ក្រុមមន្រ្តីក្រុង Orlando ចង់ឲ្យមានការប្រារព្ធពិធីបុណ្យខួបនៃការបាញ់ប្រហារនៅក្លឹបរាត្រី Pulse Nightclub ប្រកបដោយក្តីស្រឡាញ់ និងសណ្តោសប្រណី។ ថ្ងៃទី១២ ខែមិថុនា ត្រូវបានកំណត់ជាផ្លូវការជាថ្ងៃបុណ្យនៃការរួបរួមក្នុងក្រុង Orlando ដើម្បីរំឭកការវាយប្រហារដ៏ព្រៃផ្សៃទៅលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងក្រុងនេះ ដែលបានបណ្តាលឲ្យមនុស្ស ៤៩នាក់បាត់បង់ជីវិត។
មួយឆ្នាំ បន្ទាប់ពីការវាយប្រហារនៅមួយកន្លែង ដ៏ធំបំផុតមួយទៅលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលបានសម្លាប់មនុស្ស ៤៩នាក់ មនុស្សរាប់រយនាក់បានប្រមូលផ្តុំនៅសួនក្រុង Orlando ដើម្បីចូលរួមក្នុងកម្មវិធីរត់ប្រណាំង និងរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ។
អ្នកស្រី Barbara Poma ធ្លាប់ជាម្ចាស់ក្លឹបរាត្រី Pulse Nightclub។
«អ្វីៗទាំងអស់គឺ ខុសប្លែកពីឆ្នាំមុន។ អ្វីៗទាំងអស់ដែលអ្នកធ្វើរាល់ថ្ងៃគឺ ខុសប្លែក។ អារម្មណ៍របស់អ្នកគឺបានផ្លាស់ប្តូរជារៀងរហូត។ ជីវិតរបស់អ្នកគឺបានផ្លាស់ប្តូរជារៀងរហូត។ ទិសដៅនៃជីវិតរបស់អ្នកទាំងស្រុងបានផ្លាស់ប្តូរ»។
នៅម៉ោងពីរទៀបភ្លឺ បុរសឈ្មោះ Omar Mateen អាយុ ២៩ឆ្នាំ បានចូលក្នុងក្លឹបរាត្រី Pulse Nightclub ជាមួយនឹងកាំភ្លើងដងវែង ហើយបានបាញ់ប្រហារ ដោយបានសម្លាប់មនុស្ស ៤៩នាក់ និងធ្វើឲ្យ ៥៣នាក់ទៀតរងរបួស។ ជនដៃដល់ Mateen ដែលធ្លាប់មានប្រវត្តិបញ្ហាផ្លូវចិត្ត បានធ្វើការប្តេជ្ញាស្មោះស័្មគ្រនឹងក្រុមរដ្ឋឥស្លាមនៅតាមប្រព័ន្ធអ៊ីនធឺណិត។
អំពើហិង្សាដ៏ព្រៃផ្សៃនៅយប់នោះបានបង្កឲ្យមានភាពភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងសង្គមក្រុង Orlando។
យុវត្តី Madeline Ward អាយុ ១៥ឆ្នាំ ធ្លាប់រស់នៅលើផ្លូវតែមួយ ដែលមានក្លឹបរាត្រី Pulse និងធ្លាប់មានសុបិន្តអាក្រក់អំពីអ្វីដែលនាងបានឃើញ និងឮនៅយប់នោះ។
«វាពិតជាធ្វើឲ្យខ្ញុំភ្លឺភ្នែក ដោយបានបង្ហាញខ្ញុំថា យើងត្រូវស្រឡាញ់គ្នា ពីព្រោះយើងយើងជាក្រុមមនុស្សខុសៗគ្នា ហើយយើងទាំងអស់គ្នាប្រហែលជាខុសគ្នាពិតមែន ប៉ុន្តែយើងទាំងអស់គ្នាគឺដូចគ្នា ត្រង់ថា យើងជាមនុស្សលោក ហើយយើងត្រូវគោរពគ្នាទៅវិញទៅមក មិនថា យើងស្រឡាញ់នរណានោះទេ»។
មួយឆ្នាំបន្ទាប់មក ក្រុង Orlando គឺជាសហគមន៍មួយ ដែលបានរួមសាមគ្គីគ្នា។ នៅក្នុងកម្មវិធីរំឭកវិញ្ញាណក្ខន្ធ មានការសម្តែងពីសំណាក់ក្រុមអ្នកចម្រៀង Orlando Gay Chorus ដែលជាក្រុមមនុស្សចម្រុះគ្នាមួយ ដែលផ្តល់ការគោរពដល់អ្នកដែលបានស្លាប់។
លោក Dan Jones និយាយថា ក្រុមអ្នកចម្រៀងមកទីនេះ ដើម្បីចែករំលែកសារនៃក្តីស្រឡាញ់ និងសាមគ្គីភាពរវាងមនុស្សគ្រប់គ្នា។
«អ្វីដែលជនបាញ់ប្រហារព្យាយាមធ្វើនោះគឺ បំផ្លាញសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ ហើយអ្វីដែលគាត់ធ្វើនោះគឺ តាមពិតទៅ ធ្វើឲ្យមានការរួបរួមគ្នាកាន់តែខ្លាំងនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាទៅវិញទេ ហើយថែមទាំងផ្សារភ្ជាប់សហគមន៍ដទៃទៀត ដែលយើងមិនមានការទាក់ទងជាមួយពីមុនមកផងដែរ»។
ចំណងស្ពានមេត្រីនេះត្រូវបានបង្ហាញឡើងនៅកម្មវិធីរំឭកវិញ្ញាណក្ខន្ធកាលពីសប្តាហ៍មុននេះ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមហ៊ុនបោះពុម្ពអាវយឺត Go Big Tees បានផ្តល់អាវយឺត ដោយឥតគិតថ្លៃ អាហារ និងការឱប ក្នុងការគាំទ្រដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ មនុស្សរាប់រយនាក់ បានមកដើម្បីស្រស់ស្រូបអាហារ និងលាបលក្ខណ៍លើអាវយឺតរបស់ពួកគេ។
ម្ចាស់ក្រុមហ៊ុននេះ អ្នកស្រី Hannah Zuk និយាយថា គំនិតនៅពីក្រោយការធ្វើដូចនេះគឺ ប្រមូលផ្តុំដើម្បីក្តីស្រឡាញ់ និងការគាំទ្រ ដល់គ្រប់អ្នកដែលរងគ្រោះដោយសារសោកនាដកម្មនោះ។
«ខ្ញុំគិតថា សហគមន៍យើងបានរួបរួមគ្នាកាន់តែខ្លាំង ហើយវាជារឿងដ៍ប្រសើរមួយ ដែលឃើញមនុស្សរាល់គ្នារួបរួមគ្នា និងគាំទ្រគ្នាទៅវិញទៅមក ក្នុងដំណាក់កាលងើបរើឡើងវិញពីសោកនាដកម្ម»។
ក្លឹបរាត្រី Pulse Nightclub មិនបានបើកទ្វារធ្វើអាជីវកម្មឡើងវិញទេ បន្ទាប់ពីសោកនាដកម្មបាញ់ប្រហារនោះ។ ថ្ងៃនេះគឺជា ថ្ងៃរំឭកវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិត។ ហើយក្លឹបរាត្រីនេះ ក៏ជាកន្លែង មនុស្សទូទៅមកសរសេរសាររំលែកទុក្ខ និងនឹកគិតពីរឿងរ៉ាវ ដែលបានកើតឡើង។
«នេះជាចិញ្ចៀនមួយ ដែលនៅក្នុងកាបូបមួយ ដែលបងស្រីខ្ញុំទិញឲ្យជាកាដូសម្រាប់ថ្ងៃខួបកំណើតខ្ញុំ»។
មនុស្សដូចជា នាង Mary Kelly និងនាង Taylor Caldwell។
«យើងបានមកទីនេះនៅថ្ងៃនេះ ពីព្រោះយ៉ាងហោចណាស់ តាមគំនិតខ្ញុំ ខ្ញុំពិតជា អ្នកគាំទ្រខ្លាំងក្លាមួយរូបក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ ហើយទោះបីជា ប្រសិនបើខ្ញុំមិនមែនជាអ្នកគាំទ្រខ្លាំងម្នាក់ ក៏ខ្ញុំនៅតែមកដែរ ដោយសារតែរឿងហេតុដូចនេះមិនគួរកើតឡើងនោះទេ»។
«ចាស! ក្តីស្រឡាញ់ជម្នះអ្វីទាំងអស់»
«ពិតណាស់ ហើយខ្ញុំគិតថា មនុស្សជាច្រើន ដែលយើងឃើញនៅទីនេះ បានបង្ហាញក្តីស្រឡាញ់នេះ»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា