ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Anwar ​ប្រឹង​ប្រែង​ម្តង​ទៀត​ដើម្បី​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​ម៉ាឡេស៊ី


លោក Anwar Ibrahim មេដឹកនាំគណបក្សប្រឆាំងម៉ាឡេស៊ី បន្ទាប់ពីចូលរួមសន្និសីទសារព័ត៌មានមួយ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ការ​អះអាង​កាល​ពី​សប្តាហ៍​ទី ​៣ នៃ​ខែ​កញ្ញា​ ដោយ​លោក ​Anwar Ibrahim ​ថា​ លោក​បាន​ប្រមូល​សមាជិក​សភា​ភាគ​ច្រើន ​ឲ្យ​គាំទ្រ​ការ​ប្រឹងប្រែង​ថ្មី​បំផុត​របស់​លោក​ ដើម្បី​ទទួល​តំណែង​នាយក​រដ្ឋមន្ត្រី​ ​បាន​ធ្វើ​ឱ្យ​កក្រើក​រដ្ឋាភិបាល​ថ្មី​ដែល​ជ្រួលច្រាល​នៅ​ប្រទេស​ម៉ាឡេស៊ី។​

គេ​មិន​ទាន់​ដឹង​ទេ​ថា តើ​រដ្ឋបុរស​ជើង​ចាស់​រូបនេះ​នឹង​ទទួល​តំណែង​ជាន់ខ្ពស់​ នៅ​ក្រោយ​អាជីព​នយោបាយ​ឡើង​ចុះ​របស់​លោក ​ឬ​ក៏​លោក​ចាត់​វិធាន​ការ​អន់ខ្សោយ​ ​ដែល​នាំ​ឱ្យ​លោក​គ្មាន​ជោគជ័យ។​

អ្នកស្រី​ Bridget Welsh​ ជា​អ្នក​ស្រាវជ្រាវ​កិត្តិយស​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ​អំពី​អាស៊ី​ ក្នុង​ប្រទេស​ម៉ាឡេស៊ី​ នៃ​សាកល​វិទ្យាល័យ​ Nottingham។

​អ្នកស្រី​បាន​និយាយ​ថា៖​ «នៅ​ពេល​នេះ​សំណួរ​ដែល​ប្រជារាស្ត្រ​សួរ​គឺ​ថា តើ​លោក​ Anwar​ ជា​មេ​ដឹកនាំ​មួយ​ទៀត​ក្នុង​បណ្តាមេ​ដឹកនាំ​ម៉ាឡេស៊ី​ ដែល​មិន​សម្រេច​បំណង ​ក្នុង​ការ​ទទួល​តំណែង​នាយក​រដ្ឋមន្ត្រី​ ឬ​លោក​នឹង​សម្រេច​បំណង​ប្រាថ្នា​នេះ​បាន?»​

អ្នក​ស្រី​ Bridget Welsh ​បាន​ថ្លែង​ទៀត​ថា៖​ «លោក​ Anwar Ibrahim ​មាន​បទពិសោធន៍​នយោបាយ​ជា​ច្រើន។​ គេ​មិន​អាច​បដិសេធ​ថា លោក​មិន​មែន​ជា​ឥស្សរជន​នយោបាយ​បាន​ទេ។ ​ក៏​ប៉ុន្តែ ​ខ្ញុំ​យល់​ថា ស្ថានភាព​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ​មិន​បាន​ជួយ​ដល់​ជោគ​វាសនា​នយោបាយ​របស់​លោក​ទេ»។​

លោក ​Anwar​ ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ឈ្មោះ​ Parti Keadilan Rakyat​ បាន​មាន​ប្រសាសន៍​អះអាង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ​ក្នុង​រាជធានី​គូឡាឡាំពួរ​ កាល​ពី​ថ្ងៃទី​ ២៣​ ខែ​កញ្ញា​ថា លោក​បាន​ប្រមូល​ការ​គាំទ្រ​ពី​សមាជិក​សភា​ «ភាគ​ច្រើន»​ ដើម្បី​ដណ្តើម​ការ​គ្រប់គ្រង​ប្រទេស​ពី​នាយក​រដ្ឋមន្ត្រី​ Muhyiddin Yassin ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី។​

ដើម្បី​សម្រេច​គោលដៅ​នេះ លោក​ Anwar ​ត្រូវ​និយាយ​បញ្ចុះ​បញ្ចូល​ស្តេច​ប្រទេស​ម៉ាឡេស៊ី​គឺ​ ព្រះអង្គម្ចាស់ Sultan Abdullah Sultan Ahmad Sha h​ដែល​មាន​រាជ​សិទ្ធិ​តាម​ច្បាប់​ ក្នុង​ការ​តែងតាំង​ឥស្សរជន​ជំនួស​នាយក​រដ្ឋមន្ត្រី ប្រសិន​បើ​ទ្រង់​មាន​ជំនឿ​ថា​ នាយក​រដ្ឋមន្ត្រី​កំពុង​កាន់​តំណែង​បាត់បង់​ការ​ត្រួតត្រា​នៅ​ក្នុង​សភា ​ដែល​មាន​សមាជិក​ ២២២​ នាក់ ដោយ​មាន​ការ​គាំទ្រ​តិច​ជាង​អ្នក​ប្រជែង។​

លោក​ Anwar មាន​កំណត់​ចូល​គាល់​ព្រះ​រាជា​ កាល​ពីថ្ងៃ​ទី២២​ ខែ​កញ្ញា​ ក៏​ប៉ុន្តែ​អាជ្ញាធរ​រាជវាំង​បាន​លុបចោល​ជំនួប​នេះ ដោយ​និយាយ​ថា​ ព្រះចៅ​ប្រឈួន។ ​នៅ​ពេល​បន្ទាប់​មក​អាជ្ញាធរ​រាជវាំង​បាន​និយាយ​ថា ព្រះ​មហាក្សត្រ​បាន​រើបពី​ការពុល​ព្រះ​ក្រយា​ និង​របួស​ដោយ​ទ្រង់​លេង​កីឡា​ ហើយ​ទ្រង់​នឹង​មិន​ប្រទាន​សវនាការ​ទេ។

នៅ​ពេល​ទ្រង់​ត្រឡប់​មក​ធ្វើ​ការ​វិញទ្រង់​អាច​រំលាយ​សភា​ តាម​ការ​ជំរុញ​របស់​នាយក​រដ្ឋមន្ត្រី​ដែល​នាំ​ឱ្យ​មាន​ការ​បោះឆ្នោត​ទូទៅ។​

នេះ​ជា​ការ​ពិបាក​ដូច​កាល​ដំណាក់​កាល​ទី១ ​របស់​លោក ​Anwar។​

រូបឯកសារ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ថ្លែងនៅវិមានរដ្ឋាភិបាលក្នុងទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ថ្លែងនៅវិមានរដ្ឋាភិបាលក្នុងទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

ការ​ធ្វើ​នយោបាយ​យ៉ាង​ពិបាក​

នៅ​ពេល​នេះ​ពេល​លោក​មាន​អាយុ​ ៧៣ ​ឆ្នាំ​ ​លោក​ Anwar​ បន្ថយ​ឥទ្ធិពល​ជា​និស្សិត​ជ្រុល​និយម​ម្នាក់​ក្នុង​ទសវត្សរ៍​ ១៩៧០​ នៅ​មុន​ពេល​លោក​ចូល​រួម​ក្នុង​គណបក្ស​ United Malays National Organization ​(គណបក្ស​អង្គការជាតិ​ម៉ាឡេស៊ី​រួបរួម) ក្នុង​ឆ្នាំ​ ១៩៨២។

​ពេល​នោះ​លោក​បាន​ឡើង​ឋានៈ​យ៉ាង​លឿនដោយ​បាន​កាន់​តំណែង​មួយ​ចំនួន ​ក្នុង​គណៈ​រដ្ឋមន្ត្រី​ផង​ដែរ​ នៅ​មុន​ពេល​លោក​បាន​ទទួល​តំណែង​ជា​ឧប​នាយក​រដ្ឋមន្ត្រី​ នៅ​ពេល​លោក​ Mahathir Mohamad ​ជា​នាយក​រដ្ឋមន្ត្រីហើយ​លោក​បាន​ត្រូវ​ចាត់​ទុក​ថា​ ជា​អ្នក​បន្ត​តំណែង​ពី​លោក ​Mahathir​ ថែម​ទៀត​ផង។​

ក៏​ប៉ន្តែ​លោក​ Mahathir​ និង​លោក ​Anwar​ បាន​ខ្វែង​គំនិត​គ្នា​អំពី​វិធី​ដោះស្រាយ​វិបត្តិ​ហិរញ្ញ​វត្ថុ​ក្នុង​ទ្វីប​អាស៊ី​ កាល​ពី​ឆ្នាំ​ ១៩៩៧។​ លោក​ Anwar​ បាន​ត្រូវ​ដក​ចេញ​ពី​តំណែង​ កាល​ពី​ឆ្នាំ​ ១៩៩៨​ ហើយ​លោក​បាន​បង្កើត​ចលនា​ Reformasi​ ដែល​ជា​ចលនា​តវ៉ា​របស់​ប្រជារាស្ត្រ​មាន​គោលដៅ​បំបាត់​អំពើ​ពុក​រលួយ​ និង​មិត្ត​ភ័ក្តិ​និយម​ចេញ​ពី​វិស័យ​នយោបាយ​ម៉ាឡេស៊ី។​

បន្តិច​ក្រោយ​មក​លោក ​Anwar​ បាន​ត្រូវ​ចាប់​ខ្លួន ហើយ​មាន​ទោស​ជាប់​ពន្ធនាគារ ​៩ ​ឆ្នាំ​ ពី​បទ​សេព​កាម​ជា​មួយ​មនុស្ស​មានភេទ​ដូច​គ្នា។​ ​លោក ​Anwar​ បាន​និយាយ​ទទូច​ថា​ លោក​គ្មាន​ទោស​ពៃរ៍​អ្វី​ទេ​ ហើយ​តុលាការ​កំពូល​បាន​កែប្រែ​ការ​ដាក់​ទោស​នេះ​ កាល​ពី​ឆ្នាំ ​២០០៤​ ដោយ​បើក​ឱ្យ​លោក​មានសេរីភាព​វិញ។​

នៅ​ពេល​វិល​ត្រឡប់​មក​ដឹកនាំ​នយោបាយ​ប្រឆាំង​នឹង​គណបក្ស​ United Malays National Organization​ នោះ លោក​ Anwar​ បាន​ត្រូវ​ចោទ​ប្រកាន់​ម្តង​ទៀត​ពី​បទ​សេព​កាម​ជា​មួយ​មនុស្ស​មាន​ភេទ​ដូច​គ្នា ​ក្នុង​ឆ្នាំ​ ២០០៨ ហើយ​បាន​រួចទោស​ក្នុង​ឆ្នាំ​ ២០១២។​ ប៉ុន្តែ​ តុលាការ​បាន​កែប្រែ​សាលក្រម​ កាលពី​ឆ្នាំ​ ២០១៤​ ដែល​ថា ​គ្មាន​ទោស​នោះ​ទៅ​ជា​មាន​ទោស​វិញ ហើយ​លោក​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​វិញ។​

ពី​ពន្ធនាគារជោគ​វាសនា​របស់​លោក ​Anwar​ បាន​ល្អ​ប្រសើរ​ម្តង​ទៀត​ នៅ​ពេល​លោក​និង​លោក ​ Mahathir ​ដែល​បាន​ចូល​និវត្តន៍ កាល​ពី​ឆ្នាំ​ ២០០៣ បាន​យល់​ស្រប​គ្នា​ទុក​ការ​ខ្វែង​គំនិត​ដោយ​ឡែក​ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ពុក​រលួយ​របស់​គណបក្ស ​United Malays National Organization​ ដោយ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ទូទៅ ​ក្នុង​ឆ្នាំ​ ២០១៨។​

នៅ​ពេល​លោក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​លោក​ Mahathir​ បាន​ធ្វើ​តាម​ការ​សន្យា​របស់​លោក​ថា ​ធ្វើឱ្យ​មាន​ការ​លើក​លែង​ទោស​ឱ្យ​លោក​ Anwar។​ ក៏​ប៉ុន្តែ​លោក​បាន​រារែក​អំពី​ការ​សន្យា​មួយ​ទៀត​ដែល​ថា ​លោក​នឹង​ប្រគល់​តំណែង​នាយក​រដ្ឋមន្ត្រី​ឱ្យ​លោក ​Anwar​ នៅ​ក្រោយ​ពេល​លោក​កាន់​តំណែង​បាន​ពីរ​ឆ្នាំ។​

ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២០ ​គឺ​មុន​គម្រប់​ពីរ​ឆ្នាំ​ ​លោក​ Muhyiddin​ ដែល​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​របស់​លោក​ Mahathir​ បាន​ជួយ​ក្នុង​ការ​ដណ្តើម​អំណាច​ដែល​នាំ​ឱ្យ​ព្រះ​រាជា​តែងតាំង​លោក​ជា​នាយក​រដ្ឋមន្ត្រី ហើយ​ដឹក​នាំ​គណបក្ស​ United Malays National Organization ​ឱ្យ​មក​កាន់​អំណាច​វិញ ហើយ​រារាំង​លោក​ Anwar ​ជា​ថ្មី​ទៀត​ មិន​ឱ្យ​លោក​ទទួល​បាន​តំណែង​នាយក​រដ្ឋមន្ត្រី។​

ក៏​ប៉ុន្តែអ្នក​វិភាគ​និយាយ​ថា​ លោក​ Anwar​ បាន​បង្ហាញ​ថា លោក​ជា​អ្នក​រស់​រាន​មាន​ជីវិត​ខាង​នយោបាយ​ច្រើន​ដង​មក​ហើយ។​

លោក​ Ahmad Martadha Mohamed ​ជា​សាស្ត្រាចារ្យ​ខាង​វិជ្ជា​រដ្ឋាភិបាល​ នៅ​ឯ​សាកល​វិទ្យាល័យ​ Utara​ ម៉ាឡេស៊ី។​ លោក​យល់​ថា លោក ​Anwar​ បាន​ទទួល​កត្តិសព្ទ​ខាង​សាសនា​ឥស្លាម ​នៅ​ពេល​លោក​ជា​សកម្ម​ជន​និស្សិត​នៅ​ក្នុង​ប្រទេស​មួយ ​មាន​ប្រជារាស្ត្រ​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម។​ លោក​ក៏​បាន​ល្បី​ឈ្មោះ​ដែរ ដោយសារ​លោក​បាន​បង្ហាត់​បង្រៀនអ្នក​ដែល​លោក​ការពារ​ខាង​នយោបាយ ​ហើយ​លោក​បាន​ធ្វើ​ដំណើរ​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា បណ្តា​សម្ព័ន្ធ​មិត្ត​របស់​លោក​កាន់​តំណែង​សំខាន់ៗ​ក្នុង​គណបក្ស។

ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ​ លោក ​Ahmad​ សរសើរ​ខ្លាំង​អំពី​លក្ខណៈ​សម្បត្តិ​ពី​កំណើត ​និង​ទេព​កោសល្យ​ខាង​និយាយ​របស់​លោក Anwar។​

លោក​ Ahmad Martadha Mohamed​ បាន​និយាយ​ថា៖​ «លោក​ Anwar ​ប៉ិន​ប្រសប់​ខាង​ការ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សាធារណ​ជន​ ដោយ​គ្មាន​នរណា​អាច​បដិសេធ​ការណ៍​នេះ​បាន​ទេ។​ លោក​មាន​អំណាច​គ្រប​ដណ្តប់​ នៅ​ពេល​លោក​និយាយ​ចំពោះ​មុខ​សាធារណ​ជន ​ដូច្នេះ​លោក​ទាក់ទាញ​អ្នក​ស្តាប់​ច្រើន​នាក់​ព្រោះ​ហេតុ​នេះ​ហើយ​...​នៅ​ក្រោយ​ឆ្នាំ ១៩៩៨​ នៅ​ពេល​ចលនា​ Reformasi​ បាន​ត្រូវ​បង្កើត​លោក​អាច​ប្រមូល​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​សាមញ្ញ»។​

ប៉ុន្តែ ​ក្រុម​អ្នក​វិភាគ​មិន​ទាន់​ជឿ​បែប​នេះ​ទេ ដោយ​ពួក​គេ​យល់​ថា គុណ​សម្បត្តិ​ទាំង​នេះ​មិន​គ្រប់គ្រាន់​ទេ​ សម្រាប់​ឱ្យ​កលយុទ្ធ​របស់​លោក ​Anwar ​មាន​ជោគជ័យ​នោះ។​

រូបឯកសារ៖ លោក Mahathir Mohamad និងលោក Anwar Ibrahim ជួបគ្នាក្រោយសន្និសីទសារព័ត៌មានមួយនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Mahathir Mohamad និងលោក Anwar Ibrahim ជួបគ្នាក្រោយសន្និសីទសារព័ត៌មានមួយនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

ការប្រកួត​ប្រជែងដើម្បី​អំណាច​

សម្រាប់​អ្នក​ខ្លះ​លោក​ Anwar​ កំពុង​ចងក្រង​សាច់រឿង​ដែល​ចាញ់​ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្តើម​អំណាច។​ ច្រើន​ឆ្នាំ​មក​នេះ លោក​បាន​អះអាង​បី​ដង​ថា ​លោក​មាន​ការ​គាំទ្រ​ពី​សមាជិក​សភា​ភាគ​ច្រើន​ ដើម្បី​ទទួល​តំណែង​នាយក​រដ្ឋមន្ត្រី​ តែ​លោក​គ្មាន​ជោគជ័យ​ម្តង​ណា​ទេ។​

លោក​ James Chin​ ជា​នាយក​វិទ្យាស្ថាន​អាស៊ី​នៃ​សាកល​វិទ្យាល័យ​ Tasmania​ ក្នុង​ប្រទេស​អូស្ត្រាលី។​ លោក​បាន​កត់​សម្គាល់​ថាលោក ​Anwar ​មិន​ទាន់​បង្ហាញ​ឈ្មោះ​សមាជិក​សភា​ ឬ​គណបក្ស​ ដែល​នឹង​បោះបង់​លោក ​Muhyiddin​ ហើយ​គាំទ្រ​លោក​នៅ​ពេល​នេះ​ទេ។​

មាន​សមាជិក​សភា​ខ្លះ​បាន​និយាយ​បដិសេធ​ការ​និយាយ​ស្មានៗ​ថា ពួក​គេ​គាំទ្រ​លោក​ Anwar។​ លោក​ Ahmad Zahid Hamidi ​ប្រធាន​គណបក្ស​ United Malays National Organization​ បាន​និយាយ​ប្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស​ថា សមាជិក​ខ្លះ​របស់​គណបក្ស​លោក​បាន​សម្តែង​ការ​គាំទ្រ​ដល់​លោក​ Anwar តែ​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​ជន​ទាំង​នេះ​ ឬ​ថា​មាន​ប៉ុន្មាន​នាក់​ទេ។​

ការ​បោះឆ្នោត​ក្នុង​រដ្ឋ​ Sabah ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៦ ​ខែ​កញ្ញា​ ប្រហែល​នាំ​ឱ្យ​មាន​ផល​មិន​ល្អ​ដល់​ឱកាស​លោក ​Anwar។ គណបក្ស​នៅ​ក្នុង​ក្រុម​ចម្រុះ​ជាតិ​គ្រប់គ្រង​ប្រទេស​របស់​លោក​ Muhyiddin​ ឬ​សម្ព័ន្ធ​មិត្ត​របស់​ក្រុម​ចម្រុះ​នេះ​បាន​ឈ្នះ​ឆ្នោត ហើយ​ទទួល​បាន​អាសនៈ​ភាគ​ច្រើន ​ក្នុង​ចំណោមអាសនៈចំនួន ​៧៣ ​ក្នុង​អង្គ​នីតិ​បញ្ញត្តិ​ក្នុង​មូលដ្ឋាន ​ដែល​បាន​ត្រូវ​ដាក់​ឱ្យ​ប្រកួន​ប្រជែង។

​លោក ​Chin ​បាន​និយាយ​ថា ​ការណ៍​នេះ​ពង្រឹង​ជំហរ​លោក​ Muhyiddin ​ក្នុង​ការ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ត​ទៅ​ទៀត​ ហើយ​នឹង​ធ្វើ​ឱ្យ​សមាជិក​សភា​ទាំងឡាយ​ណា ​ដែលបាន​គិត​ថា​នឹង​ចាក​ចេញ​ពី​លោក​ទៅ​គាំទ្រ​លោក ​Anwar​ នោះ​ ទំនង​ជា​នឹង​មិន​ចាក​ចេញ​ពី​ក្រុម​ចម្រុះ​ទេ។​

អ្នកស្រី​ Welsh ​នៃ​សាកល​វិទ្យាល័យ​ Nottingham​ បាន​និយាយ​ថា ​ការ​បោះឆ្នោត​ក្នុង​រដ្ឋ​ Sabah​ ផ្តល់​ពេល​បន្តិច​បន្តួច​ប៉ុណ្ណោះ​ឱ្យ​លោក​ Muhyiddin​ ព្រោះ​មានសម្ពាធ​ «ពី​ក្រោយ»​ លើ​រដ្ឋាភិបាល​ឱ្យ​មាន​ការ​បោះឆ្នោត​ទូទៅ​ ហើយ​ក៏​មាន​គំនាប​មិន​តិច​ដែរ​ពី​គណបក្ស​ United Malays National Organization។​

ទោះ​ជា​មាន​សមាជិក​សភា​ភាគ​ច្រើន​វិញ​ក៏​ដោយ ក៏​គណបក្ស​ United Malays National Organization​ បាន​បង្ហាញ​សញ្ញា​នៃ​ការ​រារែក​ក្នុង​ការ​បែងចែក​អំណាច​ជា​មួយ​គណបក្ស​ Bersatu​របស់​លោក ​Muhyiddin​ ដែល​ជា​បក្ស​តូច​ជាង។​

អ្នក​ស្រី ​Welsh​ បាន​ថ្លែង​ថាគណបក្ស ​ United Malays National Organization​ បាន​គិត​គូរ​ថា​ ខ្លួន​អាច​មាន​សំឡេង​គ្រប​ដណ្តប់​វិញ​ ប្រសិន​បើ​មាន​ការ​បោះឆ្នោត​មុន​ពេល​កំណត់​ ហើយ​ប្រហែល​មាន​ក្រុម​សមាជិក​សភា​ប្តូរ​គណបក្ស​ដែល​នាំ​ឱ្យ​គេ​មើល​ឃើញ​ថា​ លោក​ Muhyiddin​ ខ្សោយ។​គណបក្ស​ United Malays National Organization​ នេះ ​មាន​សំឡេង​ច្រើន​លើសលប់​ច្រើន​ទសវត្សរ៍​មក​ហើយ ​រហូត​ដល់​ទទួល​បរាជ័យ​មិន​រំពឹង​ទុក ​កាល​ពី​ឆ្នាំ​ ២០១៨។​

អ្នកស្រី​ Welsh ​បាននិយាយ​ថា៖​ «ក្រុមសមាជិក​នៃ​គណបក្ស​ United Malays National Organization​ ចង់​វិល​មក​កាន់​សំឡេង​លើស​លប់​នៃ​អំណាច​នយោបាយ​វិញ​ ដែល​ពួក​គេ​គ្រប់គ្រង​ទាំង​ស្រុង ហើយ​ពួក​គេ​យល់​ថា ការ​បោះឆ្នោត​អាច​នាំ​ពួក​គេ​មាន​សំឡេង​លើសលប់​នេះ។​ ហើយ​តើ​មាន​វិធី​អ្វី​ល្អ​ជាង​ការ​ធ្វើឱ្យ​រដ្ឋាភិបាល​លោក​ Muhyiddin​ ខ្សោយ​ និង​មាន​អស្ថិរភាព? ​ហើយ​តើ​លោក​អ្នក​ធ្វើ​បែប​ណា?​ គឺមាន​តែ​ឲ្យ​លោក ​Anwar​ ធ្វើការ​នេះ»។

ប្រសិន​បើ​លោក​ Anwar​ ប្រាកដ​ជា​មាន​អ្នក​គាំទ្រ​ច្រើន​ក្នុង​សភា​មែន​ ដើម្បី​ដក​សេចក្តី​ទុកចិត្ត​ពី​លោក​ Muhyiddin​ ដូច​ដែល​លោក​បាន​អះអាង​មែន​នោះ លោក​ត្រូវ​តែ​បញ្ចុះបញ្ចូឡឱ្យ​ព្រះរាជា​ជឿ​លោក​ ទើប​លោក​អាច​ធ្វើ​បាន​ជោគជ័យ។ ​គ្មាន​ការ​ធានា​ថា​ព្រះរាជា​ នឹង​ឱ្យ​លោក​ទៅ​គាល់​ទ្រង់​ទេ។​

បើ​ហេតុ​ការណ៍​ទាំង​អស់​កើត​មាន​មែន​ ហើយ​លោក​ Anwar ​ទទួល​តំណែង​ដែល​លោក​បាន​ស្វះស្វែង​រក​ច្រើន​ទសវត្សរ៍​មក​ហើយ​ នៅ​ក្នុង​អាជីព​នយោបាយ​ដ៏​យូរ​ប្រកប​ដោយ​ការ​បត់បែន​នោះ នោះ​លោក​ Ahmad Martadha Mohamed ​ដែល​ជា​សាស្ត្រាចារ្យ​ខាង​វិជ្ជា​រដ្ឋាភិបាល នៅ​ឯ​សាកល​វិទ្យាល័យ ​Utara Malaysia​ បាន​និយាយ​ថា វា​ជា​«អព្ភូតហេតុ»​មួយ។​

លោក​James Chin ​ដែល​ជា​នាយក​នៃ​វិទ្យាស្ថាន​អាស៊ី​នៃ​សាកល​វិទ្យាល័យ​ Tasmania ​ក្នុង​ប្រទេស​អូស្ត្រាលី​ បាន​ថ្លែង​ថា៖​ «ការ​ទទួល​តំណែង​នាយក​រដ្ឋមន្ត្រី​ដោយ​លោក​ Anwar ​ជា​ការ​វិល​ត្រឡប់​មក​វិញ​ធំ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ប្រទេស​ម៉ាឡេស៊ី​ គឺ​ជា​ជោគ​ជ័យ​មិន​រំពឹងទុក ​ដូច​តួ​ឈ្មោះ​ Rocky​ ដែល​ដែល​ចាញ់​ប្រៀបក្នុង​កុន​រឿង​ Rocky​ បែរ​ជា​ឈ្នះ​វិញ៕​

ប្រែសម្រួល​ដោយឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG