ប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡាលោក Nicolas Maduro បានថ្លែងតាមទូរទស្សន៍រដ្ឋ កាលពីថ្ងៃអាទិត្ យដោយបានប្រកាសអំពីផែនការកំណត់ការប្រើប្រាស់អគ្គិសនីរយៈពេល ៣០ ថ្ងៃ។
លោក Maduro បាននិយាយថា ផែនការកំណត់ការប្រើប្រាស់អគ្គិសនីនេះនឹងជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាទឹក និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេស។
កាលពីថ្ងៃអាទិត្យ ប្រជាពលរដ្ឋវ៉េណេស៊ុយអេឡាដែលធុញទ្រាន់នឹងការដាច់ភ្លើង បានធ្វើបាតុកម្ម ដោយបាតុករខ្លះគោះធុង ខ្លះដុតសម្រាមនៅតាមផ្លូវនានា និងខ្លះទៀតបានស្រែកជេរប្រឆាំងនឹងលោក Maduro។
លោក Maduro បាននិយាយថា សាលារៀននឹងបន្តបិទទ្វារ ហើយចំនួនថ្ងៃធ្វើការនឹងត្រូវកាត់បន្ថយដើម្បីជួយសន្សំសំចៃអគ្គិសនីក្នុងអំឡុងពេល ៣០ ថ្ងៃ។
អ្នកស្រុករស់នៅក្នុងទីក្រុងការ៉ាកាស កាលពីថ្ងៃអាទិត្យ បានរអ៊ូរទាំថា គ្មានអ្នកណាអាចទ្រាំរស់នៅក្នុងស្ថានភាពដូច្នេះទេ។ យើងគ្មានទឹកប្រើប្រាស់ មិនអាចទូរស័ព្ទទាក់ទងគ្នាបាន យើងមិនអាចប្រើកាតធនាគារទិញទំនិញ ឬធ្វើអ្វីៗទៀតបានទេ»។
អ្នកស្រុកមួយចំនួនទៀតថា ពួកគេមិនអាចទុកម្ហូបក្នុងទូរទឹកកកបាន ហើយនៅពេលចង្ក្រានខូច ពួកគេមិនអាចទិញគ្រឿងបន្លាស់មកជួសជុលបានទេ។
លោក Maduro បានដាក់ការស្តីបន្ទោសលើសហរដ្ឋអាមេរិកចំពោះការផ្តាច់ចរន្តអគ្គិសនីនេះ។ មេដឹកនាំក្រុមប្រឆាំងលោក Juan Guaido បាននិយាយថា រដ្ឋាភិបាលត្រូវទទួលខុសត្រូវលើការធ្វេសប្រហែស និងការគ្រប់គ្រងមិនបានត្រឹមត្រូវនេះ៕