ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្យានៅថ្ងៃអង្គារ ពីការតាំងចិត្តគាំទ្ររបស់សហភាពអឺរ៉ុបចំពោះពលរដ្ឋបេឡារុស បន្ទាប់ពីលោកបានជួបជាមួយមេដឹកនាំគណបក្សប្រឆាំងបេឡារុស លោកស្រី Sviatlana Tsikhanouskaya។
កិច្ចពិភាក្សានេះបានធ្វើឡើងក្នុងរដ្ឋធានីវីលនីញូស ប្រទេសលីទុយអានី ដែលជាកន្លែងដែលមេដឹកនាំគណបក្សប្រឆាំងលោកស្រី Tsikhanouskaya (ស៊ីខាណូស្កាយយ៉ា) បានរត់គេចខ្លួន ក្រោយការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសបេឡារុស កាលពីខែសីហាកន្លងទៅ ដែលនាំឲ្យមានវិបត្តិនយោបាយ។
មនុស្សជាច្រើនក្នុងប្រទេសបេឡារុសបានបដិសេធលទ្ធផលបោះឆ្នោតជាផ្លូវការ ដែលផ្តល់ជ័យជម្នះមួយអាណត្តិទៀតដល់ប្រធានាធិបតីលោក Alexander Lukashenko និងបាននាំឲ្យមានការធ្វើបាតុកម្មតវ៉ាប្រឆាំង ដោយមានអ្នកចូលរួមរាប់ពាន់នាក់។
សហភាពអឺរ៉ុបបានលើកឡើងកាលពីសប្តាហ៍មុនថា ខ្លួនមិនទទួលស្គាល់លោក Lukashenko ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសបេឡារុសនោះទេ ហើយប្រធានាធិបតីបារាំងលោក Macron និយាយថាលោក Lukashenko ត្រូវតែចុះចេញពីតំណែង៕