ប្រធានាធិបតីបារាំងដែលកំពុងកាន់តំណែងលោក Emmanuel Macron និងមេដឹកនាំស្តាំនិយមលោកស្រី Marine Le Pen នឹងប្រឈមការតតាំងគ្នានៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ នៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ បន្ទាប់ពីការប្រកួតប្រជែងជុំទី១កាលពីថ្ងៃអាទិត្យម្សិលមិញ។
លោកប្រធានាធិបតី Macron ឈ្នះបានសន្លឹកឆ្នោតប្រហែល២៧ភាគរយ ហើយលោក
ស្រី Le Pen បានទទួលសន្លឹកឆ្នោតចំនួន២៤ភាគរយ ដោយមានសន្លឹកឆ្នោតជាង៩០ភាគ រយ ត្រូវបានគេរាប់ហើយ។
ពួកអ្នកវិភាគមានការភ័យខ្លាចថា នឹងមានអ្នកចេញមកបោះឆ្នោតចំនួនទាប ដោយការស្ទង់មតិមុនការបោះឆ្នោត បានព្យាករថា លោក Macron និងលោកស្រី Le Pen ទំនងនឹងក្លាយជាអ្នកប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជុំទី២នេះ។
គេឃើញមានអ្នកឈរតម្រង់ជួរយ៉ាងវែងនៅខាងមុខមណ្ឌលបោះឆ្នោតខ្លះនៅពាក់កណ្តាលថ្ងៃត្រង់នៅភាគឦសាន្តទីក្រុងប៉ារីស។
ក៏ប៉ុន្តែ នៅទីបញ្ចប់ ចំនួនមនុស្សចេញបោះឆ្នោតមានភាពប្រសើរជាងការភ័យខ្លាច ដោយមានចំនួនប្រហែល៧៥ភាគរយ។
អ្នកស្រី Paulette Jean-Baptiste ដែលជាអ្នកចូលនិវត្តម្នាក់ មានការលំបាកច្រើន ដើម្បីធ្វើការជ្រើសរើសក្នុងចំណោមបេក្ខជនប្រធានាធិបតីជាច្រើននាក់។ អ្នកស្រីមានការពិបាកក្នុងការជ្រើសរើសរវាងលោក Macron និងលោកស្រី Le Pen និងបេក្ខជនឆ្វេងនិយមលោក Jean-Luc Melenchon ផងដែរ។
សម្រាប់អ្នកស្រី Jean-Baptiste ដែលមានដើមកំណើតមកពីទីក្រុង Guadeloupe ការព្រួយបារម្ភអំពីសោហ៊ុយនៃការរស់នៅជាការព្រួយកង្វល់ដ៏សំខាន់។ អ្នកស្រីនិយាយថា ពន្ធខ្ពស់ខ្លាំងពេក ហើយវាមានការលំបាកក្នុងការរកប្រាក់ចំណូល។
មុនការបោះឆ្នោតនេះ គេបានឃើញការនាំមុខយ៉ាងស្រួលកាលពីពេលមុនរបស់លោក Macronបានធ្លាក់ចុះ។ ការស្ទង់មតិមុនការបោះឆ្នោតបានរកឃើញថា លោកស្រី Le Pen ទទួលបានការគាំទ្រកើនឡើងនៅថ្ងៃចុងក្រោយ បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីដែលបានផ្តោតទៅលើការព្រួយកង្វល់ពីសោហ៊ុយនៃការរស់នោដែលពួកអ្នកបោះឆ្នោតដូចជាអ្នកស្រី Jean-Baptiste ជាដើម បានផ្តល់អាទិភាពទៅលើបញ្ហានេះ។
លោកស្រី Le Pen ក៏បានធ្វើការបន្ទន់វោហារសាស្ត្រប្រឆាំងជនអន្តោប្រវេសន៍និងអំពីការ មន្ទិលសង្ស័យអំពីប្រាក់អឺរ៉ូផងដែរ។ ការណ៍នេះទំនងបានទទួលការគាំទ្រជាពិសេស ពីព្រោះតែបេក្ខជនប្រធានាធិបតីម្នាក់ទៀតលោក Eric Zemmour ត្រូវបានគេមើលឃើញថា មានទំនោរទៅខាងស្តាំខ្លាំងជាងលោកស្រីនោះ។
លោក Macron បានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតយឺត ដោយលោកបានអះអាងថា លោកជាប់រវល់ធ្វើកិច្ចការរបស់លោក ជាពិសេសទាក់ទិននឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដ៏សំខាន់មួយមុនការបោះឆ្នោតជុំទី១ហើយមិនបានចូលរួមនៅក្នុងការជជែកដេញដោលទល់មុខគ្នាជាមួយបេក្ខជនប្រធានាធិបតីផ្សេងទៀតឡើយ៕