ការមានទឹក និងបង្គន់អនាម័យដែលមានសុវត្ថិភាព តម្លៃសមរម្យ និងអាចទុកចិត្តបានត្រូវបានចាត់ទុកថាជាមូលដ្ឋាននៃសិទ្ធិមនុស្ស និងជាចំណុចមួយក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ចំណុចរបស់អង្គការសហប្រជាជាតិ ដែលរដ្ឋាភិបាលប្រទេសនានាបានសន្យាថានឹងសម្រេចឲ្យបានត្រឹមឆ្នាំ២០៣០។ ប៉ុន្តែនាពេលបច្ចុប្បន្នមានគម្លាតធំរវាងការសន្យានិងការពិតជាក់ស្តែង។
របាយការណ៍ថ្មីចុងក្រោយបំផុតស្តីពីការអភិវឌ្ឍទឹកពិភពលោករបស់អង្គការសហប្រជាជាតិបានរកឃើញថា មានក្រុមមនុស្សជាច្រើន រួមទាំងស្រ្តី ហើយពេលខ្លះមនុស្សមានវ័យចំណាស់ខ្វះទឹកស្អាតនិងបង្គន់អនាម័យ ដែលមនុស្សភាគច្រើនចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃសេវាកម្មដែលត្រូវទទួលបាន។ ពួកគេស្ទើរតែទាំងអស់ជួបប្រទះនឹងបញ្ហាមួយដូចគ្នាគឺភាពក្រីក្រ។
លោក Richard Connor និពន្ធនាយករបស់របាយការណ៍នេះបានថ្លែងថា៖ «ជាក់ស្តែងទឹកមិនត្រូវបានគេផ្តល់អាទិភាពឲ្យដូចទៅនឹងអ្វីដែលមានចែងនៅក្នុងគោលនយោបាយអភិវឌ្ឍទេ។ ប្រសិនបើអ្នកក្រឡេកមើលបញ្ហាអគ្គិសនីវិញ យើងឃើញថា វិស័យថាមពលត្រូវបានចាត់ទុកថាជា អាជីវកម្មធំមួយដែលត្រូវបានគ្រប់គ្រងដោយវិស័យឯកជន»។
លោក Richard Connor បានថ្លែងបន្តទៀតថា «ជាអកុសល មេដឹកនាំរបស់រដ្ឋាភិបាលជាច្រើនកំពុងគិតបញ្ហាទឹកម៉ាស៊ីន និងបង្គន់អនាម័យ ហើយពួកគេមិនបានមើលឃើញពីអ្វីដែលជារឿងសំខាន់»។
លោក Connor បាននិយាយបន្តទៀតថា អ្វីដែលជារឿងសំខាន់នោះគឺថាការបោះទុនវិនិយោគលើទឹកនិងបង្គន់អនាម័យអាចផ្តល់ផលប្រយោជន៍ច្រើនដល់រដ្ឋាភិបាល ឧទាហរណ៍ដូចជា ការចំណាយលើការថែទាំសុខភាពអាចកាត់បន្ថយបាន ពីព្រោះថាមនុស្សមិនសូវឈឺ។ ហើយវាក៏អាចជួយឲ្យគេចេញផុតពីភាពក្រីក្រផងដែរ។
ប៉ុន្តែសម្រាប់ប្រជាជនក្រីក្របំផុតជាច្រើននៅទូទាំងពិភពលោក ការបោះទុនវិនិយោគទាំងនេះគឺមានលក្ខណៈស្មុគស្មាញ។ របាយការណ៍នេះផ្តោតទៅលើមនុស្សបីក្រុមគឺក្រុមអ្នករស់នៅជាយក្រុង អ្នករស់នៅទីជនបទក្រីក្រ ព្រមទាំងពួកជនភៀសខ្លួននិងពួកជនផ្លាស់ប្តូរទីលំនៅក្នុងប្រទេស។
លោក Connor បានថ្លែងបន្តទៀតថា៖ «នៅតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក មានប្រជាជននៅជាយក្រុងប្រមាណ៦០ភាគរយរស់នៅក្នុងតំបន់អាណាធិបតេយ្យ។ ហើយភាគច្រើននៃតំបន់ដែលពួកគេរស់នៅទាំងនេះគ្មានទឹកស្អាតនិងបង្គន់អនាម័យទេ។ ពួកគេចំណាយប្រាក់ទិញទឹកស្អាតច្រើនជាងពួកអ្នកជិតខាងដែលរស់នៅក្នុងភាពសម្បូរបែបពី១០ទៅ២០ដង»។
លោក Connor និយាយបន្តថា អ្នករស់នៅតាមជាយក្រុងក្រីក្រមិនទទួលបានសេវាទាំងអស់នេះទេ ពីព្រោះថាពួកគេជារឿយៗមិនបង់ពន្ធ និងមិនត្រូវបានរាប់បញ្ជូលនៅក្នុងកំណត់ត្រាផ្លូវការទេ។
ប៉ុន្តែការសិក្សាស្រាវជ្រាវបានរកឃើញថា មនុស្សរាប់លាននាក់ដែលរស់នៅតាមជនបទក្រីក្ររួមទាំងពួកកសិករខ្នាតតូចក៏មិនអាចទទួលបានសេវាកម្មទាំងនេះដែរ ដោយរួមទាំងការផ្គត់ផ្គង់ទឹកនៅអំឡុងពេលសំខាន់ៗដូចជាពេលដាំដុះ និងពេលមានគ្រោះរាំងស្ងួតជាដើម។
លោក Connor បានថ្លែងទៀតថា៖ «យើងបានរកឃើញថា ប្រសិនបើពួកកសិករខ្នាតតូចបានទទួលទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ប្រព័ន្ធធារាសាស្រ្តរបស់ពួកគេ នោះទិន្នផលចម្ការនឹងកើនឡើងពីរទៅបីដង»។
ចំណែកឯក្រុមទីបី ដែលជាជនភៀសខ្លួន និងជនផ្លាស់ប្តូរទីលំនៅក្នុងស្រុកក៏ត្រូវបានចាត់ទុកថាជាជនងាយរងគ្រោះបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែពេលខ្លះវត្តមានជំនួយអន្តរជាតិធ្វើឲ្យពួកគេអាចមានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់សមរម្យជាងអ្នករស់នៅផ្ទាល់ក្នុងសហគមន៍នានា។ ទោះជាយ៉ាងណាក៏ដោយការសិក្សាស្រាវជ្រាវរកឃើញថា វិសមភាពទាំងនេះបានបង្កើតឲ្យមានភាពតានតឹងនៅក្នុងករណីទាំងពីរនេះ។
លោក Connor បានបញ្ជាក់ថា មានការវិវត្តត្រូវបានធ្វើឡើងដើម្បីធានាថា មនុស្សគ្រប់រូបអាចទទួលបានទឹកស្អាតនិងបង្គន់អនាម័យប្រើប្រាស់។ ប៉ុន្តែរបាយការណ៍បានណែនាំថា ការវិវត្តទាំងនេះមិនទាន់គ្រប់គ្រាន់ទេ៕