ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​​សង្ខេប​អំពី​ការ​ស៊ើប​អង្កេត​លើ​ទំនាក់​ទំនង​រវាង​លោក​ត្រាំ​និង​រុស្ស៊ី


រូបឯកសារ៖ លោក Darrell Issa សមាជិក​សភា​តំណាង​រាស្រ្ត​គណបក្ស​សាធារណរដ្ឋ នៃ​រដ្ឋ​ California។
រូបឯកសារ៖ លោក Darrell Issa សមាជិក​សភា​តំណាង​រាស្រ្ត​គណបក្ស​សាធារណរដ្ឋ នៃ​រដ្ឋ​ California។

លោក ​Darrell Issa សមាជិក​សភា​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា​ លោក​ពេញ​ចិត្ត​ដោយសារ​លោក Robert Mueller អតីត​នាយកការិយាល័យ ​FBI ​នឹង​មាន​សេរីភាព​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ពេល​លោក​ដឹកនាំ​ការ​ស៊ើប​អង្កេត​ឯករាជ្យមួយ​នៃ​ក្រសួង​យុត្តិធ៌ម​ ស.រ.អា.​អំពី​លទ្ធភាព​នៃ​ការ​ឃុប​ឃិត​គ្នា​មួយ​រវាង​ពួក​អ្នកឃោសនា​បោះឆ្នោត​ប្រធានាធិបតីរបស់​លោក ដូណាល់ ត្រាំ និង​ប្រទេស​រុស្ស៊ី។

លោក​ Issa និង​សមាជិក​ឯ​ទៀតៗ​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​ទទួល​ការ​ធានា​រ៉ាប់រង​ពី​លោក Rod Rosenstein ​អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធ៌ម​ស.រ.អា.​នៅ​ក្នុង​ការ​និយាយ​ត្រួសៗ​បិទ​ទ្វារ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​វិមាន​កាពីតូល​អំពី​ការ​ដែល​លោក​បាន​តែង​តាំង​លោក ​Mueller ឱ្យ​ដឹកនាំ​ការ​ស៊ើប​អង្កេត​នេះ។​

លោក ​Issa ​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​នៅ​ក្រោយ​ការ​និយាយ​ត្រួសៗ​នេះ​ថា៖ «អ្វី​ដែល​ខ្ញុំ​ដឹង​ហើយ​ដែល​ខ្ញុំ​ពេញ​ចិត្ត​ណាស់​នោះ​គឺ​ថា​រដ្ឋ​អាជ្ញា​ពិសេស​នឹង​មាន​វិសាលភាពជា​ចាំ​បាច់​ក្នុង​ការ​តាម​តម្រុយ​ណា​មួយ​ និង​តម្រុយ​ទាំង​អស់​ទាក់​ទិននឹង​ការ​ប៉ុន​ប៉ង​របស់​រុស្សី​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​របស់​យើង»។

លោក​ Mueller ​បាន​ត្រូវ​តែង​តាំង​ជា​រដ្ឋអាជ្ញា​ពិសេស​នៅ​ក្រោយ​លោក ត្រាំ​ បាន​ដក​លោក James Comey ​នាយក​ការិយាល័យ ​FBI ​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​៩ខែ​ឧសភា​ ដែល​បាន​បង្កើន​កង្វល់​ថា​ ការ​បណ្តេញ​ចេញពី​តំណែង​នេះ​ជា​ការ​ប៉ុនប៉ង​មួយ​ដោយ​លោកប្រធានាធិបតី​ក្នុង​ការ​រារាំង​ការ​ស៊ើបអង្កេត​របស់​លោក Comey ​អំពី​លទ្ធភាព​នៃ​ការ​រួម​គំនិត​គ្នា​រវាង​ក្រុម​អ្នក​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ​ និង​ប្រទេស​រុស្សី​នៅ​មុន​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​ទៅ​មិញ។

ការ​ចេញ​បង្ហាញ​ខ្លួន​របស់​លោក ​Rosenstein នៅ​មុខ​ពួក​សមាជិក​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ជា​ការ​ចេញ​បង្ហាញ​មុខ​លើកទី​ពីរ​របស់​លោក​នៅ​ក្នុង​វិមាន​កាពីតូល​ក្នុង​រយៈ​ពេល​ច្រើន​ថ្ងៃ​មក​ហើយ។​

កាលពីថ្ងៃ​ព្រហស្បតិ៍ ​លោក Rosenstein ​បាននិយាយ​ត្រួសៗ​ជម្រាប​ព្រឹទ្ធសភា​នៅ​ក្នុង​ការ​ប្រជុំ​បិទ​ទ្វារ​មួយ​ដែល​ពី​ដំបូង​បានត្រូ​វគ្រោង​ធ្វើដើម្បី​ឱ្យ​លោក​ពន្យល់​អំពី​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ ត្រាំ​ បាន​ដក​លោក ​Comey​ ចេញ​ពី​តំណែង​ ក៏ប៉ុន្តែ​ការផ្តោត​ការយក​ចិត្តទុក​ដាក់​បាន​ប្តូរ​កាល​ពី​ថ្ងៃ​ពុធ ​នៅ​ពេល​ដែល​លោក​ Rosenstein ​បាន​តែង​តាំង​លោក​ Mueller ឱ្យ​ធ្វើ​ជា​រដ្ឋអាជ្ញាពិសេស៕

XS
SM
MD
LG