ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ម៉ាឡេស៊ី​សម្រុក​ឆែកឆេរ​ហាង​នាឡិកា​ស្វ៊ីស​ដោយ​រឹបអូស​នាឡិកា​ដៃ​ពាក់ព័ន្ធ​នឹង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា


រូបឯកសារ៖ នាឡិកាដៃម៉ាក Swatch ត្រូវបានដាក់តាំងនៅហាងនាឡិការបស់ក្រុមហ៊ុននេះ នៅតំបន់ពាណិជ្ជកម្ម Ginza ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
រូបឯកសារ៖ នាឡិកាដៃម៉ាក Swatch ត្រូវបានដាក់តាំងនៅហាងនាឡិការបស់ក្រុមហ៊ុននេះ នៅតំបន់ពាណិជ្ជកម្ម Ginza ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្រុមហ៊ុន Swatch ដែល​ជា​ក្រុមហ៊ុន​ផលិត​នាឡិកា​ដៃ​របស់​ប្រទេស​ស្វីស បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា អាជ្ញាធរ​ម៉ាឡេស៊ី​បាន​សម្រុក​ចូល​ឆែកឆេរ​ហាង​របស់​ខ្លួន​និង​រឹបអូស​នាឡិកា​ដៃ ១៦៤ គ្រឿង​ ដែល​ត្រៀម​សម្រាប់​ពិធី​ Pride របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ក្រុមហ៊ុន​នេះ​បាន​លើកឡើង​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ​ម៉ាឡេស៊ី​បាន​សម្រុក​ចូល​ឆែកឆេរ​ហាង​របស់​ខ្លួន​នៅ​តាម​ផ្សារ​ទំនើប​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ទី ១៣ និង​ទី ១៤ ខែ​ឧសភា​នេះ ហើយ​បាន​រឹបអូស​យក​នាឡិកា​ដៃ​ទាំង​នោះ ដោយសារ​ពួកគេ​ចាត់ទុក​នាឡិកា​ទាំង​នោះ​ថា «មាន​បង្កប់​ន័យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា»។

នាឡិកា​ទាំង​នោះ​មាន ៦ ពណ៌ ដែល​ត្រូវ​នឹង​ពណ៌​របស់​ទង់​តំណាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​មាន​ខ្សែ​សូក​ពាក់​នាឡិកា​ពណ៌​ឥន្ទធនូ​ចំនួន ២។

នាយកប្រតិបត្តិ​ក្រុមហ៊ុន Swatch លោក Nick Hayek Jr. បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យើង​សូម​ជំទាស់​យ៉ាង​ខ្លាំងក្លា​ថា នាឡិកា​ដៃ​របស់​យើង​ដែល​ប្រើ​ពណ៌​ឥន្ទធនូ​និង​មាន​សារ​អំពី​សន្តិភាព​និង​ក្ដី​ស្រឡាញ់​នេះ​មិន​អាច​ប៉ះពាល់​ដល់​នរណា​ម្នាក់​នោះ​ទេ»។

ប្រទេស​ម៉ាឡេស៊ី​ដែល​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ចាត់ទុក​ទំនាក់ទំនង​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ថា​ខុស​ច្បាប់ ដោយ​ដាក់​ទោស​ទណ្ឌ​នានា​រួម​មានការ​វាយ​នឹង​រំពាត់​នៅ​ក្រោម​ច្បាប់​ឥស្លាម រហូត​ដល់​ការ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ​សម្រាប់​ការ​រួម​ភេទ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្រោម​ច្បាប់​ស៊ីវិល​សម័យ​អាណានិគម។

គណបក្ស Pan-Malaysia Islamic Party ដែល​ជា​គណបក្ស​ប្រឆាំង កាលពី​ពេល​ថ្មីៗ​នេះ​បាន​រិះគន់​ការ​ប្រគុំ​តន្ត្រី​មួយ​កន្លែង​ដែល​បាន​ត្រៀម​ទុក​សម្រាប់​ខែ​វិច្ឆិកា​ខាង​មុខ​ដោយ​ក្រុម​តន្ត្រី Coldplay របស់​ចក្រភព​អង់គ្លេស ដោយសារតែ​ក្រុម​តន្ត្រី​នេះ​គាំទ្រ​ចលនា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ម៉ាឡេស៊ី​លោក Saifuddin Nasution បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ថា លោក​កំពុង​រង់ចាំ​របាយការណ៍​ពេញលេញ​អំពី​បញ្ហា​នេះ មុន​ពេល​លោក​ចេញ​សេចក្ដី​ថ្លែងការណ៍៕

XS
SM
MD
LG