ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រាជវាំង​ម៉ាឡេស៊ី​ពន្យារពេល​ប្រជុំ​ដោយសារ​ការ​កើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស


មេដឹកនាំ​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី​លោក Anwar Ibrahim ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់​ពី​ជួប​ជាមួយ​នឹង​ព្រះមហាក្សត្រ​នៅ​ទីក្រុង​កូរឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

ព្រះបរម​រាជវាំង​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ផ្អាក​រាល់​ការ​ប្រជុំ​ទាំងអស់​រយ:ពេល​ពីរ​សប្ដាហ៍ចាប់​ពី​ថ្ងៃ​ពុធ​នេះ​តទៅ ដោយសារការ​កើនឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ប្រចាំ​ព្រះបរម​រាជវាំង​មួយ​រូប។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ករណី​នេះ​ក៏​ទំនងជា​បណ្ដាល​ឲ្យ​មាន​ការ​ផ្អាក​ការ​សម្រេច​លើ​សំណើ​សុំ​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោកAnwar Ibrahim ផង​ដែរ។

លោក Anwar បាន​ចូល​គាល់​ព្រះមហាក្សត្រ Al-Sultan Abdullah កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ព្យាយាម​ទូល​បង្ហាញ​ថា លោក​មាន​សំឡេងគាំទ្រ​ភាគច្រើន​គ្រប់គ្រាន់​នៅ​ក្នុង​រដ្ឋសភា​សម្រាប់​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​បាន។ ករណី​នេះ​បង្ក​ឲ្យ​មាន​ជម្លោះ​នយោបាយ​ថ្មី ក្នុង​ពេល​ប៉ុន្មាន​ខែ​ក្រោយ​មក បន្ទាប់ពី​លោក Muhyiddin Yassin បាន​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។

ព្រះមហាក្សត្រ​បាន​គ្រោងជួប​ជាមួយ​មេដឹកនាំ​គណបក្ស​នយោបាយ​ចម្បងៗ ដើម្បី​ផ្ទៀតផ្ទាត់​ការ​អះអាង​របស់​លោក Anwar ប៉ុន្តែការ​ផ្អាក​ការ​ប្រជុំ​រយៈពេល ២ សប្ដាហ៍​នេះ បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​រាជធានី​គូឡាឡាំពួរ និង​រដ្ឋ Selangor ដែល​នៅ​ជិតខាង ជា​ហេតុ​ធ្វើ​ឲ្យ​គម្រោង​ជួប​ប្រជុំ​នោះ​មិន​បាន​ដំណើរការ​ទៅ​មុខ។

លោក Ahmad Fadil Shamsuddin មន្ត្រី​មើលការ​ខុសត្រូវ​ប្រចាំ​ព្រះមរម​រាជវាំង បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ព្រះរាជវាំង​នឹង​កំណត់​ថ្ងៃ​ថ្មី​ដើម្បី​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​គណបក្ស​នយោបាយ​ចម្បងៗ​ទាំង​នោះ នៅ​ក្រោយ​ពេល​នៃ​ការ​ផ្អាក ២ សប្ដាហ៍​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ លោក Anwar បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា លោក​បាន​ដាក់​បង្ហាញ​ឯកសារ​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ ដើម្បី​បញ្ជាក់​ថា លោក​មាន​ការ​គាំទ្រ​ពី​សមាជិក​រដ្ឋសភា​ជាង ១២០ រូប ក្នុង​ចំណោម​សមាជិក​រដ្ឋសភា​សរុប​ចំនួន ២២២ រូប។

ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ចំនួន ៦៦០ ករណី និង​ករណី​ស្លាប់​ថ្មី​ចំនួន ៤ នាក់ កាល​ពី​ថ្ងៃ​អង្គារ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ១៦.៨៨០ នាក់ និង​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់ ១៦៣ នាក់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG