ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធសាស្រ្តនិងយុទ្ធនាការធំៗពីរត្រូវបានប្រកាសឱ្យអនុវត្តដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ


រូបឯកសារ៖ បុរសនេសាទម្នាក់អង្គុយលើទូកនៅក្នុងបឹងដែលរីងស្ងួត ក្នុងអំឡុងគ្រោះរាំងស្ងួត នៅខេត្តកណ្តាល កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៦។
រូបឯកសារ៖ បុរសនេសាទម្នាក់អង្គុយលើទូកនៅក្នុងបឹងដែលរីងស្ងួត ក្នុងអំឡុងគ្រោះរាំងស្ងួត នៅខេត្តកណ្តាល កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៦។

ក្រសួង​បរិស្ថាន និង​ដៃ​គូ​ពាក់ព័ន្ធ​ ប្រកាស​ដាក់ឲ្យ​ប្រើ​ «យុទ្ធសាស្ត្រចក្រា​វិស័យបរិស្ថាន ២០២៣-២០២៨» និង «យុទ្ធនាការ​ផ្ទៃមេឃ​ពណ៌ខៀវ​ និងការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ស្មើសូន្យ​ ២០២៥ នៅ​កម្ពុជា» ដើម្បី​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។​

យុទ្ធសាស្រ្ត​ចក្រា​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ចំណែកយុទ្ធនាការ​ផ្ទៃមេឃ​ពណ៌ខៀវ​បង្កើត​ឡើង​ដោយវិទ្យាស្ថាន​អភិវឌ្ឍ​បៃតង​សកល (GGGI) ​ ដោយ​មាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​បារាំង​ដើម្បី​ការអភិវឌ្ឍ (AFD) និង​អង្គការ Oxfam​ ប្រចាំ​កម្ពុជា។​

ក្នុង​ពិធី​ប្រកាស​ឲ្យ​អនុវត្តយុទ្ធសាស្រ្ត​សំខាន់ៗ​នេះ​ កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា លោក ​អ៊ាង សុផល្លែត រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថានថ្លែងថា យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ រៀប​ចំ​ឡើង​ក្នុងគោល​បំណង​ប្រែក្លាយ​សក្តានុពល​វិស័យ​បរិស្ថានឲ្យ​ទៅ​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ និងប្រជាជន​កម្ពុជា​គ្រប់​ជំនាន់។

លោក​ អ៊ាង សុផល្លែត ​ប្រាប់​វីអូអេក្រោយ​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ថា យុទ្ធសាស្រ្ត​ចក្រា​បង្កើត​ឡើង​ជាចាំបាច់ដើម្បី​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​។​

លោក​ថ្លែងថា៖ «ខ្ញុំ​ឆ្លើយ​តប​ទៅនឹង​បម្រែ​បម្រួល​អាកាស​ធាតុ​ហ្នឹង​តាម​រយៈការ​បញ្ចេញ​យុទ្ធសាស្រ្តចក្រា​ហ្នឹង​ឯង ហើយ​យុទ្ធសាស្រ្ត​ចក្រា​ហ្នឹង​គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់ដោះ​ស្រាយ​បញ្ហាប្រែប្រួលអាកាសធាតុ»។

លោក​បាន​បន្ថែម​ថា យុទ្ធសាស្រ្ត​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​ស្អាត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ផង​ដែរ។

លោកថា៖ «យុទ្ធសាស្រ្ត​ចក្រា​គឺ​ជា​យុទ្ធសាស្រ្ត​មួយ​ដែល​មានភាព​ប្រាកដ​និយម​ជា​ទីបំផុត ​អ៊ីចឹង​ទេ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្ពស់ ជាពិសេស​យុទ្ធសាស្រ្ត​នេះ​គឺ​កំពុង​តែ​បាន​ទទួល​ជោគ​ជ័យ​ជា​បណ្តើរៗ​ហើយក្នុងការ​កាត់​បន្ថយ​ថង់​ប្លាស្ទិក ហើយ​ដែលជាការងារ​មួយ​នៅ​ក្នុង​ការងារ​បី​នោះ គឺ​ ​សម្អាត។ អ៊ីចឹង​ទេ ចាំ​មើល​មួយឆ្នាំ​ពីរ​ឆ្នាំទៀតប្រទេស​ខ្មែរ​យើង​នឹង​ស្អាត​ហើយ»។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់សម្ភាសន៍ដល់វីអូអេក្នុងពិធីសម្ពោធដាក់ឱ្យប្រើយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់សម្ភាសន៍ដល់វីអូអេក្នុងពិធីសម្ពោធដាក់ឱ្យប្រើយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

យុទ្ធសាស្រ្ត​ចក្រា​មាន​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដែល​ភាសាខ្មែរមាន​កម្រាស់៤៤​ទំព័រ។ យុទ្ធសាស្រ្ត​ស្នូល​ផ្តោត​លើ​ការពង្រឹង​គោល​នយោបាយ​ ការ​កសាង​រដ្ឋបាល​ឌីជីថល និងការ​ពង្រីក​ការ​ផ្សព្វផ្សាយ និង​មាន​យុទ្ធសាស្រ្ត​ធំៗ​ចំនួន​បី។

យុទ្ធសាស្រ្ត​ទី១ ផ្តោតលើ​ភាព​ស្អាត តាមរយៈការ​គ្រប់គ្រង​កាក​សំណល់​គ្រប់​ប្រភេទ ​ការ​គ្រប់គ្រង​គុណភាព​បរិស្ថាន និង​វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន​។​ យុទ្ធសាស្រ្ត​ទី​២​ផ្តោត​លើ​ភាព​បៃតង តាម​រយៈការ​ពង្រីក​ចលនា​ដាំដើមឈើ ការ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ ​ការ​អភិរក្ស​ជីវចម្រុះ ការ​តាម​ដាន​ការ​ប្រែប្រួល​គម្រប​ព្រៃឈើ និងការ​លើកកម្ពស់​ជីវភាព​សហគមន៍។ ចំណែកយុទ្ធសាស្រ្ត​ទី​៣​ផ្តោត​លើ​ចីរភាព តាមរយៈការ​អនុវត្តគោល​នយោបាយ​ និង​លិខិត​គតិ​យុត្ត​ដែល​មាន​ស្រាប់​ និងការ​ពង្រីក​កិច្ច​សហប្រតិបត្តិ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ។​

ថ្មីៗ​នេះ ក្រសួងបរិស្ថានកំពុង​ធ្វើ​យុទ្ធនាការ​កាត់​បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ ក្រោម​ប្រធាន​បទ «ថ្ងៃនេះ ខ្ញុំ​មិន​ប្រើថង់ប្លាស្ទិកទេ» ព្រមទាំង​បានដាក់ចេញ​វិធានការ​ចំនួន៤​ សម្រាប់​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឲ្យមាន​ប្រសិទ្ធភាព តាមរយៈ​ការអនុវត្ត​ច្បាប់​១០០% មិនអត់​ឱន​ចំពោះ​ឧក្រិដ្ឋកម្ម​ធនធាន​ធម្មជាតិ​ ពង្រឹង​សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធដើម្បី​ពង្រឹងការ​អនុវត្ត​ច្បាប់​បន្ថែម​ បង្កើត​ផែនការ​ដាំដើម​ឈើឡើងវិញ និង​ការគ្រប់​គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព។​

​កញ្ញា គីម សូមី នាយិកា​ប្រចាំប្រទេស​នៃវិទ្យាស្ថាន​អភិវឌ្ឍ​បៃតង​សកល​ (GGGI) ​លើក​ឡើង​ថា «យុទ្ធនាការ​ផ្ទៃមេឃ​ពណ៌ខៀវ ​និងការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ស្មើសូន្យ​ ២០២៥នៅ​កម្ពុជា» គឺជា​វេទិកា​នាំយក​គ្រប់ភាគីពាក់ព័​ន្ធ​ក្នុងការ​គាំទ្រ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយការ​បំពុល​ខ្យល់​ និង​វិបត្តិ​បម្រែបម្រួល​អាកាស​ធាតុ។

កញ្ញាថ្លែងថា៖ «វាគឺជាការ​អំពាវនាវ​ឱ្យមាន​សកម្មភាព​សម្រាប់​រដ្ឋាភិបាល​ ធុរកិច្ច ​និង​បុគ្គល​ដូចជា​អ្នកទាំងអស់​គ្នា ដើម្បី​ចូលរួម​កម្លាំង​ក្នុងការ​បង្កើត​ភពផែនដី​ដែល​ស្អាតជាង​មុន មាន​សុខភាព​ល្អ និង​កាន់តែ​មាននិរន្តរភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ផ្តល់​នូវ​បរិយាកាស​ដែល​មាន​ខ្យល់ ​បរិសុទ្ធសម្រាប់​ដកដង្ហើម​»។

ការ​ប្រែប្រួល​អាកាសធាតុ ជា​បញ្ហា​ធំ​មួយ​ដែល​កម្ពុជា និង​ប្រទេស​នៅ​ទូទាំង​ពិភព​លោក​កំពុង​យក​ចិត្ត​ទុក​ដាក់។​

កាលពីចុងខែតុលា​ ធនាគារ​ពិភព​លោក (World Bank) បាន​ចេញ​របាយការណ៍បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក និងជា​ប្រទេសដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កម្រិត​ទាប ប៉ុន្តែ​មាន​កំណើន​នៃ​អត្រា​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លឿន​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ធនាគារ​ពិភព​លោកបាន​ជំរុញ​ឲ្យ​កម្ពុជាកែ​លម្អ​ភាពធន់លើ​ហេដ្ឋា​រចនា​សម្ពន្ធ​ដើម្បី​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ និង​ទប់​ស្កាត់​កំណើន​ភាព​ក្រីក្រ ដែល​បណ្តាល​មកពីភាពងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត។

​បើ​តាម​របាយការណ៍​របស់ធនាគារ​ពិភព​លោក ផល​ប៉ះ​ពាល់​នៃ​អាកាស​ធាតុ​បង្ក​ហានិភ័យ​ច្រើន​ដល់​ប្រទេស និង​ប្រជាជន​ ហើយ​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ដល់​ការ​អភិវឌ្ឍ​កាន់​តែ​ធ្ងន់ធ្ងរ ដោយ​ទឹក​ជំនន់​នឹង​បង្ក​ការ​ខាត​បង់​កាន់​តែច្រើន​ឡើង​ដល់​រោង​ចក្រ ផ្លូវ​ថ្នល់ ផ្ទះ​សម្បែង និង​សាលារៀន និង​បណ្តាល​ឲ្យ​សេវាកម្ម និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​សំខាន់ៗ​ជួប​ភាព​រអាក់​រអួល​។ បម្រែ​បម្រួល​អាកាសធាតុ​ត្រូវ​បាន​ព្យាករណ៍​ថានឹង​បណ្តាល​ឲ្យ​ទិន្នផលដំណាំ​ និង​ជលផល​ធ្លាក់​ចុះ ​ដែល​បង្ក​បញ្ហា​ប្រឈម​ដល់​សន្តិ​សុខ​ស្បៀង​ និង​អាហារូបត្ថម្ភ សីតុណ្ហភាពកាន់​តែ​ខ្ពស់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខភាព ហើយ​ជា​ដើម​ចម​នៅ​ពី​ក្រោយ​ការ​កើន​ឡើង​ជំងឺ​ផ្សេងៗ​។

តំណាងក្រសួង និងសង្គមស៊ីវិលជាតិ និងអន្តរជាតិ កំពុងពិភាក្សាអំពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០២៥ នៅកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
តំណាងក្រសួង និងសង្គមស៊ីវិលជាតិ និងអន្តរជាតិ កំពុងពិភាក្សាអំពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០២៥ នៅកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ​ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN)​ សាទរការ​សម្ពោធ​យុទ្ធសាស្រ្ត និង​យុទ្ធនាការ​ទាំងនេះ ថា​នឹង​អាច​ធ្វើ​ឲ្យ​ការចូលរួម​ការពារ​បរិស្ថានបាន​ប្រសើរ​ និង​កាត់​បន្ថយ​អំពើពុករលួយ។ ទោះយ៉ាង​ណា​លោក​ថា ការ​អនុវត្ត​យុទ្ធសាស្រ្ត ឬ​លិខិត​គតិយុត្តទាំងអស់​អាចមាន​ប្រសិទ្ធភាព​ទៅ​បាន លុះ​ត្រា​តែ​រដ្ឋាភិបាលអនុវត្តប្រកប​ដោ​យ​ឆន្ទៈ និងមិន​ប្រកាន់​និន្នាការ​នយោបាយ។​

លោក​បញ្ជាក់ថា៖ «អ្វី​ដែល​រដ្ឋាភិបាលត្រូវ​គិត គឺ​គិត​គូរពីការ​ចូល​រួមប្រកប​ដោយ​បរិយាប័ន្នដែរ។ ការ​ចូលរួម​ប្រកប​ដោយ​បរិយាប័ន្ន​នៅកន្លែង​នេះគឺ​ការ​ចូលរួមពីគ្រប់ភាគី​ទាំងអស់​ដែល​ជា​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ កុំ​យកនិន្នាការ​នយោបាយ​យកមកផ្សារភ្ជាប់ ​ដែល​ធ្វើ​ឲ្យមានការរំលោភ​សិទ្ធិបរិស្ថាន​របស់​ពួកគាត់​ផង រំលោភ​សិទ្ធិ​នៃ​ការ​ចូលរួម​របស់​សាធារណជន​ដែរ»។

លោក អេង គឹមហុង បន្ថែម​ថា៖ «ទន្ទឹម​ជាមួយ​នឹង​យុទ្ធសាស្រ្ត​វិស័យ​បរិស្ថាន​នេះ ខ្ញុំ​យល់​ថា​ត្រូវ​បន្ថែម​លើ​ការ​ប្តេជ្ញាចិត្ត​របស់​ក្រសួង ​ម​ន្រ្តី​របស់​ក្រសួង ហើយ​និងការ​ធានានូវការ​លុបបំបាត់​អំពើ​ពុករលួយ។ បើសិនជា​យុទ្ធសាស្រ្ត​ដាក់ចេញ​ហើយ​នៅ​តែមាន​អំពើ​ពុករលួយ កង្វះ​យន្តការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ នោះ​នឹង​ធ្វើ​ឲ្យ​យុទ្ធសាស្រ្ត​មិនអាច​ជោគ​ជ័យ​ទៅបានទេ»។​

ក្នុង​ចន្លោះ​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០២០ កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​ជិត ២ លាន ៥ សែន​ហិកតា ឬ​ស្មើ​នឹង​ប្រមាណ ២៨% នៃ​គម្រប​ព្រៃឈើ​សរុប​។ ​នេះបើ​តាម​របាយការណ៍​ត្រួតពិនិត្យព្រៃឈើ​លើកទី​១ ចេញ​នៅដើម​ឆ្នាំ២០២២​ ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់ ក្រោម​គម្រោង «ប្រជា​ពលរដ្ឋចូលរួម​ក្នុង​យុត្តិធម៌​បរិស្ថាន​សម្រាប់ទាំងអស់គ្នា (CEEJA)»។ ការ​បាត់​បង់​នេះ​ធ្វើ​ឲ្យមាន​បម្រែបម្រួល​អាកាសធាតុ ប៉ះពាល់​ដល់​ការអភិរក្ស​ធនធាន​ជីវៈ​ចម្រុះ​ និង​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​ព្រៃឈើ៕

XS
SM
MD
LG