ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​បុរស​ខ្លាំង​នៃប្រទេស​ម៉ាឡេស៊ី​វិលត្រឡប់​ទៅ​កាន់​អំណាច​វិញ​បន្ទាប់​ពី​ជ័យ​ជម្នះ​ដ៏​ភ្ញាក់​ផ្អើល​មួយ


លោក Mahathir Mohamad ញញឹម​ក្នុង​សន្និសីទ​កាសែត​​មូួយ​ក្នុង​ទីក្រុង​ Kuala Lumpur ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១០ ខែ ឧសភា ឆ្នាំ ២០១៨។
លោក Mahathir Mohamad ញញឹម​ក្នុង​សន្និសីទ​កាសែត​​មូួយ​ក្នុង​ទីក្រុង​ Kuala Lumpur ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១០ ខែ ឧសភា ឆ្នាំ ២០១៨។

លោក Mahathir Mohamad ​អតីត​មេដឹកនាំ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ស្បថ​ចូល​កាន់​ដំណែង​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ជានាយក​រដ្ឋមន្រ្តី​ទី​៧​របស់​ម៉ាឡេស៊ី​បន្ទាប់​ពីជ័យ​ជម្នះនៅ​ក្នុងការ​បោះ​ឆ្នោតដ៏​ភ្ញាក់​ផ្អើល​មួយ​កាល​ពី​មួយ​ថ្ងៃ​មុន ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជាមេដឹកនាំ​ដ៏​ចាស់​ជាង​គេ​បំផុត​របស់​ពិភព​លោក។

អតីត​នាយក​រដ្ឋ​មន្រ្តី​ដែល​មាន​អាយុ​៩២​ឆ្នាំ​រូប​នេះ​បាន​ត្រូវគេ​ស្គាល់​ថាជាមេដឹក​នាំផ្តាច់ការ ​ហើយក្រុម​ចម្រុះរបស់​លោក​ដែល​ជា​គណបក្ស​ប្រឆាំង​ដែល​មាន​ឈ្មោះ​ថា ​សម្ព័ន្ធភាព​នៃ​ក្តី​សង្ឃឹម ឬ Alliance of Hope បាន​ផ្តួល​រំលំ​គណបក្ស​ចម្រុះ Barisan Nasional របស់​នាយក​រដ្ឋមន្រ្តី Najib Razak ដែល​បាន​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​ចាប់​តាំង​ពី​ប្រទេស​នោះ​បាន​ក្លាយ​ជា​ប្រទេស​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៧​មក។

ពិធី​នៅឯ​វិមាន​រដ្ឋ​ផ្លូវការ​ក្នុង​រាជ​ធានី Kuala Lumpurបាន​បញ្ចប់​មន្ទិល​សង្ស័យនៅ​ពេល​ដែល​ពាក្យ​ចចាម​អារ៉ាម​បានផ្សព្វផ្សាយ​ថា ​គណបក្ស​ចម្រុះ Barisan Nasional នឹង​ព្យាយាម​រក្សា​ការត្រួតត្រា​អំណាច​របស់​ខ្លួន។

លោក Mahathir ​ដែល​ស្លៀក​សម្លៀក​បំពាក់​អាវធំ​ពណ៌ខ្មៅ​និង​សារ៉ុង​តាមបែប​ប្រពៃ​ណី​និង​មួក​កាតឹប​ឥស្លាម​បាន​ស្បថ​ចូលកាន់​ដំណែង​ជា​ផ្លូវការ​ដោយ​មាន​ការចូលរួម​ពី​ព្រះ​មហាក្សត្រ Sultan Muhammad នៅ​ក្នុង​ពិធី​មួយតាម​បែបប្រពៃណីឥស្លាម​ម៉ាឡេ​ដែល​មាន​រាប់​សតវត្សរ៍​មក​ហើយ។

លោក Mahathirបាន​ថ្លែង​នៅ​ក្នុង​បន្ទប់​មួយ​ដែល​មានការ​តុបតែង​យ៉ាង​ល្អ​ដែល​បាន​ឡោម​ព័ទ្ធ​ទៅ​ដោយ​សម្ព័ន្ធមិត្ត​ខាង​នយោបាយ​និង​មន្ត្រី​ជាន់​ខ្ពស់រដ្ឋាភិបាល​ថា «ខ្ញុំ Mahathir Mohamad ​ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ជានាយករដ្ឋ​មន្រ្តី សូមស្បថ​បំពេញ​ការងារ​របស់​ខ្ញុំ​ឲ្យ​អស់​ពីសមត្ថភាព​ ​ហើយ​ខ្ញុំ​នឹង​ស្មោះត្រង់​ចំពោះ​ប្រទេស​ម៉ាឡេស៊ី​ហើយ​នឹងថែរក្សា​និង​ការពារ​រដ្ឋធម្មនុញ្ញ‍»។

ពលរដ្ឋ​ម៉ាឡេស៊ី​រាប់​រយនាក់​បានឈរតម្រង់​ជួរ​នៅ​តាម​ដងផ្លូវ​ឆ្ពោះ​ទៅកាន់វិមាន​មុនពេល​ពិធី​ចាប់​ផ្តើមដោយ​មាន​ការ​គ្រវីទង់​ជាតិ​គណបក្ស​និង​ស្រែក​អបអរ​សាទរ។

លោក Najib បានសុខ​ចិត្ត​ទទួល​ចាញ់​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដោយ​និយាយ​ថា ​លោក​និង​សហការី​របស់​លោក​បាន​សុខ​ចិត្ត​ទទួល​យកការ​សម្រេច​របស់​ប្រជា​ពលរដ្ឋ។

លោក​ស្រី Heather Nauert អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​ស្វាគមន៍​ប្រជា​ពលរដ្ឋ​ម៉ាឡេស៊ី​ចំពោះ​ការ​បោះ​ឆ្នោត​នេះ​ដោយ​និយាយថា ​ពួកគេ​បាន​ចូលរួម​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី​ក្នុង​ចំនួន​យ៉ាង​ច្រើន​ហើយ​នឹង​ប្រកប​ដោយ​ការសាទរ។

​ពួក​អ្នក​ជំនាញ​បាន​រំពឹង​ថា ​គណបក្សចម្រុះ Barisan Nasional ​នឹង​ចាញ់​ចំនួន​សន្លឹកឆ្នោតក៏ប៉ុន្តែ ​នៅ​តែ​រក្សា​ការ​ត្រួតត្រានៅសភា​។

ការបរាជ័យ​របស់​លោក Najib បណ្តាល​មក​ពី​ការ​យក​ពន្ធដារ​លើ​ការ​លក់​ទំនិញ​ដែលបាន​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅតំបន់​ដាច់​ស្រ​យាលនិង​រឿងអាស្រូវ​ពុករលួយ​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដែល​រងការ​ចោទ​ប្រកាន់​ពី​ការ​លួច​មក​ពីមូលនិធិ​វិនិយោគទុន​របស់​រដ្ឋ​ដែល​លោក​ត្រួត​ត្រា។ ​លោក​បាន​បដិសេធ​ថា ​លោក​ពុំ​បាន​ធ្វើ​អ្វី​ខុស​ទេ។

លោក Mahathir បាន​និយាយថា ​លោក​មិន​ស្វះស្វែង​រកការ​សងសឹក​ប្រឆាំង​នឹង​គូប្រកួត​ប្រជែង​ខាង​នយោបាយ​របស់​លោក​ទេ ក៏ប៉ុន្តែ ​បាន​សន្យាស្តារច្បាប់​និង​សណ្តាប់​ធ្នាប់​ឡើង​វិញ។

​លោក Mahathir ​បាន​ដឹកនាំ​ប្រទេស​ម៉ាឡស៊ី​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​២០០៣។ លោក​មាន​កិត្តិស័ព្ទ​ដោយ​ការធ្វើ​ឲ្យ​សេដ្ឋ​កិច្ចជឿនលឿន​ក្នុង​ប្រទេស​ម៉េឡេស៊ី។ ក៏ប៉ុន្តែ ​ជន​ជាតិ​ម៉ាឡេស៊ី​ជា​ច្រើន​នៅ​តែ​មាន​ការរកាំ​ចិត្ត​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​និយាយ​ថា ការ​ធ្វើ​បាប​របស់​លោក Mahathir លើ​ពួក​ប្រឆាំង​និងការ​កៀបសង្កត់​លើ​សេរីភាព​នៃការ​និយាយ​ស្តី៕


XS
SM
MD
LG