ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រកាស​ឈ្មោះ​មន្ត្រី​សុខាភិបាល​កំពូលៗ​របស់​លោក


ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​មួយ​ដើម្បីណែនាំ​បេក្ខជន​នានា​សម្រាប់​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក​ ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​មួយ​ដើម្បីណែនាំ​បេក្ខជន​នានា​សម្រាប់​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក​ ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

លោក Joe Biden ដែល​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ឈ្មោះ​មន្ត្រី​សុខាភិបាល​កំពូលៗ​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​បាន​ជ្រើសរើស​លោក Xavier Becerra ដែល​ជា​អគ្គរដ្ឋអាជ្ញា​រដ្ឋ California ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដើម្បី​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ និង​មើល​ការ​ខុសត្រូវ​លើ​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ក្នុង​រយ:ពេល​ប៉ុន្មាន​ខែ​ខាង​មុខ។

លោក Becerra កាលពី​ខែ​មុន បាន​ដឹកនំា​ការ​ការពារ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព Affordable Care Act នៅ​ក្នុង​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ដែល​ខាង​ក្រុម​អ្នក​អភិរក្ស​និយម​ចង់​លុបចោល។ រឿង​ក្ដី​នេះ​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ។

បន្ថែម​ពី​នេះ លោក Biden បាន​ជ្រើសរើស​លោក​វេជ្ជបណ្ឌិត Anthony Fauci ដែល​ជា​អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក ឲ្យ​ធ្វើ​ជា​ប្រធាន​ទីប្រឹក្សា​សុខាភិបាល​ផ្នែក​ជំងឺ​កូវីដ១៩ របស់​លោក។ លោក Biden ក៏​បាន​ស្នើ​ឲ្យ​លោក Fauci បន្ត​តួនាទី​ដែល​លោក​បាន​កាន់​ជា​យូរ​មក​ហើយ​ជា​នាយក​វិទ្យាស្ថាន​ជាតិ​អាឡែកស៊ី​និង​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក​ផងដែរ។

លោក Fauci អាយុ ៧៩ បាន​បម្រើ​ការ​ជា​ទីប្រឹក្សា​ផ្នែក​សុខាភិបាល​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចំនួន ៦ រូប មក​ហើយ ហើយ​ក្នុង​រយ:​ពេល​ជា​ច្រើន​ខែ​កន្លង​មក​នេះ លោក​គឺ​ជា​បុគ្គល​ចម្បង​នៅ​ក្នុង​វិធានការ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩។

ជាង​នេះ​ទៀត លោក Biden បាន​ជ្រើសតាំង​លោក​វេជ្ជបណ្ឌិត Vivek Murthy ឲ្យ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​ចម្បង​ផ្នែក​សុខភាព​សាធារណៈ ដែល​ជា​តំណែង​ដែល​លោក Murthy បាន​កាន់​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៧ ក្នុង​សម័យ​លោក Barack Obama ធ្វើ​ជា​ប្រធានាធិបតី និង​លោក Biden ធ្វើ​ជា​អនុ​ប្រធានាធិបតី។

លោក Biden ក៏​បាន​ជ្រើសរើស​អ្នកស្រី​វេជ្ជបណ្ឌិត Rochelle Walensky ដែល​ជា​អ្នក​ជំនាញ​កំពូល​ផ្នែក​ធ្វើ​តេស្ត បង្ការ និង​ព្យាបាល​រីរុស នៅ​ក្នុង​រដ្ឋ Massachusetts ឲ្យ​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) ផងដែរ។

ក្រៅ​ពី​នេះ មាន​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​លោក Biden បាន​ជ្រើសរើស​ជា​ពិសេស ឲ្យ​កាន់​តួនាទី​ក្នុង​ក្រុម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG