ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​​សហភាព​អឺរ៉ុប​ជួប​មេដឹកនាំ​បក្ស​ប្រឆាំង​​​បេឡារុស


លោកស្រី Sviatlana Tsikhanouskaya ថ្លែង​ទៅ​កាន់​សមាជិក​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​អឺរ៉ុប នៅ​ក្នុង​ក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
លោកស្រី Sviatlana Tsikhanouskaya ថ្លែង​ទៅ​កាន់​សមាជិក​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​អឺរ៉ុប នៅ​ក្នុង​ក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​សមាជិក​សហភាពអឺរ៉ុប​បាន​ជួប​ប្រជុំ​ជាមួយមេដឹកនាំ​គណបក្ស​ប្រឆាំងរបស់​ប្រទេស​បេឡារុស លោកស្រី​ Svetlana Tikhanovskaya​ ក្នុង​ទី​ក្រុង​ប្រ៊ុចសែលប្រទេស​ប៊ែលហ្ស៊ិក​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​ពួកគេ​បានពិភាក្សា​ពី​ការ​ដាក់​ទណ្ឌកម្មប្រឆាំង​មន្ត្រី​បេឡារុស​មួយ​ចំនួន ដែល​ក្នុង​នោះ​អាច​រួម​មាន​លោក​ប្រធានាធិបតី Alexander Lukashenko​ ផង​ដែរ។​

មេដឹកនាំ​បក្ស​ប្រឆាំងលោកស្រី ​Tikhanovskaya ស្នើ​ឱ្យ​សហគមន៍​អឺរ៉ុប មាន​ភាព​ក្លាហានជាង​មុន ក្នុងវិធានការ​ដើម្បី​គាំទ្រ​ការប្រយុទ្ធ​តស៊ូ​របស់​ក្រុម​ប្រឆាំង​បេឡារុស​ទៅនឹងរបប​ផ្តាច់​ការ​របស់​លោក Lukashenko។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​អាហារ​ពេល​ព្រឹក​ជាមួយ​មេដឹក​នាំ​បក្ស​ប្រឆាំង​លោកស្រី​ Tikhanovskaya មក​ ប្រធាន​គោល​នយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​ លោក Josep Borrell​ និយាយ​ថា​ «លោកស្រី​បានរៀបរាប់​ប្រាប់​យើង​ពី​ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​ប្រទេស​បេឡារុស» ហើយ ​«យើង​កោត​សរសើរ​ជា​ខ្លាំង​ ចំពោះ​ភាព​ក្លាហាន​និង​ការព្យាយាម​របស់​ពលរដ្ឋ​បេឡារុស ជា​ពិសេសក្រុមស្រ្តី​ភេទ​ ដែល​បាន​បង្ហាញ​ពី​ភាព​ដឹកនាំ​ដ៏​ពិត​ប្រាកដ​របស់​ពួកគេ»។

លោក Borrell បន្ត​ថា ​សហភាព​អឺរ៉ុប​មិន​បាន​ទទួល​ស្គាល់​លោក​ Lukashenko​ ជា​ប្រធានាធិបតី​ស្រប​ច្បាប់​របស់​ប្រទេស​បេឡារុស​នោះ​ទេ។​

​ រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ លោក Heiko Maas ដែល​ប្រទេស​របស់​លោក​ធ្វើ​ជា​ប្រធានផ្លាស់​វេន​ របស់​សហភាពអឺរ៉ុប​ក្នុង​ឆ្នាំ​នេះ​ លើក​ឡើង​ថា​ អំពើ​ហិង្សា​ដែល​បង្កើត​ឡើង​ដោយ​ប្រធានាធិបតី Lukashenko​ ទៅ​លើ​ក្រុមបាតុករ​ដោយ​សន្តិវិធី​នោះ​ គឺ​មិនអាច​ទទួល​យក​បានទាល់​តែ​សោះ។

បាតកម្ម​ប្រឆាំង​លោក Lukashenko បាន​បន្ត​កើត​មាន​ឡើង​ ស្ទើរ​តែ​គ្មាន​ពេល​លោះ​ ក្រោយ​ពេលប្រធានាធិបតី​រូប​នេះ​ បាន​ប្រកាស​ពី​ជ័យ​ជម្នះ​របស់​លោកក្នុង​ការ​បោះ​ឆ្នោតមាន​ជម្លោះរបស់​បេឡារុស​កាល​ពី​ថ្ងៃទី​៩ ​ខែ​សីហា​កន្លង​ទៅ។​ លោក Lukashenko ​ បាន​ប្រើ​កម្លាំង​និង​ការ​ចាប់​ឃុំ​ឃាំង​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ ដើម្បី​បញ្ឈប់​ពួក​គេ៕​

XS
SM
MD
LG