​ក្នុង​ប្រទេស​តំបន់​ត្រូពិក​មួយ​នេះ ទាំងផ្នែក​សាធារណៈ​និង​ឯកជន​ បាន​ធ្វើ​ការងារ​ផ្នែកអនាម័យ​នេះ ដើម្បី​ឲ្យ​មាន​ប្រសើរឡើង​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ និង​សុខមាលភាព​របស់​ប្រជាជន​ម៉ាឡេស៊ី​ភាគច្រើន៕

ប្រែ​សម្រួល​ដោយ​លោក កោះ​ សុគន្ធី​

XS
SM
MD
LG