លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩២ ឆ្នាំ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយលោកបានឈ្នះការបោះឆ្នោតរដ្ឋសភាកាលពីថ្ងៃពុធម្សិលមិញ។
លោក Mahathir និងសម្ព័ន្ធភាពគណបក្សប្រឆាំងរបស់លោកដែលហៅថា «សម្ព័ន្ធភាពនៃក្ដីសង្ឃឹម» បានឈ្នះគណបក្សសម្ព័ន្ធភាពរណសិរ្សជាតិ ដែលជាគណបក្សមួយដែលដឹកនាំប្រទេសម៉ាឡេស៊ីតាំងពីប្រទេសនេះទទួលបានឯករាជ្យកាលពីឆ្នាំ ១៩៥៧ មកម្ល៉េះ។
លោកនាយករដ្ឋមន្ត្រី Najib Razak ព្រមទទួលយកការបរាជ័យនៅថ្ងៃព្រហស្បតិ៍នេះ ដោយបាននិយាយថា លោក និងសហសេវិករបស់លោក «ទទួលស្គាល់ការសម្រេចរបស់ប្រជាពលរដ្ឋ»។
លោក Najib បាននិយាយថា គ្មានគណបក្សណាមួយឈ្នះអាសនៈភាគច្រើនលើសលប់នោះទេ ហើយវាអាស្រ័យលើព្រះមហាក្សត្រម៉ាឡេស៊ីក្នុងការតែងតាំងនាយករដ្ឋមន្ត្រីបន្ទាប់។
លោក Mahathir បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា លោករំពឹងថានឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Heather Nauert បានអបអរសាទរប្រជាពលរដ្ឋម៉ាឡេស៊ី សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងការបោះឆ្នោត។ លោកស្រីបាននិយាយថា គ្រប់គណបក្សទាំងអស់ និងប្រជាពលរដ្ឋគ្រប់ប្រភេទទាំងអស់ «បានចូលរួមនៅក្នុងដំណើរការបោះឆ្នោតក្នុងចំនួនយ៉ាងច្រើនដោយសន្តិវិធី និងពោរពេញដោយទឹកចិត្តក្លៀវក្លា»។
លោក Mahathir ធ្លាប់បានដឹកនាំប្រទេសម៉ាឡេស៊ីពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣។ លោកត្រូវបានគេសរសើរដោយសារការកសាងសេដ្ឋកិច្ចម៉ាឡេស៊ីឲ្យបានរីកចម្រើន។ ប៉ុន្តែ ប្រជាពលរដ្ឋម៉ាឡេស៊ីភាគច្រើននៅតែឈឺចាប់ចំពោះអ្វីដែលពួកគេហៅថា ជាទង្វើឃោរឃៅរបស់លោក ដែលធ្វើចំពោះក្រុមអ្នកប្រឆាំង និងបង្ក្រាបលើសេរីភាពបញ្ចេញមតិ៕