ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឈ្នះការបោះឆ្នោតប្រធានាធិបតីបារាំងនៅជុំទី២ ដែលជាជុំផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យម្សិលមិញលើគូប្រកួតប្រជែងរបស់លោកគឺលោកស្រី Marine Le Pen នៃគណបក្សស្តាំនិយមជ្រុល។
បេក្ខជនទាំងពីរមានទស្សនៈផ្ទុយគ្នាយ៉ាងខ្លាំង មិនគ្រាន់តែបញ្ហាក្នុងប្រទេសនោះទេ ប៉ុន្តែក៏មានបញ្ហាស្តីពីតួនាទីរបស់បារាំងនៅក្នុងទ្វីបអឺរ៉ុប អង្គការអូតង់និងបញ្ហាមួយចំនួនផ្សងៗទៀតនៅជុំវិញពិភពលោកផងដែរ។
នៅក្នុងសុន្ទរកថាទទួលជ័យជម្នះលោក Macron បាននិយាយថា៖ «អ្នកបោះឆ្នោតជាច្រើននៅក្នុងប្រទេសបារាំងបានបោះឆ្នោតឱ្យខ្ញុំ មិនមែនដោយសារពួកគេគាំទ្រនូវគំនិតរបស់ខ្ញុំនោះទេ ក៏ប៉ុន្តែមកពីពួកគេមិនចង់ឱ្យបេក្ខជនមកពីគណបក្សស្តាំនិយមជ្រុលឡើងកាន់អំណាចតែប៉ុណ្ណោះ។ ខ្ញុំសូមអរគុណដល់ពួកគេហើយខ្ញុំដឹងថា ខ្ញុំជំពាក់គុណពួកគេនៅក្នុងបណ្តាឆ្នាំខាងមុខ»។
ដោយសន្លឹកឆ្នោតចំនួន៩៧ភាគរយបានរាប់រួចនោះ លោកMacronទទួលបានសំឡេងគាំទ្រចំនួន៥៧,៤ភាគរយ។ នេះបើតាមតួលេខរបស់ក្រសួងមហាផ្ទៃបារាំងដែលត្រូវបានផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្ហោះសារអបអរសាទរដល់ជ័យជម្នះរបស់លោកMacron នៅលើ Twitter ដោយនិយាយថា លោកទន្ទឹងរង់ចាំបន្តនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយមេដឹកនាំបារាំងរូបនេះ។
មេដឹកនាំអឺរ៉ុបផ្សេងៗទៀតក៏បានផ្ញើសារជូនពរនិងអបអរសាទរជ័យជម្នះដល់លោក Macron ផងដែរដែលក្នុងនោះក៏រួមមានប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានបង្ហោះសារលើ Twitterជាភាសាបារាំងថា៖ «ខ្ញុំមានជំនឿជឿជាក់ថា យើងនឹងឆ្ពោះទៅមុខជាមួយនឹងជ័យជម្នះរួមគ្នា។ ការឆ្ពោះទៅមុខសម្រាប់អឺរ៉ុបមួយដែលមានលក្ខណៈរឹងមាំនិងរួបរួមគ្នា»។
ការបោះឆ្នោតប្រធានាធិបតីបារាំងនៅថ្ងៃអាទិត្យម្សិលមិញនេះអាចត្រូវបានសម្រេចដោយអ្នកបោះឆ្នោតក្នុងទីប្រជុំជនជាច្រើនដូចជានៅក្នុងសង្កាត់ Pantin ជាដើមដែលមិនបានបោះឆ្នោតឱ្យលោក Macron ឬក៏លោកស្រី Le Pen ឡើយកាលពីជុំទី១។ អ្នកបោះឆ្នោតជិត៦នាក់ក្នុងចំណោម១០នាក់បានគាំទ្របេក្ខជនមកពីគណបក្សឆ្វេងនិយមជ្រុលលោក Jean-Luc Melenchon ហើយបេក្ខជនរូបនេះក៏មិនបានគាំទ្របេក្ខជនណាមួយក្នុងចំណោមបេក្ខជនទាំងពីរផងដែរនៅក្នុងការបោះឆ្នោតនៅជុំទី២នេះ។ ទោះបីយ៉ាងណាក៏ដោយលោក Jean-Luc បានប្រាប់អ្នកគាំទ្ររបស់លោកកុំឱ្យបោះឆ្នោតគាំទ្រលោកស្រី Le Pen ។
អ្នកបោះឆ្នោតជនជាតិបារាំងម្នាក់ដែលមានវ័យ៣៨ឆ្នាំជាអ្នកប្រឹក្សាយោបល់ផ្នែកទីផ្សារនៃក្រុមហ៊ុន Fatime និយាយថា៖ «ខ្ញុំគិតថាយើងត្រូវតែជួយសង្គ្រោះប្រទេសបារាំង។ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តបោះឆ្នោតឱ្យលោក Macron»។
ដូចជាអ្នកបោះឆ្នោតជនជាតិបារាំងដទៃទៀតដែរ ស្រ្តីជនជាតិបារាំងរូបនេះមិនពេញចិត្តចំពោះបេក្ខជនទាំងពីររូបនេះ។
លោកស្រីបាននិយាយថា៖ «ខ្ញុំមិនសប្បាយចិត្តជាពិសេសជាមួយលោកMacron ហើយក៏មិនសប្បាយចិត្តជាមួយនឹងលោកស្រី Le Pen ដែរ។ ប្រសិនបើលោកស្រី Le Pen ជាប់ឆ្នោតនោះ ខ្ញុំបារម្ភថា វាអាចនឹងមានសង្គ្រាមស៊ីវិលឬរឿងអ្វីមួយកើតឡើង»៕
លោក Macron ឈ្នះការបោះឆ្នោតប្រធានាធិបតីបារាំងសម្រាប់អាណត្តិទី២
- Lisa Bryant

ប៉ារីស —