កូដកម្មដ៏ធំមួយបានធ្វើឲ្យរាំងស្ទះដល់បណ្តាញរថភ្លើងក្រោមដីនៅទីក្រុងប៉ារីសនិងរថភ្លើងខ្សែកាបរបស់ទីក្រុងនោះនៅថ្ងៃសុក្រនេះដោយបានបង្អាក់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋរាប់លាននាក់ ខណៈពេលដែលក្រុមកម្មករបានទាមទារឲ្យមានការតំឡើងប្រាក់ខែរបស់ពួក។ នេះបើតាមសេចក្តី រាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈរបស់ទីក្រុងប៉ារីស RATP បានបញ្ជាក់ថា ខ្សែរថភ្លើងក្រោមដីចំនួន៨ខ្សែត្រូវបានបិទមិនដំណើរការ ដោយរទេះភ្លើងនៅសល់៦ខែ្សទៀត មានដំណើរការបន្តិចបន្តួចតែប៉ុណ្ណោះ ស្របពេលដែលខ្សែរថភ្លើង RER របស់ទីក្រុងដែលរត់ពីផ្នែកខាងលិចទៅខាងកើតនិងពីខាងត្បូងទៅផ្នែកខាងជើងក៏ទទួលរងការបះពាល់ធ្ងន់ធ្ងរផងដែរដោយសារការធ្វើកូដកម្មនេះ។
មានរថភ្លើងតែ២ខ្សែប៉ុណ្ណោះគឺខ្សែទី១និងទី១៤ដែលរត់ដោយខ្លួនឯងនិងគ្មានមនុស្សបើកដែលមិនបានទទួលរងប៉ះពាល់ដោយការធ្វីកូដកម្មនេះ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនដឹកជញ្ជូន RATP ដែលបាននិយាយនៅលើគេហទំព័ររបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំងលោក Jean-Baptiste Djeebbari បាននិយាយនៅលើ Twitter ថា «យើងអំពាវនាវដល់អ្នកធ្វើការទាំងអស់ឲ្យធ្វើការងារពីផ្ទះរបស់គេឲ្យបានជាអតិបរិមា»។
ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈ RATP បាននិយាយថា ការធ្វើកូដកម្មដើរចេញពីការងាររបស់កម្មករ កើតមានឡើង ស្របពេលដែលក្រុមសហជីពនិងប្រធានក្រុមការងារគ្រោងនឹងពិភាក្សាគ្នាស្តីពីបញ្ហាប្រាក់កម្រៃប្រចាំឆ្នាំរបស់ពួកគេ ដែលពុំមានការតំឡើងប្រាក់ឈ្នួលឲ្យបានសមរម្យដោយក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋនោះ។
ក្រុមហ៊ុនដឹកជញ្ជូន RATP និយាយថា ខ្លួនបានត្រៀមរៀបចំការតំឡើងប្រាក់បៀវត្សប្រមាណ ២,៧% នៅក្នុងឆ្នាំ២០២២នេះដែលជាទង្វើមួយដែលខាងសហជីពនិយាយនៅខែនេះថា ជាការបង្កហេតុមួយ។
នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងទីក្រុងប៉ារីសដែលមានការមមាញឹកខ្លាំងបំផុតមួយក្នុងពិភភលោក បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ជាច្រើនដង។ អ្នកក្រុងប៉ារីសនៅចាំបានថា កាលពីឆ្នាំ២០១៩ក្នុងរដូវស្លឹកឈើជ្រុះ មានការធ្វើកូដកម្មដើរចេញពីការងាររបស់ក្រុមកម្មករអស់រយៈពេលមួយខែដោយនៅពេលនោះក្រុមកម្មកររថភ្លើងនិងផ្នែកដឹកជញ្ជូនសាធារណៈ បានប្រឆាំងតវ៉ានឹងផែនការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតីលោក Emmanuel Macron។ លោក Macron នៅពេលនោះ ក៏បានអំពាវនាវឲ្យលុបចោលការធ្វើកំណែទម្រង់នោះ ដោយលើកឡើងពីស្ថានភាពផ្លាស់ប្តូរដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩៕