ការសម្រេចនេះ ធ្វើឡើងក្នុងអំឡុងពេលនៃសប្ដាហ៍មួយដែលពោរពេញដោយរឿងអាស្រូវ ហ៊ុមព័ទ្ធរដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ។
អតីតនាយក FBI លោក Robert Mueller នឹងដឹកនាំការស៊ើបអង្កេត ទៅលើរឿងដែលអាចជាការឃុបឃិតគ្នារវាងរដ្ឋាភិបាលទីក្រុង Moscow និងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមបទបញ្ជាចេញដោយលោកអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Rod Rosenstein កាលពីថ្ងៃពុធ។
មន្ត្រីប្រចាំសេតវិមាន ដែលមានភាពស្ងប់ស្ងាត់នៅថ្ងៃនោះ បានចេញសេចក្ដីថ្លែងការណ៍មួយពីលោកប្រធានាធិបតី ត្រាំ។
សេចក្ដីថ្លែងការណ៍នោះបញ្ជាក់ថា៖ «គ្មានការឃុបឃិតគ្នាទេ រវាងយុទ្ធនាការរបស់ខ្ញុំ និងភាគីបរទេសណាមួយ»។
សេតវិមានស្ថិតក្នុងបរិយាកាសមានវិបត្តិ ចាប់តាំងពីមានព័ត៌មានមួយលេចចេញក្នុងសប្ដាហ៍នេះថា លោក ត្រាំ ជំរុញឲ្យអតីតនាយកទីភ្នាក់ងារ FBI លោក James Comey បញ្ឈប់ការស៊ើបអង្កេតលើអតីតប្រធានក្រុមប្រឹក្សាសន្តិសុខជាតិលោក Mike Flynn។
ការណ៍នេះបានបង្កឲ្យមានក្ដីបារម្ភថា លោក ត្រាំ ព្យាយាមរាំងស្ទះដល់ការស៊ើបអង្កេតរបស់ទីភ្នាក់ងារ FBI ទៅលើករណីជាប់ពាក់ព័ន្ធរវាងការឃោសនាបោះឆ្នោតរបស់លោក និងប្រទេសរុស្ស៊ី។
សមាជិករដ្ឋសភាអាមេរិក ភាគច្រើនស្វាគមន៍ការបង្កើតឲ្យមានក្រុមប្រឹក្សាពិសេសនេះ។ ហើយគេមានសង្ឃឹមខ្លាំងថា លោក Mueller អតីតនាយកទីភ្នាក់ងារ FBI នឹងស្ដារឡើងវិញនូវសុចរិតភាពនៃការស៊ើបអង្កេត។
អ្នកវិភាគមកពីគណបក្សសាធារណរដ្ឋ លោក Evan Siegfriend បាននិយាយតាម Skype ថា៖ «លោក Robert Mueller គ្មានអ្វីពាក់ព័ន្ធទាល់តែសោះជាមួយក្រសួងយុត្តិធម៌ និងទីភ្នាក់ងារ FBI។ លោកមានកញ្ចប់ថវិកាផ្ទាល់ខ្លួនរបស់លោក។ លោកអាចជ្រើសរើសបុគ្គលិកដោយខ្លួនលោក។ លោកអាចកម្ចាត់ទីភ្នាក់ងារ FBI ចេញពីមុខលោក តាមដែលលោកចង់។ លោកត្រូវបានផ្ដល់អំណាចឲ្យធ្វើការស៊ើបអង្កេតបានគ្រប់ទីកន្លែង ដោយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌»។
ហេតុការណ៍រសើបមួយទៀត អាចនឹងផ្ទុះឡើងនៅសប្ដាហ៍ក្រោយ នៅពេលដែលអតីតនាយកទីភ្នាក់ងារ FBI លោក Comey ត្រូវបានអញ្ជើញចូលរួមធ្វើសក្ខីកម្ម នៅចំពោះមុខសភា។
លោក Siegfriend បន្ថែមថា៖ «លោកប្រធានាធិបតី ត្រាំ បាននិយាយនៅក្នុងឱកាស ១០០ ថ្ងៃនៃការចូលកាន់តំណែងជាប្រធានាធិបតីរបស់លោកថា គ្មាននរណាម្នាក់ធ្លាប់ឃើញរឿងបែបនេះ កើតឡើងពីមុនមកទេ។ ហើយលោកសំដៅជាវិជ្ជមានទៅលើការងារដ៏ល្អប្រសើរដែលរដ្ឋបាលរបស់លោកកំពុងបំពេញ»។
លោកបន្តថា៖ «ប៉ុន្តែនិយាយឲ្យស្មោះត្រង់ទៅ គេពិតជាមិនដែលឃើញរដ្ឋបាលបែបនេះមែន។ គ្មានរដ្ឋបាលណាដែលក្នុងរយៈពេលតែ ១១៨ ថ្ងៃមានរឿងអាស្រូវ និងបញ្ហាដល់កម្រិតនេះនោះទេ»៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា