សមាគមការពារសិទ្ធិមនុស្សអាដហុកថ្មីៗនេះ បានចេញរបាយការណ៍មួយលើកឡើងពីភាពខ្វះខាតរបស់តុលាការកាលពីឆ្នាំ២០២៤ នៅក្នុងនោះមានការរារាំងមិនឱ្យចូល ឬបណ្តេញសាធារណជនចេញពីបន្ទប់សវនាការ និងការស្រែកសម្លុតជនជាប់ចោទ និងភាពមិនប្រក្រតីមួយចំនួនទៀត។
បើតាមសង្ខេបលទ្ធផលការឃ្លាំមើលសវនាការ ២០២៤ របស់សមាគមអាដហុកដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃពុធ សមាគមបានជំរុញឱ្យក្រសួងយុត្តិធម៌ពិនិត្យដាក់វិធានការច្បាស់លាស់ចំពោះគ្រប់សាលាដំបូង ក្នុងការបើកចំហដល់សាធារណជន និងអ្នកសារព័ត៌មាន ឱ្យបានចូលស្តាប់សវនាការសាធារណៈ ដោយគ្មានការហាមឃាត់ និងបណ្តេញចេញ។
ក្រៅពីនេះសមាគមអាដហុកក៏បានឱ្យពិនិត្យមើលការអនុវត្តរបស់ចៅក្រម និងតំណាងអយ្យការទាំងឡាយណាដែលសមាគមថាមានការយឺតយ៉ាវចំពោះពេលវេលាបំពេញភារកិច្ច បើកសវនាការជំនុំជម្រះ និងថា តុលាការនៅតែបន្តភាពយឺតយ៉ាវក្នុងការចាប់ផ្តើមសវនការជាក់ស្តែងខុសពីម៉ោងដែលបានកំណត់ក្នុងដីកា ចាប់ពីមួយម៉ោងកន្លះរហូតដល់ជាង៣ម៉ោង។
របាយការណ៍ខាងលើក៏បានបង្ហាញពីភាពមិនប្រក្រតីនៃការឃុំខ្លួនផងដែរ។
សមាគមបញ្ជាក់ថា៖ «ក្រសួងយុត្តិធម៌ពិនិត្យដាក់វិធានការច្បាស់លាស់ចំពោះការអនុវត្តរបស់ចៅក្រម និងតំណាងអយ្យការទាំងឡាយណា ដែលផ្ទុយនឹងគោលបំណងមាត្រា២០៨ និងមាត្រា២០៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ ដែលបានចែងអំពីថេរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន»។
របាយការណ៍បង្ហាញថា នៅតែមានការឃុំខ្លួនបណ្តោះអាសន្នចំនួន ៤២ ករណី ដែលមានថេរវេលាលើសពី៦ខែ រហូតដល់ជាង១៨ខែ។
លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្សនិងដីធ្លី ប្រាប់វីអូអេថា បញ្ហាឃុំខ្លួនបណ្តោះអាសន្នលើសកាលកំណត់គឺជាបញ្ហាដែលសំខាន់ ហើយក្រសួងពាក់ព័ន្ធត្រូវតែពិនិត្យមើល ហើយដាក់វិធានការ។
លោកបញ្ជាក់ថា៖«អ៊ីចឹងយើងឃើញថាការឃុំខ្លួនមានហួសពី៦ខែទៅដល់៩ខែ។ អានេះជាបញ្ហាមួយ ហើយមានការឃុំខ្លួនលើសដល់១៨ខែ។ អាហ្នឹងសុទ្ធតែរឿងឃុំខ្លួនហួសការកំណត់។ កាលណាចៅក្រមគាត់រំលោភទៅលើនីតិវិធីដោយធ្វើការឃុំខ្លួនលើសការកំណត់ វាអាចធ្វើការរំលោភទៅលើសិទ្ធិជនជាប់ចោទ»។
ទោះជាយ៉ាងណាក្តី លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ ប្រាប់វីអូអេថា ក្រសួងនឹងពិនិត្យមើលរបាយការណ៍របស់សមាគមអាដហុក ដែលលោកថាហាក់ផ្ទុយនឹងលទ្ធផលនៃការរកឃើញរបស់ក្រសួង។
លោក ជិន ម៉ាលីន បន្ថែមថា បើសិនសមាគមអាដហុករកឃើញភាពមិនប្រក្រតីរបស់តុលាការមែន លោកស្នើសមាគមធ្វើការជាមួយក្រសួងយុត្តិធម៌ដោយការដាក់ពាក្យបណ្តឹងទៅក្រសួង។
លោកបញ្ជាក់ថា៖«អ៊ីចឹងបើសិនជាគាត់មានមូលដ្ឋានច្បាស់លាស់ សុំឱ្យគាត់សហការផ្តល់ព័ត៌មានថាតើសំណុំរឿងមួយណា ពាក់ព័ន្ធនឹងនរណា ដើម្បីក្រសួងមានវិធានការជាក់លាក់ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ ពីព្រោះយើងបើកច្រកយុទ្ធនាការ ដើម្បីទទួលនូវបញ្ហា និងបណ្តឹងដែលប្រជាពលរដ្ឋជួបប្រទះនៅតាមតុលាការ។ អ៊ីចឹងសុំឱ្យគាត់សហការវិញជាជាងធ្វើការវាយតម្លៃដោយគ្មានមូលដ្ឋានច្បាស់លាស់»។
អ្នកនាំពាក្យអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ប្រាប់វីអូអេជាសារអក្សរតាមប្រព័ន្ធតេឡេក្រាមថា៖ «ខ្ញុំមិនបានទទួលរបាយការណ៍នោះទេ ហើយក៏មិនដឹងថារបាយការណ៍នោះធ្វើការសន្និដ្ឋានដោយផ្អែកលើទឡ្ហីករណ៍អ្វីនោះទេ»។
បើតាមរបាយការណ៍នោះ សមាគមអាដហុកក៏បានដាក់អនុសាសន៍មួយចំនួនទៀតទៅកាន់ក្រសួងយុត្តិធម៌ ក្នុងនោះមានការស្នើឱ្យពិនិត្យដាក់វិធានការច្បាស់លាស់ចំពោះការអនុវត្តរបស់ចៅក្រម និងតំណាងអយ្យការទាំងឡាយណាដែលមានការយឺតយ៉ាវក្នុងការចេញលិខិតអញ្ជើញមេធាវី និងភាគីចូលរួមក្នុងសវនាការជំនុំជម្រះ។
ក្រសួងពិនិត្យដាក់វិធានការច្បាស់លាស់ចំពោះការអនុវត្តរបស់ចៅក្រម និងតំណាងអយ្យការទាំងឡាយណាដែលខកខានមិនបានអញ្ជើញមេធាវីចូលរួមអមកូនក្តី ស្តាប់ចម្លើយកូនក្តីនៅតំណាក់កាលព្រះអាជ្ញា និងពិនិត្យដាក់វិធានការច្បាស់លាស់ចំពោះការអនុវត្តរបស់ចៅក្រម និងតំណាងអយ្យការទាំងឡាយណា ដែលខកខានមិនបានជូនដំណឹងអំពីដីកាសម្រេច ដូចជាដីកាសន្និដ្ឋានស្ថាពរនិងដីកាដំណោះស្រាយ។
សមាគមក៏ស្នើឱ្យចៅក្រមពន្យល់ប្រាប់ជនជាប់ចោទ-ជនរងគ្រោះឱ្យបានច្បាស់លាស់អំពីសិទ្ធិដែលត្រូវទទួលបានដូចជាសិទ្ធិមានមេធាវី សិទ្ធិមិនឆ្លើយ សិទ្ធិមិនបង្ខំឱ្យសារភាពកំហុស សិទ្ធិសន្មត់ទុកជាមុនថាគ្មានកំហុស សិទ្ធិដឹងពីបទចោទ និងសិទ្ធិដឹងការបរិច្ឆេទ-ទីកន្លែងប្រព្រឹត្តបទល្មើសជាដើម៕
វេទិកាបញ្ចេញមតិ