សហរដ្ឋអាមេរិកបានជំរុញប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ឱ្យការពារសិទ្ធិរបស់ពលរដ្ឋទាំងអស់ រួមទាំងសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំ ខណៈដែលការបង្រ្កាបដែលគាំទ្រដោយយោធាលើគណបក្សប្រឆាំងរបស់អតីតនាយករដ្ឋមន្ត្រី លោកImran Khan ដែលកំពុងជាប់ពន្ធនាគារនៅតែបន្ត។
លោក Donald Blome ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប៉ាគីស្ថានបានសង្កត់ធ្ងន់ក្នុងអំឡុងសិក្ខាសាលានៅទីក្រុង Islamabad ថា ការរក្សាសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញគឺមានសារៈសំខាន់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេស។
ការកត់សម្គាល់របស់ឯកអគ្គរដ្ឋទូតអាមេរិកបានកើតឡើងនៅពេលដែលប៉ាគីស្ថានប្រឈមមុខនឹងភាពចលាចលនយោបាយអូសបន្លាយដែលកើតចេញពីការដកលោក Khan ចេញពីអំណាចនៅឆ្នាំ ២០២២ តាមរយៈការបោះឆ្នោតដកសេចក្តីទុកចិត្តពីសភា និងការចាប់លោកដាក់ពន្ធនាគារ កាលពីខែសីហាឆ្នាំមុន ដែលអង្គការសហប្រជាជាតិបានពិពណ៌នាថាមិនមានមូលដ្ឋានផ្លូវច្បាប់។
ការបង្រ្កាបដែលកំពុងបន្តបាននាំឱ្យមានការចាប់ខ្លួនអ្នកគាំទ្ររាប់រយនាក់នៃគណបក្ស Pakistan Tehreek-e-Insaf ឬ PTI របស់លោក Khan ក្នុងនោះរួមមានទាំងស្ត្រីផងដែរ៕
វេទិកាបញ្ចេញមតិ