ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរក​ឃើញ​ចុង​ក្រោយ​នៃ​ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំ​ក្នុង​តំបន់​មេគង្គ​បង្ហាញ​ពី​កម្សោយ​នៃ​ការ​ប្រឆាំង​មេរោគ​គ្រុន​ចាញ់​ថ្មី​ឈ្មោះ​ ​Superbug


រូបឯកសារ៖ អ្នក​ជំងឺគ្រុនចាញ់​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅខេត្តប៉ៃលិន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៩។
រូបឯកសារ៖ អ្នក​ជំងឺគ្រុនចាញ់​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅខេត្តប៉ៃលិន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៩។

មេរោគ​ ​superbug​ ​ដំបូង​ឡើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​ ​២០០៨​នៅ​ប្រទេស​កម្ពុជា​ ដែល​ឥឡូវ​បាន​រីក​រាល​ដាល់​ទៅ​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ប្រទេស​ វៀតណាម ថៃ​ និង​ប្រទេស​ឡាវ។​

លោក​ ​សោម អូន​ ​បាន​ឆ្លង​ជំងឺ​គ្រុន​ចាញ់​ បន្ទាប់​ពី​លោក​បាន​មក​តាំង​ទីលំនៅនៅ​ក្នុង​ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​ កាល​ពី​ឆ្នាំ​២០0២។​ បួនឆ្នាំ​ក្រោយ​មក​ កូនៗ​របស់​លោក​ចំនួន​ពីរនាក់​ បាន​ឆ្លងជំងឺ​នេះ​ផង​ដែរ។​

បុរសវ័យ​ ​៤២ឆ្នាំ​រូប​នេះ ​បាន​ប្រាប់​ ​VOA​ ​ថា​ ​កូនប្រុស​របស់​លោក​ គឺ ​សោម​ អាន​ អាយុ​ ១៩​ឆ្នាំ​ និង​កូនស្រី​ សោម​ ស្រីណា​ អាយុ​១២​ឆ្នាំ​ បាន​បន្ត​ឆ្លង​ជំងឺ​គ្រុនចាញ់​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ​ ដោយ​សារ​គ្មាន​ការ​ព្យាបាល​ដែល​អាច​ឲ្យ​ជា​សះស្បើយ​បាន​នោះ​ឡើយ។​

«ជំងឺ​ហ្នឹង​ដូចមិន​ដាច់​ទេ​លោកគ្រូ​ ជួនកាល​ទៅ​ បាន​មួយ​ខែ​អីចឹង​ ពីរខែ​ក្រោយ​ទៀត​ ឈឺ​វិញ​ហើយ​»។

លោក​បាន​បន្ថែម​ថា​ កូនៗ​របស់​បាន​បង្ហាញ​អាការៈ​គ្រុន​ និង​រងា​ញ័រញាក់​ខ្លាំង។​

កូនៗ​លោក​ ​សោម អូន​ ​ដែល​ធ្វើការ​នៅ​ក្នុង​ចំការ​ចេក​ជា​ញឹកញាប់​ ​បាន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព។​ ​លោក​បាន​និយាយ​ថា​ កូនៗ​របស់​លោក​អាច​បាន​ធូរស្រាល​ពី​ជំងឺ​ក្នុង​រយៈពេល​ណា​មួយ​បន្ទាប់​ពី​ការ​លេបថ្នាំ​ តែ​ក្រោយ​មក​ពួក​គេ​ត្រូវ​តែ​ទៅ​មន្ទីរពេទ្យ​ ប្រសិនបើ​ស្ថានភាព​ជំងឺ​របស់​ពួកគេ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។​ ​លោក​បាន​លើក​ឡើង​ថា​ គ្រួសារ​លោក​មិន​ហ៊ាន​ទៅ​មន្ទីរពេទ្យ​ញឹក​ញាប់​នោះឡើយ​ ព្រោះ​ការ​ចំណាយ​គឺ​ខ្ពស់​ពី​ចំនួន​ ២០០.០០០រៀល​ ទៅ​ ​៣០០.០០០រៀល​ (ឬ​ប្រមាណ​ពី​ ៥០​ដុល្លារ​ ទៅ​ ​៧៥ដុ​ល្លារ)។​

ក្រុម​អ្នក​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើ​ឲ្យ​បារម្ភ​កាន់​តែ​ខ្លាំង​ដោយ​ ការ​លេចឡើង​នៃ​ពូជ​មេរោគ​គ្រុនចាញ់​ស៊ាំ​ថ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ប្រភព​មេរោគ​នេះ​ត្រូវគេ​ស្គាល់​ថា​ ជា​ «superbug»​ ដែល​មាន​ឥទ្ធិពល​លើ​ភាគច្រើន​នៃ​ឱសថ​ប្រឆាំង​ជំងឺ​គ្រុនចាញ់​ ដូចជា​ប្រភេទ​ថ្នាំ​ អាតថឺម៉ីសសេនីន​ (artemisinin)​ ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​មេរោគ។​

មេរោគ​ ​superbug​ ​ដំបូង​ឡើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​ ​២០០៨​នៅ​ប្រទេស​កម្ពុជា​ ដែល​ឥឡូវ​បាន​រីក​រាល​ដាល់​ទៅ​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ប្រទេស​ វៀតណាម ថៃ​ និង​ប្រទេស​ឡាវ។​ កាល​ពី​ខែ​មុន​នេះ ​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​មក​ពី​អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូពិក​នៃ​សាកល​វិទ្យាល័យ​ Mahidol ​និង​ Oxford (Mahidol Oxford Tropical Medicine Research Unit) ​ហៅកាត់​ថា​ MORU​ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​នៅ​ក្នុង​គេហទំព័រ​សុខាភិបាល​ឈ្មោះ​ The Lancet ​ដោយ​បាន​និយាយ​ថា​ ការ​រីករាល​ដាល​នៃ​ប្រភេទ​មេរោគ​ ប្លាស្មូដ្យូម​ហ្វាល់ស៊ី​ប៉ារ៉ូម​ C580Y ​ទូទាំង​តំបន់​មេគង្គ​ គឺ​ជាការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ការ​គ្រប់គ្រង​ និង​លុប​បំបាត់​ជំងឺ​គ្រុនចាញ់។​

លោក​ ​Arjen Dondorp សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ ​Oxford ​ដែល​ជា​សហ​អ្នក​និពន្ធ​នៃ​អត្ថបទ​នេះ​ បាន​សរសេរ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ក្នុង​ន័យ​ដើម​ថា៖

«ប្រភព​មេរោគ​តែមួយ​ដែល​អាច​ធ្វើឲ្យ​ប្រែប្រួល​ DNA​ របស់​មនុស្ស​នៃ​ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំ​ថ្នាំ​ បាន​រាលដាល​ពី​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​ ទៅដល់​ភាគឦសាន​ប្រទេស​ថៃ​ ភាគ​ខាងត្បូង​នៃ​ប្រទេស​លាវ​ ហើយ​ចូល​ដល់​ភាគខាង​ត្បូង​នៃ​ប្រទេស​វៀតណាម​ និង​បាន​បង្ក​ឲ្យ​មាន​ការកើន​ឡើង​បរាជ័យ​នៃ​ការ​ព្យាបាល​អ្នក​ជំងឺ​គ្រុនចាញ់»។​

អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូពិច​នៃ​សាកល​វិទ្យា​ល័យ​ Mahidol និង​ Oxford​ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រកប​ដោយ​កិច្ច​សហការ​រវាង​ ​សាកល​វិទ្យាល័យ​ Mahidol ​របស់​ប្រទេស​ថៃ​ សាកល​វិទ្យាល័យ​ Oxford​ ​និង​ស្ថាប័ន​ ​Wellcome Trust​ ​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស។

រូបឯកសារ៖ អ្នកជំងឺម្នាក់កំពុង​សម្រាកព្យាបាលជំងឺគ្រុនចាញ់នៅមន្ទីរពេទ្យមួយនៅខេត្តប៉ៃលិន ប្រទេសកម្ពុជា។
រូបឯកសារ៖ អ្នកជំងឺម្នាក់កំពុង​សម្រាកព្យាបាលជំងឺគ្រុនចាញ់នៅមន្ទីរពេទ្យមួយនៅខេត្តប៉ៃលិន ប្រទេសកម្ពុជា។

លោក​សាស្ត្រាចារ្យ​ ​Nicholas White​ ​ដែល​ជា​សហ​អ្នក​និពន្ធ​នៃ​អត្ថបទ​នោះ​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​តាម​អត្ថន័យ​ដើម​ថា៖​ «យើង​កំពុង​ចាញ់​ការ​ប្រណាំង​មួយដែល​គ្រោះថ្នាក់»។

លោក Nicholas White​ ​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ការ​រីក​រាលដាល​មេរោគ​ គ្រុន​ចាញ់​ superbug បាន​បង្ក​ឲ្យ​មាន​ការ​កើនឡើង​ដ៏​គួរ​ឲ្យ​បារម្ភ​នៃ​បរាជ័យ​ក្នុង​ការ​ព្យាបាល​ ដែល​នឹង​បង្ខំ​ឲ្យ​មាន​ការ​កែប្រែ​នៃ​គោលនយោបាយ​ឱសថ ​ហើយ​ទុក​ឲ្យមាន​ជម្រើស​តិចតួច​សម្រាប់​អនាគត»។​

មន្ត្រី​មូលដ្ឋាន​មិន​មាន​ការ​ព្រួយ​បារម្ភ​

លោក​វេជ្ជបណ្ឌិត​ ​ហ៊ុយ រ៉េកូល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីតសាស្ត្រ​-បាណក​សា​ស្រ្ត (National Center for Parasitology, Entomology and Malaria Control) ​ហៅកាត់​ថា​ CNM​ ​មាន​ប្រសាសន៍​ថា​ លោក​មិន​ត្រូវ​បាន​ធ្វើ​ឲ្យបារម្ភ​ ដោយ​ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំ​ថ្នាំ​នេះ​ទេ។​

«ស្រុក​ខ្មែរ​យើង​ យើង​អត់​មានរឿង​អីបារម្ភ​ រឿង​ស្លាប់​ រឿង​ស៊ាំ​អីទេ​ ព្រោះអី​យើង​មាន​ថ្នាំ​យើង​ ប្រើ​រាល់​ថ្ងៃ​ ថ្នាំមាន​ប្រសិទ្ធភាព»។​

លោក​វេជ្ជបណ្ឌិត​ ​ហ៊ុយ រ៉េកូល​ បាន​សំដៅ​លើ​ថ្នាំ​ អាតថឺម៉ីសសេនីន-​មេហ្វ្លឃ្វីន (artesunate-mefloquine) ដែល​ប្រើ​សម្រាប់​ការ​ព្យាបាល​ជំងឺ​គ្រុនចាញ់។

នៅ​ក្នុង​ប្រទេស​ប្រទេស​កម្ពុជា​ ជំងឺ​គ្រុនចាញ់​ ត្រូវបាន​បង្ក​ឡើង​ដោយ​មេរោគ​ពីរ​ប្រភេទ​ ដែល​ចម្លង​តាម​មូសដែក​គោល​ញី។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺ​គ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​-បាណក​សាស្រ្ត។​

លោក​វេជ្ជបណ្ឌិត​ ​ហ៊ុយ រ៉េកូល​ ​បាន​និយាយ​បន្ថែម​ថា​ ​ការ​ចម្លង​ថ្មី​ចំនួន​ប្រមាណ​ ​១០.០០០​ករណី​ ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ​ ២០១៧​ តែ​ករណី​ឆ្លង​ជំងឺ​គ្រុនចាញ់​ទាំង​នោះ​ត្រូវបាន​ព្យាបាល។​ លោក​បាន​ប​ន្តថា​ ភាព​ស៊ាំ​ណាមួយ​ កំពុង​ស្ថិត​ក្នុង​កម្រិត​ ​«ដែល​អាច​គ្រប់គ្រង​បាន»។​ ​លោក​បាន​បន្ថែម​ថា​ មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដើម្បី​ធ្វើ​សម្រាប់​ទប់​ស្កាត់​ការ​ចម្លង​ដំបូងៗ។​

​អ្នកស្រី​ Nguyen Thi Khe ​អតីត​មន្ត្រី​នៅ​វិទ្យាស្ថាន​អនាម័យ​សាធារណៈ​ របស់​រដ្ឋាភិបាល​វៀតណាម​ បាន​ប្រាប់​ VOA ​ដែល​ផ្សាយ​ជា​ភាសា​វៀតណាម​ថា​ ជំងឺ​គ្រុនចាញ់​ «មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ទេ​នាពេល​ឥឡូវ​នេះ»។​

ការ​ថ្លែង​របស់​អ្នកស្រី​ Nguyen Thi Khe ​បែបនេះ​ ត្រូវបាន​គាំទ្រ​ដោយ​មន្ត្រី​ផ្សេង​ទៀត​ នៅប្រទេស​វៀតណាម។ ​

លោក​ Arjen Dondorp​ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ Oxford ​បាន​និយាយ​ថា​ វា​ជា​កង្វល់​ដែល​រដ្ឋាភិបាល​កម្ពុជា​ហាក់​មិន​សូវ​ជា​មាន​ក្តី​បារម្ភ​ ដោយ​របាយការណ៍​នានា​ស្តីពី​ការ​ស៊ាំ​ថ្នាំ​ ដែល​លោក​បាន​លើក​ឡើង​ថា​ អាច​ធ្វើ​ឲ្យ​បាន​ដូច​ដើម​វិញ​នៃ​ការ​ជឿនលឿន​ក្នុង​ការ​ទប់​ស្កាត់​ជំងឺគ្រុន​ចាញ់​ជាច្រើន​ឆ្នាំ​មកនេះ។​

លោក​ Arjen Dondorp​ បាន​ប្រាប់ VOA តាមរយៈ​សារ​អេឡិកត្រូនិក​ ឬ​ ​email ​តាម​អត្ថន័យ​ដើមថា៖​

«​នៅ​ភាគឦសាន​នៃ​ប្រទេស​ថៃ​ គឺ​ខេត្ត​ ​Srisaket​ ​បាន​រងផល​ប៉ះពាល់​ ​ហើយ​ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​ប្រទេស​កម្ពុជា​ បាន​រង​ផល​ប៉ះពាល់​ ​ក៏​ដូចជា​នៅ​ភាគខាង​ត្បូង​ប្រទេស​ឡាវ​ និង​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម»។​

លោក​បានលើក​ឡើង​បន្ថែម​ក្នុង​សារអេឡិកត្រូនិក​ ឬ email ​តាម​អត្ថន័យ​ដើម​ថា៖​ «ការ​វិវត្ត​ និង​ការ​រីករាល​ដាល​ដែល​ជា​បន្តបន្ទាប់​ និង​មាន​លក្ខណៈ​ឆ្លងដែន​នៃ​ពូជ​មេរោគ​ចង្រៃ​តែ​មួយ ដែល​ស៊ាំ​នឹង​ឱសថ​ចម្រុះ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនចាញ់​ ​បាន​ក្លាយ​ជាក្តី​បារម្ភ​លក្ខណៈ​អន្តរជាតិ»។​

ហានិភ័យ​អាច​ទៅ​ដល់​ទ្វីបអាហ្វ្រិក?​

នៅ​ទូទាំង​សាកលលោក​ មាន​ប្រជាជន​ប្រមាណ​ជា​ ៣,២​ពាន់លាន​ នៅក្នុង​ប្រទេស​ និង​ទឹកដី​នានា​ចំនួន​ ៩៥​ បាន​ប្រឈម​នឹង​គ្រោះថា្នក់​នៃ​ការ​ឆ្លង​ជំងឺគ្រុន​ចាញ់។​ ការ​ស្លាប់​ភាគច្រើន​ក្នុង​តំបន់​អាហ្វ្រិក​ បាន​កើតមាន​លើ​កុមារ​អាយុ​ ៥ឆ្នាំ​ និង​ក្រោម​ជាងនេះ​ ដែល​ស្មើ​នឹង​ជាង​២ភាគ​៣​នៃ​ការ​ស្លាប់។​ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក

រូបឯកសារ៖ ក្រុមការងារកម្ចាត់ជំងឺគ្រុនចាញ់ម្នាក់បង្ហាញប្រអប់ថ្នាំគ្រុនចាញ់នៅខេត្តប៉ៃលិន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៩។
រូបឯកសារ៖ ក្រុមការងារកម្ចាត់ជំងឺគ្រុនចាញ់ម្នាក់បង្ហាញប្រអប់ថ្នាំគ្រុនចាញ់នៅខេត្តប៉ៃលិន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៩។

ក្តី​បារម្ភ​ដ៏ធំ​នោះ​ គឺ​ថា​ ប្រភព​ថ្មី​នៃ​ជំងឺ​គ្រុនចាញ់​ អាច​រាលដាល​ពី​តំបន់​មេគង្គ​ ទៅកាន់​អាហ្រ្វិក។​

លោក​វេជ្ជបណ្ឌិត​ ​David Sullivan ​អ្នក​ជំនាញ​ខាង​ជំងឺឆ្លង​ នៅ​ឯ​សាលា​សុខភាព​សាធារណៈ​ Johns Hopkins Bloomberg (Johns Hopkins Bloomberg School of Public Health) ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺ​គ្រុនចាញ់​របស់​សាលា​នេះ​ (Malaria Research Institute) ​បាន​និយាយ​ថា​ មន្ត្រី​សុខាភិបាល​នៅក្នុង​តំបន់​អាហ្វ្រិក​ ​បាន​កំពុង​បន្ត​តាមដាន​ស្ថានភាព​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​ថា​ ប្រភេទ​មេរោគ​ថ្មីនេះ​ មិន​ទាន់​លេចឡើង​នៅ​ទីនោះទេ។​

ប៉ុន្តែ ​លោក​បាន​ថ្លែង​បន្ថែម​ថា៖​ «​ក្នុង​យុគសម័យ​នៃ​ការ​ធ្វើ​ដំណើរ​ជាសាកល»​ ​លោក​មិន​អាច​និយាយ​ថា​ នឹង ​«មិនមាន​លទ្ធភាព​សូន្យ»​ ​នៃ​ការធ្វើ​ឲ្យ​មេរោគ​នេះ​ លេចឡើង​បាន​នោះទេ។​ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ លោក​និយាយថា៖ «បើទោះ​ជា​វា​ពិត​ជា​លេច​ឡើង​មក​មែន​ វា​នឹង​មិនមែន​ជា​ប្រភេទ​មេរោគ​កាច​សាហាវ​ ដែល​វា​នឹង​មិន​អាច​ឲ្យ​យើង​ការ​ពារ​ខ្លួនយើង​បាន​ទេ​ ប្រសិនបើ​យើង​មិន​មាន​ថ្នាំ​ទាល់​តែ​សោះ​សម្រាប់​ជំងឺគ្រុន​ចាញ់»។

សេច​ក្តី​វិភាគ​មួយ​ដែល​ត្រូវ​បាន​ធ្វើឡើង​ទៅ​តាម​សំណើ​របស់​គណៈ​កម្មាធិការ​ប្រឹក្សា​គោល​នយោបាយ​ជំងឺ​គ្រុនចាញ់​ ​(Malaria Policy Advisory Committee) ​ដែល​ជា​គណៈកម្មាធិការ​ប្រឹក្សា​កំពូល​របស់​អង្គការ​សុខភាព​ពិភពលោក​ បាន​រកឃើញ​ថា​ នៅ​គ្រា​ដែល​ «ហានិភ័យ​នៃ​ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំថ្នាំ​ កំពុង​រាលដាល​ទៅ​ប្រទេស​ឥណ្ឌា​ និង​អាហ្វ្រិក​ មិន​អាច​ថា​នឹង​ត្រូវបាន​រាប់​បញ្ចូល​នោះ​ ការ​ធ្វើ​ជំរឿន​ទូលំ​ទូលាយ​មួយ​ បាន​ឲ្យដឹង​ថា​ ​ប៉ារ៉ាស៊ីត​ដែល​មាន​លក្ខណៈ​ស៊ាំ​ថ្នាំ​ គឺ​ទំនង​ជា​កើត​ឡើង​ដោយ​ខ្លួន​វា​ភាគ​ច្រើន​ នៅ​ក្នុង​ផ្នែក​ដទៃ​នៃ​ពិភពលោក​ ​ជាង​ការណ៍​ដែល​រាលដាល​ដោយ​ផ្ទាល់​ពី​» តំបន់​មេគង្គ​ ដែល​រួមមាន​ប្រទេស​កម្ពុជា​ ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ មីយ៉ាន់​ម៉ា​ ថៃ​ និង​វៀតណាម។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​ Pedro Alonso ​នាយក​នៃ​កម្មវិធី​ជំងឺ​គ្រុន​ចាញ់​សាកលលោក​ (Global Malaria Programme) ​ដែល​បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ ​ដែល​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​គណៈ​កម្មាធិការ​ប្រឹក្សា​គោល​នយោបាយ​ជំងឺ​គ្រុនចាញ់។​

លោក​ ​Alonso​ ​បាន​និយាយ​ថា​ អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភពលោក​ ​«នៅ​ពេល​នេះ»​ មិន​បាន​យល់​ថា​ «ការ​គំរាម​កំហែង​អំពី​ការ​ស៊ាំថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​ និង​គ្រោះ​អាសន្ន​សុខភាព​សាធារណៈ»​ ​ជា​ការ​បារម្ភ​ជា​លក្ខណៈ​អន្តរជាតិ​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត​ ​David Sullivan​ ​និយាយថា​ ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំ​ថ្នាំ​ដែល​កើត​នៅ​កម្ពុជា​ មិន​មែន​ជាអ្វី​ដែល​ត្រូវ​មាន​ការ​ភ្ញាក់​ផ្អើល​នោះទេ។​

លោក​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖

«​នៅក្នុង​រយៈពេល​ ៥០​ ទៅ​ ៦០​ឆ្នាំ​កន្លងទៅ​នេះ គឺ​ជា​លើក​ទីប្រាំ​ ឬ​លើក​ទីប្រាំមួយ​ហើយ​ដែល​ការណ៍​នេះ​បាន​កើត​ឡើង។ ​នេះ​មិន​មែនជារឿងថ្មី​ទេ»។ លោក​បាន​បន្ត​ថា​ប្រភព​ថ្មី​នេះ​ «​គឺជា​ប្រភព​ដែល​អាច​តាមដាន​បាន​ និង​រក្សា​ការ​គ្រប់​គ្រងបាន​»។

វេជ្ជបណ្ឌិត​ ​David Sullivan​ ​បាន​ថ្លែង​បន្ថែម​ថា៖ «ខ្ញុំ​យល់​អំពី​កង្វល់​ និង​គ្រោះថា្នក់​ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ប្រើ​ពាក្យ​ ​superbug​ ​នេះទេ​ ទោះបី​អ្នក​ផ្សេង​ទៀត​ឃើញ​ថា​ ហេតុអ្វី​បាន​ជា​មនុស្ស​មាន​មេរោគ​នេះ​ក៏​ដោយ»។​

លោក​វេជ្ជបណ្ឌិត​ ​David Sullivan​ ​លើក​ឡើង​ផងដែរ​ថា​ មាន​ជម្រើស​ថ្មីៗ​សម្រាប់​ព្យាបាល​ប្រភព​មេរោគ​ថ្មី​នេះ​ ហើយ​ថា​ការ​ព្យាបាល​នោះ​ ក៏​អាច​ពន្យា​ពេល​បាន​ដែរ។

ថ្នាំដែល​ក្រោម​បទដ្ឋាន​

ប្រទេ​សកម្ពុជា​បាន​ប្រើប្រាស់​ថ្នាំ​ ​dihydroartemisinin​ ​(DHA)-piperaquine (PP)​ ​តែ​វា​មាន​ការ​កើន​ឡើង​នៃ​ភាពស៊ាំ​ថ្នាំ​ ទើប​បាន​ប្តូរ​ទៅ​ប្រើ​ថ្នាំ​ ​ Artesunate Mefloquine(ASMQ) ​វិញ។​ ការ​ស៊ាំនេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ភាគខាង​លិច​នៃ​ប្រទេស​កម្ពុជា​ក្នុង​តំបន់​ខេត្ត​ប៉ៃលិន ​ដែល​ក្រោយ​មក​បាន​រាលដាល​ដល់​ភាគ​ឦសាន​ប្រទេស​ថៃ​ និង​ភាគខាង​ត្បូង​នៃ​ប្រទេស​លាវ។ នេះ​បើ​យោង​តាម​អត្ថបទ​ដែល​បោះពុម្ព​ផ្សាយ​លើ​គេហទំព័រ​ ​The Lancet​ ​ជា​វេទិកា​នៃ​ការ​ចែក​រំលែក​ចំណេះដឹង​ខាង​សុខាភិបាល។​

អត្ថបទ​នោះ​បាន​ពន្យល់​ថា​៖

«យើង​បាន​រក​ឃើញ​មេរោគ​ PfPailin ដែល​វា​មាន​ទំនាក់​ទំនង​នឹង​ភាព​ស៊ាំ​នៃ​ថ្នាំ piperaquine ដែល​បាន​រាលដាល​ដល់​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ ជា​ទីកន្លែង​ដែល​វា​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រោះថ្នាក់​នៃ​អត្រា​បរាជ័យ​នៃ​ថ្នាំ dihydroartemisinin (DHA)-piperaquine (PP)»។

លោក​ ​Arjen Dondorp​ សាស្ត្រាចារ្យនៃ​សាកល​វិទ្យាល័យ​ Oxford នាយក​រង​នៃ​ អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូពិច​នៃ​សាកល​វិទ្យា​ល័យ​ Mahidol និង​ Oxford បាន​ប្រាប់​ VOA ​តាម​សារអេឡិក​ត្រូនិក​ ឬ email ​ថា​ ភាពស៊ាំ​របស់​ថ្នាំ​ artemisinin​ អាច​ត្រូវ​បាន​ជំរុញ​ដោយការ​ប្រើ​ថ្នាំ​ក្រោម​បទដ្ឋាន​នានា​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនចាញ់។

លោ​កបាន​សរសេរ​ថា​ ពេល​មួយ​ដែល​ភាពស៊ាំ​បាន​កើតឡើង​ តាម​រយៈ​ការ​ព្យាបាល​តែ​មួយ​ច្រក​ វា​នឹង​រាល​ដល់​ទម្រង់​នៃ​ការ​ព្យាបាល​ផ្សេង​ទៀត​ ដោយ​សារធាតុ​ទន់​ខ្សោយ​នៃ​ថ្នាំ​ artemisinin​ មិន​អាច​ការពារ​បាន​យូរទៀត​ទេ​នៃ​ថ្នាំដៃ​គូ​បន្ទាប់​ទៀត។

លោក​ Arjen Dondorp​ បាន​សរសេរ​ក្នុងសារអេឡិកត្រូនិក​ ឬ email ​តាម​អត្ថន័យ​ដើម​ថា៖ «​ជំងឺគ្រុន​ចាញ់​ ជា​ជំងឺ​របស់​អ្នកក្រ​ ហើយ​ដែល​មិន​សូវគេ​ខ្វល់​ខ្វាយ។ ប្រជាជន​ដែល​មាន​ជំងឺ​នេះ​គឺ​ច្រើន​រស់នៅ​ក្នុង​តំបន់​តាម​ព្រំដែន​ នៅក្នុង​ ឬ​ក៏​ក្បែរ​ព្រៃ»៕

រាយការណ៍​បន្ថែម​ដោយ​ Linh Dan នៃ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ភាសា​វៀតណាម

XS
SM
MD
LG