ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​សំណង់​នៅ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​​ទឹក​ស្អាត​និង​អនាម័យ

អ្នករៀបចំកម្មវិធីកំពុងបង្ហាញអំពីរូបថតដែលរៀបរាប់ពីស្ថានភាពនៃបន្ទប់ទឹកអនាម័យ ប្រភពទឹក ដែលកម្មករក្នុងវិស័យសំណង់ប្រើប្រាស់នៅកន្លែងការងាររបស់ពួកគេ ក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)

នៅ​តាម​ការដ្ឋាន​សំណង់​ ​ក្រុម​កម្មករ​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​សុខភាព ​និង​ផាសុខភាព​​សម្រាប់​ការ​រស់​នៅ​របស់​ពួក​គេ​ទេ។​ របាយ​ការណ៍​មួយ​របស់​សហព័ន្ធ​សហជីព​កម្មករ​សំណង់​​បង្ហាញ​ថា​ ​កម្មករ​ដែល​រស់​នៅ​តាម​ការដ្ឋាន​សំណង់​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ និង​មិន​មាន​បន្ទប់​ទឹក​គ្រប់​គ្រាន់។

យ៉ាង​ហោច​ណាស់​មាន​កម្មករ​ប្រមាណ​ជា២​សែន​នាក់​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សំណង់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ និង​កង្វះ​អនាម័យ ​នៅ​តាម​ការដ្ឋាន​ដែល​ពួក​គេ​កំពុង​បំពេញ​ការងារ។​

របាយ​ការណ៍​ស្រាវជ្រាវ​មួយ​ដែល​បោះពុម្ព​ដោយ​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ ​សហការ​ជាមួយ​អង្គការ​ Water Aid ​និង​ Australian Aid ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​បង្ហាញ​ថា​ ការ​រស់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ធ្វើ​ឲ្យ​កម្មករ​ទាំង​នោះ​មិន​មាន​ទឹក​ស្អាត​គ្រប់​គ្រាន់​សម្រាប់​ប្រើ​ប្រាស់ ​និង​ទទួល​ទាន ថែម​ទាំងមិនមាន​បន្ទប់​ទឹក​ និង​បណ្តាញ​ទឹក​ប្រើ​ប្រាស់​ត្រឹមត្រូវ​ទៀត​ផង។​

របាយ​ការណ៍​បន្ថែម​ថា​ «កម្មករ​សំណង់​មិនមាន​លទ្ធភាព​រក​ដំណោះ​ស្រាយ​ផ្សេង​ទៀត​បាន​ទេ​ ​ដោយ​សារ​ប្រាក់​កម្រៃ​ពួក​គេ​ទាប​ក្នុង​ការ​ចំណាយ​ថ្លៃ​ជួល​ផ្ទះ​ និង​ចំណាយ​សម្រាប់​ការ​រស់​នៅ​ជាទូទៅ​ ដូចជា​អាហារ ​ទឹក​សម្រាប់​ពិសារ ​និង​ផលិត​ផល​រក្សា​អនាម័យ»។​

លោក ​សុខ គីន ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃ​ឈើ ​ថ្លែង​ក្នុង​ពិធី​បង្ហាញ​របាយ​ការណ៍​ថា​ កម្មករ​សំណង់​នៅ​កម្ពុជា​ជា​មធ្យមទទួល​បាន​ថ្លៃ​ឈ្នួល​ចាប់​ពី​២៨០០០​រៀល​ទៅ​៣២០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ ឬស្មើនឹង​ប្រហាក់​ប្រហែល៧​ទៅ​៨​ដុល្លារអាមេរិក។ ​ការ​ផ្តល់​ប្រាក់​ឈ្នួល​នោះ​ធ្វើ​ឡើង​ទៅ​តាម​លទ្ធភាព​ធ្វើ​ការងារ ​ដោយ​មិនមាន​ប្រាក់​ខែ​គោល​ទេ។​

«បញ្ហា​រស់​នៅ​របស់​គាត់ ​គាត់​ត្រូវ​ការ​រស់នៅ​ស្អាត​ អ៊ីចឹង​តែ​ទឹក​ហ្នឹង​អត់​ស្អាត ​ងូត​អត់​បាន​ល្អ ​សម្អាត​ខ្លួន​អត់​បាន​ល្អគឺ​បាន​ន័យ​ថា​ ​បញ្ហា​មួយ​ទាក់ទង​នឹង​រាងកាយ​របស់​គាត់។​ មួយ​ទៀត ​បើ​គាត់​បរិភោគ​ទឹក​ហ្នឹង​មិន​ស្អាត​ វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់»។​

លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ ថ្លែងក្នុងពិធីបង្ហាញរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់កម្មករសំណង់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ ថ្លែងក្នុងពិធីបង្ហាញរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់កម្មករសំណង់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)

​លោក​សុខ គីន​ បន្ថែម​ថា​ ចាប់​ពី​ឆ្នាំ​២០០០​រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ មាន​ក្រុម​ហ៊ុន​សំណង់​ចំនួន​ជាង​២.០០០​ ដែល​បាន​ចុះ​បញ្ជី ​ប៉ុន្តែ​មាន​ក្រុម​ហ៊ុន​តែជាង​៩០០​ប៉ុណ្ណោះ​ដែល​នៅ​មាន​សុពល​ភាព។ ​លោក​បន្ត​ថា​ ករណី​នេះ​ធ្វើឲ្យ​ម្ចាស់​សំណង់​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំនួន ​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កម្មករ​ប្រឈម​នឹង​បញ្ហា​ប្រាក់​ឈ្នួល ​និង​អនាម័យ។​

អ្នកស្រី​ ឆាំ ឡាំ ​កម្មករ​សំណង់​នៅ​រាជធានី​ភ្នំពេញ​ដែល​បានចូលរួម​ក្នុង​កម្មវិធី​ផ្សព្វ​ផ្សាយរបាយ​ការណ៍​នៅ​ព្រឹក​នេះ និយាយ​ថា​ ជាទូទៅ​នៅ​ការដ្ឋាន​ដែល​អ្នក​ស្រី​ធ្វើ​ការ​ មិនមាន​ទឹកស្អាត​សម្រាប់​ទទួល​ទាន ​និង​មិនមាន​បន្ទប់​ទឹក​សម្រាប់​ប្រើប្រាស់​គ្រប់​គ្រាន់​នោះ​ទេ។

កម្មករ​សំណង់​វ័យ​៤២​ឆ្នាំរូប​នេះ​បញ្ជាក់​ថា៖​

«អត់​មាន​ច្រើន​កន្លែង ​មាន​តែ​មួយ​បន្ទប់។ ​ប្រុស​ក៏​ហ្នុង​ ស្រីក៏​ហ្នុង។ ​មួយ​បន្ទប់​នោះ​ច្រើន​នាក់​ ចូល​បួន​ដប់​ ម្ភៃ​គ្រួសារ។​ បើអ្នកណា​រាគអី​ ​ក៏​ឈរ​ចាំ​គ្នា។ ​ទឹក​មិន​ដឹង​គេ​យក​មក​ពីណា​ មិន​ដឹង​ទឹក​ស្អាត ​ឬ​មិន​ស្អាត។​ ខ្ញុំមិន​ដែលបាន​ផឹក​ទឹក​ហ្នឹង​ផង​ ទិញ​ទឹក​គេ​រហូត»។​

របាយ​ការណ៍​ស្រាវជ្រាវ​ដដែល​នោះ​ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់​ឲ្យ​ពង្រឹង​ការ​តាម​ដាន​ក្រុមហ៊ុន​សំណង់​ និង​ការ​អនុវត្ត​ច្បាប់​ទាក់ទង​នឹង​អនាម័យ​ក្នុង​ការដ្ឋាន​សាងសង់ ​និង​បញ្ជ្រាប​សកម្ម​ភាព​ទឹក​ស្អាត​ និង​អនាម័យ​ផ្សេងៗ​ក្នុង​ការដ្ឋាន​សំណង់។​

អ្នករៀបចំកម្មវិធីកំពុងបង្ហាញអំពីរូបថតដែលរៀបរាប់ពីស្ថានភាពនៃបន្ទប់ទឹកអនាម័យ ប្រភពទឹក ដែលកម្មករក្នុងវិស័យសំណង់ប្រើប្រាស់នៅកន្លែងការងាររបស់ពួកគេ ក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)
អ្នករៀបចំកម្មវិធីកំពុងបង្ហាញអំពីរូបថតដែលរៀបរាប់ពីស្ថានភាពនៃបន្ទប់ទឹកអនាម័យ ប្រភពទឹក ដែលកម្មករក្នុងវិស័យសំណង់ប្រើប្រាស់នៅកន្លែងការងាររបស់ពួកគេ ក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)

អ្នករៀបចំកម្មវិធីកំពុងបង្ហាញអំពីរូបថតដែលរៀបរាប់ពីស្ថានភាពនៃបន្ទប់ទឹកអនាម័យ ប្រភពទឹក ដែលកម្មករក្នុងវិស័យសំណង់ប្រើប្រាស់នៅកន្លែងការងាររបស់ពួកគេ ក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)
អ្នករៀបចំកម្មវិធីកំពុងបង្ហាញអំពីរូបថតដែលរៀបរាប់ពីស្ថានភាពនៃបន្ទប់ទឹកអនាម័យ ប្រភពទឹក ដែលកម្មករក្នុងវិស័យសំណង់ប្រើប្រាស់នៅកន្លែងការងាររបស់ពួកគេ ក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)

មន្ត្រី​ក្រសួង​ការងារ និង​មន្រ្តីក្រសួង​រៀប​ចំដែន​ដី នគរូប​នីយកម្ម ​និង​សំណង់ ​ដែល​បាន​ចូល​រួម​ក្នុង​ការ​បង្ហាញ​របាយ​ការណ៍​នេះ ​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​ណា​មួយ​ដល់​អ្នក​សារ​ព័ត៌មាន​នោះ​ទេ។​

VOA​ បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ហេង សួរ ​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​ និង​លោក ​សេង ឡូត ​អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយកម្ម ​និង​សំណង់​ តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​តែ​មិនមាន​ការ​ឆ្លើយ​តប។​

ទោះជា​យ៉ាងណា​ ​លោក​បណ្ឌិត មាស នី ​អ្នក​សិក្សា​ការ​អភិវឌ្ឍសង្គម​ មើល​ឃើញ​ដែរ​ថា​ កម្មករ​ក្នុង​វិស័យ​សំណង់​ជាក្រុម​ដែល​ធ្វើការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ ប៉ុន្តែ​ពួកគេ​មិន​ទទួល​បានការ​យក​ចិត្ត​ទុក​ដាក់​ត្រឹម​ត្រូវ​នោះ​ទេ។​ បន្ថែម​ពី​នោះ​ ​ពួក​គេ​ប្រឈម​នឹង​ការ​កេង​ប្រវ័ញ្ច​ផ្សេងៗ​ទៀត​ផង។​

បើ​តាម​របាយ​ការណ៍​ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី ​នគរូប​នីយកម្ម​ និង​សំណង់​ វិស័យ​សំណង់នៅ​កម្ពុជា​ចាប់​ផ្តើម​រីក​ចម្រើន​ខ្លាំង​ពី​ឆ្នាំ​២០១៤​មក។​ ក្នុង​ចន្លោះ​ពីខែ​មករា​ដល់ខែកញ្ញា​ឆ្នាំ​២០១៨ ​ក្រសួង​បាន​អនុញ្ញាតការ​សាងសង់​សំណង់​ចំនួន​២.៥៤១គម្រោង ​ដែល​មាន​ជាង​១​ពាន់ក្រុមហ៊ុន៕

XS
SM
MD
LG