ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា (LGBTI) ធ្វើ​ឱ្យ​ពួក​គាត់​មិនមាន​ការងារ​ល្អ​ធ្វើ


អ្នកគ្រូ ឈុន មុន្នីវច្ឆិរ៉ា សកម្មជនសិទ្ធិ​អ្នកស្រឡាញ់​ភេទដូចគ្នា​ប្រចាំ​ខេត្តព្រះសីហនុ (ទី៣ពីឆ្វេង) ​និងអ្នកចូលរួមក្នុង​ការជួបជុំ​អបអរ​ខែមោទនភាព​សម្រាប់​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ឬ Pride Month ដែល​ធ្វើឡើង​នៅ​ស្ថានទូត​អាមេរិក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៩។ (រូបភាពពី USAID Cambodia)
អ្នកគ្រូ ឈុន មុន្នីវច្ឆិរ៉ា សកម្មជនសិទ្ធិ​អ្នកស្រឡាញ់​ភេទដូចគ្នា​ប្រចាំ​ខេត្តព្រះសីហនុ (ទី៣ពីឆ្វេង) ​និងអ្នកចូលរួមក្នុង​ការជួបជុំ​អបអរ​ខែមោទនភាព​សម្រាប់​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ឬ Pride Month ដែល​ធ្វើឡើង​នៅ​ស្ថានទូត​អាមេរិក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៩។ (រូបភាពពី USAID Cambodia)

ខែមិថុនា​ត្រូវ​បាន​ស.រ.អា និង​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​ពិភពលោក ចាត់​ទុក ថា ជា​ខែ​មោទនភាព​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។ យ៉ាង​នេះក៏​ដោយ​ការរើស​អើង​ប្រឆំាង​នឹង​អ្នកស្រលាញ់​ភេទ​ដូចគ្នា នៅតែ​ជា​ប្រធានបទ​ចោទ​នៅ​កម្ពុជា ជាពិសេស​នៅ​កន្លែង​ការងារ បើ​ទោះជា​មាន​ការបញ្ជ្រាប​ការយល់​ដឹង​នេះ​ជា​ច្រើន​ក៏ដោយ។

សកម្មជន​ការពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​ឬ (LGBTI)​ ​នៅ​សប្តាហ៍​នេះ បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ ​និង​ត្អូញត្អែរ​ចំពោះការ​រើស​អើង​ប្រឆំាង​នឹង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​អ្នក​ប្តូរភេទ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ​ទោះ​ជា​មាន​ការ​ផ្សព្វផ្សាយ​ និង​ការ​លើក​កម្ពស់​ការយល់​ដឹង​អំពីសិទ្ធិ​ពួក​គេ​ក៏​ដោយ។ ពួក​គេ​អះអាង​ថា​ ការ​រើសអើង​នៅ​តាម​សហគមន៍​ និង​កន្លែង​ធ្វើ​ការ​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ​ ​ដែល​ធ្វើ​ឱ្យ​ពួក​ខ្លួន​មិន​មាន​ការងារ​ល្អ​សមរម្យ។

ថ្លែង​ក្នុង​ការ​ជួបជុំ​មួយ​ ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ ​ធ្វើ​ឡើង​ដោយ​ស្ថាន​ទូតអាមេរិក​ ​និង​ទីភ្នាក់​ជំនួយ​អាមេរិក ​USAID​ ​ប្រចាំ​កម្ពុជា​ដើម្បី​អបអរ​ខែ​មោទ​នភាព​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​ឬ​ ​(Pride Month)​ ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​និង​សកម្មជន​បាន​បញ្ជាក់​ថា​ ការរើស​អើង​ក្នុង​សង្គម​គ្រួសារ សហគមន៍​ ​និង​កន្លែង​ធ្វើ​ការងារ​ ​នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ហៅ gay ឬ lesbian​ ​អ្នកប្តូរភេទឬ transgender​ ​និង​អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ ឬ bisexual។

អ្នកគ្រូ ឈុន មុន្នីវច្ឆិរ៉ា ដែល​ជា​សកម្មជន​សិទ្ធិ​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​ប្រចាំ​ខេត្តព្រះសីហនុ​ថ្លែង​នៅក្នុង​ការប្រារព្ធ​ការជួបជុំ​ដើម្បី​អបអរ​ខែមោទនភាព​សម្រាប់​អ្នកស្រឡាញ់ភេទ​ដូចគ្នា ឬ ខែមោទនភាព Pride Month ដែល​ធ្វើឡើង​នៅ​ឯ​និវេសនដ្ឋាន​របស់​ស្ថានទូត​អាមេរិក កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ (នៅ វណ្ណារិន/VOA)
អ្នកគ្រូ ឈុន មុន្នីវច្ឆិរ៉ា ដែល​ជា​សកម្មជន​សិទ្ធិ​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​ប្រចាំ​ខេត្តព្រះសីហនុ​ថ្លែង​នៅក្នុង​ការប្រារព្ធ​ការជួបជុំ​ដើម្បី​អបអរ​ខែមោទនភាព​សម្រាប់​អ្នកស្រឡាញ់ភេទ​ដូចគ្នា ឬ ខែមោទនភាព Pride Month ដែល​ធ្វើឡើង​នៅ​ឯ​និវេសនដ្ឋាន​របស់​ស្ថានទូត​អាមេរិក កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ (នៅ វណ្ណារិន/VOA)

អ្នកគ្រូ​ ​ឈុន មុន្នីវិច្ឆរ៉ា​ ​ដែល​ជា​សកម្មជន​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ បញ្ជាក់​ថា​ការ​រើស​អើង​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ​ក៏​ដូច​ជា​ទី​កន្លែង​ផ្សេងៗ​ជា​ពិសេស​នៅ​តាម​សហគមន៍​នៅ​មាន​កម្រិត​ខ្ពស់​ ​បើ​ទោះ​ជា​មាន​ការ​បញ្ជ្រាប​ការ​យល់​ដឹង​ពី​សិទ្ធិ​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ក៏​នៅ​តាម​សហគមន៍​ឬ​សង្គម​ក៏​ដោយ។​ ឈុន មុន្នីវិច្ឆរ៉ា​ វ័យ​៣៦ឆ្នាំ​ បន្ត​ថា​ជាក់ស្តែង​កម្មករ​ភេទ​ទី៣​ ​មួយ​រូប​ត្រូវ​បញ្ឈប់​ភ្លាមៗ​ពី​ការងារ​រោងចក្រ ពេល​គេ​ដឹង​ពី​ការ​ភេទ​ពិត​របស់​នាង។​

​«ចំណុច​១​ទៀត​គឺ​នៅ​កន្លែង​ការងារ​ ​ជា​ពិសេស​ខាង​អ្នក​ប្តូរ​ភេទ​មាន​ការ​ពិបាក​មែនទែន​ក្នុង​ការ​ធ្វើ​ការ។​ ខ្លួន​ឯង​តុបតែង​ជាស្រី​ប្តូរ​ភេទ​ជាស្រី​ចឹង​ ​ដាក់​ពាក្យ​នៅ​កន្លែង​ធ្វើ​ការ​ ​គេអត់​ដឹង​ ​អត់​បញ្ហា។​ ​ក៏​ប៉ុន្តែ​ជាក់​ស្តែង​គឺ​ក្នុង​អំឡុង​ពេល​១ខែ​ហ្នឹងទេ!​ ​ទៅធ្វើ​ការ​រោង​ចក្រ​ ​គាត់​អត់​ដឹង​ថា​ម្នាក់​ហ្នឹង​គាត់​ប្រុស​ធ្វើ​ខ្លួន​ជា​ស្រី​ទេ​ ​ក៏​ប៉ុន្តែ​ធ្វើ​ការ​បាន​១​សប្តាហ៍​ ​អីច៊ឹង​គេដឹង​ថា​គាត់​ហ្នឹង​គឺ​ប្រុស​ធ្វើ​ខ្លួន​ជាស្រី​ ​គេ​ក៏​បញ្ឈប់​អត់​ឱ្យ​គាត់​ធ្វើ​ការ​តែ​ម្តង»។

ធួក ផល្លា​ ​វ័យ​៣៣ឆ្នាំ​ ​សកម្មជន​និង​ជា​បុគ្គលិក​របស់​ ​Media One​ ​ប្រចាំ​ខេត្ត​សៀមរាប​ ​ដែល​ធ្វើ​ការ​លើ​ការ​បញ្ជ្រាប​សិទ្ធិ​និង​ផ្នែក​សុខភាព​បាន​បញ្ជាក់​ក្នុង​ការ​ជួបជុំ​ ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ថា​ការ​រើសអើង​ក្នុង​កន្លែង​ការ​ងារ​ជា​ឧបសគ្គ​យ៉ាង​ធំ​សម្រាប់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​និង​ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ប្រទះ​នូវ​បញ្ហា​ជីវភាព​ផងដែរ។

«ផលវិបាក​និង​បញ្ហា​ដែល​ពួក​ខ្ញុំ​ជួប​ប្រទះ​គឺ​ការងារ។​ ​ពួក​ខ្ញុំមិន​ដែល​មាន​ការងារ​សមរម្យ​ណាមួយ​ធ្វើ​និង​បាន​ប្រាក់​ដើម្បី​ចិញ្ចឹម​ជីវិត​នោះ​ទេ​ ​ពីព្រោះ​នៅកន្លែង​ធ្វើ​ការ​គេ​រើស​អើង​ពួក​ខ្ញុំ​ណាស់​ ​ហើយ​ពួក​ខ្ញុំ​តែង​ខ្លួន​ជា​ស្រី​អីច៊ឹង​ស្ថាប័ន​មួយ​ចំនួន​ ​កន្លែង​១ចំនួន​ ​ក្រុម​ហ៊ុន​១ចំនួន​ខ្លាច​បាត់បង់​កេរ្តិ៍ឈ្មោះ​កិតិ្តយស​របស់​កន្លែង​គេ។​ ​ដល់​ពេល​អីច៊ឹង​ទៅ​ពួក​យើង​ពិបាក​ក្នុង​ការ​រក​ការងារ​ធ្វើ​ ​បាន​ត្រឹមតែ​ធ្វើ​ការ​ងារ​សំអាង​ អ៊ុតសក់​តែប៉ុណ្ណឹង​ឬ​ក៏​រក​ស៊ីផ្លូវភេទ​តែ​ប៉ុណ្ណឹង»។​

​ខែ​មិថុនា​ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខែ​មោទ​នភាព​សម្រាប់​មនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា​ ​ឬ​ ​(Pride Month)​ នៅ​ប្រទេស​ជា​ច្រើនក្នុងពិភព​លោក​ ​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​និង​ការ​គោរព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​អ្នក​កែភេទ​ ​និង​អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ​ ​ឬ​ហៅ​ជា​រួមកាត់ថា​សហគមន៍ ​LGBTI។​ ​ទិវា​ខែ​មោទនភាព​ ​Pride Month​ ​ក៏​ត្រូវ​បាន​ធ្វើ​ឡើ​ង​ដើម្បី​ការ​ចងចាំ​អំពីព្រឹត្តិការណ៍​កុប្បកម្មមួយ​ឈ្មោះ Stonewall ​ក្នុង​ខែ​មិថុនា​ឆ្នាំ​១៩៦៩​ ​ជា​ពេល​ដែល​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចេញ​តវ៉ា​សិទ្ធិ​របស់​ខ្លួន​នៅ​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក។

នេះ​គឺ​ជា​លើ​ទី១​ដែល​ មានការ​ប្រារព្ធ​កា​រ​ជួប​ជុំ​ដើម្បី​អបអរ​ ខែ​មោទ​នភាព Pride Month​ ​ដែល​ធ្វើ​ឡើង​នៅនិវេសន​ដ្ឋាន​របស់​ស្ថាន​ទូត​អាមេរិក។​ ​នេះបើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ ​Rebecca Black​ ​ប្រធាន​ស្តីទី​នៃ​ទីភ្នាក់​ងារ​ជំនួយ​អាមេរិក​USAID។​ ​លោក​ស្រី​បន្ត​ថា​ USAID​បាន​បាប់​ផ្តើ​ម​កសាង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចាប់​តាំង​ពីឆ្នាំ​២០១៣​ ​មក​ដល់​បច្ចុប្បន្ន​ ​សហគមន៍​នេះ​សមាជិក​និង​ទទួល​ស្គាល់​ពី​សង្គ​មបាន​ច្រើន​បើ​ប្រៀប​ធៀប​កាល​ពី​ពេល​មុន។​

​ថ្លែង​ដោយ​មាន​អ្នក​បកប្រែ​ពិសេស​ជា​ខេមរ​ភាសា អ្នកស្រី​ ​Rebecca Black​ ​បញ្ជាក់​ថា៖​

«ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​បញ្ហា​ប្រឈម​ ​ឧបសគ្គ​ទាំងអស់​គឺ​នៅ​តែ​កើត​មាន​ឡើង​មិន​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឬ​ទៅ​កន្លែង​ផ្សេងៗ​ទូទាំង​ពិភព​លោក។​ ដូច្នេះ​ ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ​សហ​រដ្ឋ​អាមេរិក​ ​និង​ ​ទីភ្នាក់​ងារ​ជំនួយ​អាមេរិក​ USAID​ ​នៅ​តែ​ស្ថិត​នៅ​ជាមួយ​អ្នក​និង​ជួយ​គាំទ្រ​អ្នក​តាម​ដែលអាច​ធ្វើ​បាន​ក្នុង​ការ​ទាមទារ​សិទ្ធិ​របស់​អ្នក»។

អ្នកស្រី Rebecca Black ប្រធាន​ស្តីទី​នៃ​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋ​អាមេរិក (USAID) ថ្លែង​នៅក្នុង​ការប្រារព្ធ​ការជួបជុំ​ដើម្បី​អបអរ​ ខែមោទនភាព​សម្រាប់​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ឬ ខែមោទនភាព Pride Month ដែល​ធ្វើឡើង​នៅ​ឯ​និវេសនដ្ឋាន​របស់​ស្ថានទូត​អាមេរិក នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ (នៅ វណ្ណារិន/VOA)
អ្នកស្រី Rebecca Black ប្រធាន​ស្តីទី​នៃ​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋ​អាមេរិក (USAID) ថ្លែង​នៅក្នុង​ការប្រារព្ធ​ការជួបជុំ​ដើម្បី​អបអរ​ ខែមោទនភាព​សម្រាប់​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ឬ ខែមោទនភាព Pride Month ដែល​ធ្វើឡើង​នៅ​ឯ​និវេសនដ្ឋាន​របស់​ស្ថានទូត​អាមេរិក នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ (នៅ វណ្ណារិន/VOA)

អ្នកស្រី​ ​Rebecca Black​ ​បន្ត​ថា​ ទីភ្នាក់​ងារ​ជំនួយ​អាមេរិក​USAID​នៅ​តែ​បន្ត​ជួយ​និង​លើក​តម្កើង​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​ពិសេស​តាម​កម្មវិធី​ ​Media One​ ​និង​កម្មវិធី​ផ្សេង​ទៀត​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ទៀត។​

​អនុ​ប្រធាន​ស្តីទី​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក​ ​Gary Anderson​ ក៏​បញ្ជាក់​ពី​ជំហរ​របស់​អាមេរិក​ផង​ដែរ​ថា​ សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​សេរីផ្តល់​ការ​គោរព​និង​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ ហើយ​អាមេរិក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ដូច​នេះ​ផង​ដែរ​ទូទាំង​ពិភព​លោក។

អនុប្រធាន​ស្តីទី​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Gary Anderson ថ្លែង​នៅក្នុង​ការប្រារព្ធ​ការជួបជុំ​ដើម្បី​អបអរ​ ខែមោទនភាព​សម្រាប់​អ្នកស្រឡាញ់ភេទ​ដូចគ្នា ឬ ខែមោទនភាព Pride Month ដែល​ធ្វើឡើង​នៅ​ឯ​និវេសនដ្ឋាន​របស់​ស្ថានទូត​អាមេរិក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ (នៅ វណ្ណារិន/VOA)
អនុប្រធាន​ស្តីទី​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Gary Anderson ថ្លែង​នៅក្នុង​ការប្រារព្ធ​ការជួបជុំ​ដើម្បី​អបអរ​ ខែមោទនភាព​សម្រាប់​អ្នកស្រឡាញ់ភេទ​ដូចគ្នា ឬ ខែមោទនភាព Pride Month ដែល​ធ្វើឡើង​នៅ​ឯ​និវេសនដ្ឋាន​របស់​ស្ថានទូត​អាមេរិក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ (នៅ វណ្ណារិន/VOA)

លោក​ ​Gary Anderson បញ្ជាក់​ដោយ​មាន​អ្នក​បរប្រែ​ជា​ខេមរភាសារ​ថា៖​

«ក្នុង​នាម​យើង​ជាជនជាតិ​អាមេរិកកាំង​ ​គឺ​យើង​ឱ្យ​អាទិភាព​ ​ខ្លាំង​លើសិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ប្រឆំាង​នឹង​ការរើស​អើង​ប្រឆំាង​និង​សហគមន៍​ LGBTQI។សហ​រដ្ឋ​អាមេរិក​នៅ​ឈ​ជាមួយ​អ្នក ​នៅ​ពេល​ដែល​អ្នក​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​របស់​អ្នក​នៅ​ក្នុង​សហគមន៍​នេះ»។​

​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​ការ​បិទបាំង​ច្រើន​នៅ​ឡើយ​ ​ហើយ​ការ​គោរព​សិទ្ធិនិងការ​រើសអើង​នៅ​មាន​កម្រិត។​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​កាល​ពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ​ ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​រើស​អើង​ប្រឆំាង​នឹង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ពី​សំណាក់​មាតា​បិតា​ ​អាណា​ព្យាបាល​និង​សង្គម។ យ៉ាងណា​ក៏​ដោយ​លោក​ ​បាន​បញ្ជាក់ថា កម្ពុជា​នៅ​មិន​អាច​បង្កើត​ច្បាប់​អនុញ្ញាត​ ​ឱ្យ​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា​ ​(LGBTI )​ ​រៀប​អាពាហ៍​ពិពាហ៍បាន​នៅ​ឡើយ​ ដោយ​សារតែ​នៅ​មាន​ការ​ចម្រូង​ចម្រាស​ជាច្រើន​ក្នុង​ប្រទេស​និង​លើ​ឆាក​អន្តរ​ជាតិ។

កាល​ពី​ខែ​ឧសភា កោះ​តៃវ៉ាន់​បាន​ក្លាយ​ជា​ដែនដី​ទី​១​នៅ​ទ្វីប​អាស៊ី​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​អាពាហ៍​ពិពាហ៍​ស្រប​ច្បាប់​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ ចំណែក​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​អាពាហ៍​ពិពាហ៍​ស្រប​ច្បាប់​នេះ​កាល​ពី​ឆ្នាំ ២០១៥៕

XS
SM
MD
LG