ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​តែងតាំង​អ្នកស្រី Marcia Fudge ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ទីក្រុង


អ្នកស្រី Marcia Fudge​ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Ohio ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ទីក្រុង។
អ្នកស្រី Marcia Fudge​ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Ohio ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ទីក្រុង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា លោក Joe Biden ដែល​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក នឹង​តែងតំាង​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Ohio អ្នកស្រី Marcia Fudge ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ទីក្រុង។

ជាង​នេះ​ទៀត លោក Biden នឹង​តែងតាំង​លោក Tom Vilsack ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដែល​ជា​តួនាទី​ដែល​លោក Vilsack ធ្លាប់​ធ្វើ​អស់​រយ:ពេល ៨ ឆ្នាំ នៅ​ក្នុង​សម័យ​លោក Barack Obama ជា​ប្រធានាធិបតី និង​លោក Biden ជា​អនុ​ប្រធានាធិបតី។ លោក Vilsack ក៏​ធ្លាប់​បាន​ធ្វើ​ជា​អភិបាល​រដ្ឋ Iowa ដែល​ជា​រដ្ឋ​កសិកម្ម​ដ៏​សំខាន់​បំផុត​មួយ​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

អ្នក​គាំទ្រ​អ្នកស្រី Fudge បាន​អំពាវនាវ​ឲ្យ​លោក Biden តែងតំាង​អ្នកស្រី​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដោយ​សំអាង​លើ​ហេតុផល​ដែល​ថា​អ្នកស្រី​យកចិត្ត​ទុក​ដាក់​លើ​ការ​កាត់​បន្ថយ​ភាព​អត់ឃ្លាន ក្នុង​នាម​ជា​សមាជិក​មួយ​រូប​នៃ​គណ:កម្មាធិការ​កសិកម្ម​នៃ​រដ្ឋសភា។

ប៉ុន្តែ​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា លោក Biden បែរ​ជា​ជ្រើសរើស​អ្នកស្រី Fudge ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ទីក្រុង​ទៅ​វិញ ដោយសារតែ​ជា​យូរ​មក​ហើយ អ្នកស្រី​គឺជា​អ្នក​នាំ​មុខ​នៅ​ក្នុង​ការ​តស៊ូ​មតិ​ឲ្យ​មាន​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ និង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ។

អ្នកស្រី Fudge គឺ​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ទី​ពីរ ដែល​មាន​ឈ្មោះ​ក្នុង​ជួរ​គណ:រដ្ឋមន្ត្រី​របស់​លោក Biden បន្ទាប់ពី​លោក Biden បាន​សម្រេច​កាល​ពី​ថ្ងៃ​ចន្ទ​ថា នឹង​តែងតាំង​ឧត្តមសេនីយ៍​យោធា​ចូល​និវត្ដន៍​លោក Lloyd Austin ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស។

លោក Biden កំពុង​ស្ថិត​ក្រោម​សំពាធ​កើនឡើង​របស់​ក្រុម​អ្នក​តស៊ូ​មតិ​ភាគ​តិច ដែល​ចង់​ឲ្យ​លោក​គោរព​តាម​ការ​សន្យា​ពេល​ឃោសនា​បោះឆ្នោត ដែល​ថា​នឹង​ជ្រើស​តាំង​គណ:រដ្ឋមន្ត្រី​ដែល​មាន​ជាតិ​សាសន៍​ចម្រុះ ដូចជា​ពលរដ្ឋ​ស្បែក​ខ្មៅ ដើម​កំណើត​ឡាទីន និង​ដើម​កំណើត​អាស៊ី​ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG