ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ព្យាយាម​ស្វែងរក​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​រង្គាល​នៅ​សហរដ្ឋអាមេរិក


បុគ្គលិក​របស់​ហាង​ទំនិញ Walmart យំ​ នៅ​ពេល​ពួកគេ​ចូលរួម​គោរព​វិញ្ញណក្ខន្ធ​ដល់​ជនរងគ្រោះ​ នៅ​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​ប្រល័យ​កាលពី​ថ្ងៃ​សៅរ៍ ទី៤ ខែសីហា ក្នុង​ក្រុង El Paso រដ្ឋ Texas។

នៅ​ក្នុង​សហរដ្ឋអាមេរិក ខ្មាន់​កាំភ្លើង​ពីរ​នាក់​បាន​បាញ់​សម្លាប់​មនុស្ស​អស់​ចំនួន​២៩​នាក់​និង​ធ្វើ​ឲ្យ​របួស​រាប់​សិប​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​ចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពី​សៅរ៍​និង​ថ្ងៃ​អាទិត្យ។ អាជ្ញាធរ​កំពុង​តែ​ស្វែងរក​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​រង្គាល​នេះ។

ហេតុការណ៍​បាញ់​សម្លាប់​នៅ​ក្រុង Dayton រដ្ឋ Ohio មាន​មនុស្ស​ស្លាប់​ចំនួន​៩​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ហេតុការណ៍​បាញ់​សម្លាប់​នៅ​ក្រុង El Paso រដ្ឋ Texas មាន​មនុស្ស​ស្លាប់​ចំនួន​២០​នាក់​កាល​ពី​ថ្ងៃ​សៅរ៍។
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បញ្ជា​ឲ្យអគារ​រដ្ឋាភិបាល​ទាំងអស់​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់​កណ្ដាល​ដង​រយៈពេល​៥​ថ្ងៃ ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​នៅ​ក្នុង​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ ​ដែល​បាន​កើតឡើង​ក្នុង​ក្រុង El Paso ​រដ្ឋ Texas និង​ក្រុង Dayton ​រដ្ឋ Ohio។ ​

ក្រុមមន្ត្រី​និយាយ​ថា ពួកគេ​នឹង​ព្យាយាម​កាត់​ទោស​ប្រហារជីវិត​ជនដៃដល់​ដែល​បាន​ធ្វើ​ការ​បាញ់​ប្រហារ​នៅ​រដ្ឋ Texas។ ក្រុម​មន្ត្រី​ទាំង​នោះ​ចាត់​ទុក​ការ​បាញ់​សម្លាប់​រង្គាល​នេះ​ថា​ជា​អំពើ​ភេរវកម្ម​ក្នុង​ស្រុក។

លោក​ ត្រាំ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អាទិត្យ​ថា «សហរដ្ឋអាមេរិកមិន​អាច​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​បាន​ទេ។ មាន​ការ​ងារ​ជាច្រើន​ដែល​យើង​កំពុង​តែ​ធ្វើ​ដើម្បី​បញ្ឈប់​ការ​វាយប្រហារ​នៅ​ពេល​អនាគត»។ ​

លោក​ប្រធានាធិបតី​បាន​ហៅ​ការ​សម្លាប់​នេះ​ថា​កើតឡើង​ដោយសារ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ហើយ​លោក​គ្រោង​នឹង​ធ្វើ​សេចក្តីថ្លែងការណ៍​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​អំពី​ការ​សម្លាប់​នេះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ៕

XS
SM
MD
LG