នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីលោក Muhyiddin Yassin ដែលកំពុងមានបញ្ហាផ្នែកនយោបាយនោះ បានទទួលការគាំទ្រដ៏សំខាន់មួយពីគណបក្សដៃគូក្នុងសម្ព័ន្ធភាពរដ្ឋាភិបាលចម្រុះរបស់លោក ដើម្បីបន្តដំណើរសម្ព័ន្ធភាពនៃរដ្ឋាភិបាលនេះជាមួយគ្នាទៅមុខទៀត។
គណបក្សអង្គការឯកភាពជាតិម៉ាឡេស៊ី (UMNO) បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទ ដោយផ្តល់នូវការគាំទ្រដល់នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ ខណៈដែលប្រទេសម៉ាឡេស៊ីកំពុងប្រឈមនូវការផ្ទុះរាតត្បាតឡើងជាថ្មីនៃជំងឺកូវីដ១៩នោះ។
ការគាំទ្រថ្មីនេះកើតមាន ក្រោយពីពេលថ្មីៗនេះ ព្រះមហាក្សត្រម៉ាឡេស៊ីព្រះបាទ Al-Sultan Abdullah បានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រីលោក Muhyiddin Yassin ដើម្បីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារតែជំងឺរាតត្បាតកូវីដ១៩នោះ។
ព្រះបរមរាជវាំងម៉ាឡេស៊ី បានចេញផ្សាយសម្រេចនេះ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយលើកឡើងថា ព្រះមហាក្សត្រ«មានព្រះរាជតំរិះថា ពុំមានការចាំបាច់ណាមួយក្នុងពេលនេះដែលព្រះមហាក្សត្រត្រូវប្រកាសដាក់ប្រទេសក្នុងគា្រមានអាសន្ននោះទេ»។
សេចក្តីថ្លែងការណ៍នោះ ក៏បានលើកឡើងផងដែរថា ព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩នេះ ហើយព្រះអង្គបានអំពាវនាវឲ្យអ្នកនយោបាយទាំងអស់បញ្ឈប់នូវយុទ្ធនាការផ្សេងៗ ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ស្ថិរភាពរបស់រដ្ឋាភិបាលនោះ។
លោក Muhyiddin Yassin បានធ្វើជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីតាំងពីខែកុម្ភៈមក នៅពេលលោកត្រូវព្រះមហាក្សត្រ Abdullah ជ្រើសរើសឲ្យជំនួសអតីតនាយករដ្ឋមន្ត្រីលោក Mahathir Mohamad ដែលបានលាលែង ហើយរដ្ឋាភិបាលលោកបានដួលរលំ។ រដ្ឋាភិបាលចម្រុះរបស់លោក Muhyiddin រួមមានគណបក្ស UMNO ដែលធ្លាប់បាន់កាន់អំណាចអស់ជាង៦០ឆ្នាំតាំងពីម៉ាឡេស៊ីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសកាលពីឆ្នាំ១៩៥៧ មក៕