ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផល​នេសាទ​ធ្លាក់​អ្នក​ស្រុក​ជំពាក់​ធនាគារ​កាន់​តែច្រើន


អ្នកនេសាទ​ខ្មែរ​ម្នាក់ អង្គុយ​ក្បែរ​ផលនេសាទ​របស់​គាត់។
អ្នកនេសាទ​ខ្មែរ​ម្នាក់ អង្គុយ​ក្បែរ​ផលនេសាទ​របស់​គាត់។

ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​នេសាទនៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ទឹក​សមុទ្រ​ពាម​ក្រសោប​ជួប​បញ្ហា​កាន់តែ​ច្រើន​ឡើង​ក្នុង​ការ​រស់នៅ។​

​ពលរដ្ឋ​ខ្លះ​បាន​ជំពាក់​បំណុល​ធនាគារ​កាន់តែ​ច្រើន​ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ចិត្ត​ធ្វើចំណាក​ស្រុក​ទៅ​ស៊ីឈ្នួលជា​កម្មករ​នៅ​ក្នុង​ប្រទេស​ថៃ។​

​ពាម​ក្រសោប​គឺ​ជា​ឈ្មោះ​សហគមន៍​នេសាទ​សមុទ្រ​មួយ​ស្ថិត​ក្នុង​ឃុំ​ពាម​ក្រសោប​ស្រុក​មណ្ឌល​សីមា​ខេត្ត​កោះកុង។​សហគមន៍​នេះ​ស្ថិត​នៅ​ចម្ងាយប្រហែល​ជាង៧​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កោះកុង​ក៏​ប៉ុន្តែ​គេ​ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​ប្រហែល​ជាង​ ៣០​នាទីចេញ​ពីរមណីយដ្ឋានបឹង​ក្រយ៉ាក​មុន​នឹង​ទៅ​ដល់​សហគមន៍​នេះ។

​បន្ទាប់​ពី​ចំណាយ​ពេលចុះ​ទូក​នេសាទអស់រយៈ​ ៥​ម៉ោងតាំងតែ​ពេល​ព្រលឹមមក​

លោក​សេង​ លិញ និង​ក្រុមគ្រួសារ​ដែល​សុទ្ធ​សឹង​ជា​អ្នក​នេសាទ​៤នាក់​ទៀត​បាន​ត្រឹម​តែ​ត្រឡប់​មក​ផ្ទះ​វិញដោយ​ដឹក​កូន​ត្រី​ល្អិត​ៗ និងបង្គា​មួយ​កញ្ច្រែង​តូចប្រមាណ​ជា​១០០​គីឡូក្រាម​តែ​ប៉ុណ្ណោះ។ នេះ​គឺ​ផ្ទុយ​ពី​ពេល​មុន​ដែល​លោកសេង លិញ ​អះអាង​ថា​ក្នុ​ងរយៈ​ពេល​ដូច​គ្នា​គាត់​នឹង​នេសាទត្រី​និ​ងបង្គា​បានច្រើន​ជាង​នេះ។

ស្លៀក​ខោ​ខ្លី​ និង​អាវពណ៍​ស​ប្រឡាក់​ដោយ​ក្អែល និងស្រកា​ត្រី​ស្ទើរ​ពេញ​ខ្លួន​អ្នក​នេសាទ​វ័យ ៥៤​ឆ្នាំ​រូប​នេះ​និយាយ​ថាត្រី​ដែល​លោក​និង​សមាជិក​គ្រួសារ​ចាប់​បានសុទ្ធ​សឹង​ជា​ប្រភេទ​ត្រីល្អិត​តម្លៃ​ថោក​ ហើយ​ដែល​គេ​យក​ទៅ​កែ​ច្នៃ​ជាចំណី​សត្វ​ និងចំណី​ត្រី​បន្ត​ប៉ុណ្ណោះ​។​

​មួយ​គីឡូក្រាម​នៃ​ត្រី​ល្អិត​នេះ​មាន​តម្លៃ​ត្រឹមតែ​ ២០០​រៀល​ហើយ​ត្រូវ​យក​ត្រី​ទាំង​នោះ​ទៅ​លក់​នៅ​ទីផ្សារ​ក្នុង​ទី​រួម​ខេត្ត។ ​

កំពុងរើស​បង្គា​ចេញ​ពី​គំនរ​ត្រី​ល្អិតៗ លោក​សេង​ លិញត្អូញត្អែរ​ថាលោក​អាច​សល់​ប្រាក់ត្រឹម​តែ​ជាង​ ៨០០០រៀលទៅ​១០ ០០០​រៀល​ឬស្មើ​នឹង​ពីពីរ​ទៅបី​ដុល្លារ​តែ​ប៉ុណ្ណោះក្នុង​មួយ​ថ្ងៃ។

​«រក​បាន​មក​ហ្នឹង​យើង​គ្រាន់​តែទប់ទល់​ៗតែ​ហូបចិញ្ចឹម​កូន​ចៅ​ហ្នឹង​។​ ពេល​ណា​រក​បានអត់​យើង​ចេះ​តែ​ទ្រាំ​រកហ្នឹង​ធ្វើ​ម៉េចយើង​អ្នក​នេសាទ​ហើយ។ ជួន​កាល​វា​បានជួន​កាល​វា​អត់។ អត់​ចឹង​វា​ពិបាក​ដែរ ប្រពន្ធ​កូន​អត់​អី​ស៊ី​ចឹង​ទៅ​។ ​ទៅ​ខ្ចី​លុយ​ជំពាក់​គេ​ជំពាក់​ឯង​ចឹង​ទៅ​ខ្លះ​ទៅ​ ថ្ងៃ​ណា​រក​បាន​យើង​សង​គេ​ទៅ​ថ្ងៃ​ណា​អត់​ៗ​ចឹង​អត់ទៅ​។ ជំពាក់​បន្ត​កាន់​តែ​ច្រើន​ៗ​ច្រើន​ទៅ»។

ការ​លំបាក​នេះ​មិន​មែន​កើត​មាន​ឡើង​ចំពោះ​តែ​ក្រុម​គ្រួសារ​របស់​លោក​សេង​ លិញ ឡើយ អ្នក​ស្រីផាត់​ លី ​មើល​ទៅកំពុង​មមាញឹក​រើស​យក​ក្ដាម​ និង​បង្គាពី​គំនរ​កូន​ត្រី​ល្អិត​ដែល​ប្ដីរបស់​គាត់​ទើប​តែ​នេសាទបាន​។

អ្នក​ស្រី​រអ៊ូ​ថាផល​នេសាទ​នេះមិន​ទាំង​គ្រប់​សម្រាប់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​អ្នក​ស្រី​ឡើយ។ ពេល​ខ្លះ​អ្នក​ស្រី​ត្រូវ​ឡើង​ទៅ​កាន់​ទី​រួម​ខេត្ត​ដើម្បី​ខ្ចី​ប្រាក់​ពី​ធនាគារ។

«ជួន​កាល​ខ្លះ​លុយខ្វះ​អីចឹង​ទៅ​ ធ្វើ​នៅ​សមុទ្រ​មិន​បាន​ចឹងទៅ​រក​ចងការ​លុយ​គេ​ចឹង​ទៅ​លុយ​នេះ​លុយ​នោះ​ចឹង​ទៅ​។ ចាំ​ដល់​យើងរក​បាន​សង​គេវិញខែ​ណា​រក​បាន​បាន​ចឹង​ទៅ​ ខែ​ណា​អត់​ខ្វះ​ខាត​ចឹង​ទៅ»។

​ដោយសារ​ទិន្នផល​ត្រី​ធ្លាក់​ចុះ ប្រាក់​កម្រៃ​ដែល​បាន​មក​ពី​ផល​នេសាទ​ក៏​ចេះ​តែ​មាន​ឱន​ភាព​ជា​លំដាប់​ផងដែរ។​ហេតុដូច្នេះ​ហើយ​ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការផ្សេងៗ​ក្រុម​ប្រជានេសាទ​បានរត់​រក​ខ្ចី​បុល​ពី​ធនាគារ​អេស៊ីលីដា​ ដែលស្ថិត​នៅ​ក្បែរ​សហគមន៍​របស់​ពួក​គេ។​

​តួយ៉ាង​ចាប់តាំង​ពី​ពីរឆ្នាំមក​ហើយ​ អ្នកស្រី​ផាត់ លី ​បាន​ក្លាយ​ជា​កូន​បំណុល​ធនាគារ​នេះ។​អ្នកស្រី​បាន​ខ្ចី​ធនាគារ​អេស៊ីលីដា។

អ្នក​ស្រី ​ម៉ា​ ថូ ​អ្នក​នេសាទ​ម្នាក់​ទៀតក៏​ជាកូន​បំណុល​របស់​ធនាគារ​ដដែល​នេះ​ដែរ។ អ្នកស្រី​ត្រូវ​ការ​ទុន​ពី​ធនាគារ​នេះ​ដែរកាល​ពីបី​ឆ្នាំ​មុន។​

«អ៊ុំ​មិន​គ្រប់គ្រាន់​ទេ។ រក​លុយ​គេ​តែរហូត​ហ្នឹង។ រកលុយ​គេតែ​រហូត​ហ្នឹង ចង​ការ​ធនាគារ ចង​ការ​អ្នក​ដទៃ។​ ខ្ចី​ពី​អ្នក​ដទៃ​ទៅ​សងធនាគារ។ រក​ពី​នេះ​ពីនោះ។​ ខ្ចី​លុយ​គេចងការ​គេ។ លើ​នោះ​ជួល​ផ្ទះ​គេ​នៅទៀត​ ​នេសាទ​នេះ​វា​ពិបាក​ណាស់»។

​យោង​តាម​ក្រុម​អ្នក​ភូមិ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ក្នុ​ងភូមិ​គឺ​ជា​កូន​បំណុល​របស់​ធនាគារ​អេស៊ីលីដា។​ហើយ​ប្រាក់​បំណុល​មាន​ចន្លោះ​ពី​ ៥០០.០០០ ទៅ ​១.០០០. ០០០ រៀលឬស្មើ​នឹង​ចន្លោះ​ពី​១២៥​ ទៅ​២៥០​ដុល្លារ​អាមេរិក។

ពាម​ក្រសោប​គឺជា​សហគមន៍​នេសាទ​មួយ​ដែល​មាន​ពលរដ្ឋ​រស់នៅ​សរុប​ប្រហែល​ជាង​ ១០០​គ្រួសារ។​ ភូមិ​នេះ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ទឹក​សមុទ្រ​ហើយ​ពលរដ្ឋ​ទាំងអស់​គឺ​ជា​អ្នក​នេសាទ។​ ​ទីតាំង​ភូមិសាស្ត្រ​នេះ​មិន​អំណោយ​ផល​សម្រាប់​ការសិក្សា​របស់​កុមារ​ឬ​ក្រុម​យុវជន​នោះ​ទេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កុមារ​និងយុវជន​មួយ​ចំនួន​ឆាប់​បោះ​បង់​ចោល​ការសិក្សា​និង​ចូល​ប្រឡូក​ក្នុង​ជីវភាព​ជា​អ្នក​នេសាទ​ឬ​ជា​កម្មករនៅ​ប្រទេស​ថៃ។

​ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ពាម​ក្រសោប​នេះ​គឺ​ជាអ្នក​មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្ត​កោះកុង​។

កំពុង​អង្គុយ​ដេរ​មង​យ៉ាង​ញាប់​ដៃ លោកសេង លីហៀង អាយុ​ ៥៥​ឆ្នាំ​គឺ​ជា​អ្នក​នេសាទ​ដែល​បាន​មក​រស់នៅ​ក្នុង​សហគមន៍​ពាម​ក្រសោប​នេះ​អស់​រយៈពេល​ជាង​ ១៥​ឆ្នាំ​មក​ហើយ។

លោក​បញ្ជាក់​ថា៖

«​ប៉ះពាល់​គ្រួសារ​ហ្នឹងដឹង​ស្រាប់​ហើយ​ យើង​នេសាទ​អត់​សូវ​បានយើង​ជីវភាព​ហ្នឹង​ក៏ទៅ​តាមហ្នឹង​ដែរ។​ថា​គ្រាន់​ហ្នឹង​អាហ្នឹង​ពី​លើ​ពី​គ្រាន់​បន្តិច»។

លោក​ផាត់​ ហាក់​ជំនួយ​ការ​មេភូមិភូមិ​នៃ​សហគមន៍​ពាម​ក្រសោបទទួល​ស្គាល់​ថាទិន្នផល​ត្រី​ដែល​អ្នក​ភូមិ​នេសាទ​បាន​មាន​ការ​ធ្លាក់​ដោយសារវត្តមាន​នៃ​អ្នក​នេសាទ​មក​ពី​សហគមន៍​ដ​ទៃ​ចូល​មក​នេសាទកាន់​តែ​ច្រើន​ឡើង។​ អ្នក​ខ្លះ​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ទ្រង់ទ្រាយ​ធំ​ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ធនធាន​សមុទ្រ។

លោក​បន្ត​ថា​ប្រសិន​បើ​ផល​នេសាទ​នៅ​តែ​បន្ត​ធ្លាក់​ចុះនៅ​ឆ្នាំ​ខាងមុខ​ពលរដ្ឋ​ក្នុង​សហគមន៍​របស់លោក​អាច​នឹងជំពាក់​បំណុល​ធនាគារកាន់តែ​ច្រើន​ឡើង​ ហើយ​នឹងចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃជា​មិន​ខាន​។

​យោង​តាម​ក្រុម​ប្រជាជន​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេសថៃ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​នៅ​ក្នុ​ង​ពេល​នេះ៕​

XS
SM
MD
LG