ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden ​តែងតាំង​មេ​បញ្ជាការ​ជើង​ចាស់​ក្នុង​សង្គ្រាម​អ៊ីរ៉ាក់ ​និង​អាហ្វហ្គានីស្ថាន​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស


រូបឯកសារ៖ លោកឧត្តមសេនីយ៍ Lloyd Austin ផ្ដល់​សក្ខីកម្ម​នៅ​វិមាន​រដ្ឋសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។

លោក​ Joe Biden ​ប្រធានាធិបតី​ជាប់​ឆ្នោត​បាន​តែងតាំង​ជា​ផ្លូវការ​ឲ្យ​លោក​ Lloyd Austin ​ឧត្តមសេនីយ៍​ចូល​និវត្តន៍​នៃ​កងទ័ព​ជើង​គោក​ស.រ.អា.​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ដែល​ធ្វើ​ឱ្យ​លោកក្លាយ​ទៅ​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ទី​មួយ​ដែល​កាន់​តំណែង​នេះ​ប្រសិន​បើ​ព្រឹទ្ធ​សភា​យល់​ព្រម។​

លោក ​Biden​ បាន​ប្រកាស​អំពី​ការ​តែងតាំង​លោក ​Austin ​នៅ​ក្នុង​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្តី ​The Atlantic ​ដោយ​លោក​បាន​ហៅ​ឧត្តមសេនីយ៍​ចូល​និវត្តន៍​រូប​នេះ​ថា​ជា​«ទាហាន​និង​មេ​ដឹកនាំ​ពិត​ប្រាកដ​ម្នាក់ដែល​មាន​បទ​ពិសោធន៍​ពុះពារ​ឧបសគ្គ​និង​វិបត្តិ​ដែល​យើង​ប្រឈម»។​

លោក ​Biden​បាន​សរសេរ​ថា៖​«លោក​ជា​មនុស្ស​ដែល​យើង​ត្រូវការ​នៅ​ពេល​នេះ»។

លោក ​Lloyd Austin​ បាន​កើត​កាល​ពី​ឆ្នាំ​១៩៥៣ ​នៅ​ក្នុង​រដ្ឋ ​Alabama​ នា​ប៉ែក​អាគ្នេយ៍​ស.រ.អា.​ហើយ​លោក​បាន​ធំ​ដឹង​ក្តី​នៅ​ក្នុង​រដ្ឋ ​Georgia ​ដែល​ជា​រដ្ឋ​ជិត​ខាង។​ លោក​បាន​ទទួល​បរិញ្ញា​ប័ត្រ​ពី​បណ្ឌិត​សភា​យោធា​ស.រ.អា.​ West Point ​កាល​ពី​ឆ្នាំ​១៩៧៥​ ហើយ​លោក​បាន​ឡើង​ឋានន្តរ​ស័ក្តិ​នៅ​ក្នុង​អាជីព​បួន​ទសវត្សរ៍​របស់​លោក។ ​ លោក​បាន​ចាប់​ផ្តើម​អាជីព​ជា​មេ​បញ្ជាការ​កង​អនុសេនា​ធំ​ប្រយុទ្ធ​មួយ​នៅ​ក្នុង ​82nd Airborne Division ​គឺ​កងពល​ធំ​ដឹក​តាម​អាកាស​លេខ​៨២​ដ៏​ល្បី​ឈ្មោះ​នៅ​មូលដ្ឋាន ​Fort Braggs ​រដ្ឋ​ North Carolina។​

លោក​បាន​ឡើង​ស័ក្តិ​ជា​ឧត្តមសេនីយ៍​ឯកហើយ​ជា​មេ​បញ្ជាការនៅ ​មូលដ្ឋាន​Fort Braggs ​មុន​ពេល​លោក​ក្លាយ​ជា​មេ​បញ្ជាការ​ក្រុម​ទាហាន​ស.រ.អា.​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១១​ដែល​នៅ​ទី​នោះ​លោក​បាន​មើល​ការ​ខុស​ត្រូវ​លើ​ការ​បញ្ចប់​ការ​លុកលុយ​ដឹកនាំ​ដោយ​ស.រ.អា.​ក្នុង​ប្រទេស​នេះនិង​លើការ​ដក​កង​កម្លាំង​អាមេរិកាំង​ទាំង​អស់​ចេញ​ពី​អ៊ីរ៉ាក់។​

លោក ​Austin ​ជា​នាយ​ទាហាន​ស្បែក​ខ្មៅ​ទី​មួយ​ដែល​បាន​បម្រើការ​ជា​នាយ​រង​អគ្គសេនាធិការនៃ​កងទ័ព​ជើង​គោក​កាល​ពី​ឆ្នាំ​២០១២។​លោក​ក៏​ជា​នាយ​ទាហាន​ស្បែក​ខ្មៅ​ទី​មួយ​ដែល​ដឹកនាំ​ទី​បញ្ជាការ​កណ្តាល​ស.រ.អា.​ហៅ​កាត់​ថា​ CENTCOM ​ដែល​ធ្វើ​កិច្ច​ប្រតិបត្តិការ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន​ ទូទាំង​មជ្ឈិម​បូព៌ា​និង​ទ្វីប​អាស៊ី​ខាង​ត្បូង។​ លោក​បាន​បម្រើ​ការ​ក្នុង​តំណែង​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​រហូត​ដល់​លោក​ចូល​និវត្តន៍​ក្នុង​ខែ​មីនា ​ឆ្នាំ​២០១៦។​

ក៏​ប៉ុន្តែ​លោក ​Austin ​បាន​ចូល​និវត្តន៍​មិនដល់​៥​ឆ្នាំ​ទេហើយ​ច្បាប់​ស.រ.អា.​តម្រូវ​ថារដ្ឋមន្ត្រី​ការពារ​ប្រទេស​ត្រូវជា​បុគ្គល​ចេញ​ពី​កាតព្វកិច្ច​យោធា​សកម្ម​យ៉ាង​តិច​ណាស់​៧​ឆ្នាំ​មុន​ទទួល​តំណែង​ជា​មេ​ដឹកនាំ​ស៊ីវិល​នៃ​កង​យោធា។​

មាន​ពីរ​ករណី​ដែល​សភា​បាន​ផ្តល់​ការ​លើកលែង​សម្រាប់​ឧត្តមសេនីយ៍​ចូល​និវត្តន៍​ឱ្យ​បម្រើ​ការ​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស។ ​ការ​លើកលែង​ទីមួយ​គឺ​កាល​ពី​ឆ្នាំ​១៩៥០​ដែល​សភា​ផ្តល់​ការ​យល់​ព្រម​សម្រាប់​លោក​ឧត្តមសេនីយ៍​ចូល​និវត្តន៍​ឈ្មោះ​ George Marshall ​និង​ករណី​ថ្មីៗ​បំផុត​គឺ​កាល​ពី​ឆ្នាំ​២០១៧​ដែល​សភា​ផ្តល់​ការ​យល់​ព្រម​សម្រាប់​ឧត្តមសេនីយ៍​ចូល​និវត្តន៍​ឈ្មោះ ​Jim Mattis។​

សមាជិក​ខ្លះ​នៃ​សភា​ស.រ.អា.​បាន​សម្តែង​ការ​រារែក​ក្នុង​ការ​ផ្តល់​ការ​លើកលែង​សម្រាប់​លោក Austin ​ជា​ពិសេស​ដោយ​សារ​វា​ឆាប់​ពេក​ក្រោយ​ពី​មាន​ការ​លើកលែង​ឱ្យ​លោក ​Mattis​ មិន​បាន​ប៉ុន្មាន​ផង។​

លោកស្រី​Elissa Slotkin ​ជា​សមាជិកា​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ប្រចាំ​រដ្ឋ​ Michigan ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​៨​ធ្នូ​ថា​«ខ្ញុំ​មាន​ការ​គោរព​ខ្ពង់​ខ្ពស់​ដល់​លោក​ឧត្តមសេនីយ៍ Austin...​ក៏​ប៉ុន្តែ​ការ​ជ្រើសរើស​ឧត្តមសេនីយ៍​ម្នាក់​ទៀត​ដែល​ចូល​និវត្តន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ឱ្យ​បម្រើ​ការ​ក្នុង​មុខ​នាទី​ដែល​គ្រោង​ឡើង​សម្រាប់​ជន​ស៊ីវិល​នោះ ​វា​ជា​ការ​មិន​សមរម្យ​ទេ។​ការងារ​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​បាន​ត្រូវ​បង្កើត​ឡើង​សម្រាប់​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ ​ជន​ស៊ីវិល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​កង​យោធា»។​

លោក ​Jack Reed ​សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.​ប្រចាំ​រដ្ឋ ​Rhode Island ​ដែល​ជា​អ្នក​ប្រជា​ធិបតេយ្យ​ជាន់​ខ្ពស់​ក្នុង​គណៈកម្មាធិការ​សេវា​កងទ័ព​បាន​បញ្ជាក់​កាល​ពី​ឆ្នាំ​២០១៧​ថា​ ​ការ​លើកលែង​របស់​សភា​សម្រាប់​លោក ​Mattis​ គួរ​តែ​ជា​«ការ​កើត​មាន តែ​ម្តង​គត់​ក្នុង​មួយ​ជីវិត»​ហើយ​ថា​ លោក​ជំទាស់​នឹង​ការ​លើកលែង​ក្នុង​ពេល​អនាគត​សម្រាប់​តំណែង​នេះ។​

លោក ​Austin ​បាន​ទទួល​ការ​កោត​សរសើរ​ដោយសារ​ប្រាជ្ញា​និង​ការ​ប៉ិន​ប្រសប់​ខាង​ដឹកនាំ​របស់​លោក​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ស៊ីវិល​និង​យោធា។​ នៅពេល​លោក ​Austin ​ចូល​និវត្តន៍លោក​អតីត​ប្រធានាធិបតី​ Barack Obama ​បាន​មាន​ប្រសាសន៍​ថា​«អាកប្ប​កិរិយា​និង​សមត្ថភាព​របស់​លោក​ជា​ឧទាហរណ៍​បង្ហាញ​អំពី​អ្វី​ដែល​ប្រទេស​អាមេរិក​ត្រូវការ​សម្រាប់​មេ​ដឹកនាំ​យោធា​របស់​ខ្លួន»។​

ក៏​ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៥​ លោក​ឧត្តមសេនីយ៍​រូប​នេះ​បាន​រង​ការ​រិះគន់​ពី​ពួក​សមាជិក​សភា​អំពី​កម្មវិធី​មាន​ទឹក​ប្រាក់​៥​រយ​លាន​ដុល្លារ​ដែល​នៅ​ចុង​បញ្ចប់​សម្រាប់​ហ្វឹកហ្វឺន​ពួក​យុទ្ធជន​ស៊ីរី​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ។​

លោក ​Michael O’Hanlon ​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ខាង​កិច្ចការពារ​ប្រទេស​នៅ​ឯ​វិទ្យាស្ថាន​ Brookings Institution ​បាន​និយាយ​ថា​«ឧត្តមសេនីយ៍ ​Austin​ ជា​នាយ​ទាហាន​គិត​គូរ​ពី​ក្រុម​កូន​ទាហាន​លោក​ក្នុង​វិធី​ជា​ច្រើន។ ​តែ​លោក​ត្រូវរៀន​ច្រើន​និង​យូរ​ពី​បទ​ពិសោធន៍​របស់​លោក​នៅ CENTCOM​ មក​គ្រប់គ្រង​ការ​ប្រកួត​ប្រជែង​មហា​អំណាច​ធំធេង​ ទំនើប​កម្ម​នៃ​បច្ចេកវិទ្យា​យោធា​ជាន់​ខ្ពស់​និង​អាទិភាព​កំពូល​ឯ​ទៀតៗ»​ដែល​ជា​សេចក្តី​ត្រូវ​ការ​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ខ្លាំង​ឡើងៗ​ពី​ប្រទេស​ចិន​និង​រុស្ស៊ី។​

លោក ​Michael O’Hanlon​បាន​ពោល​ថា​«លោក​ជា​ជម្រើស​ខុស​ទម្លាប់​ចាស់​ដោយសារ​ហេតុផល​នេះ​ ​តែ​ទោះជា​យ៉ាង​ណា​ វា​មិន​មែន​មាន​ន័យ​ថា​លោក​ជា​ជម្រើស​មិន​ល្អ​ទេ»៕​

ប្រែសម្រួល​ដោយ​លោក​ ឈឹម​ សុមេធ

XS
SM
MD
LG