ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនយោបាយ​ខ្មែរ​ខ្វែង​គំនិត​គ្នា ចំពោះ​ការឈ្នះ​ឆ្នោត​របស់​អតីត​បុរស​ខ្លាំង​នៅ​ម៉ាឡេស៊ី


លោក Mahathir Mohamadនាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី (កណ្តាល) គ្រវីដៃ​ទៅ​កាន់​ហ្វូង​មហាជន គ្រាដែល​លោក​ចាកចេញ​ពី​ព្រះវិហារ​ជាតិ ក្រោយពី​ថ្វាយ​បង្គំ​ព្រះ​នៅ​ថ្ងៃសុក្រ ក្នុង​ទីក្រុង គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨។
លោក Mahathir Mohamadនាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី (កណ្តាល) គ្រវីដៃ​ទៅ​កាន់​ហ្វូង​មហាជន គ្រាដែល​លោក​ចាកចេញ​ពី​ព្រះវិហារ​ជាតិ ក្រោយពី​ថ្វាយ​បង្គំ​ព្រះ​នៅ​ថ្ងៃសុក្រ ក្នុង​ទីក្រុង គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨។

គណបក្ស​ប្រឆាំង​ដែល​រដ្ឋាភិបាល​បាន​រំលាយ​ចោល​សង្ឃឹម​ថា ខ្លួន​អាច​យក​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ បន្ទាប់ពី​ឃើញ​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​និយាយ​ថា គណបក្ស​​សង្រ្គោះ​ជាតិ​មិន​អាច​ធ្វើ​បាន​ដូច​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ទេ ពី​ព្រោះ​គណបក្ស​នេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​សាទរ​ ​ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្នុងការ​បោះឆ្នោត​កាលពី​ពេល​ប៉ុន្មាន​ថ្ងៃ​មុន។ លោក សម រង្ស៊ី អះអាង​ថា​ គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ក៏​អាច​ទទួល​បាន​ជ័យ​ជម្នះ​ដូច​គណបក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​ ប្រសិនបើ​គណ​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ។ លោក សម រង្ស៊ី​ ​បាន​ប្រកូក​ប្រកាស​ឲ្យ​ម្ចាស់​ឆ្នោត​កុំ​ទៅ​បោះឆ្នោត​ដើម្បី​យក​ជ័យ​ជំម្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន។ តែ​អ្នកនាំ​ពាក្យ​គណបក្ស​អំណាច​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​រស់​ឡើង​វិញ​ឡើយ ហើយ​ក៏មិន​មាន​ការលើក​ពេល​សម្រាប់​ការបោះឆ្នោត​នោះ​ដែរ។

លោក សុខ ឥសាន សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​របស់​ប្រទេស​កម្ពុជាមិន​បាន​សាទរ​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​ក្នុង​ការ​បោះឆ្នោត​ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ​ ​ហើយ​ក៏បាន​ចំអកលោក​ ​សម រង្ស៊ី​ អតីត​មេដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ថា មិន​គួរ​ប្រើ​ការ​ប្រែប្រួល​នយោបាយ​នៅ​ម៉ាឡេស៊ី​ ​មក​បោក​បញ្ឆោត​ប្រជាពល​រដ្ឋនៅ​កម្ពុជា​នោះ​ឡើយ។​

នៅ​ក្នុង​កម្មវិធី​ ​Hello VOA​ ​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍លោក​ ​សម រង្ស៊ី​ ​បាន​ថ្លែងពី​ជោគ​ជ័យ​របស់​ ​Mahathir Mohamad​ ​ដែល​បាន​បញ្ចប់​ការ​គ្រប់​គ្រង​ប្រទេស​របស់​គណបក្ស​កាន់​អំណាច​មានរយៈ​ពេល​៦០ឆ្នាំ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

«នៅប្រទេស​ម៉ាឡេស៊ី​ ​គណបក្ស​ប្រឆាំង​ទើប​តែ​បាន​ឈ្នះឆ្នោត​ យ៉ាង​គគ្រឹក​គគ្រេង​ ​គ្មាន​នរណា​នឹកស្មាន​ថា​ គណបក្ស​ប្រឆាំង​អាច​ឈ្នះ​ឆ្នោត​ ហើយ​នាំមក​នូវការ​ផ្លាស់​ប្តូរ​ជាវិជ្ជមាន​ ដូច​នៅប្រទេស​ម៉ាឡេស៊ី​ទេ​ ហើយ​ខ្ញុំជឿថា​ ប្រទេស​កម្ពុជា​ក៏ដូច​គ្នា​អ៊ីចឹង​ដែរ​។ បើប្រទេស​មួយ​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ស្រុក​យើង នៅក្បែរ​ស្រុក​យើង​ គេយក​ ដណ្តើម​បាន​ការ​ផ្លាស់​ប្តូរ​ បញ្ចប់​អំណាច​ផ្តាច់​ការ​ ដែល​កាន់​អំណាច​៦០ឆ្នាំ​នៅប្រទេស​ម៉ាឡេស៊ី​ រឿងអី​យើង​ធ្វើមិន​បាន​ យើង​ត្រូវ​តែ​បញ្ចប់​ អំណាច​ផ្តាច់​ការ​នៅប្រទេស​កម្ពុជា​ ដែល​កាន់​អំណាច​៣៩ឆ្នាំ​បាទ»។​

រូបឯកសារ៖ លោក សុខ ឥសាន ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា និង​ជាបេក្ខជនសមាជិក​ព្រឹទ្ធសភា បាន​ថ្លែង​ទៅកាន់​សមាជិកក្រុមប្រឹក្សា​ឃុំក្នុង​ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុង​យុទ្ធនាការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ លោក សុខ ឥសាន ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា និង​ជាបេក្ខជនសមាជិក​ព្រឹទ្ធសភា បាន​ថ្លែង​ទៅកាន់​សមាជិកក្រុមប្រឹក្សា​ឃុំក្នុង​ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុង​យុទ្ធនាការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​បាន​គ្រប់​គ្រង​ប្រទេស​ជាង​ ​៤០​ឆ្នាំ​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​ ​សម រង្ស៊ី​ដែល​បច្ចុប្បន្ន​ជាមេ​ដឹក​នាំ​ចលនា​សង្គ្រោះជាតិ​នោះ​ ​មិន​អាច​ភ្ជាប់​ស្ថានភាព​នយោបាយ​ ​និង​សង្គម​របស់​ប្រទេស​ម៉ាឡេស៊ី​ ​ជា​មួយ​ប្រទេស​កម្ពុជា​បាន​ទេ។​

អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ បាន​ហៅ​លោក​ ​សម រង្ស៊ី​ ​ជា​អ្នក​នយោបាយ​ដែល​បរាជ័យ​ និង​មិន​ព្រម​ទទួល​សា្គល់​ការពិត​ថា​ ​គណបក្ស​របស់​លោកបាន​ស្លាប់​បាត់​ទៅហើយ​ មិន​អាច​ប្រៀប​ប្រដូច​នឹង​គណបក្ស​ប្រឆាំង​របស់​លោក​ ​Mahathir​ ​បាន​ទេ។​

«គាត់​ប​ក្សប្រឆាំង​មែន​ តែ​បក្សប្រឆាំង​មិនមែន​ដូចបក្សប្រឆាំង​លោក Mohamad​ ឯណា​ ព្រោះបក្ស​ប្រឆាំង​គាត់​ងាប់​បាត់​ទៅហើយ​ហ្នឹង​ តែរក​ចូល​បោះឆ្នោត​មិនបាន​ផង ហើយ​រឿង​អី​មក​កាន់​អំណាច រឿងអីមក​ឈ្នះ​ឆ្នោត​ បើ​អត់​បាន​ចូលរួម​បោះឆ្នោត​ផង​ហ្នឹង​ នែ៎!អាហ្នឹង​ វាៗ​ ខុស​គ្នាដាច់​តាហ្មង​ណ៎ា​បាទ​ ហើយ​សម រង្ស៊ី​ គាត់​មិនមើល​ឃើញអាដេញ​សភាពការណ៍​ពិត​ជាក់​ស្តែង​ គាត់​មិន​ទទួលស្គាល់​ការពិត​បាទ»។ ​

លោក​ ​Mahathir Mohamad​ ​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ ៩២ ឆ្នាំ​ ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ ​ដោយ​លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​រដ្ឋសភា​កាល​ពី​ថ្ងៃ​ពុធ​កន្លងទៅថ្មីៗនេះ។ ​

លោក​ ​សុខ ឥសាន​ ​ថ្លែង​ថា​ ​ជ័យជម្នះ​របស់​លោក​ ​Mahathir​ ​បាន​មក​ពីរឿង​អាស្រូវ​របស់​លោក​ នាយក​រដ្ឋមន្រ្តី​ Najib Razak​ ដែលបាន​រក​ចោទថា​ មានការ​ប្រព្រឹត្ត​អំពើពុក​រលួយ​នៅ​ពេល​កាន់​អំណាច​។ លោកថា​ ការ​អធិប្បាយ​របស់​លោក​សម រង្ស៊ី​ ដែលថា​ គណបក្ស​ប្រឆាំង​នៅ​កម្ពុជានឹង​ឈ្នះការ​បោះឆ្នោត​ដែរនោះ​ គ្រាន់តែ​ជា​ក្រឡៃ​ស្ថានការណ៍​ ដើម្បីទិញទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ។​លោក​បន្តថា​ លោក​ ​សម រង្ស៊ី​ ​ក៏ធ្លាប់ធ្វើ​ការប្រៀបធៀប​ពី​ជោគជ័យ​របស់​អ្នកស្រី​អង់​ សានស៊ូជីនៅ​ប្រទេស​ភូមា​ មក​កម្ពុជា​ផងដែរ​ ដោយ​បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​វិលមក​កម្ពុជា​វិញ​ តែ​អ្វីៗ​មិន​បាន​ក្លាយជា​ការពិត​ឡើយ។ ​

«សួរ​ថា​មាន​ទេ​ មាន​បាន​ផលប្រយោជន៍​អីទេ? ដែល​គាត់​ចម្លង...យកគំរូ​តាម​លោក​ស្រី​អង់​ សាន​ស៊ូ​ជី​ហ្នឹង ហើយ​កម្មករ​ភូមា​ដែលមក​ធ្វើ​ការ​នៅថៃ​បាន​៣០០ដុល្លារ​ក្នុង​មួយ​ខែ​ សួរថា​គាត់​សុខ​ចិត្ត​វិល​ត្រឡប់​ទៅយក​អា​៨០ដុល្លារ​វិញ​នៅភូមា​ទេ​ វាអត់​មាន​ទេ​។ អ៊ីចឹង​ទេ​សម រង្ស៊ីនេះ​ គឺថា​ សុទ្ធតែ​ជា​រឿង​ឆ្លៀត​ឱកាស​ ដើម្បី​បោក​បញ្ឆោត​ប្រជាជន​ឲ្យ​យល់​ច្រឡំ​ហើយ​បាទ។​ អ៊ីចឹង​ទេ​ វា​មិន​អាច​ផ្សា​ភ្ជាប់​សភាពការណ៍​ម៉ាឡេ​ជាមួយនឹង​កម្ពុជា​បានទេ»។

លោក​ ​សម រង្ស៊ី​ មេដឹកនាំ​ចលនា​សង្គ្រោះជាតិ​ ​ដែល​រស់នៅ​និរទេស​ឯ​ប្រទេស​បារាំង​ ​បាន​ប្រាប់កម្មវិធី​ ​Hello VOA​ ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ទៀត​ថា​ ​លោក​ ​ហ៊ុន សែន​ ​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ទាល់​ប្រាជ្ញា​ ​ដោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​កាលពី​ឆ្នាំ​មុន។​ ​លោក​ថា​ ​ការណ៍​នេះ​ នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មិនទទួល​ស្គាល់​ភាពស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ ប្រើ​សិនបើ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ ធ្វើ​ឡើង​ដោយគ្មាន​ការ​ចូលរួម​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ។​ ​លោក​ចាត់​ទុក​ការ​បោះឆ្នោត​ ​ដោយ​គ្មាន​បក្ស​ប្រឆាំង​គឺ​ជា​ការបោះឆ្នោត​ក្លែង​ក្លាយ​ ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំទៅបោះឆ្នោត​ ដើម្បី​បញ្ចប់​អំណាច​លោក​ហ៊ុន សែន។

«ត្រូវ​ដឹងថា​ទៅ​បោះឆ្នោត​ គឺ​ចាញ់​ការបញ្ឆោត​ នៅផ្ទះ​គឺ​ឈ្នះ​ឯង​ ពីព្រោះ​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ គឺ​ភ្លាត់​ស្នៀត​ហើយ​ ភ្លាត់​ស្នៀត​ គាត់​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ គាត់​នឹក​ស្មាន​ថា​ ប្រជា​ពលរដ្ឋ​នឹង​បំភ្លេច​ចោល​គណបក្ស​សង្គ្រោះជាតិ អ៊ីចឹង​គាត់​ទៅរៀបចំ​ការ​បោះឆ្នោត​មួយដែល​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ គាត់​នឹកស្មាន​តែ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នឹង​ឈ្លោះ​គ្នា​ នឹងបែក​គ្នា​ សម្លុត​ខ្លាចគេ​ ទិញ​លក់​ឧត្តម​គតិ​ឲ្យគេ​ តែខុស​ស្រឡះ​ គណបក្ស​សង្គ្រោះជាតិ​ គឺ​នៅតែ​រស់​រវើក​ ក្នុង​បេះដូង​ប្រជារាស្ត្រ​ខ្មែរ​ យើង​ប្រកាន់​ជំហរ​របស់​យើង​ដដែល​ សម្លុត​អត់​ខ្លាច ទិញ​អត់​លក់​ បំបែក​អត់​បែក»។​

លោក​ ​សុខ ឥសាន​ ​ឆ្លើយតបនឹង​លោក​ ​សម រង្ស៊ី ​វិញ​ដោយ​ភាសា​ចំអក​បន្តទៀត​ថា​ អតីត​មេបក្ស​ប្រឆាំង​ដែល​បរាជ័យ​រូប​នេះ កំពុង​ក្លាយជា​គ្រូទាយ​ សម្រាប់​ជោគ​វាសនា​ក្រុម​អ្នកនយោបាយ​ជំទាស់។

«អាហ្នឹង​គាត់​ថា​ទេ​ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​ជឿតាម​គាត់​ឯណា​ អាហ្នឹង​គាត់​ថា​ ​ បើ បើ បើនៅ​ផ្ទះ​ឈ្នះ​ឯងនែ៎ នៅ​ផ្ទះ​ឈ្នះ​ឯង​ អាហ្នឹង​គេៗ​ចង់​ធ្វើអាដេញ​របៀប​កំណាព្យ​ណ៎ា​ ដល់​ដើរ​វាគ្រប់​ទិសទី​ទៅអត់​បាន​ផលប្រយោជន៍​អី​ អាហ្នឹង​អង្គុយ​លើ​តុ​នែ៎ទាយហើយ​ឥឡូវនេះ​ វា​ចូលដល់​គ្រូទាយ​ហើយបាទ​ វា​អស់​ផ្លូវដើរ​ទៅ​ហើយ»។​

លោក​ ​សុខ ឥសាន​ ​អះអាង​បន្ថែម​ថា​ គ្មាន​ការ​លើកពេល​នោះ​ឡើយ​ សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី​២៩ ខែ​កក្កដា​ ឆ្នាំ​ ២០១៨ ហើយ​ថាលោក​សម រង្ស៊ីបាន​ប្រមាថ​ដល់​គណបក្ស​ផ្សេងៗ​ដែល​មាន​សិទ្ធិ​ចូល​រួម​បោះឆ្នោត​ ចំពោះ​អ្វី​ដែល​លោក សម រង្ស៊ី​ ចាត់​ទុក​គណបក្ស​តូចៗ​ទើប​បង្កើតថ្មី​នោះ​ថា​ជា​សត្វ​អំពិល​អំពែក​នោះ។​

​បើទោះជា​អ្នកនយោបាយ​ខ្មែរ​ ខ្វែង​គំនិតគ្នា​ចំពោះ​ជោគជ័យ​ ដែល​គេ​មិននឹក​ស្មាន​ដល់​របស់​លោក​Mahathirអតីត​បុរស​ខ្លាំង​របស់​ប្រទេស​ម៉ាឡេស៊ី​យ៉ាង​ណាក្តី ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ចូលរួម​អបអរ​សាទរ​អស់ពី​ដួងចិត្ត​ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំងក្នុង​ការ​បោះឆ្នោត​ជាលក្ខណៈ​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​ម៉ាឡេស៊ី។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ ហៅ​កាត់ថា​ (APHR) ​ដែល VOA បាន​ទទួល​នៅ​ថ្ងៃ​សុក្រ​នេះ។

សេចក្តី​ប្រកាស​នោះត្រូវ​បាន​សរសេរ​តាម​ន័យ​ដើមថា៖ «ទោះបីជា​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន និង​ការ​ប្រឈម​ផ្សេងៗ​ ដែល​បាន​បន្ទុចបង្អាក់​ការ​បោះឆ្នោត​មិន​ឲ្យ​មាន​ការប្រកួត​ប្រជែង​ដោយ​សេរី​ និង​យុត្តិធម៌​ពេញលេញ​ក៏ដោយ​ចុះ​ ​យើង​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​ ហើយ​ទីបំផុត​ទៅ​ការណ៍​នេះ បាន​ឆ្លុះ​បញ្ចាំងពី​ឆន្ទៈ​របស់​ប្រជាជន​ម៉ាឡេស៊ី»។

លោក​ ​Mahathir Mohamad​ ​អតីត​នាយក​រដ្ឋ​មន្រ្តីត្រូវគេ​ស្គាល់​ថា ជា​មេដឹកនាំ​ផ្តាច់ការ ​ហើយ​ក្រុម​ចម្រុះ​របស់​លោក​ដែល​ជា​គណបក្ស​ប្រឆាំង​ដែល​មាន​ឈ្មោះ​ថា ​សម្ព័ន្ធភាព​នៃ​ក្តី​សង្ឃឹម ឬ Alliance of Hope បាន​ផ្តួល​រំលំ​គណបក្ស​ចម្រុះ Barisan Nasional របស់​នាយក​រដ្ឋមន្រ្តី Najib Razak ដែល​បាន​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​ចាប់​តាំង​ពី​ប្រទេស​នោះ​បាន​ក្លាយ​ជា​ប្រទេស​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៧​មក។​

លោក​នាយក​រដ្ឋមន្ត្រី​ ​Najib Razak​ ​ព្រម​ទទួល​យក​ការ​បរាជ័យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​និយាយ​ថា លោក​និង​សហសេវិក​របស់​លោក​ ​«ទទួល​ស្គាល់​ការ​សម្រេច​របស់​ប្រជាពលរដ្ឋ»។

លោក​ ​Mahathir Mohamad ​អតីត​មេដឹកនាំ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ស្បថ​ចូល​កាន់​ដំណែង​នៅ​ថ្ងៃ​ព្រហ​ស្បត៍​ជានាយក​រដ្ឋមន្រ្តី​ទី​៧​របស់​ម៉ាឡេស៊ី​បន្ទាប់​ពីជ័យ​ជម្នះរបស់​គណបក្ស​ប្រឆាំង​។ ក្នុងវ័យ​៩២ឆ្នាំ​ ​លោក​ក្លាយ​ជាមេដឹកនាំ​ដ៏​ចាស់​ជាង​គេ​បំផុត​របស់​ពិភព​លោក​។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោកស្រី Heather Nauert បាន​អបអរសាទរ​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ ​សម្រាប់​ការ​ចូលរួម​របស់​ពួកគេ​នៅ​ក្នុង​ការ​បោះ​ឆ្នោត។ លោកស្រី​បាន​និយាយ​ថា​ ​គ្រប់​គណបក្ស​ទាំង​អស់ និង​ប្រជាពលរដ្ឋ​គ្រប់​ប្រភេទ​ទាំង​អស់​ ​«បាន​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ក្នុង​ចំនួន​យ៉ាង​ច្រើន​ដោយ​សន្តិវិធី និង​ពោរពេញ​ដោយ​ទឹក​ចិត្ត​ក្លៀវក្លា»។​

លោក Mahathir ធ្លាប់​បាន​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣។​ ​លោក​ត្រូវ​បាន​គេ​សរសើរ​ដោយ​សារ​ការ​កសាង​សេដ្ឋកិច្ច​ម៉ាឡេស៊ី​ឲ្យ​បាន​រីក​ចម្រើន។​ ​ប៉ុន្តែ ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ភាគ​ច្រើន​នៅ​តែ​ឈឺចាប់​ចំពោះ​អ្វី​ដែល​ពួកគេ​ហៅ​ថា ជា​ទង្វើ​ឃោរឃៅ​របស់​លោក​ ​ដែល​ធ្វើ​ចំពោះ​ក្រុម​អ្នក​ប្រឆាំង​ ​និង​បង្ក្រាប​លើ​សេរីភាព​បញ្ចេញ​មតិ៕

XS
SM
MD
LG