អង្គការសិទ្ធិមនុស្សលីកាដូ និងនគរបាលខេត្តបន្ទាយមានជ័យអះអាងផ្សេងគ្នាជុំវិញការដែលមន្រ្តីនគរបាលចូលទៅស្នាក់ការរបស់អង្គការលីកាដូក្នុងខេត្ត កាលពីថ្ងៃពុធ ដោយនាំមនុស្ស៤នាក់ចេញពីស្នាក់ការ។
អង្គការលីកាដូទាមទារឱ្យនគរបាលអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ មុននឹងចូលទៅស្ថាប័នណាមួយ។ ប៉ុន្តែនគរបាលខេត្តបានច្រានចោល និងថាករណីនេះគ្រាន់តែហៅពលរដ្ឋមកយកអំណោយតែប៉ុណ្ណោះ មិនមែនជាការឃាត់ខ្លួនឡើយ។
អង្គការលីកាដូបានបង្ហោះព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៦ ខែវិច្ឆិកាថា មន្ត្រីនគរបាលចំនួន៦នាក់បានចូលក្នុងបរិវេណការិយាល័យលីកាដូ ក្នុងខេត្តបន្ទាយមានជ័យ ដោយ«ចាប់ខ្លួន»មនុស្ស៤នាក់ ដែលកំពុងមកទទួលការប្រឹក្សាយោបល់ផ្នែកច្បាប់ការពារគ្រួសាររបស់ពួកគេ។ ក្នុងចំណោមពលរដ្ឋ៤នាក់នោះ ក៏មានអ្នកស្រី ហង្ស ត្រឹប ភរិយារបស់លោក កង សារ៉ន ដែលកំពុងជាប់ពន្ធនាគារ និងបានទទួលយកមេធាវីរបស់អង្គការលីកាដូការពារក្តីតាមផ្លូវច្បាប់ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលតុលាការខេត្តបន្ទាយមានជ័យចោទប្រកាន់រូបលោកពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង«ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
លោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ ទាក់ទងនឹងទស្សនៈនយោបាយរបស់លោកដែលបានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់លោក អំឡុងពេលយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិ កាលខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមអង្គការលីកាដូ។
ចំណែកមនុស្ស៣នាក់ទៀត រួមមានកូនស្រីរបស់លោក កង សារ៉ន និងអ្នកស្គាល់គ្នា ដែលបានជូនភរិយារបស់លោក កង សារ៉ន មកការិយាល័យលីកាដូ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ អះអាងថាការដែលនគរបាលនាំខ្លួនមនុស្សនេះ មិនមែនជាការឃាត់ខ្លួនអ្វីឡើយ។ លោកបញ្ជាក់ថាករណីនេះអាចជាការភាន់ច្រឡំគ្នា ព្រោះជាក់ស្តែងកម្លាំងសមត្ថកិច្ចគ្រាន់តែចុះទៅហៅភរិយារបស់លោក កង សារ៉ន ឱ្យមកយកជំនួយសម្រាប់ផ្គត់ផ្គង់ជីវភាពខ្វះខាតដែលក្រុមគ្រួសារបានស្នើសុំមកសមត្ថកិច្ចតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្ញុំខលមកពីប៉ោយប៉ែត [មកមន្ត្រីថ្នាក់ក្រោម] ខ្ញុំថាទៅអញ្ជើញគាត់មក គាត់នៅម្តុំវេទិកា[នៅម្តុំស្នាក់ការលីកាដូ] ទៅយកគាត់មកស្នងការមក ស្បៀងរបស់ខ្ញុំនៅស្នងការហ្នឹងយកប្រគល់ជូនគាត់ម្តងទៅ ឱ្យគាត់មានមធ្យោបាយដឹកទៅ ឱ្យគាត់ដឹកទៅតែម្តង។ មិនពិបាកខ្ញុំទៅទេ ហើយផ្តាំផ្ញើសួរសុខទុក្ខ [ម្តាយរបស់លោក កង សារ៉ន អាយុ១០២ឆ្នាំ]ជំនួសខ្ញុំផង ជាការនឹករលឹក»។
លោកបន្ថែមថាអ្នកទាំង៤នាក់នោះបានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនផងដែរ កាលពីថ្ងៃពុធ ក្រោយទទួលបានអំណោយជាអង្ករ និងលុយមួយចំនួន។ លោក សិទ្ធិ ឡោះ អះអាងថាមូលហេតុដែលនគរបាលទៅយកពលរដ្ឋ នៅពេលពួកគេនៅអង្គការលីកាដូ ដោយសារពួកគេទើបឡើងមកពីស្រុកម៉ាឡៃ ហើយមិនបានស្គាល់ទីតាំងស្នងការដ្ឋាននគរបាលច្បាស់លាស់។
លោកបញ្ជាក់ថា៖ «គាត់អត់ស្គាល់អីផងហ្នឹង គាត់អត់ដឹងពីណាទៅកន្លែងណាផងហ្នឹង សូម្បីតែមកខេត្តក៏គាត់មិនដែលបានមកខេត្តផងហ្នឹង គាត់អត់ស្គាល់ទីតាំងអត់ស្គាល់អីផងហ្នឹង»។
ស្នងការនគរបាលរូបនោះបានប្រតិកម្មនឹងអ្នកយកព័ត៌មានវីអូអេ នៅពេលព្យាយាមសួរអំពីការដែលសមត្ថកិច្ចចូលទៅការិយាល័យរបស់អង្គការលីកាដូ។
លោកថ្លែងថា៖ «មិនបាច់សួរអីទៀតទេ ប៉ុណ្ណឹងបានហើយ បងដឹងថាប្អូនសួរមានបំណងអីហើយ។ អ្វីដែលបងផ្តល់ដោយសុច្ចរិតភាព អ៊ីចឹងប្អូនសួរបងដោយសុច្ចរិតភាពដែរទៅ។ អ៊ីចឹងក្រៅពីហ្នឹង មិនបាច់សួរច្រើនពេកទេ ប្អូនណា! ព្រោះនិយាយអស់ហើយ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា អង្គការលីកាដូ គឺជាកន្លែងដែលការពារសិទ្ធិមនុស្ស និងជាអង្គការស្របច្បាប់ ដូច្នេះនៅពេលដែលអាជ្ញាធរចុះទីតាំងអង្គការលីកាដូ ក្នុងរូបភាពកោះហៅ ឬនាំខ្លួនអ្នកណា ក៏ត្រូវតែបញ្ជាក់ហេតុផលច្បាស់លាស់។ លោកស្នើឱ្យអាជ្ញាធរអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។
លោកថ្លែងថា៖ «ការដែលបញ្ជាឱ្យលុបរូប លុបអីហ្នឹង អាហ្នឹងវាជារឿងមួយដែលយើងមើលទៅតាមផ្លូវច្បាប់វិញ បើសិនជានីតិវិធីឬតាមផ្លូវច្បាប់ មន្ត្រីអ្នកអនុវត្តច្បាប់ គួរតែដឹងដែរ ថាត្រូវធ្វើយ៉ាងម៉េច។ អាហ្នឹងគឺអង្គហេតុដែលយើងសរសេរ យើងនៅតែរក្សាថាវាជាការពិតដែលកើតនៅអង្គការលីកាដូ»។
លោកបន្ថែមថា៖ «ការអះអាង ផ្សេងៗគ្នា អ៊ីចឹងអាជ្ញាធរ ក៏មានមូលហេតុផ្សេងដែរ។ បើយើងមើលទៅ ក៏យើងមានមូលហេតុផ្សេង។ អ៊ីចឹងអ្វី ដែលយើងចង់ឃើញ គឺចង់ឃើញការគោរពសិទ្ធិរបស់ពលរដ្ឋ និងការអនុវត្តច្បាប់ឱ្យបានពេញលេញឱ្យបានត្រឹមត្រូវ»។
អ្នកស្រី ហង្ស ត្រឹប ភរិយារបស់លោក កង សារ៉ន ប្រាប់វីអូអេថាអ្នកស្រី និងអ្នកផ្សេងទៀត ពិតជាបានទទួលអង្ករ និងលុយមួយចំនួនពីស្នងការខេត្តបន្ទាយមានជ័យពិតមែន។ បច្ចុប្បន្ននេះ អ្នកស្រីថាអាជ្ញាធរមកយាមនៅផ្ទះរបស់អ្នកស្រី។
អ្នកស្រីប្រាប់វីអូអេថា៖ «ខ្ញុំមិនដែលបានស្នើ ក៏ប៉ុន្តែគេមកយាម ក៏ខ្ញុំអរគុណគេហើយដែលបានយាម។ ខ្ញុំ[រស់នៅ]ស្រងូតស្រងាត់ពីអ្នកម៉ែកូន នៅឆ្ងាយពីគេផងបង»។
លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រាប់វីអូអេថាកាលពីកន្លងទៅ ក្រុមគ្រួសាររបស់អ្នកស្រី ហង្ស ត្រឹប បានស្នើអាជ្ញាធរជួយការពារសុវត្ថិភាពរបស់គ្រួសារ ក្រោមហេតុផលថាមានអ្នកតាមរំខានក្រុមគ្រួសារ។
អ្នកស្រី ហង្ស ត្រឹប បានអំពាវនាវឱ្យដោះលែងស្វាមីរបស់អ្នកស្រីឱ្យមានសេរីភាព ដោយហេតុថា អ្នកស្រីម្នាក់ឯង ត្រូវមើលថែបីបាច់ម្តាយចាស់ជរាម្នាក់អាយុ១០២ឆ្នាំ និងកូនស្រី ដែលមានជំងឺប្រចាំកាយ។
គួរបញ្ជាក់ថាស្វាមីរបស់អ្នកស្រី គឺលោក កង សារ៉ន ជាប់ពន្ធនាគារ តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកជាបុគ្គលម្នាក់ដែលរិះគន់មិនសំចៃមាត់មកលើរដ្ឋាភិបាល ក្នុងនោះក៏មានបញ្ហាពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជា៕