អគ្គិភ័យដ៏ធំមួយបានឆេះឯវិហារ Notre Dame ដ៏ល្បីល្បាញនៅកណ្តាលទីក្រុងប៉ារីសបង្កឱ្យមានការខូចខាតយ៉ាងច្រើននៅអាគារសតវត្សរ៍ទី១២នេះ។
រូបភាពប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា ព្រះវិហារនៅរដ្ឋធានីប្រទេសបារាំងនេះបានឆេះនៅពេលយប់ថ្ងៃចន្ទ ហើយអណ្តាតភ្លើងនៅលើដំបូល មិនអាចពន្លត់បាន បន្ទាប់ពីឆ្អឹងដំបូលបានបាក់។ លោក Andre Finot អ្នកនាំពាក្យព្រះវិហារនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា ផ្នែកខាងក្នុងធ្វើពីឈើនៅវិហារនេះបានឆេះ ហើយទំនងជាត្រូវខ្ទេចខ្ទីអស់។ លោក Emmanuel Gregoire អភិបាលរងក្រុងប៉ារីសបានប្រាប់ទូរទស្សន៍ BFM ថា បុគ្គលិកបានព្យាយាមសង្គ្រោះ «ស្នាដៃសិល្បៈទាំងអស់ដែលអាចសង្គ្រោះបាន»។ អ្នកពន្លត់អគ្គិភ័យបានប្រើទុយោទឹកពន្លត់ភ្លើងនៅពេលយប់។ ប៉ូលិសបារាំងនិយាយថា គ្មានមនុស្សស្លាប់ទេ។ តែនៅមិនច្បាស់ទេថា តើមានមនុស្សរងរបួសឬយ៉ាងណា ឬអ្វីជាដើមហេតុនាំឱ្យមានអគ្គិភ័យនេះ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា មូលហេតុអគ្គិភ័យនេះអាចទាក់ទងនឹងការងារជួសជុលអាគារនេះ។ ផ្នែកជាច្រើននៃអាគារនេះមានរន្ទាសម្រាប់ធ្វើការជួសជុល។មន្ត្រីនិយាយថា រូបចម្លាក់ធ្វើពីសំរឹទ្ធិត្រូវបានគេយកចេញកាលពីសប្តាហ៍មុនសម្រាប់ការជួសជុល។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសរសេរថា «ដូចជនរួមជាតិទាំងអស់ដែរ ខ្ញុំមានការសោកស្តាយនៅល្ងាចនេះដោយឃើញអគារនេះឆេះ» ។ ក្រុមមន្ត្រីបាននិយាយថា លោកប្រធានាធិបតីនឹងធ្វើដំណើរទៅវិហារដែលឆេះនេះ។
កាលពីថ្ងៃចន្ទលោក Macron បានផ្អាកសុន្ទរកថានយោបាយតាមទូរទស្សន៍ដោយសារតែអគ្គិភ័យឆេះវិហារនេះ។ ក្រុមអ្នកពន្លត់អគ្គិភ័យនៅទីក្រុងប៉ារីសបានជម្លៀសមនុស្សចេញពីអាគារនានានៅជិតវិហារ Notre Dame ហើយបានសម្អាតតំបន់ជុំវិញវិហារនេះនៅពេលផេះកំពុងធ្លាក់នៅលើប្លុកជុំវិញនោះ។ សាក្សីបាននិយាយថា ឡានពន្លត់អគ្គិភ័យបានសម្រុកទៅតំបន់នោះបន្ទាប់ពីភ្លើងបានឆេះឡើងនៅមុនម៉ោង៧ល្ងាចបន្តិច។ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅលើស្ពានប៉ារីសលើទន្លេសេនមើលអគ្គិភ័យនេះ៕